27.5 C
Phnom Penh

លោក​​​ ហ៊ុន សែន និយាយ​​​ការពារ​​​ច្បាប់​​​ចរាចរណ៍​​​ថ្មី​​​ ហើយ​​​​​​រិះ​​​គន់​​​ប្អូន​​​ស្រី​​​​​​លោក​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន​​​​​​ បាន​​​វាយ​​​​​​បក​​​ទៅ​​​លើ​​​អ្នក​​​រិះ​​​គន់​​​ច្បាប់​​​ចរាចរណ៍​​​ថ្មី​​​​​​វិញ​​​កាល​​​ពី​​​ម្សិលមិញ ដោយ​​​​​​ទិទៀន​​​ចំៗ​លើ​​​ប្អូន​​​ស្រី​​​របស់​​​លោក​​​ចំពោះ​​​អ្វី​​​ដែល​​​លោក​​​លើក​​​​​​ឡើង​​​ថា ជា​​​​សារ​អវិជ្ជមាន​​ដែលមិន​​​ចាំ​​​បាច់​​​បង្ហោះ​តាម​​​ហ្វេស​​​ប៊ុក​​​។

កាល​​​ពី​​​ថ្ងៃ​​​ទី​​​១ ខែ​​​មករា​​​ កម្ពុជា​​​បាន​​​ចាប់​​​ផ្តើម​​​អនុវត្ត​​​ជា​​​ផ្លូវ​​​ការ​​​នូវ​​​​​​ច្បាប់​​​ចរាចរណ៍​​​ផ្លូវ​​​គោកថ្មី​ ​​​ដែល​​​ផាក​​​ពិន័យ​​​ចំពោះ​​​ការ​​​មិន​​​គោរព​​​​​​ តាម​​​ច្បាប់​​​ ​ដែល​​​​កំណត់​​​​​ចំនួន​​​អ្នក​​​រួម​​​ដំណើរ​​​​​​ក្នុង​​​ម៉ូតូ​​​មួយ​​​គ្រឿង​​​ និងដែល​​​​តម្រូវ​​​ឲ្យ​​​អ្នក​​​រួម​​​ដំណើរ​​​ពាក់​​​មួក​សុវត្ថិភាព​​​ដែរនោះ​​​​។

ដោយ​​​លើក​​​ឡើង​​​អំពី​​​ការ​​​រិះ​​​គន់​​​តាម​​​បណ្តាញ​​​ ទំនាក់​​​ទំនង​​​សង្គម​​​ទាក់​​​ទិន​​​នឹង​បទ​​​ប្បញ្ញត្តិ​​​ថ្មី​​​នេះ​​​ កាល​​​ពី​​​ម្សិល​​​មិញ លោក ហ៊ុន សែន បាន​​​ស្នើ​​​ឲ្យ​​​ប្រជា​​​ពល​​​រដ្ឋ​​​អត់​​​ធ្មត់​​​បន្តិច​​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​អំឡុង​​​ពេល​​​ថ្លែង​​​សុន្ទរកថា​​​ក្នុង​​​ពិធី​​​សម្ពោធ​​​ដាក់​​​ឲ្យ​​​ប្រើ​​​ប្រាស់​​​ស្ពាន​​​អាកាស​​​ថ្មី​​​មួយ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ ថា “ការ​​​ពិត​​​ហើយ​​​ ខ្ញុំ​​​​​​ព្រះករុណា​​​ខ្ញុំ​​​ដឹង​​​ថា ​​​មាន​​​ប្រជា​​​ពល​​​រដ្ឋ​​​មួយ​​​ចំនួន​​​ដែល​​​មិន​​​ពេញ​​​ចិត្ត​​​ចំពោះ​​​ការ​​​អនុវត្ត​​​ច្បាប់​​​ចរាចរណ៍​​​ថ្មី​​​នេះ​ប៉ុន្តែ សូម​​​ប្រជា​​​ពល​​​រដ្ឋ​​​របស់​​​យើង​​​​​​ទុក​​​ពេល​​​ឲ្យ​​​រដ្ឋាភិបាល​​​អនុវត្ត​​​សិន​​​”។

លោក​​​បាន​​​គូស​​​បញ្ជាក់​​​ថា ក្នុង​​​ចំណោម​​​អ្នក​​​​​​រិះ​​​គន់​​​ក៏​​​មាន​​​​​​ប្អូន​​​ស្រី​​​របស់​​​លោកដែរ​​​​​​ គឺ លោក​​​ស្រី ​​​ហ៊ុន​​​ ស៊ីណាត​​​ ដែល​​​បង្ហោះ​​​សារ​​​យ៉ាង​​​វែង​​​តាម​​​​​​​​​ហ្វេស​​​ប៊ុក​​​កាល​​​ពី​​​ថ្ងៃ​​​អាទិត្យ​​​ដោយ​​​ជំទាស់​​​ ថា អាជ្ញាធរ​​​គួរ​​​តែ​​​ផ្តោត​​​គោល​​​ដៅ​​​លើ​​​អ្នក​​​ដែល​​​ចត​​​រថយន្ត​​​ពីរ​​​ជួរ​​​​​​នៅ​​​តាម​​​ផ្លូវ​​​ក្នុង​​​រាជ​​​ធានី​​​ជា​​​ជាង​​​ “ផាក​​​ពិន័យ​​​ប្រជា​​​ពល​​​រដ្ឋ​​​ក្រី​​​ក្រ​​​”។

លោក​​​ស្រី​​​ក៏​​​បាន​​​រិះ​​​គន់​​​ចំពោះ​​​ការ​​​តម្រូវ​​​ឲ្យ​​​អ្នក​​​បើក​​​បរ​​​យក​​​ប័ណ្ណ​​​បើ​ក​​​បរ​​​ច្បាប់​​​ដើម​​​​​​​​​ កាត​​​គ្រី និង​​​ឈៀក​​​តាម​​​ខ្លួន​ផងដែរ​ ដោយ​​​​លើក​​​​​​ឡើង​​​ថា ពួក​​​គាត់​​​អាច​​​ជ្រុះ​​​បាត់​​​ ឬ​​​ត្រូវ​​​គេ​​​លួច​​​។

លោក ហ៊ុន សែន បាន​​​មាន​​​ប្រសាសន៍​​​ទាក់​​​ទិន​​​នឹង​​​ការ​​​បង្ហោះ​​​នេះ​​​ដែល​​​ត្រូវ​​​បាន​​​​​​​ចុះ​​​ផ្សាយ​​​យ៉ាង​​​ព្រោង​​​ព្រាត​​​ដោយ​ស្ថាប័ន​​​ផ្សព្វ​​​ផ្សាយ​​​ក្នុង​​​​​ស្រុក​​​​​​ថា “ខ្ញុំ​​​ព្រះករុណា​​​ខ្ញុំ​​​ ទិទៀន​​​ដោយ​​​ត្រង់​​​ចុះ​​​ មិន​​​គួរ​​​ប្អូន​​​ស្រី​​​ខ្ញុំ ព្រះ​​​ករុណា​​​ខ្ញុំ​​​អាច​​​ធ្វើ​​​រឿង​​​អ៊ីចឹង​​​ទៅ​​​កើត​​​”។

លោក​​​បាន​​​មានប្រសាសន៍​​​បន្ត​​​ថា “សូម​​​​​​ផ្តាំ​​​ទៅ​​​ប្អូន​​​ស្រី​​​វិញ​​​ឲ្យ​​​ស្គាល់​​​បញ្ហា​​​។ ទោះ​​​បី​​​ជា​​​មាន​​​​​​បញ្ហា​​​មួយ​​​ចំនួន​​​ [ពាក់​​​ព័ន្ធ​​​ច្បាប់​​​ថ្មី​​​នេះ​​​] ក៏​​​​ដោយ​​​​​​ តែ​​​ជីវិត​​​សំខាន់​​​ជាង​​​”។

លោក​​​ ហ៊ុន សែន បាន​​​លើក​​​ឡើង​​​បន្ត​​​ទៀត​​​ថា នឹង​​​មាន​​​ការ​​​រៀប​​​ចំ​​​កិច្ច​​​ប្រជុំ​​ដើម្បី​​​ដោះ​​​ស្រាយ​​​បញ្ហា​​​ជាក់​​​លាក់​​​ដែល​​​កើត​​​មាន​​​ឡើង​​​ចាប់​​​តាំង​​​ពី​​​មាន​​​ការ​​​អនុវត្ត​​ច្បាប់​​​ចរា​​​ចរណ៍​​​ថ្មី​​​នេះ​​​មក​​​ ដូច​​​ជាការ​​​ចោទ​​​សួរ​​​របស់​​​ព្រះ​​​សង្ឃ​​​នៅក្នុង​ទំព័រ​​​ហ្វេស​​​ប៊ុក​​​​​​​​​​​របស់​​​លោក​​​នាយករដ្ឋមន្ត្រី​​​​ជា​​​ដើម​​​ ដោយ​​មាន​​​ចម្ងល់​​​ថា​​​តើ​​​ព្រះ​​​សង្ឃ​​​ក៏​​​ត្រូវ​​​ពាក់​​​មួក​​​សុវត្ថិភាពដែរ ឬ​​​យ៉ាង​​​ណា។

ទោះជាយ៉ាង​ណា​ លោក​​​បាន​​​សង្កត់​​​ធ្ងន់​​​ថា ខណៈ​​​បញ្ហា​​​ជាក់​​​លាក់​​​ត្រូវ​​​កែ​​​សម្រួល​​​ “ការ​​​អនុវត្ត​​​នឹង​​​បន្ត​​​អនុវត្ត​​​ឲ្យ​​​បាន​​​តឹង​​​រុឹង​​​”។

ដោយ​​​ឆ្លើយ​​​តប​​​ចំពោះ​​​ការ​​​រិះគន់​​​ លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​បាន​​​​បន្ថែម​​​​ថា តម្លៃ​​​ក្នុង​​​ការ​​​ទទួល​​​បាន​​​ប័ណ្ណ​​​បើក​​​បរ​​​ថ្មី​​​បាន​​​បន្ថយ​​​ដ៏​​​គួរ​​​ឲ្យ​​​កត់​​​សម្គាល់​​​ពី​​​៧៤.០០០រៀល​​​ មក​​​នៅ​​​ត្រឹម​​​២៥.០០០រៀល​​​ រីឯ​​​តម្លៃ​​​​​​ប្តូរ​​​ប័ណ្ណ​​​បើក​​​បរ​​​ថ្មី​​​បាន​​​បន្ថយ​​​ពី​​​២៥.០០០​​​រៀល មក​​​ត្រឹម​​​ ២០.០០០រៀល​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ប្រជា​​​ពល​​​រដ្ឋ​​គ្រប់​​​រូប​​​​​​ត្រូវ​​​តែ​​​មាន​​​ប័ណ្ណ​​​បើក​​​បរ​​​ ពេល​​​

បើក​​​បរ​​​ ព្រោះ​​​ពួក​​​គាត់​​​មិន​​​អាច​​​ខ្ចី​​​ពី​​​អ្នក​​​ផ្សេង​​​បាន​​​​​​ឡើយ​​​”។​ លោក​​​បាន​​​បន្ថែម​​​ថា អ្នក​​​បើក​​​​​​បរ​​​ជាង​​​២លាន​​​នាក់​​​នៅ​​​ទូទាំង​​​ប្រទេស​​​នៅ​​​​​​មិន​​​ទាន់​​​មាន​​​ប័ណ្ណ​​​បើក​​​បរ​​​នៅ​​​ឡើយ​​​ទេ​​​។

លោក ហ៊ុន សែន​​​ ក៏​​​បាន​​​ប្រកាស​​​ផង​​​ដែរ​​​ថា លោក​​​ផ្តល់​​​ការ​​​លើក​​​លែង​​​ចំពោះ​​​ម្ចាស់​​​រថយន្ត​​​ចង្កូត​​​ស្តាំ​​​ជាង​​​៤០០​​​នាក់​​​ដែល​​​បាន​​​តវ៉ា​​​​​​ប្រឆាំង​​​ចំពោះ​​​​ការ​​​ប្រឹង​​​ប្រែង​​​អនុវត្តតាម​​​​បម្រាមហាម​​​ឃាត់​​​​មិន​ឲ្យមាន​រថយន្ត​​​ចង្កូត​​​ស្តាំ​​​​​រាប់​ទសវត្សរ៍​​​មកនេះ​។

លោក​​​បាន​​​លើក​​​ឡើង​​​ថា អ្នក​​​ដែល​​​មាន​​​រថយន្ត​​​ចង្កូត​​​ស្តាំ​​​រួច​​​ហើយ​​​ត្រូវ​​​បង់​​​ពន្ធ​​​នាំ​​​ចូល​​​ប៉ុន្តែ មិន​​​ចាំ​​​បាច់​​​កែ​​​ចង្កូតពី​ចង្កូត​​​ស្តាំ​មក​​​ចង្កូត​​​ឆ្វេងឡើយ​​​​ ដោយ​​​លោក​លើក​​​ឡើង​​​បន្ថែម​ថា ការ​​​នាំ​​​ចូល​​​រថយន្ត​​​ចង្កូត​​​ស្តាំ​​​បន្ថែម​​​នឹង​​​ត្រូវ​​​ហាម​​​ឃាត់​​​ ទោះ​​​បី​​​ជា​​​បម្រាម​​​បែប​​​នេះ​​​បាន​​​ចូល​​​​​​ជា​​​ធរមាន​​​តាំង​​​ពី​​​ដើម​​​​​​ទសវត្សរ៍​​​ឆ្នាំ​​​១៩៩០​​​​​​មក​​​ក៏​​​ដោយ​​​។

ម្ចាស់​​​រថយន្ត​​​ចង្កូត​​​ស្តាំ​​​ដែល​​​នាំគ្នា​តវ៉ា​​​យ៉ាងខ្លាំង​រាប់​​​ខែ​​​មក​​​ហើយ​​​បាន​​​លើក​​​ឡើង​​​កាល​​​ពី​​​​​​ម្សិលមិញ​​​ថា ពួក​​​គាត់​​​ស្វា​​​គមន៍​​​ចំពោះ​​​ប្រសាសន៍​របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​។

លោក​​​ ហួរ សុខលីម អាយុ​​​៣២​​​ឆ្នាំ​​​បាន​​​និយាយ​​​ថា “ខ្ញុំ​​​ពិត​​​ជា​​​កោត​​​សរសើរ​​​ចំពោះ​​​ប្រសាសន៍​​​របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​ទាក់​​​ទិន​​​​នឹង​​​រថយន្ត​​​របស់​​​​យើង​​​ ព្រោះ​​​យើង​​​មិន​​​ចង់​​​កែ​​​ចង្កូត​​​ទៅ​​​ជា​​​ចង្កូត​​​ឆ្វេង​​​ឡើយ​​​”។

លោក​​​បាន​​​បន្ថែម​​​ថា លោក​​​កំពុង​​​តែ​​​រៀប​​​ចំ​​​ឯកសារ​​​ដើម្បី​​​បង់​​​ពន្ធ​​​រថយន្ត​​​ធុន​​​ធំ​របស់​​​លោក​​​ដែល​​​ត្រូវ​​​បង់​​​ជាង​​​៤.០០០ដុល្លារ​​​៕ ស៊ុយឈាង​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស