31 C
Phnom Penh

​សាក្សីថា មាស មុត​​​ បញ្ជា​​​ឲ្យ​​​ចាប់​​​នាវា​​​សហរដ្ឋ​​​អា​​​មេរិក​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​​​ទាហាន​​​​​​ម្នាក់​​​បាន​​​ប្រាប់​​​តុលាការ​​​ខ្មែរ​​​ក្រហម​​​កាល​​​ពី​​​ថ្ងៃ​​​អង្គារ​​​ថា លោក មាស មុត មេបញ្ជា​​​ការ​​​​​​កង​​​ទ័ព​​​ជើង​​​ទឹក​​​​​​បាន​​​បញ្ជា​​​ឲ្យ​​​​​​ចាប់​​​នាវា​​​ម៉ាយ៉ា​​​ហ្គេស អេស​​​អេស ជា​​​នាវា​​​កុង​​​តឺនឺ ដែល​​​ត្រូវ​​​ចាប់​​​រឹប​​​អូស​​​នៅ​​​ក្នុង​​​ឈូង​​​សមុទ្ទ​​​ថៃ​​​ក្នុង​​​ឆ្នាំ​​​១៩៧៥ ដោយ​​​បង្ក​​​​​​ឲ្យ​​​មាន​​​​​​បេសកកម្ម​​​ជួយ​​​សង្គ្រោះ​​​​​​ដែល​​​បណ្តាល​​​ឲ្យ​​​ស្លាប់​​​​​​​​​។​​​

នាវា និង​​​ក្រុម​​​នាវិក​​​ចំនួន​​​៤០​​​នាក់​​​ត្រូវ​​​បាន​​​កងទ័ព​​​ខ្មែរ​​​ក្រហម​​​ចាប់​​​ខ្លួន​​​​​​នៅ​​​ក្នុង​​​ដែន​​​ទឹក​​​​​​មាន​​​ជម្លោះ​​​​​​​​​នៅ​​​កោះ​​​តាង​​​​​​ក្នុង​​​ខែ​​​ឧសភា​​​ ឆ្នាំ​​​ដដែល​​​នោះ​​​។​​​ ទាហាន​​​អាមេរិក​​​ចំនួន​​​៤១​​​នាក់​​​ក្នុង​​​បណ្តា​​​​​​ទាហាន​​​អាមេរិក​​​ប្រហែល​​​២០០​​​នាក់​​​​​​ដែល​​​បាន​​​ចូល​​​រួម​​​ក្នុង​​​ប្រតិបត្តិការ​​​​​​រំដោះ​​​ក្រុម​​​នាវិក​​​ ដែល​​​ត្រូវ​​​គេ​​​ចាប់​​​បញ្ជូន​​​​​​ទៅ​​​កោះរុង​​​សន្លឹម​​​រួច​​​ហើយ និង​​​ត្រូវ​​​ដោះ​​​លែង​​​វិញ ត្រូវ​​​បាន​​​គេ​​​សម្លាប់​​​ចោល​​​ ហើយ​​​ឧទ្ធម្ភាគចក្រ​​​៩​​​គ្រឿង​​​​​​ត្រូវ​​​គេ​​​បាញ់​​​ធ្លាក់ ឬ​​​​​​ធ្លាក់។​​​​​​

ផ្តល់សក្ខីកម្ម​​​នៅថ្ងៃទី២​​​ សាក្សី​​​ដែល​​​បង្ហាញ​​​អត្តសញ្ញាណ​​​ត្រឹមតែ 2TCW-1000ដោយសារតែ​​​គាត់​​​ស្ថិត​​​​​​នៅក្នុងការ​​​ស៊ើប​​​អង្កេត​​​ក្នុងសំណុំរឿង​​​០០៣​​​នៃ​​​តុលាការ​​​ខ្មែរ​​​​​ក្រហម​​​ ដែល​​​ក្នុងនោះ​​​លោក មាស មុត កំពុង​​​ប្រឈម​​​នឹង​​​បទ​​​ចោទ​​​ឧក្រិដ្ឋកម្ម​​​ ដែលរួមមាន​​​​​​អំពើ​​​ប្រល័យ​​​ពូជសាសន៍​​​ បាននិយាយ​​​ថា គាត់​​​បាន​​​បាញ់​​​ទម្លាក់​​​ឧទ្ធម្ភាគចក្រ​​​មួយគ្រឿង​​​ ក្នុងពេល​​​ដែល​​​ឈរ​​​ជើង​​​នៅលើ​​​កោះតាង។

សាក្សី​​​រូបនេះ​​​បាន​​​និយាយថា “មនុស្ស​​​នៅលើ​​​កោះ​​​បាន​​​ឃើញ​​​​​​​​​កប៉ាល់​​​​​​ម៉ាយ៉ាហ្គេស ហើយ​​​នៅ​​​ពេលនោះ យើង​​​នៅលើ​​​កោះ​​​បាន​​​រាយការណ៍​​​ឲ្យ​​​មេ​​​ ឬ​​​ថ្នាក់​​​លើ​​​ ហើយ​​​មាន​​​បទ​​​បញ្ជា​​​ឲ្យ​​​យើង​​​ចាប់​​​កប៉ាល់​​​ម៉ាយ៉ាហ្គេស​​​នោះ​​​”។

សាក្សី​​​ដែលបាន​​​ធ្វើ​​​ជា​​​អង្គរក្ស​​​របស់​​​លោក​​​ មាស មុត បាន​​​និយាយថា លោក​​​បាន​​​ទទួល​​​ភារកិច្ច​​​ការពារ​​​ក្រុមនាវិក​​​ម៉ាយ៉ាហ្គេស​​​ មុន​​​នឹង​​​ប្រយុទ្ធ​​​ជាមួយ​​​កងទ័ព​​​អាមេរិក​​​ ដែលបាន​​​ចាប់ផ្តើម​​​វាយ​​​ប្រហារ​​​លើ​​​កោះនេះ​​​ពីលើ​​​អាកាស”។

សាក្សី​​​រូបនេះ​​​បាន​​​និយាយ​​​បន្ត​​​ថា “ពេលនោះ ស្ថានការណ៍​​​តានតឹង​​​ ហើយ​​​យើង​​​ដឹង​​​ថា យើង​​​នឹង​​​ត្រូវ​​​គេ​​​​​​បាញ់​​​មក​​​លើ​​​ ដូច្នេះ យើង​​​ត្រូវ​​​ត្រៀម​​​ខ្លួន​​​ជាស្រេច​​​។ ពេល​​​ប្រយុទ្ធគ្នា​​​កាន់តែ​​​ក្តៅ​​​ យើង​​​គ្រាន់តែ​​​ផ្តោត​​​ទៅលើ​​​ការ​​​វាយ​​​បក​​​វិញ​​​​​​ប៉ុណ្ណោះ”។

សាក្សី​​​រូបនេះបាន​​​និយាយបន្ត​​​ថា “ការប្រយុទ្ធគ្នា​​​កាន់តែ​​​​​​ខ្លាំង​​​​​​នៅលើ​​​កោះ។ ខ្ញុំ​​​ត្រូវ​​​របួស​​​ជា​​​ទម្ងន់​​​នៅក្នុង​​​ការ​​​ប្រយុទ្ធ​​​ ហើយ​​​ខ្ញុំ​​​ប្រើកាំភ្លើង​​​ស្វ័យប្រវត្តិ​​​១២,៧មម ហើយ​​​ខ្ញុំបាន​​​បាញ់​​​តម្រង់​​​អេលីកូ ហើយ​​​​​​​​​អេលីកូ​​​​​​ក៏ធ្លាក់​​​”។

លោក វិកទ័រ កូបប៉េ មេធាវីការពារ​​​ក្តី​​​ឲ្យ​​​លោក នួន ជា ជា​​​បង​​​ធំទី២ ដែល​​​ឡើង​​​សវនាការ​​​ពី​​​បទ​​​ឧក្រិដ្ឋកម្ម​​​ ដែលរួមមាន​​​អំពើ​​​ប្រល័យ​​​ពូជសាសន៍​​​ជាមួយ​​​លោក ខៀវ សំផន ប្រមុខ​​​រដ្ឋ​​​នៅក្នុង​​​វគ្គ​​​២​​​នៃ​​​សំណុំរឿង​​​០០២ បាន​​​សួរសាក្សី​​​ទាក់ទង​​​នឹង​​​​​​កន្លែង​​​ពិត​​​ប្រាកដ​​​ដែលចេញ​​​បទ​​​បញ្ជា​​​ឲ្យ​​​ចាប់​​​នាវា​​​ម៉ាយ៉ា​​​ហ្គេសនោះ​​​។

សាក្សី​​​រូបនេះ​​​បាន​​​ឆ្លើយ​​​តបថា បទបញ្ជា​​​បាន​​​ចេញមក​​​ពី​​​លោក​​​ មាស មុត ផ្ទាល់។

សាក្សី​​​រូបនេះ​​​បាន​​​និយាយថា “បញ្ជា​​​ចេញពី​​​តាមុត ដែល​​​​​​កាន់​​​កងពល​​​ធំ​​​ ហើយ​​​គាត់​​​បាន​​​បញ្ជា​​​ឲ្យ​​​ទាហាន​​​ជើង​​​ទឹក​​​​​​ទៅចាប់​​​នាវា​​​នោះ​​​”។

មេធាវី​​​រូបនេះ​​​បាន​​​សួរបក​​​វិញថា “តើពិត​​​ទេ ដែលលោក​​​មិន​​​ដឹង​​​ថា នរណា​​​បាន​​​ចេញ​​​បទ​​​បញ្ជា​​​ក្នុង​​​ឆ្នាំ​​​១៩៧៥ ​​​ដើម្បី​​​ឃាត់​​​នាវា​​​ម៉ាយ៉ាហ្គេស​​​ ហើយ​​​លោក​​​សន្និដ្ឋាន​​​ជាទូទៅ​​​ថា វាប្រហែលជា​​​លោក​​​ មាស មុត ហើយ​​​បទបញ្ជា​​​នេះ​​​ត្រូវ​​​ឆ្លងកាត់​​​តាម​​​ការ​​​បញ្ជា​​​តាម​​​លំដាប់ថ្នាក់​​​ ប៉ុន្តែ តាម​​​ពិត​​​ លោក​​​មិនបាន​​​ដឹងទេឬ?”។

សាក្សី​​​រូបនេះ​​​បាន​​​ឆ្លើយមកវិញថា “ខ្ញុំអាច​​​សន្និដ្ឋាន​​​ដោយ​​​ច្បាស់លាស់​​​ថា មាន​​​បទ​​​បញ្ជា​​​ពី​​​កងពល​​​ធំ​​​ បើមិនដូច្នោះទេ យើង​​​មិនអាច​​​ធ្វើ​​​​​​បាន​​​ទេ​​​”។

ប្រតិបត្តិ​​​ការ​​​ដើម្បី​​​វាយ​​​បណ្តេញ​​​កងទ័ព​​​សហរដ្ឋ​​​អាមេរិក​​​ក្នុងឆ្នាំ​​​១៩៧៥​​​ គឺ​​​មើលការ​​​ខុសត្រូវ​​​ដោយ​​​លោក​​​ ឯម សុន ជា​​​មេបញ្ជាការ​​​ខ្មែរក្រហម​​​នៅលើ​​​កោះតាង​​​នៅពេលនោះ​​​។

ទាក់ទង​​​តាម​​​ទូរស័ព្ទ​​​និង​​​សួរ​​​អំពី​​​ការ​​​អះអាង​​​របស់​​​សាក្សី​​​ ដែលថា លោក មាស មុត បាន​​​ចេញបញ្ជា​​​ឲ្យ​​​ចាប់​​​នាវា​​​ម៉ាយ៉ាហ្គេស​​​ លោក សុន បាន​​​បដិសេធ​​​មិន​​​អត្ថាធិប្បាយ​​​។

លោក សុន បាន​​​និយាយថា “បើ​​​​​​ដឹង​​​ថា ចាប់នៅ​​​កោះតាង​​​ តើ​​​ចង់​​​ដឹងអ្វីទៀត​​​? ខ្ញុំ​​​ធុញ​​​​​​ណាស់ កុំរំឭក​​​រឿងហ្នឹងទៀត​​​”។

ក្នុងបទសម្ភាសមួយ​​​នៅលើ​​​កោះតាង​​​កាលពី​​​ខែឧសភា​​​ លោក សុន បាន​​​និយាយថា លោកបាន​​​បាញ់​​និងសម្លាប់​​​អ្នក​​​បាញ់​​​កាំភ្លើង​​​អាមេរិកម្នាក់​​​ក្នុង​​​ចំណោម​​​បីនាក់​​​ ដែល​​​មិត្ត​​​រួម​​​អាវុធ​​​របស់​​​គេ​​​រត់​​​ចោល​​​ ក្នុង​​​ពេល​​​វាយ​​​ប្រហារ​​​កាលពី​​​ថ្ងៃទី​​​១៥ ខែឧសភា​​​ បាន​​​ចាប់​​​ពីរនាក់​​​​​​ ហើយ​​​ប្រគល់​​​ឲ្យ​​​លោក មាស មុត។

លោក សុន បាន​​​និយាយ​​​នៅពេល​​​នោះថា “​​​មាស មុត បាន​​​បញ្ជា​​​ឲ្យ​​​​​​កប៉ាល់​​​​​​មក​​​យក​​​អាមេរិកាំង​​​ពីរ​​​នាក់​​​ទៅ​​​ក្រុង​​​ព្រះសីហនុ​​។ អាមេរិកាំងពីរនាក់នោះ​​​ត្រូវ​​​ប្រគល់​​​ឲ្យ​​​ មាស មុត។ បន្ទាប់ពី​​​នោះ​​​មក ខ្ញុំ​​​អត់​​​មាន​​​ព័ត៌មាន​​​អីទេ”។

ក្នុង​​​អីុម៉ែលមួយ​​​ លោក​​​ ម៉ៃឃើល កាណាវាស មេធាវី​​​ការពារ​​​ក្តី​​​ឲ្យ​​​លោក មាស មុត បាន​​​និយាយ​​​ថា លោកគិត​​​ថា ភស្តុ័តាង​​​ប្រឆាំង​​​នឹង​​​កូនក្តី​​​របស់​​​លោក​​​ គឺ​​​មាន​​​លក្ខណៈ​​​សាមញ្ញ​​​។

មេធាវី​​​រូបនេះ​​​បាន​​​សរសេរ​​​ថា “ហាក់​​​ដូចជាការ​​​ស្មាន​​​សុទ្ធសាធ​​​ ហើយ​​​ធម្មតា​​​ខ្ញុំ​​​មិន​​​អត្ថាធិប្បាយ​​​ទេ [អតីត​​​ប្រធានាធិបតី​​​អាមេរិក លោក ចច ដាប់បាលយូ] ប៊ូស ប្រហែលបញ្ជា​​​ឲ្យ​​​ធ្វើ​​​ទារុណកម្ម​​​នៅឯ​​​ពន្ធនាគារ​​​អាប៊ូ ហ្គ្រែប ដោយសារ​​​លោក​​​ជាប្រធានាធិ​​​បតី​​​សហរដ្ឋ​​​អាមេរិក​​។ វាសាមញ្ញ​​​សោះ!”៕ រើន (រាយការណ៍​​​បន្ថែម​​​ដោយ​​​​​​ សេក ឧត្តម)

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស