34 C
Phnom Penh

លោក ហ៊ុន សែន ថា មិន​​​បាច់​​​​​​មាន​​​ប័ណ្ណ​​​បើក​​​បរ​សម្រាប់​​​​ម៉ូតូ​​​​ដែល​​មាន​កម្លាំង​​​ចាប់ពី​​​១២៥​​​ CC​​​ ចុះក្រោម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​​​ម្សិលមិញ លោក​​​នាយក​​​រដ្ឋមន្ត្រី ​ហ៊ុន សែន បាន​​​បន្ត​​​ការ​​​កែប្រែ​​​ដោយ​​​ផ្ទាល់​​​ចំពោះ​​​ច្បាប់​​​ចរាចរណ៍​​​ផ្លូវ​​​គោក​​​ដែល​​​ទើប​​​អនុវត្ត​​​នៅ​​​ពេល​​​ថ្មីៗ​​​ ដោយ​​​បាន​​​ប្រកាស​​​ថា ​អ្នក​​​បើក​​​បរ​​​ម៉ូតូ​​​​​ដែល​​​មាន​​​កម្លាំង​​​ចាប់​​​ពី​​​១២៥​​​CC​​​ ចុះ​​​ក្រោម​​​ មិន​​​ចាំ​​​បាច់​​​មាន​​​ប័ណ្ណ​​​បើក​​​បរ​​​ទេ។

លោក​​​នាយក​​​រដ្ឋមន្ត្រី​​​បាន​​​ពន្យល់​​​ក្នុង​​​ការ​​​បង្ហោះ​​​ហ្វេស​​​ប៊ុក​​​នៅ​​​ពេល​​​ល្ងាច​​​ម្សិលមិញ​​​ថា ​សេចក្តី​​​សម្រេច​​​េនះ​​​គឺ​​​ឆ្លើយ​​​តប​​​ទៅ​​​នឹង​​​សំណូម​​​​​​ពរ​​​​​​ពី​​​ “ជន​​​រួម​​​ជាតិ​​​ ជា​​​ពិសេស​​​យុវជន​​​និង​​​សិស្សានុសិស្ស” អំពី​​​តម្លៃ​​​ក្នុង​​​ការ​​​ទទួល​​​បាន​​​ប័ណ្ណ​​​បើក​​​បរ។

សេចក្តី​​​ប្រកាស​​​​​​បាន​​​និយាយ​​​ថា ក្រោយ​​​ពី​​​ការ​​​ពិភាក្សា​​​ជាមួយ​​​លោក ស ខេង រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​មហាផ្ទៃ លោក អូន ព័ន្ធមុនីរ័ត្ន​​​ រដ្ឋ​​​មន្ត្រី​​​​ក្រសួង​​​ហិរញ្ញវត្ថុ​​​ និង​​​លោក​​​ ត្រាំ អីុវតឹក​​​ រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​ដឹក​​​ជញ្ជូន​​​ លោក ហ៊ុន​​​ សែន បាន​​​សម្រេច​​​ ”បញ្ឈប់​​​ទាំង​​​ស្រុង​​​នូវ​​​ការ​​​តម្រូវ​​​ឲ្យ​​​មាន​​​ប័ណ្ណ​​​បើក​​​បរ​​​ម៉ូតូ​​​ចាប់​​​ពី​​​កម្លាំង​​​១២៥​​​CC​​​ចុះ​​​ក្រោម​​​ ចាប់​​​ពី​​​ពេល​​​នេះ​​​តទៅ”។

“ដូច្នេះ​​ប្រជា​​​ពល​​​រដ្ឋ​​​​​ដែល​​​បើក​​​បរ​​​ម៉ូតូ​​​មាន​​​កម្លាំង​​ចាប់​​​ពី​​​​១២៥CC ​​​ចុះ​​​ក្រោម​​​ គឺ​​​មិន​​​ចាំ​​​បាច់​​​បង់​​​លុយ​​​ថ្លៃ​​​ធ្វើ​​​ប័ណ្ណ​​​បើក​​​បរ​​ និង​​​មិន​​​ចាំបាច់​​​មាន​​​ប័ណ្ណ​​​បើក​​​បរ​​​ឡើយ”។

លោក ហ៊ុន សែន ​​​បន្ថែម​​​ក្នុង​​​ការ​​​បង្ហោះ​​​នោះ​​​ថា លោក​​​នឹង​​​ស្នើ​​​ទៅ​​​អង្គការ​​​នីតិប្បញ្ញត្តិ​​​ពាក់​​​ព័ន្ធ​​​ដើម្បី​​​ធ្វើ​​​វិសោធនកម្ម​​​​​​ច្បាប់​​​​​​ចរាចរណ៍​​​ផ្លូវ​​​គោក​​​ថ្មី​​​នេះ​​​ ដែល​​​នគរបាល​​​បាន​​​ចាប់​​​ផ្តើម​​​អនុវត្ត​​​​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​១​​​ ខែ​​​មករា​​​​​​ ជា​​​ “កាដូ​​​ដល់​​​បង​​​ប្អូន​​​ជន​​​រួម​​​ជាតិ​​​ទាំង​​​អស់​​​នៅ​​​ថ្ងៃ​​​ខួប​​​ ៧​​​មករា​​​ ២០១៦នេះ”។

ថ្លែង​​​នៅ​​​ពិធី​​​សម្ពោធ​​​ដាក់​​​ឲ្យ​​​ប្រើ​​​ប្រាស់​​​ស្ពាន​​​អាកាស​​​ ៥មករា​​​ ក្នុង​​​ក្រុង​​​ភ្នំពេញ​​​កាល​​​ពីថ្ងៃ​​​អង្គារ លោក​​​ ហ៊ុន សែន បាន​​​អំពាវនាវ​​​ឲ្យ​​​មាន​​​​​​ការ​​​អំណត់​​​ពី​​​អ្នក​​​ដែល​​​បាន​​​រិះ​​​គន់​​​​​​ច្បាប់​​​នេះ​​​ដោយ​​​លោក​​​បាន​​​ប្រកាស​​​ថា តម្លៃ​​​ក្នុង​​​ការ​​​​​ទទួល​​​បាន​​​ប័ណ្ណ​​​បើក​​​បរ​​​ ត្រូវ​​​បាន​​​បន្ថយ​​​ពី​​​តម្លៃ​​​៧៤.០០០រៀល​​​មក​​​ត្រឹម​​​២៥.០០០​​​រៀល។

ក្នុង​​​ការ​​​ថ្លែង​​​នោះ​​​ដែរ​​​ លោក ​ហ៊ុន សែន ​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​នឹង​​​​លុប​ចោល​ការ​​​តម្រូវ​​​ឲ្យ​​​មាន​​​​​​ការ​​​ប្រឡង​​​បើក​​​បរ​​​ចំពោះ​​​ម៉ូតូ​​​​​​ម៉ាស៊ីន​​​ធុន​​​តូច​​​ ព្រោះ​​​ “មិន​​​ចាំ​​​បាច់​​​រៀន​​​បើក​​​បរ​​​ម៉ូតូ​​​ទេ ដោយ​​​ហេតុ​​​ថា ការ​​​បើក​​​បរ​​​ម៉ូតូ​​​មិន​​​ពិបាក​​​ឡើយ”។

ច្បាប់​​​ចរាចរណ៍​​​ថ្មី​​​នេះ​​​ ដែល​​​តម្រូវ​​​ឲ្យ​​​អ្នក​​​ដំណើរ​​​ពាក់​​​មួក​​​សុវត្ថិភាព​​​ និង​​​កម្រិត​​​ចំនួន​​​អ្នក​​​រួម​​​​ដំណើរ​​​បាន​​​ត្រឹម​​​តែ​​​មនុស្ស​​​ចាស់​​​ម្នាក់​​​និង​​​ក្មេង​​​ម្នាក់​​​ បាន​​​ចាប់​​​ផ្តើម​​​​​​ទាំង​​​មិន​រលូន​​​​ ដោយ​​​ការ​​​ពិន័យ​​​បង្ខំ​​​ខុស​​​ប្រក្រតី​​​ ហើយ​​​ហាក់​​​ដូច​​​ជា​​​ខ្វះ​​​ទំនាក់​​​ទំនង​​​គ្នា​​​ក្នុង​​​ចំណោម​​​មន្ត្រី។

មុន​​​ការ​​​ថ្លែង​​​របស់​​​លោក ហ៊ុន សែន កាល​​​ពី​​​ម្សិល​​​មិញ លោក រុន រ័ត្ន​​​វាសនា​​​ ប្រធាន​​​នាយក​​​ដ្ឋាន​​​សណ្តាប់​​​ធ្នាប់​​​នៃ​​​អគ្គ​​​ស្នង​​​ការ​​​ដ្ឋាន​​​នគរបាល​​​ជាតិ​​​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា នគរ​​​បាល​​​នៅ​​​ទូទាំង​​​ប្រទេស​​​បាន​​​ទទួល​​​បញ្ជា​​​ឲ្យ​​​ឈប់​​​ពិន័យ​​​យាន​​​យន្ត​​​ជា​​​បណ្តោះ​​​អាសន្ន​​​ចំពោះ​​​ការ​​​ខ្វះ​​​ឯកសារ​​​​​​ដូចជា​​​ កាត​​​គ្រី ឯកសារ​​​ពិនិត្យ​​​​​​រថយន្ត​​​ និង​​​ប័ណ្ណ​​​បើក​​​បរ​​​ជា​​​ដើម​​​ ដែល​​​តម្រូវ​​​ដោយ​​​ច្បាប់​​​ថ្មី​​​នេះ។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ”បញ្ជា​​​ពី​​​ថ្នាក់​​​​​ដឹក​​​នាំ គឺ​​​ឲ្យ​​​ [យើង​​​] ផ្អាក​​​ជា​​​បណ្តោះ​​​​​​អាសន្ន​​​នូវ​​​ការ​​​ពិន័យ​​​អ្នក​​​បើក​​​បរ​​​ ប៉ុន្តែ មិន​​​មាន​​​ន័យ​​​ថា យើង​​​ឈប់​​​ពិនិត្យ​​​នៅ​​​តាម​​​តំបន់​​​គោល​​​ដៅ​​​​នោះ​​​ទេ”។ លោក​​​បាន​​​បន្ថែម​​​ថា អ្នក​​​បើក​​​បរ​​​រថយន្ត​​​នៅ​​​តែ​​​ទទួល​​​ការ​​​ណែនាំ​​​ដើម្បី​​​បាន​​​ឯកសារ​​​ទាំង​​នោះ។

លោក​​​ គឹម​​​ បញ្ញា នាយក​​​អង្គការ​​​មូលនិធិ​​​បង្ការ​​​របួស​​​អាស៊ី​​​ប្រចាំ​​​នៅ​​​កម្ពុជា បាន​​​មាន​​​ប្រសាសន៍​​​ថា ការ​​​សម្រេច​លើក​​​លែង​​​ការ​​​ប្រឡង​​​បើក​​​បរ​​​ មិន​​​បាច់​​​និយាយ​​​ដល់​​​​​ប័ណ្ណ​​​បើក​​​បរ​​ទេ គឺ​​​ជា​​​ការ​​​អនុវត្ត​​​ដ៏​​​គ្រោះ​​​ថ្នាក់​​​ ដោយ​​​មិន​​​គិត​​​អំពី​​​កម្លាំង​​​ម៉ាស៊ីន។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ប្រសិន​​​បើ​​​យើង​​​និយាយ​​​អំពី​​​វិធានការ​​​សុវត្ថិភាព​​​​​​ វា​​​មិន​​​មែន​​​ជា​​​គំនិត​​​ល្អ​​​ទាល់​​​តែ​​​សោះ។ យើង​​​គួរ​​​ផ្តល់​​​ការ​​​បង្ហាត់​​​បង្រៀន​​​ខ្លះ​​​អំពី​​​ជំនាញ​​​បើក​​​បរ​​​សំខាន់​​​ៗ​​​មុន​​​ពេល​​​យើង​​​ឲ្យ​​​ប័ណ្ណ​​​បើក​​​បរ​​​ម៉ូតូ​​​ទៅ​​​ពួក​​​​​​គេ”។

អង្គការ​​​សិទ្ធិ​​​មនុស្ស​​​អាដហុក​​​បាន​​​ចេញ​​​សេចក្តី​​​ថ្លែង​​​ការណ៍​​​មួយ​​​កាល​​​ពី​​​ម្សិលមិញ​​​ មុន​​​ពេល​​​សារ​​​ហ្វេសបុ៊ក​​​របស់​​​លោក ហ៊ុន ​សែន ​បង្ហោះ ដោយ​​​អំពាវ​​​នាវ​​​ឲ្យ​​​រដ្ឋាភិបាល​​​ពន្យារ​​​ពេល​​​ការ​​​ចេញ​​​ប័ណ្ណ​​​បើក​​​បរ​​​រយៈ​​​ពេល​​​៦​​​ខែ​​​ឬ​​​មួយ​​​ឆ្នាំ​​​ ដើម្បី​​​ឲ្យ​​​ប្រជា​​​ពល​​​រដ្ឋ​​​មាន​​​ពេល​​​ស្វែង​​​យល់​​​ពី​​​ច្បាប់​​​នេះ​​​ និង​​​ប្រឡង​​​បើក​​​បរ​​​”ដើម្បី​​​ឲ្យ​​​ប័ណ្ណ​​​បើក​​​បរ​​​មាន​​​ប្រសិទ្ធភាព”។

សេចក្តី​​​ថ្លែង​​​ការណ៍​​​បាន​​​និយាយ​​​ថា “ការ​​​ចេញ​​​ប័ណ្ណ​​​បើក​​​បរ​​​គួរ​​​តម្រូវ​​​ឲ្យ​​​អ្នក​​​បើក​​​បរ​​​មាន​​​ចំណេះ​​​ដឹង​​​អំពី​​​ច្បាប់​​​ចរាចរណ៍​​​ និង​​​រៀន​​​បើក​​​បរ​​​ដោយ​​​ប្រើ​​​ច្បាប់​​​នេះ។ បើ​​​ពុំ​​​ដូច្នោះ​​​ទេ​​​ ការ​​​ចេញ​​​ប័ណ្ណ​​​បើក​​​បរ​​​គឺ​​​គ្មាន​​​តម្លៃ​​​ ហើយ​​​…​យើង​​​នឹង​​​មិន​​​អាច​​​បង្ការ​​​ និង​​​កាត់​​​បន្ថយ​​​គ្រោះ​​​ថ្នាក់​​​ចរាចរណ៍​​​បាន​​​ទេ”៕និត (រាយការណ៍​​​បន្ថែម​​​ដោយ​​​ Taylor O’Connell)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស