28 C
Phnom Penh

​ប្រពន្ធ​​​វេជ្ជបណ្ឌិត​​កូរ៉េខាង​ជើង​ស្នើ​កុំ​ឲ្យ​ធ្វើ​កោសល្យ​វិច័យ​​សាក​សព​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ជំនាញ​ខាង​វេជ្ជសាស្ត្រ​មួយ​រូប​​ប្រចាំ​ការ​នៅ​សាលា​ដំបូង​​រាជធានី​ភ្នំពេញ​​ ដែល​បាន​​កំណត់​ថា ​​ការ​គាំងបេះ​ដូង​ក្នុង​ពេល​ដំណាល​គ្នា​​​​បាន​ផ្ដាច់​​ជីវិត​​​វេជ្ជបណ្ឌិត​ជនជាតិ​កូរ៉េ​ខាង​ជើង​ពីរ​នាក់​ក្នុង​​ខណ្ឌទួលគោក​​​​កាល​ពី​សប្ដាហ៍​​មុន បាន​ផ្អែក​ការ​សន្និដ្ឋាន​របស់​ខ្លួន​ទាំង​ស្រុង​ទៅ​លើ​សក្ខីកម្ម​ផ្ដល់​ដោយ​​ប្រពន្ធ​​​​របស់​ជន​រងគ្រោះ​​ដែល​បាន​ស្នើ​សុំកុំ​ឲ្យ​ធ្វើ​កោសល្យ​វិច័យ​ ឬ​ធ្វើ​តេស្ត​​ឈាម​។

​ជន​រងគ្រោះ​ អាន ហ្យុន ចាង (An Hyon Chang) អាយុ​៥៦​ឆ្នាំ និង រី​ មុញ ចូល (Ri Muhn ​Chol) អាយុ​៥០​ឆ្នាំ បាន​ស្លាប់​​​​​មុន​ក្រោយ​គ្នា​​តែ​ប៉ុន្មាន​វិនាទី​ប៉ុណ្ណោះ​​​​​នៅ​វេលា​ជិត​​រំលង​អធ្រាត្រ​ឈាន​ចូល​ព្រឹក​ថ្ងៃ​សុក្រ​ នៅ​គ្លីនិក​​តូច​មួយកន្លែង​ក្នុង​សង្កាត់​បឹងកក់​២ ជា​កន្លែង​​ដែល​​ពួកគេ​ធ្វើ​ការ​​​ និង​រស់​នៅ​ជាមួយ​ប្រពន្ធ​របស់​ខ្លួន​ដែល​ជា​វេជ្ជបណ្ឌិត​ដូច​គ្នា​ នេះ​បើ​យោង​​តាម​ការ​លើក​ឡើង​របស់​លោក គឹម ចាន់ថូ ​នាយ​រង​​ប៉ុស្តិ៍​នគរ​បាល​សង្កាត់​។

​ដោយ​ដក​ស្រង់​សម្ដី​​របស់​លោក នង សុវណ្ណារ័ត្ន ដែល​ជា​វេជ្ជ​​​បណ្ឌិត​ប្រចាំ​​​នៅ​តុលាការ លោក​​ថ្លែអ​​​ថា បុរស​ទាំង​ពីរ​​បាន​ស្លាប់​ ដោយ​សារ​ជំងឺ​គាំង​បេះដូង​ បន្ទាប់ពី​ប្រពន្ធ​របស់​​ខ្លួន​​ចាក់​សេរ៉ូម​​​ផលិត​ក្នុង​ស្រុក​ដើម្បី​បំបាត់​ការ​ឈឺចុក​ចាប់​​ និង​ជំងឺ​គ្រុន​ក្ដៅ​​​​ក្រោយ ​ពី​ផឹកស៊ី​​ជោកជាំ​​​​រយៈ​ពេល​​ពីរ​ថ្ងៃ​ជាប់ៗ​គ្នា។

​លោក​​លើក​ឡើង​ថា ប្រពន្ធ​ជន​រងគ្រោះ​មិន​បាន​រាយការណ៍​អំពី​ការ​ស្លាប់​​​របស់​ប្ដី​ខ្លួន​​រហូត​​ដល់​ពេល​ថ្ងៃ​ត្រង់​កាលពី​ថ្ងៃ​សៅរ៍ ពោល​គឺ​រយៈ​ពេល​​ប្រមាណ​១២​ម៉ោង​បន្ទាប់ពី​ជន​រងគ្រោះ​ស្លាប់​។ លោក​ក៏ជឿ​​ដែរ​ថា បុរស​ជន​​​​​ជាតិ​កូរ៉េ​ខាង​ជើង​ទាំង​ពីរ​នាក់​នេះ​ស្លាប់​ដោយ​​សារ​​ជំងឺ​គាំងបេះ​ដូង ទោះ​បី​ជា​​​មាន​ការ​ប្រើ​ប្រាស់​គ្រឿង​ស្រវឹង​​ និង​សេរ៉ូម​ដោយ​អាថ៌​កំបាំង​ក្ដី ដោយ​មិន​និយាយ​​អំពី​ស្នាម​ក្រ​ចក​ឃើញ​នៅ​លើ​ទ្រូង​របស់​ជន​រងគ្រោះ​​ក្តី។

លោក​មាន​​ប្រសាសន៍​​កាលពី​ថ្ងៃ​អង្គារ​​ថា “​ជន​រងគ្រោះ​ស្លាប់​ដោយ​សារ​​សុខភាព​ខ្សោយ​ ហើយ​​ពួកគេ​ក៏​មាន​ជំងឺ​បេះដូង​ដែរ។ យើង​​​មិន​ដឹង​​ថា​ ហេតុ​អ្វី​បាន​ជាជន​រងគ្រោះ​មាន​ស្នាម​ក្រចៅ​នៅ​លើ​ទ្រូង​ និង​ក្បាល​ពោះ​របស់​​ខ្លួន​ទេ​។ យើង​មិន​ដឹង​​​​ថា​ ថ្នាំ​ដែល​ពួកគេ​​ប្រាប់​​​ឲ្យ​ប្រពន្ធ​​​របស់​ខ្លួន​ចាក់​ឲ្យ​​ខ្លួន​គឺ​ជា​ថ្នាំ​អ្វី​ទេ”។

លោក ​គឹម ចាន់ថូ មាន​ប្រសាសន៍​ថា ក្រៅ​ពី​ការ​ពិគ្រោះ​​ជា​មួយ​​វេជ្ជបណ្ឌិត​ប្រចាំ​​តុលា​ការ នគរ​បាល​សង្កាត់​​ជា​អ្នក​​​ទទួល​ស៊ើបអង្កេត​​តាំង​​ពី​ដើម​​ដល់​ចប់​ ហើយ​បាន​បិទ​សំណុំ​រឿង​​​នេះ​​​កាលពី​ចុង​សប្ដាហ៍​កន្លង​ទៅ​។

​វេជ្ជបណ្ឌិត​ នង សុវណ្ណារ័ត្ន បាន​លើក​ឡើង​​ក្នុង​បទ​សម្ភាស​​មួយ​កាលពី​ម្សិលមិញ​ថា ប្រពន្ធ​ជន​រងគ្រោះ ស៊ីម យ៉ុង ហ្យេ (Sim Yong Hye) អាយុ​៥៥​ឆ្នាំ និង​ ចាំង ហ្យេ យ៉ុន (Jaing Hye Ryon) អាយុ​៤៦​ឆ្នាំ បាន​ប្រាប់​លោក​ថា ​​ថ្នាំ​ដែល​ចាក់​​​នោះ​​​មាន​លាយ​វីតាមីន​ និង​ថ្នាំទឹក​​ស្រដៀង​​​​សេរ៉ូម​​ដែល​គេ​និយម​ប្រើ​ប្រាស់​ទូទៅ​ពេញ​ប្រទេស​កម្ពុជា ​សម្រាប់​​​ព្យាបាល​​ការ​ខ្សោះ​ជាតិ​ទឹក​ ការ​អស់​កម្លាំង និង​ជំងឺ​ធ្ងន់​​​ផ្សេងៗ​ទៀត​។

​លោក​​បាន​បន្ត​ថា “​​ពួក​​គាត់​​សុទ្ធតែ​ជា​វេជ្ជ​បណ្ឌិត ហើយ​​គួរ​តែ​ទៅ​មន្ទីរ​ពេទ្យ ប៉ុន្តែ​ពួក​គាត់​​សម្រេច​ចិត្ត​មិន​ទៅ​ដោយ​សារ​តែ​​ខ្លួន​​​ជា​វេជ្ជ​បណ្ឌិត។ ពួកគាត់​​គិត​ថា​អាច​ព្យាបាល​ដោយ​ខ្លួន​ឯង​បាន​”។

​វេជ្ជបណ្ឌិតរូប​នេះ​​ថ្លែង​ថា ការ​សន្និដ្ឋាន​របស់​លោក​​​ថា​បុរស​ទាំង​ពីរ​នាក់​ស្លាប់​ដោយ​សារ​ជំងឺ​គាំងបេះ​ដូង​​​​​ក្នុង​ពេល​ដំណាល​គ្នា គឺ​ផ្អែក​​ទាំងស្រុង​​​​​លើ​អ្វី​ដែល​ស្ត្រី​ទាំង​ពីរ​បាន​ប្រាប់​លោក ហើយ​ថា លោក​​គ្មាន​បរិក្ខារ​ពេទ្យ​​​​សម្រាប់​បញ្ជាក់​ការ​អះអាង​របស់​ពួកគេ​ដោយ​​​ឯករាជ្យ​ទេ​។”​នោះ​សុទ្ធ​តែ​ជា​អ្វី​ដែល​ស្ត្រី​ជា​​ប្រពន្ធ​បាន​រាយការណ៍​ប្រាប់​ខ្ញុំ។ នៅ​កម្ពុជា ​គ្មាន​ឧបករណ៍​ធ្វើ​កោសល្យ​វិច័យ​ដូច​នៅ​ក្នុង​បណ្ដា​ប្រទេស​ផ្សេង​​ទៀត​​ទេ”។

វេជ្ជបណ្ឌិត ស៊ីម យ៉ុង ហ្យេ និង​​វេជ្ជ​បណ្ឌិត ចាំង ហ្យេ យ៉ុន មិន​អាច​ទាក់​ទង​បាន​ទេ​​នៅ​សប្ដាហ៍​នេះ ​ហើយ​គ្លីនិក​​ត្រូវ​បាន​បិទ​ទ្វារ​ចាប់​តាំង​ពី​​ការ​ស្លាប់​នេះ​មក​។

​​ដោយ​ការ​ពារ​សេចក្ដី​សម្រេច​​បិទ​សំណុំ​រឿង​នេះ លោក ​គឹម ចាន់ថូ បាន​​បើក​ថត​តុ​នៅ​​ប៉ុស្តិ៍​​នគរ​បាល​សង្កាត់​កាលពី​ថ្ងៃ​អង្គារ ហើយ​បាន​ធ្វើ​ឯកសារ​មួយ​ច្បាប់​​ដែល​ចុះ​ហត្ថលេខា​ និង​​​ផ្ដិត​មេដៃ​ដោយ​​ប្រពន្ធ​ជន​រងគ្រោះ​ ​ស្នើ​​សុំឲ្យ​អាជ្ញាធរ​បញ្ឈប់​ការ​ស៊ើប​អង្កេត​សំណុំរឿង​​នេះ។

​លិខិត​សរសេរ​ដោយ​ដៃ​ជា​ភាសា​ខ្មែរ​​ ដែល​​ចុះ​ហត្ថលេខា​ដោយ​​វេជ្ជបណ្ឌិត​​ ស៊ីម យ៉ុង ហ្យេ ​​និង​វេជ្ជបណ្ឌិត ចាំង ហ្យេ យ៉ុន ​និង​ដែល​​​អនុម័ត​ដោយ​​មន្ត្រី​ស្ថានទូត​កូរ៉េខាង​ជើង​នេះ ស្នើ​សុំ​ឲ្យ​នគរ​បាល​​​ចៀស​វាង​ការ​ធ្វើ​កោសល្យ​វិច័យ​គ្រប់​ប្រភេទ ហើយ​បញ្ជាក់​​ថា ស្ត្រី​ទាំង​នេះ​នឹង​មិន​បន្ត​​បណ្ដឹង​​ផ្លូវ​ច្បាប់​ទេ។

លិខិត​ចុះ​ថ្ងៃ​សៅរ៍​​នេះ​​​មាន​ខ្លឹមសារ​ថា “យើង​​សូម​​ស្នើ​ទៅ​អាជ្ញាធរ​​ដោយ​មាន​​មន្ត្រី​ស្ថានទូត​​កូរ៉េខាងជើងជា​​សាក្សី ឲ្យ​ពួកគេ​ទទួល​​​​ស្គាល់​ថា ប្ដី​របស់​យើងពិត​ជា​​​​​ស្លាប់​ដោយ​សារ​​​ជំងឺ​គាំងបេះ​ដូង​​មែន​។ ​មិន​ចាំបាច់​​ធ្វើ​ការ​វះ​កាត់​​ពិនិត្យ​សាកសព​​​​ទេ ​ហើយ​​ក៏​មិន​ចាំបាច់​ធ្វើតេស្ត​​ឈាម​ដែរ។ យើង​ស្នើ​​សុំ​យក​សាក​សព​​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ដែល​​ពាក់​ព័ន្ធ​ការ​បូជា​”។

ពេល​សម្ភាស​នៅ​សប្ដាហ៍​នេះ អ្នក​ជិត​ខាង​​​បាន​និយាយ​ថា ​​ប្ដីប្រពន្ធ​ជនជាតិ​កូរ៉េខាង​ជើង​​​ទាំង​នេះ​​​​រួស​​រាយ​រាក់​ទាក់​។ ពួកគេ​និយាយ​ថា គ្លីនិក​ដែលមាន​តែ​ស្លាក​យីហោ​តូច​មួយ​​សរ​សេរ​​​ជា​ភាសា​ខ្មែរ​ កូរ៉េ និង​អង់គ្លេស នេះ​ មាន​តែ​អ្នក​ជំងឺ​​​ជន​ជាតិ​កូរ៉េ​ ប៉ុណ្ណោះដែល​ទៅ​ទទួល​ការ​ព្យាបាល​នៅ​ទីនោះ។

​​កញ្ញា លីម រស្មី ​​អាយុ​១៩​ឆ្នាំ ​ជា​និស្សិត​សាកលវិទ្យាល័យ​ដែល​គ្រួសារ​របស់​នាង​រស់​នៅ​ជាប់​គ្លីនិក​នោះ ​បាននិយាយ​​កាលពី​ថ្ងៃ​អង្គារ​ថា “​ពួកគាត់​ចិត្ត​ល្អ ហើយ​រួសរាយ​ណាស់” ហើយ​នាង​បាន​​ឮ​សំឡេង​ស្រែក​ពី​ខាង​ក្នុង​គ្លីនិក​កាលពី​យប់​ថ្ងៃ​សុក្រ។ ​

​កញ្ញា​និយាយ​ទៀត​ថា ”​ខ្ញុំ​បាន​​ឮ​សំឡេង​យំ​​ដោយ​ការ​ឈឺចាប់​នៅ​វេលា​​​ប្រហែល​ពាក់​​កណ្ដាល​យប់ ប៉ុន្តែ​ខ្ញុំ​មិន​ដឹង​ថា ពួកគាត់​ស្លាប់​ទេ​”។ ហើយ​ការ​ស្លាប់​នេះ​​បាន​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​ប៉ាន់ស្មាន​ថា ​​អាច​មកពី​មូលហេតុ​ផ្សេងៗ។ កញ្ញាបាន​លើក​ឡើង​បន្ត​ទៀត​​ថា “​អ្នក​គ្រប់​គ្នា​មាន​ការ​ងឿង​ឆ្ងល់​ បន្ទាប់ពី​​គ្រោះ​​​​ថ្នាក់​នេះ ហេតុ​អី​បាន​ជា​ពួកគាត់​ស្លាប់​? បើ​វា​ជា​ជំងឺ​គាំងបេះដូង ហេតុអី​​មនុស្ស​ពីរ​នាក់​ស្លាប់​ក្នុង​ពេល​តែ​មួយ?”៕ សុខុម​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស