បេក្ខជនបីរូបចុងក្រោយសម្រាប់តួនាទីជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតទ្វេបក្សដែលមានអាយុជិតមួយឆ្នាំ បានបញ្ចេញឈ្មោះកាលពីម្សិលមិញ និងមានឈ្មោះលោក ទេព នីថា ដែលបានកាន់តំណែងនេះអស់រយៈពេលជាង១០ឆ្នាំ ដែលកាលពីមុនជាគណៈកម្មាធិការដែលគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា។
បញ្ជីជម្រើសដែលចេញដោយគ.ជ.បក៏មានរាយនាមបេក្ខជន១២នាក់សម្រាប់តំណែងអគ្គលេខាធិការរង ដែលនឹងមាន៤រូប។ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប.បានមានប្រសាសន៍ថា កិច្ចប្រជុំនៅថ្ងៃទី១៥ ខែមករារបស់គ.ជ.បដែលមានសមាជិក៩រូប នឹងជ្រើសរើសអ្នកទទួលជ័យជម្នះ។
ក្រៅពីលោក ទេព នីថា ក៏មានបេក្ខជនពីររូបទៀតសម្រាប់តំណែងនៅក្នុងគ.ជ.បថ្មី ដែលបង្កើតឡើងកាលពីខែមេសា គឺលោក ហេង មណីចិន្តា ប្រធានអង្គការពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍ និងលោក យ៉ា ណាវុធ នាយកអង្គការខារ៉ាម។ លោក ហង្ស ពុទ្ធា ដែលជាសមាជិកអព្យាក្រឹតតែម្នាក់គត់បានមានប្រសាសន៍ថា “យើងមិនបានជ្រើសរើសដោយបោះឆ្នោតទេ ប៉ុន្តែយើងមានការព្រមព្រៀងនិងយល់ព្រមពីសមាជិកគ.ជ.បទាំង៩រូបក្នុងកិច្ចប្រជុំ ដើម្បីជ្រើសរើសបេក្ខជនជាប់ជម្រើស”។
ជាផ្នែកនៃកិច្ចព្រមព្រៀងកាលពីខែកក្កដា ឆ្នាំ២០១៤រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ដែលបានបញ្ចប់ពហិការមិនចូលសភារយៈពេលមួយឆ្នាំរបស់គណបក្សប្រឆាំង សមាជិកគ.ជ.ប៨រូបទៀតត្រូវបានជ្រើសរើសស្មើគ្នាដោយគណបក្សនីមួយៗ។
ទាក់ទងតាមទូរស័ព្ទកាលពីម្សិលមិញ លោក មណីចិន្តា បានមានប្រសាសន៍ថា លោកបានដឹងថា លោកជាប់ជាបេក្ខជនជម្រើសសម្រាប់តំណែងអគ្គលេខាធិការ ជាតួនាទីរដ្ឋបាលកំពូលរបស់គ.ជ.ប ប៉ុន្តែបានបដិសេធមិនធ្វើអត្ថាធិប្បាយទេ។
លោក ទេព នីថា ដែលមើលខុសត្រូវលើគ.ជ.បដែលញាំញីដោយការចោទប្រកាន់ថាមានភាពមិនប្រក្រតីនៃបញ្ជីបោះឆ្នោត ក៏បដិសេធមិនធ្វើអត្ថាធិប្បាយដែរ។
លោក ទេព នីថា ដែលបានទទួលការតែងតាំងក្នុងឆ្នាំ២០០២ បានពន្យល់ថា “ខ្ញុំមិនចង់និយាយច្រើនទេអំពីរឿងនេះ ប៉ុន្តែខ្ញុំបានបំពេញលក្ខខណ្ឌទាំងអស់ក្នុងការដាក់ពាក្យរបស់ខ្ញុំ ដូច្នេះស្រេចលើគ.ជ.បជាអ្នកសម្រេច”។ អគ្គលេខាធិការថ្មីនឹងមានភារកិច្ចនៅឆ្នាំនេះដឹកនាំការកសាងឡើងវិញនូវបញ្ជីបោះឆ្នោតជាតិ ដោយប្រើប្រព័ន្ធអេឡិកត្រូនិចដែលនឹងលុបបំបាត់ការក្លែងបន្លំអ្នកបោះឆ្នោតតាមរយៈទិន្នន័យជីវមាត្រ។
ប្រសិនបើបញ្ចប់ បញ្ជីនេះនឹងត្រូវប្រើសម្រាប់ការបោះឆ្នោតឃុំ សង្កាត់ឆ្នាំ២០១៧ និងការបោះឆ្នោតជាតិឆ្នាំ២០១៨៕ រើន