នៅក្នុងការផ្លាស់ប្ដូរគោលនយោបាយភ្លាមៗមួយរំពេចដូចផ្លេកបន្ទោរលើកចុងក្រោយរបស់ខ្លួន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឆ្លៀតឱកាសក្នុងពិធីថ្លែងសុន្ទរកថារបស់លោកកាលពីម្សិលមិញ ដើម្បីលុបចោលគម្រោងដាក់បម្រាមលើអ្នកមានសញ្ជាតិពីរមិនឲ្យធ្វើជាប្រធានគណបក្សនយោបាយដែលត្រូវបានប្រកាសកាលពីពេលថ្មីៗនេះ ជាកិច្ចប្រឹងប្រែងមួយដែលទំនងជាបាញ់ឆ្ពោះទៅរកលោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងដែលកំពុងនិរទេសខ្លួន។
កាលពីថ្ងៃទី២៨ ខែធ្នូ លោក ហ៊ុន សែន បានមានប្រសាសន៍ថា ច្បាប់ស្ដីពីគណបក្សនយោបាយ “ត្រូវតែចែងថា ប្រធានគណបក្សនយោបាយត្រូវមានសញ្ជាតិកម្ពុជាតែមួយ” ហើយគូសបញ្ជាក់ថា លោក សម រង្ស៊ី បានភៀសខ្លួនទៅផ្ទះរបស់លោកនៅក្នុងទីក្រុងប៉ារីសជាថ្មីម្ដងទៀត បន្ទាប់ពីត្រូវតុលាការបង្គាប់ឲ្យចាប់ខ្លួននៅក្នុងប្រទេសកម្ពុជា។

ទោះជាយ៉ាងណា ក្នុងពិធីមួយនៅទីស្នាក់ការកណ្ដាលរបស់គណបក្សប្រជាជនកម្ពុជា ក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញ ដើម្បីប្រារព្ធខួប៣៧ឆ្នាំចាប់តាំងពី ប៉ុល ពត ត្រូវបានផ្តួលរំលំដោយកងទ័ពវៀតណាម និងទាហានខ្មែរក្រហមរត់ចោលជួរមួយក្រុមនៅខែមករា ឆ្នាំ១៩៧៩ លោក ហ៊ុន សែន បានមានប្រសាសន៍ថា ថ្នាក់ដឹកនាំផ្សេងៗទៀតរបស់គណបក្សប្រជាជនកម្ពុជា បានបញ្ចុះបញ្ចូលឲ្យលោកប្ដូរចិត្ត។
លោកបានថ្លែងថា “កាលពីប៉ុន្មានថ្ងៃមុននេះ ខ្ញុំព្រះករុណាខ្ញុំបាននិយាយអំពីការធ្វើវិសោធនកម្មច្បាប់ស្ដីអំពីគណបក្សនយោបាយ ដែលក្នុងនោះបាននិយាយទៅដល់ថា ប្រធានគណបក្សនយោបាយ យើងនឹងពិចារណាអំពីការត្រូវមានសញ្ជាតិតែមួយ។ ប៉ុន្តែឆ្លងកាត់ទៅតាមការត្រិះរិះពិចារណារបស់គណបក្ស ថ្នាក់ដឹកនាំសំខាន់ៗរបស់គណបក្ស ក៏ដូចជាចង់ឲ្យមានការចូលរួមបានយ៉ាងច្រើន គណបក្សប្រជាជនកម្ពុជាសម្រេចប្រកាន់ជំហរបើកឱកាសឲ្យបណ្ដាប្រធានគណបក្សនយោបាយ ទោះបីមានសញ្ជាតិមួយ ឬសញ្ជាតិ១០ សូមអញ្ជើញចូលរួមបោះឆ្នោតជាមួយគណបក្សប្រជាជន។ យើងធ្លាប់ប្រកួតក្នុងទម្ងន់ធ្ងន់។ យើងធ្លាប់មានសញ្ជាតិតែមួយ ប៉ុន្តែយើងក៏បើកឱកាសសម្រាប់ពលរដ្ឋរបស់យើងដែលមានសញ្ជាតិច្រើន ដើម្បីមកធ្វើជាប្រធានគណបក្សនយោបាយនៅកម្ពុជា”។
លោកបានបន្ថែមថា លោកមិនខ្វល់ថា តើលោក សម រង្ស៊ី ដែលពេលនេះមានដីកាចាប់ខ្លួនចំនួនពីរដោយឡែកពីគ្នា នឹងវិលត្រឡប់មកប្រទេសកម្ពុជា វិញឬក៏អត់ឡើយ ដោយលើកឡើងថា ដំណើរការប្រជាធិបតេយ្យនៅតែបន្ត។ លោកគូសបញ្ជាក់ថា “បក្សនយោបាយនៅកម្ពុជា មានច្រើនណាស់។ គ្មានមនុស្សពីរបីនាក់ ក៏អាចដំណើរការនៃការបោះឆ្នោតបានដែរ”។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបកស្រាយថា ការប្ដូរចិត្តរបស់លោក ហ៊ុន សែន ដែលធ្វើឡើងបន្ទាប់ពីការបញ្ជាកាលពីយប់ថ្ងៃពុធ ឲ្យលុបចោលចំណុចដ៏សំខាន់មួយនៃច្បាប់ចរាចរណ៍ថ្មីដែលប្រជាពលរដ្ឋភាគច្រើនមិនពេញចិត្តនេះបង្ហាញថា គណបក្សកាន់អំណាចមិនខ្លាចគណបក្សប្រឆាំងឡើយ។
លោកថ្លែងថា ”វាដូចការប្រដាល់ទម្ងន់ស្មើគ្នា ឬទម្ងន់ប្រហាក់ប្រហែលអ៊ីចឹង យើងចង់ប្រកួតជាមួយអ្នកណាដែលមានទម្ងន់ធ្ងន់បំផុត”។ លោកគូសបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ធ្លាប់បានផ្ដួលគណបក្សដឹកនាំដោយលោក សម រង្ស៊ី នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ១៩៩៨ ឆ្នាំ២០០៣ ឆ្នាំ២០០៨ និងឆ្នាំ២០១៣។ “គណបក្សប្រជាជនមិនខ្លាចនឹងប្រកួតជាមួយឯកឧត្ដម សម រង្ស៊ី ទេ។ គណបក្សប្រជាជនធ្លាប់វាយឯកឧត្ដមឲ្យសន្លប់បួនលើករួចមកហើយនៅលើសង្វៀន”។
ក្នុងពិធីនៅពេលព្រឹកនោះ លោក ហ៊ុន សែន ដែលប្រារព្ធថ្ងៃ៧មករា ជាលើកដំបូងក្នុងឋានៈជាប្រធានគណបក្សប្រជាជនកម្ពុជា បន្ទាប់ពីលោក ជា ស៊ីម ប្រធានស្ថាបនិកគណបក្សនេះទទួលមរណភាពកាលពីឆ្នាំមុន បានមានប្រសាសន៍ថា ប្រជាពលរដ្ឋកម្ពុជា មិនគួរភ្លេចកាដូដែលខ្លួនទទួលបានជាមួយនឹងការផ្ដួលរំលំរបប ប៉ុល ពត នោះទេ។
លោកថ្លែងថា “យើងប្រារព្ធជ័យជម្នះជាប្រវត្តិសាស្ត្រនេះក្នុងស្មារតីគោរព និងសម្ដែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះយុទ្ធជនដែលបានក្រោកឡើងប្រយុទ្ធ ហើយហា៊នបូជាសាច់ស្រស់ឈាមស្រស់ និងជីវិតរបស់ខ្លួនដើម្បីសង្គ្រោះប្រទេសជាតិ”។
ទន្ទឹមនឹងនេះ លោកបានសម្ដែង “ការដឹងគុណចំពោះទាហានស្ម័គ្រចិត្តវៀតណាម ដែលបានផ្ដល់ការគាំទ្រដើម្បីបុព្វហេតុដ៏សំខាន់នេះ” ចំពោះការបូជារបស់ពួកគេនៅក្នុងការរំដោះប្រជាពលរដ្ឋកម្ពុជា ពីការដឹកនាំដ៏គ្រោះថ្នាក់របស់ ប៉ុល ពត។
បន្ទាប់ពីពិធីនេះ ស្ថានទូតសហរដ្ឋអាមេរិក ក្នុងរាជធានីភ្នំពេញ បានអបអរសាទរចំពោះកម្ពុជា ក្នុងខួបលើកទី៣៧ចាប់តាំងពីការដួលរលំរបស់ខ្មែរក្រហមមកនេះ។ របបនេះបានបន្តគ្រប់គ្រងអាសនៈរបស់កម្ពុជា នៅអង្គការសហប្រជាជាតិជំនួសឲ្យរដ្ឋាភិបាលរបស់លោក ហ៊ុន សែន រហូតដល់ឆ្នាំ១៩៩៩ ដោយសារតែការគាំទ្ររបស់សហរដ្ឋអាមេរិក និងចិន។
ស្ថានទូតអាមេរិក លើកឡើងក្នុងសេចក្ដីថ្លែងការណ៍មួយលើគេហទំព័ររបស់ខ្លួនថា ”ថ្ងៃជ័យជម្នះ៧មករារបស់កម្ពុជា បង្ហាញពីការរំដោះក្រុងភ្នំពេញ ពីខ្មែរក្រហម ដែលជារបបអាក្រក់ជួរជាតិបំផុតនៅក្នុងប្រវត្តិសាស្ត្រ។ ជ័យជម្នះលើរបបខ្មែរក្រហម គឺជាជ័យជម្នះរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប។ ថ្ងៃនេះយើងសូមសម្ដែងទុក្ខក្រៀមក្រំចំពោះការបាត់បង់ជីវិតមនុស្សជិត២លាននាក់ និងការនិរាសព្រាត់ប្រាស់របស់មនុស្សយ៉ាងច្រើនផ្សេងទៀត”។
ទោះជាយ៉ាងណា គណបក្សប្រឆាំងដែលមានឫសគល់ចេញពីចលនាប្រដាប់អាវុធក្នុងទសវត្សរ៍ឆ្នាំ១៩៨០ ប្រឆាំងរដ្ឋាភិបាលកុម្មុយនីស្តរបស់លោក ហ៊ុន សែន ដែលគាំទ្រដោយវៀតណាម មិនចាត់ទុកការប្រារព្ធទិវាថ្ងៃ៧មករា ជាថ្ងៃបុណ្យជាតិឡើយ ដោយសារវាបានបង្កឲ្យមានសង្គ្រាម និងការត្រួតត្រារបស់ទាហានវៀតណាម រយៈពេលមួយទសវត្សរ៍។
ក្នុងសារមួយបង្ហោះលើហ្វេសប៊ុករបស់ខ្លួនកាលពីម្សិលមិញ លោក សម រង្ស៊ី ថែមទាំងបានរំឭកដល់ពាក្យសម្ដីចាស់ដែលគាំទ្រដោយខ្មែរក្រហម នៅសេសសល់ក្នុងរយៈពេលប៉ុន្មានឆ្នាំក្រោយពីពួកគេបានដួលរលំទៀតផង ដោយអះអាងថា ការស្លាប់ភាគច្រើនក្រោមរបបរបស់ពួកគេ គឺបណ្ដាលមកពីភ្នាក់ងារវៀតណាម។
លោក សម រង្ស៊ី បានសរសេរថា “ថ្ងៃ ៧មករា ១៩៧៩ គឺជាឆាកល្ខោនដែលយួនបានរៀបចំទាំងអស់។ គេថា គេមករំដោះយើងពីខ្មែរក្រហម តែបើអត់មានយួនកម្មុយនីស្ដពីដើមទី ក៏អត់មានខ្មែរក្រហមដែរ។ បើគ្មានពួកកម្មុយនីស្ដយួនជួយពួកខ្មែរក្រហមនៅដើមទសវត្សរ៍ ឆ្នាំ១៩៧០ ក៏គ្មានថ្ងៃ១៧មេសា ១៩៧៥ដែរ។ ដូច្នេះ មួយផ្នែកធំនៃរឿងរ៉ាវទាំងអស់ក្នុងរយៈពេលជិត៥០ឆ្នាំកន្លងមកនេះ គឺមានការរៀបចំយ៉ាងសកម្មដោយយួនកម្មុយនីស្ដ ដើម្បីលេបត្របាក់ទឹកដីយើង និងបំភាន់ភ្នែកប្រជារាស្ដ្រខ្មែរ។ យួនបង្កប់ដែលទទួលការបណ្ដុះបណ្ដាលនៅហាណូយ ក្នុងទសវត្សរ៍ឆ្នាំ១៩៥០ និង១៩៦០ បានជំរុញ និងញុះញង់ឲ្យខ្មែរកាប់សម្លាប់ខ្មែរ ក្រោមរបបខ្មែរក្រហម (១៩៧៥-១៩៧៩)”។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ថា ការអត្ថាធិប្បាយបែបនេះមិនធ្វើឲ្យលោកភ្ញាក់ផ្អើលទេ ប៉ុន្តែលោកបានចោទសួរថា តើលោក សម រង្ស៊ី មិនចង់ឲ្យវៀតណាម មកជួយអន្តរាគមន៍ និងទម្លាក់ ប៉ុល ពត ចេញនៅក្នុងឆ្នាំ១៩៧៩ទេឬ។
អ្នកនាំពាក្យរូបនេះបានបកស្រាយថា “វាជាចរិតប្រឆាំងរបស់គាត់។ គាត់ប្រឆាំង៧មករា ហើយវាមានន័យថា លោក សម រង្ស៊ី មើលងាយអាយុជីវិតអ្នកដែលរស់រានពីរបប ប៉ុល ពត ហើយមានន័យថា គាត់មិនចង់ឲ្យគេជួយសង្គ្រោះជីវិតអ្នកទាំងនោះ”៕ សុខុម (រាយការណ៍បន្ថែមដោយ Alex Willemyns)