ប្រធានពន្ធនាគារខេត្តកណ្តាលបានមានប្រសាសន៍កាលពីម្សិលមិញថា លោក អាំង មាលតី អតីតប្រធានសាលាដំបូងរាជធានីភ្នំពេញដ៏អបយស ត្រូវបានបញ្ជូនទៅមន្ទីរសម្រាកព្យាបាលមួយក្នុងរាជធានីភ្នំពេញជាមន្ទីរសម្រាកព្យាបាលសម្រាប់តែអ្នកធូរធារ ដើម្បីព្យាបាលជំងឺ ប៉ុន្តែអ្នកគ្រប់ គ្រងម្នាក់នៅទីនោះបាននិយាយថា ឈ្មោះរបស់គាត់មិនមាននៅក្នុងបញ្ជីទេ។
ទាំងមេធាវីរបស់លោក អាំង មាលតី និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាលបានលើកឡើងថា គាត់ទទួលការព្យាបាលជំងឺ ជាច្រើនមុខដូចជា ឫសដូងបាត លើសឈាម ថ្លើម បេះដូង និងជំងឺសួត ដែលជំងឺទាំងនេះបានកើតឡើងចាប់តាំងពីគាត់ត្រូវបានឃុំខ្លួនរង់ចាំការ ជំនុំជម្រះពីបទពុករលួយកាលពីខែសីហា។
លោក ចាប ស៊ីនាង ប្រធានពន្ធនាគារបានមានប្រសាសន៍ថា “គាត់បានទៅព្យាបាលមួយសប្តាហ៍ និងមួយថ្ងៃកន្លងមក។ គាត់ត្រូវបានបញ្ជូនទៅមន្ទីរសម្រាកព្យាបាលនិងសម្ភពខេមាក្នុងរាជធានីភ្នំពេញដែលអមដោយសន្តិសុខពន្ធនាគារពីរនាក់”។

ប្រធានពន្ធនាគាររូបនេះបានមានប្រសាសន៍ ថា វេជ្ជបណ្ឌិតម្នាក់នៅមន្ទីរសម្រាក ព្យាបាល និងសម្ភពខេមា បានរាយការណ៍ថា ស្ថានភាព របស់លោក អាំង មាលតី តម្រូវឱ្យគាត់ស្នាក់នៅ មន្ទីរសម្រាកព្យាបាលនេះដើម្បីព្យាបាលជំងឺ។
លោកបានមានប្រសាសន៍ថា “វេជ្ជបណ្ឌិត រូបនេះបានប្រាប់ខ្ញុំថា គាត់ត្រូវបានបញ្ជូនមកព្យាបាលទាន់ពេល។ ប្រសិនបើយើងបញ្ជូនគាត់មកយឺតតែមួយខែ គាត់នឹងមានបញ្ហា ហើយមិនអាចព្យាបាលបានទេ”។
ទោះយ៉ាងណា នៅមន្ទីរសម្រាកព្យាបាល និងសម្ភពខេមា បុគ្គលិកផ្នែកទទួលភ្ញៀវម្នាក់បាននិយាយថា អតីតប្រធានតុលាការរូបនេះ មិនដែលចូលមកសម្រាកព្យាបាលទេ។
ស្ត្រីរូបនេះដែលបដិសេធមិនប្រាប់ឈ្មោះ ពីព្រោះវាផ្ទុយនឹងគោលនយោបាយរបស់មន្ទីរសម្រាកព្យាបាលបានសុំឱ្យអ្នកយកព័ត៌មានសរសេរឈ្មោះលោក អាំង មាលតី នៅលើក្រដាសស ហើយបន្ទាប់មកនាងបានចាប់ផ្តើមស្វែងរកនៅក្នុងកុំព្យូទ័ររបស់នាង។ នាងបាននិយាយថា “មិនមានទេ ឈ្មោះនេះមិនមានក្នុងបញ្ជីរបស់មន្ទីរសម្រាកព្យាបាលនេះទេ”។
អ្នកយកព័ត៌មានម្នាក់បានឡើងទៅរានហាលមន្ទីរសម្រាកព្យាបាលនេះកម្ពស់បីជាន់ ដែលមានបន្ទប់ VIP ចំនួនពីរ និង “បន្ទប់ទំនើប” ចំនួនមួយ ហើយរកមិនឃើញមានសញ្ញាសន្តិសុខ ឬលោក អាំង មាលតី ឡើយ។
ត្រឡប់ទៅកាន់តុបុគ្គលិកទទួលភ្ញៀវវិញ លោក សោម លក្ខិណា ប្រធានមន្ទីរសម្រាកព្យាបាលនេះបានប្រាប់អ្នកយកព័ត៌មានថា វាផ្ទុយនឹងគោលនយោបាយមន្ទីរសម្រាកព្យាបាលដែលលោកចែករំលែកព័ត៌មានអតិថិជន។លោកក៏បានហាមបុគ្គលិកផ្នែកទទួលភ្ញៀវមិនឱ្យឆ្លើយសំណួរបន្ថែមផងដែរ។
នៅវេលាព្រឹក មុនពេលទៅសួរសុខទុក្ខនៅមន្ទីរសម្រាកព្យាបាលទាំងលោក លឹម សុគន្ថា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល និងលោក ទេព មុនីជាតិ មេធាវីរបស់លោក អាំង មាលតី បានបញ្ជាក់ពីការអះអាងរបស់ប្រធានពន្ធនាគារថា អតីតប្រធានសាលាដំបូងរាជធានីភ្នំពេញរូបនេះត្រូវបានបញ្ជូនទៅមន្ទីរសម្រាកព្យាបាល និងសម្ភពខេមា។
ដោយត្រូវបានប្រាប់ថា បុគ្គលិកផ្នែកទទួលភ្ញៀវរូបនេះនិយាយថា គាត់មិនបានចូលសម្រាកព្យាបាលនៅមន្ទីរសម្រាកព្យាបាលនោះ លោក ទេព មុនីជាតិ បានមានប្រសាសន៍ ថា វាអាចថា គាត់ត្រូវបានបញ្ជូនទៅកន្លែងផ្សេង។
លោកបានមានប្រសាសន៍ថា “ខ្ញុំដឹងថា គាត់ត្រូវបានបញ្ជូនទៅទីនោះ ប៉ុន្តែប្រហែល ជាក្រុមគ្រួសាររបស់គាត់បានប្តូរគាត់ទៅមន្ទីរពេទ្យផ្សេងដោយសារស្ថានភាពជំងឺរបស់គាត់។ ខ្ញុំមិនច្បាស់ពីរឿងនេះទេ”។
ទោះយ៉ាងណា លោក លឹម សុគន្ថា បានមានប្រសាសន៍ថា លោកត្រូវអនុម័តយល់ព្រមចំពោះការប្តូរនេះ ដែលលោកមិនបានធ្វើ ហើយបានលើកឡើងថា លោក អាំង មាលតី នៅមន្ទីរសម្រាកព្យាបាល និងសម្ភព ខេមា នៅឡើយ។
លោកបានមានប្រសាសន៍ថា “ប្រសិនបើគាត់ត្រូវបានប្តូរទៅមន្ទីរពេទ្យផ្សេង មន្ត្រីពន្ធនាគារត្រូវរាយការណ៍ប្រាប់ខ្ញុំ ពីព្រោះគាត់ជាចុងចោទ។ ប្រហែលជាដោយសារបទបញ្ជាផ្ទៃក្នុងនៅមន្ទីរសម្រាកព្យាបាលដែលពួកគេមិនប្រាប់អ្នកអំពីអ្នកជំងឺរបស់ពួកគេ”។
លោក ចាប ស៊ីនាង ប្រធានពន្ធនាគារមិនអាចទាក់ទងបានទេកាលពីពេលរសៀល។
លោក អាំង មាលតី ត្រូវបានផ្តន្ទាទោសដោយអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ដោយចោទប្រកាន់ពីបទកិបកេងប្រាក់ទាក់ទងរឿងគាត់រឹបអូសយករថយន្តទំនើបមួយគ្រឿងពីអ្នកចែកចាយគ្រឿងញៀន ហើយប្រគល់ទៅឱ្យកូនប្រុសរបស់គាត់ ជាអធិការរងនគរបាលខណ្ឌក្នុងរាជធានីភ្នំពេញ។
គាត់ត្រូវបានដកចេញពីតួនាទីជាប្រធានសាលាដំបូងរាជធានីភ្នំពេញកាលពីខែកុម្ភៈ តែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីលោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងនៅក្នុងសុន្ទរកថាជាសាធារណៈថា គាត់ប្រហែលជាទទួលបានសំណូករាប់លានដុល្លារក្នុងការដោះលែងជនសង្ស័យពីរនាក់ចេញពីពន្ធនាគារដែលពាក់ព័ន្ធឃាតកម្មដ៏លេចធ្លោមួយ។
លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានមានប្រសាសន៍ថា ការចោទប្រកាន់លើលោក អាំង មាលតី នឹងត្រូវបំបែកជាសំណុំរឿងដាច់ដោយឡែកដើម្បី “ពន្លឿន” ដំណើរការតុលាការ។
លោក ឱម យ៉ិនទៀង និងលោក ឆាយ សាវុធ អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយមិនអាចទាក់ទងបានទេកាលពីម្សិលមិញ។
លោកមេធាវី ទេព មុនីជាតិ បានមានប្រសាសន៍ថា សវនាការជំនុំជម្រះកូនក្តីរបស់លោកនឹងចាប់ផ្តើមនៅចុងខែនេះ៕ សារុន