នគរបាលខេត្តពោធិ៍សាត់បាននិយាយថ្ងៃនេះថា មានមនុស្ស៤នាក់បានស្លាប់ និង៩នាក់ផ្សេងទៀតរងរបួស នៅពេលដែលរថយន្តដឹកសីុទែនសាំងមួយគ្រឿងបុកចំពីមុខរថយន្តទួរីសដែលដឹកអ្នកដំណើរនៅម៉ោង៦ព្រឹកមិញនេះនៅតាមផ្លូវជាតិលេខ៥ ក្នុងឃុំអន្សាចំបក់ ស្រុកក្រគរ។
លោក ឯម រុន អធិការស្រុកក្រគរ បាននិយាយថា មានរថយន្តដឹកសាំងមួយគ្រឿងបើកបរពីខេត្តបាត់ដំបងឆ្ពោះមកក្រុងភ្នំពេញបានបុកចំពីមុខរថយន្តទួរីសដែលបើកពីខេត្តកំពង់ឆ្នាំងឆ្ពោះទៅខេត្តសៀមរាបនៅម៉ោងប្រហែល៦:១០នាទីព្រឹក ដោយបណ្តាលឲ្យមនុស្ស៤នាក់ស្លាប់ និង៩នាក់រងរបួស។
លោក ឯម រុន បាននិយាយថា “ឡានដឹកសាំងជាអ្នកបង្កហេតុ ហើយតៃកុងបានរត់បាត់”។
លោក ឈឹម សារុន ប្រធានការិយាល័យចរាចរណ៍ខេត្តកំពង់ឆ្នាំងដែលបានចូលរួមដឹកជនរងគ្រោះមកមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង បាននិយាយថា អ្នកបើកបររថយន្តទួរីសបានស្លាប់ក្នុងមន្ទីរពេទ្យនៅថ្ងៃនេះដែលធ្វើឲ្យចំនួនអ្នកស្លាប់កើនដល់៥នាក់។
យោងតាមរបាយការណ៍អគ្គស្នងការនគរបាលជាតិឲ្យដឹងថា ក្នុងឆ្នាំ២០១៥ មានមនុស្សរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ចំនួនសរុប ៩.៧៧៥នាក់ ក្នុងនោះបណ្តាលឲ្យស្លាប់ចំនួន២.២៦៥នាក់ និងរងរបួសចំនួន៧.៥១០នាក់៕