មន្ត្រីបាននិយាយថា ចៅប្រុសរបស់មេភូមិគណបក្សប្រជាជនកម្ពុជាមួយរូបត្រូវតុលាការក្រុងភ្នំពេញចោទប្រកាន់បឋមកាលពីថ្ងៃសុក្រពីបទគំរាមសម្លាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងសារតាមហ្វេសប៊ុក ជាព្រឹត្តិការណ៍ថ្មីៗក្នុងយុទ្ធនាការដើម្បីតាមដានវេទិកាប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គម។
យោងតាមមេប៉ុស្តិ៍លោក កង សន ឲ្យដឹងថា លោក ម៉ាន់ សំអ៊ន់ ជាកសិករមានអាយុ២៨ឆ្នាំត្រូវបាននគរបាលចាប់ខ្លួនកាលពីថ្ងៃពុធ នៅឯប៉ុស្តិ៍ប៉ូលិសសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បន្ទាប់ពីទទួលការហៅឲ្យទៅប៉ុស្តិ៍ប៉ូលិស។
មន្ត្រីនគរបាលពីនាយកដ្ឋានសន្តិសុខផ្ទៃក្នុងនៃក្រសួងមហាផ្ទៃដែលរកឃើញការគំរាម ហើយធ្វើដំណើរទៅកាន់ខេត្តកំពង់ធំ ដើម្បីចាប់ខ្លួន បាននាំខ្លួនលោក សំអ៊ន់ មកក្រុងភ្នំពេញនៅល្ងាចថ្ងៃព្រហស្បតិ៍។
លោក សៀង សេន ប្រធាននាយកដ្ឋានសន្តិសុខផ្ទៃក្នុងបានមានប្រសាសន៍ថា “គាត់ត្រូវចាប់ខ្លួនដោយសារគាត់បញ្ជូនសារគំរាមសម្លាប់ទៅទំព័រហ្វេសប៊ុកសម្តេច ហ៊ុន សែន ” ។
លោក សៀង សេន បានមានប្រសាសន៍ថា “គាត់សរសេរថា អាខ្វាក់ប្រយ័ត្នខ្លួន អញនឹងសម្លាប់ឯងមុនថ្ងៃ៧មករា ហើយកំពង់ចាម កំពង់ធំ និងសៀមរាបគឺសុទ្ធតែទឹកដីអញ”។ការគំរាមសម្លាប់នរណាម្នាក់គឺអាក្រក់ណាស់ គឺប្រឆាំងនឹងច្បាប់។មិនថាកើតឡើងចំពោះនរណាទេវាខុសច្បាប់”។
យោងតាមលោក សៀង ធារ័ត្ន ក្រឡាបញ្ជីលោក សៀង សុខ ព្រះរាជអាជ្ញារងឲ្យដឹងថា លោក សំអ៊ន់ ត្រូវចោទប្រកាន់ជាបឋមកាលពីម្សិលមិញ ពីបទជេរប្រមាថ និងគំរាមសម្លាប់ ដែលអាចផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ៦ថ្ងៃ និង២ឆ្នាំ។
ក្រឡាបញ្ជីរូបនេះបាននិយាយថា “ព្រះរាជអាជ្ញាចោទគាត់ផ្អែកលើមាត្រា២៣៣ និង៥០២នៃក្រមព្រហ្មទណ្ឌ”។

ក្នុងខណៈដែលបណ្ដើរទាំងជាប់ខ្នោះទៅក្នុងតុលាការដើម្បីសាកសួរកាលពីរសៀលថ្ងៃសុក្រ ជនសង្ស័យបានសារភាពថា គំរាម ហើយក៏បានអំពាវនាវសុំការលើកលែងទោសពីលោកនាយករដ្ឋមន្ត្រី។
បុរសរូបនេះបាននិយាយដោយមានទឹកមុខភ័យខ្លាច ក្នុងខណៈដែលគាត់ក្រឡេកមើលនគរបាលដែលបណ្តើរគាត់ចេញថា “សូមសម្តេចលើកលែងទោសឲ្យខ្ញុំ។ ខ្ញុំជេរសម្តេច។
គណនីហ្វេសប៊ុករបស់លោក សំអ៊ន់ ទំនងជាមិនដំណើរការនៅរសៀលថ្ងៃសុក្រ។
ព័ត៌មានក្នុងស្រុកចម្លងការគំរាមនោះ ដែលធ្វើឡើងដោយប្រើគណនីដែលមានឈ្មោះថា សំអ៊ន់ កូកូ (Som Orn Koko) ដោយអត្ថាធិប្បាយទៅលើការបង្ហោះទៅក្នុងទំព័រហ្វេសប៊ុកលោក ហ៊ុន សែន ។
សារដែលបង្ហោះនៅលើទំព័រនោះសរសេរថា “កំពង់ចាម កំពង់ធំ និងសៀមរាបគឺសុទ្ធតែទឹកដីអញ” “៧មករាជាថ្ងៃងាប់របស់ហែងហើយ” “អញជេរវាដល់ពូជ”។
លោក កង សន មេប៉ុស្តិ៍បាននិយាយថា ជនសង្ស័យបានសហការជាមួយប៉ូលិស ហើយក៏បានបដិសេធថា មិនបានគំរាមសម្លាប់ទេ។
មេប៉ុស្តិ៍រូបនេះបាននិយាយថា “ខ្ញុំមិនយល់ថា ហេតុអ្វីបានជាគាត់ធ្វើបែបនេះទេ ពីព្រោះគ្រួសារគាត់ទាំងអស់ធ្វើការឲ្យគណបក្សប្រជាជនកម្ពុជា”។
លោក ពេជ្រ ជា ជីតារបស់លោក សំអ៊ន់ ក៏បានមានប្រសាសន៍ថា ចៅរបស់លោកបានបដិសេធចំពោះការចោទប្រកាន់នោះ។ លោក ពេជ្រ ជា បានមានប្រសាសន៍ថា លោកមិនជឿថា នោះជាការពិតទេ។
មេភូមិរូបនេះបាននិយាយថា ”ខ្ញុំជាមេភូមិម្នាវ តាំងពីឆ្នាំ១៩៨៦ ហើយគ្រួសារខ្ញុំទាំងអស់ធ្វើការ និងគាំទ្រគណបក្សប្រជាជនកម្ពុជា។ ឪពុករបស់ សំអ៊ន់ គឺជាប្រជាការពារភូមិ និងជាមេក្រុមបក្ស”។
លោក ពេជ្រ ជា បានមានប្រសាសន៍បន្តថា ” កាលពីមុន [ ម៉ាន់ សំអ៊ន់] មិនដែលមានបញ្ហា ឬស្អប់ខ្ពើមគណបក្សប្រជាជនកម្ពុជាទេ អ៊ីចឹងខ្ញុំមិនយល់ថា វាធ្វើរឿងនោះទេ”។ កាលពីរាត្រីថ្ងៃសុក្រ លោក ជូ សំអាន ស្នងការនគរបាលខេត្តកំពង់ធំបានមានប្រសាសន៍ថា ជនសង្ស័យត្រូវគេបញ្ជូនត្រឡប់ទៅតុលាការខេត្តកំពង់ធំវិញដែលនឹងជាប់ឃុំក្នុងការឃុំឃាំងប៉ូលិស ក្នុងខណៈដែលតុលាការខេត្តបន្តនីតិវិធី។
ស្នងការនគរបាលរូបនេះបានមានប្រសាសន៍ថា “ដោយសារគេចាប់ខ្លួនគាត់នៅកំពង់ធំនោះជានីតិវិធី”៕រើន