ជនជាតិកូរ៉េខាងត្បូងជាង១០នាក់ដែលអះអាងថាតំណាងជនរួមជាតិរបស់ខ្លួនរាប់ពាន់នាក់ដែលរស់នៅក្នុងប្រទេសកម្ពុជា បានប្រមូលផ្តុំគ្នានៅក្នុងបន្ទប់ទំនេរចោលមួយនៅជាន់ទីពីរនៃភ្នំពេញថូវឺកាលពីរសៀលថ្ងៃសុក្រ ដើម្បីតវ៉ាប្រឆាំងនឹងកម្មវិធីសាកល្បងនុយក្លេអ៊ែររបស់កូរ៉េខាងជើង។
កាន់បដាដែលសរសេរថា “បញ្ឈប់ការសាកល្បងនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើង!” តំណាងនៃជនជាតិកូរ៉េខាងត្បូង និងសមាគមពាណិជ្ជកម្មមួយចំនួនតូច បានឈរឲ្យថតរូប មុននឹងអានសេចក្តីថ្លែងការណ៍ទៅកាន់អ្នកកាសែតដែលប្រមូលផ្តុំគ្នាថត និងឈរមើល។
សេចក្តីថ្លែងការណ៍បកប្រែជាភាសាអង់គ្លេសសរសេរថា “ជនរួមជាតិកូរ៉េនៅក្នុងកម្ពុជារួមជាមួយនឹងជនជាតិខ្មែរ និងជនបរទេសដែលរស់នៅក្នុងក្រុងភ្នំពេញ ដែលស្រឡាញ់សន្តិភាព សូមជំរុញឲ្យសហគមន៍អន្តរជាតិ និងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដាក់ទណ្ឌកម្មខ្លាំងបន្ថែមទៀត ដើម្បីចាត់វិធានការប្រឆាំងនឹងកូរ៉េខាងជើងដ៏គឃ្លើន”។
កាលពីថ្ងៃអង្គារ កូរ៉េខាងជើងបានប្រកាសថា ខ្លួនបានបំផ្ទុះគ្រប់បែកអ៊ីដ្រូហ្សែនដំបូងរបស់ខ្លួន ដោយបណ្តាលឲ្យមានការរញ្ជួយដីតាមឆ្នេរសមុទ្ទភាគឦសាននៃប្រទេស។ អ្នកប្រកាសនៅលើកញ្ចក់ទូរទស្សន៍រដ្ឋកូរ៉េខាងជើងបាននិយាយថា ការសាកល្បងបានបញ្ជាផ្ទាល់ពីលោក គីម ជុងអ៊ុន នាយករដ្ឋមន្ត្រីនៃប្រទេសនេះ។

យោងតាមរបាយការណ៍សារព័ត៌មានអន្តរជាតិឲ្យដឹងថា អ្នកអានព័ត៌មានរូបនោះបាននិយាយថា ប្រទេសកូរ៉េខាងជើងដែលលះបង់ចោលសព្វាវុធនុយក្លេអ៊ែររបស់ខ្លួនដោយប្រឈមមុខនឹងការគំរាមកំហែងពីសហរដ្ឋអាមេរិក នឹងទៅជាល្ងីល្ងើដូចជាព្រានព្រៃដែលទម្លាក់អាវុធចុះ ក្នុងពេលដែលចចកដ៏កំណាចឃោរឃៅកំពុងតែសង្ខើញដាក់ខ្លួនអ៊ីចឹង”។
ក្រោយពីការតវ៉ាដ៏តូចកាលពីម្សិលមិញក្នុងក្រុងភ្នំពេញ លោក យ៉ង់ ស៊ុងមូ ប្រធានសមាគមកូរ៉េនៃកម្ពុជាបានធ្វើសន្និសីទកាសែតនៅក្នុងហាងកាហ្វេមួយនៅជាន់ផ្ទាល់ដីនៃការិយាល័យនេះ។
លោក យ៉ង់ ស៊ុងមូ បាននិយាយថា “វាមិនមែនរឿងនយោបាយទេ។ យើងត្រូវបញ្ឈប់ការវាយប្រហារដោយនុយក្លេអ៊ែរនៅក្នុងឧបទ្វីបកូរ៉េ ដើម្បីកូនចៅរបស់យើង ដើម្បីប្រទេសរបស់យើង”។
លោក អាន គិលយុស ជាអ្នកបកប្រែ និងជាសមាជិកសមាគម បាននិយាយថា ទីតាំងនិងទំហំនៃការតវ៉ា គឺមានបំណងបញ្ជៀសការរករឿងពីអាជ្ញាធម៌មូលដ្ឋាន។
អ្នកបកប្រែរូបនេះបាននិយាយថា “យើងខ្លាចក្រែងថា រដ្ឋាភិបាលកម្ពុជានឹងគិតថា ការជួបជុំគ្នាថ្ងៃនេះពាក់ព័ន្ធនឹងនយោបាយ ដូច្នេះយើងព្យាយាមធ្វើពិធីថ្ងៃនេះឲ្យតូច។ ប៉ុន្តែអង្គការជាច្រើននៅក្រៅប្រទេសក៏តាមដានការតវ៉ារបស់យើងដែរ វាមិនមែនការតវ៉ាទេ វាជាការប្រកាសប៉ុណ្ណោះ”។
លោកបាននិយាយបន្ថែមថា “កម្ពុជានៅជិតប្រទេសកូរ៉េខាងជើង និងកូរ៉េខាងត្បូង។ ខ្ញុំសង្ឃឹមថា [រដ្ឋមន្ត្រីក្រសួងការបរទេស] លោក ហោ ណាំហុង ឬមន្ត្រីជាន់ខ្ពស់នឹងមានបំណងជួយរកដំណោះស្រាយដោយសន្តិវិធី។ ខ្ញុំសង្ឃឹមអ៊ីចឹង”។
ក្នុងរយៈពេលប៉ុន្មានម៉ោងនៃការតវ៉ា ក្រសួងការបរទេសបានចេញសេចក្តីថ្លែងការណ៍មួយថ្កោលទោសការសាកល្បងនុយក្លេអ៊ែរចុងក្រោយបង្អស់នេះដោយប្រទេសកូរ៉េខាងជើង ដែលមានឈ្មោះជាផ្លូវការថា សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ។
សេចក្តីថ្លែងការណ៍បានអំពាវនាវឲ្យកូរ៉េខាងជើងអនុវត្តតាមការប្តេជ្ញាជាអន្តរជាតិក្នុងការលុបបំបាត់នុយក្លេអ៊ែរថា “ការកើនឡើងនៃសកម្មភាពរបស់សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិភាព សន្តិសុខ និងស្ថេរភាពនៅក្នុងតំបន់”៕រើន