38.8 C
Phnom Penh

ភាពស៊ាំ​ថ្មី​​​បំផុត​​​ទៅ​​​នឹង​ថ្នាំព្យាបាល​ជំងឺគ្រុន​​​ចាញ់​​​​ ធ្វើឱ្យ​មានក្តី​​​បារម្ភជា​​​ថ្មី​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ការ​សិក្សា​ថ្មី​​ដោយ​​វិទ្យាស្ថាន​ជាតិ​សុខាភិ បាល​​​(NIH)​សហរដ្ឋអាមេរិក​​​បាន​បញ្ជាក់​ថា មាន​ភាព​ស៊ាំ​​​កើន​ឡើង​​ចំពោះ​​​ថ្នាំ​មួយប្រភេទ ​ក្នុង​ចំណោម​ថ្នាំ​សំខាន់ៗ​ដែល​ត្រូវ​បាន​ប្រើ​ដើម្បី​ប្រយុទ្ធ​នឹង​​ជំងឺ​គ្រុន​ចាញ់​ក្នុង​ប្រទេស​កម្ពុជា ជា​ស្ថានភាពមួយ​​ទំនងកាន់​តែ​ធ្ងន់ធ្ងរ​ទៅ​​ ហើយ​​ដែល​អាច​ឈាន​ទៅរក​ករណី​កើត​ជំងឺ​គ្រុន​ចាញ់​កើន​ឡើង​​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ​។

​បុគ្គលិក​សុខាភិបាល​បាន​រក​ឃើញ​ភាព​ស៊ាំ​របស់​ប៉ារ៉ាស៊ីត​​ដែល​កើត​ឡើង​ដោយ​សារ​សត្វ​មូសដំបូង​​ ចំពោះ​ថ្នាំ​ Artemisinin ក្នុងការ​ព្យាបាលផ្សំចូលគ្នា​ដោយ​ផ្អែក​លើ​ថ្នាំ ​​​​Artemisininដែល​ត្រូវ​បាន​ប្រើ​ជា​ថ្នាំ​ការ​ពារ​ដ៏​សំខាន់​​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ចាញ់​​ក្នុង​​ឆ្នាំ​២០០៧ ​នៅ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា​-ថៃ ជា​សញ្ញា​ដំបូង​នៃ​ការ​បរាជ័យ​​របស់ខ្លួន​គ្រប់ទី​កន្លែង​ក្នុង​ពិភព​​លោក។

ការ​សិក្សា​ថ្មី​​ដោយ​​វិទ្យាស្ថាន​​​ជំងឺ​ឆ្លង​ និង​អាឡែហ្ស៊ី​​របស់​វិទ្យាស្ថាន​ជាតិ​សុខាភិបាល​​បាន​ចេញ​ផ្សាយ​កាលពី​សប្ដាហ៍​មុន ដោយ​​ The Lancet អះអាង​ថា ភាព​ស៊ាំ​​​​​ចំពោះ​ថ្នាំ​ដ៏​សំខាន់​មួយ​ទៀត​​​ដែល​ត្រូវ​បាន​ប្រើ​នៅ​ក្នុង​ការ​ព្យាបាល​ផ្សំចូលគ្នា​គឺ​ថ្នាំ Piperaquine។

វិទ្យាស្ថានជាតិ​សុខាភិបាលនេះ​​​​​បាន​លើក​​​ឡើង​នៅក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​​ស្ដីអំពី​ការ​សិក្សា​នេះ​ថា ​”​ភាព​ស៊ាំចំពោះថ្នាំ​ Artemisinin​​​ ​នៅ​ក្នុង​ផ្នែក​មួយ​ចំនួន​នៃ​តំបន់​អាស៊ី​អាគ្នេយ៍​​ក៏​ត្រូវ​បាន​កត់​ត្រា​យ៉ាង​ល្អ​ផង​ដែរ​ ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ​ ការ​សិក្សា​តែ​​​ពីរ​បី​លើក​ប៉ុណ្ណោះ​ ​បាន​បង្ហាញ​ភ័ស្តុតាង​ច្បាស់លាស់ពី​ភាព​ស៊ាំ​នៃការ​ប្រើថ្នាំ​​ Piperaquine”។ ​

ក្រុម​អ្នក​ស្រាវជ្រាវ​​​បាន​សិក្សា​​អំពី​វត្ត​​​មាន​នៃមេរោគ​​​ជំងឺ​គ្រុន​ចាញ់​​ដែល​បណ្ដាល​ឲ្យ​ស្លាប់​ គឺបា៉ារ៉ាស៊ីត​គ្រុនចាញ់​ Falciparum ​ទៅ​លើ​​អ្នក​​ជំងឺ​​ដែលឆ្លងជំងឺនេះ​ចំនួន​២០៤​នាក់ ដែល​មាន​អាយុ​ចាប់​ពី​២​ឆ្នាំ​ដល់​៦៥​ឆ្នាំ ​បន្ទាប់ពី​ពួកគេ​បាន​ទទួល​ការ​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​ Dihydroartemisinin និង Piperaquine ក្នុង​​ខេត្ត​រតនគិរី ព្រះវិហារ និង​ខេត្ត​ពោធិ៍សាត​​​់​​​ក្នុង​រយៈ​ពេល​​៦៣​ថ្ងៃ។

​នៅ​ក្នុង​ខេត្តពីរ​ចុង​​ក្រោយ​​ដែល​ការ​​​ផ្សំចូលគ្នា​នូវ​ថ្នាំ​ទាំងពីរមុខ​នេះ​​ប្រើ​ប្រាស់​មិនសូវ​បាន​ល្អនោះ​ វិទ្យាស្ថាន​​ជាតិ​សុខាភិ​​​បាល​​​​បាន​លើក​ឡើង​ថា ការ​ធ្វើ​តេស្ត​របស់​មន្ទីរ​​​​ពិសោធន៍​បាន​បង្ហាញ​ថា “ភាព​ស៊ាំ​នៃ​ថ្នាំ​​ Artemisinin និង Piperaquine ជាចំណែក​នៃការ​បរាជ័យ​ចំពោះ​ការ​ព្យាបាល​​”។

លោក Didier Menard ដែល​ជា​ប្រធាន​ផ្នែក​ជំងឺ​គ្រុន​ចាញ់​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​ក្នុង​រាជ​ធានី​​ភ្នំពេញ ​បាន​មាន​ប្រសាសន៍​ថា ​​ក្នុង​ការ​ព្យាបាល​ដោយ​ការ​ផ្សំចូលគ្នា​​​ដូច​​អ្វី​ដែល​បាន​សិក្សា​​ គឺ​ថ្នាំ​ Artemisinin បាន​​​ ផ្ដល់​​នូវ​ការ​បរាជ័ត​​បឋម​​ប្រឆាំង​នឹង​ជំងឺ​គ្រុន​ចាញ់ ដោយ​អាច​កម្ចាត់​​បាន​ប៉ារា៉ស៊ីតភាគច្រើន​ ចំណែក​​​​ថ្នាំ​​មួយ​ប្រភេទទៀតជាដៃគូ​​​កម្ចាត់​បាន​អ្វី​ដែល​នៅ​សេសសល់​។ ការ​បាត់​បង់​ប្រសិទ្ធ​​​ភាព​ថ្នាំ​ទាំង​ពីរ​មុខ​​នៅ​ក្នុង​ប្រទេស​កម្ពុជា​ភាគ​ខាង​លិចនេះ​​​ គឺ​ជា​ដំណើរ​ថយ​​ក្រោយ​ដ៏ធ្ងន់ធ្ងរ​​ចំពោះ​ការ​ប្រយុទ្ធ​នឹង​​ជំងឺ​នេះ​​​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

​​​​​​លោក Menard ​បាន​ថ្លែង​ថា បុគ្គលិក​សុខាភិ​​​បាល​​បាន​កត់​សម្គាល់​ឃើញពីភាព​ស៊ាំ​​លើក​ដំបូង​ចំពោះការ​ប្រើ​ប្រាស់​ថ្នាំ​ផ្សំចូលគ្នា​នេះ​ក្នុង​ឆ្នាំ​២០១១​ក្នុង​ខេត្ត​ប៉ៃលិន ​​​ចំពោះ​ ថ្នាំ Artemisinin​។ លោក​បាន​ថ្លែង​ថា “​ឥឡូវ​នេះ​យើង​ឃើញ​​ ភាព​ស៊ាំ​ចំពោះ​ថ្នាំ​ជាដៃគូនេះ គឺ​ថ្នាំ Piperaquine។ វា​ជា​ព័ត៌មាន​មិនល្អ​ ពីព្រោះ​…​​​យើង​មិន​មាន​ការ​ព្យាបាល​ថ្មី​ដែល​ល្អ​​ឡើយ”។

លោក Menard បាន​ចង្អុល​បង្ហាញ​ថា ​ការ​ប្រើ​ប្រាស់​ថ្នាំផ្សំចូលគ្នា​នេះ​​​មិន​ទាន់​ជា​ការ​បរាជ័យ​​ចំពោះ​ការ​ព្យាបាល​អ្នក​ជំងឺ​​ដែល​​​កើត​​​ជំងឺ​គ្រុន​ចាញ់​នៅ​ឡើយ​ទេ។ ប៉ុន្តែ​វា​ត្រូវ​ការ​ពេល​វេលា​ច្រើន​ទៀត​​ ដែលក្នុង​នោះ​​បង្ហាញ​ ថា វាកាន់តែចុះ​ខ្សោយទៅ​ៗ​។ លោក​បាន​ថ្លែង​ថា និន្នាការ​នេះ​ទំនង​ជា​​កាន់​តែ​ធ្ងន់​​​ធ្ងរ​​​ទៅ​។ ​បើ​ទោះ​​ជាមាន​ភាព​ស៊ាំ​កើន​ឡើង​ចំពោះ ​ការ​ប្រើ​ប្រាស់​ថ្នាំ​ Piperaquine ដែល​ទំនង​ជា​មិន​បង្ក​ឲ្យ​មាន​ករណី​ស្លាប់​កើន​ឡើង​ក៏ដោយ ក៏​ចំនួន​​សរុប​នៃ​ករណី​កើត​ជំងឺ​គ្រុន​ចាញ់​​”ទំនង​ជា​កើន​ឡើង​ដែរ​”។

តួលេខ​សរុប​នៃ​ករណី​កើត​ជំងឺ​គ្រុន​ចាញ់​ក្នុង​ឆ្នាំ​២០១៥​មិន​ទាន់​មាន​នៅ​ឡើយ​ទេ។ ប៉ុន្តែ​បើ​តាម​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ចាញ់​របស់​រដ្ឋាភិបាល ប្រទេស​កម្ពុជា​មាន​ករណី​​កើត​ជំងឺ​គ្រុន​ចាញ់​​៤១.០០០​ករណី​ក្នុង​រយៈ​ពេល​​៩​ខែ​ដំបូង​នៃ​ឆ្នាំ​មុន គឺ​កើន​ឡើង​​២៥.០០០ករណី​​បើ​ប្រៀប​ធៀប​ទៅ​នឹង​រយៈ​ពេល​ដូច​គ្នា​នេះ​កាលពី​ឆ្នាំ​មុន​។

ទោះ​ជា​យ៉ាង​ណា ការ​សិក្សា​ថ្មី​បំផុតនេះ​​​មិន​មែន​​ជា​ព័ត៌មាន​អាក្រក់​ទាំងអស់​ទេ។ ក្រុម​​អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា បា៉ារ៉ា​​​ស៊ីត​​​​​ ដូច​គ្នា​ដែល​ស៊ាំ​នឹង​ថ្នាំ​ Piperaquine បង្ហាញ​ថា វា​ងាយ​នឹង​កើនឡើង​ចំពោះ​ថ្នាំ​ជាដៃគូ​មួយ​ប្រភេទ​ទៀត​គឺ​ Mefloquine។ ពួកគេ​បាន​និយាយ​ថា ការ​ផ្សំចូលគ្នា​នៃថ្នាំ Artemisinin និង Mefloquine ប្រហែល​ជា​ការ​បញ្ចូល​គ្នា​​ដ៏​ប្រសើរ​នៅ​ក្នុង​តំបន់​នានា​នៃ​ប្រទេស​កម្ពុជា ទី​​​ដែល​ការ​ប្រើ​ប្រាស់​​ថ្នាំ Artemisinin និង Piperaquine មិន​បាន​ផល​​​​នោះ​​​។

លោក Menard ​បាន​លើក​ឡើង​ថា រដ្ឋាភិ​​​បាល​​​បាន​​​ធ្វើការ​សន្និដ្ឋាន​ដូចគ្នានេះ​ក្នុង​ឆ្នាំ​២០១៤ ហើយ​បានធ្វើការ​ផ្សំចូល​​​គ្នាជា​​​មួយ​​​ថ្នាំ​ Mefloquine ក្នុង​ការ​ព្យាបាល​ដំបូង​ក្នុង​ខេត្ត​បាត់ដំបង ឧត្ដរមានជ័យ ​ប៉ៃលិន និង​ខេត្ត​ពោធិ៍សាត់។

លោក​បាន​បន្ថែម​ថា “​ប៉ុន្តែ​វា​មាន​តែ​នៅ​​លើ​​​​ក្រដាស​ប៉ុណ្ណោះ” ដោយ​លោក​កត់​សម្គាល់ ​ ថា ​កង្វះការ​ចាប់​អារម្មណ៍​ដំបូងពីសំណាក់​ក្រុម​ហ៊ុន​ផ្គត់​ផ្គង់​ឥណ្ឌា​ក្នុង​ការ​បំពេញ​តាម​​ការ​បញ្ជា​ទិញក្នុង​ចំនួន​តិចតួច​ដូច​ជា​ប្រទេស​កម្ពុជា​​​​ បាន​​ពន្យារ​ដល់​​ការ​ផ្ដល់​ថ្នាំ​ទាំង​នេះ​។

លោក Menard ​បាន​ថ្លែង​ថា លោក​មិន​ច្បាស់​ថា​តើ​ថ្នាំ​​ Mefloquine បាន​មក​ដល់​ហើយ​ឬ​នៅ​ទេ​។ មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ចាញ់​មិន​អាច​ទាក់​ទង​សុំ​ការ​អត្ថា​​​ធិប្បាយ​បាន​ទេ​។

ប៉ុន្តែសូម្បីមាន​​ថ្នាំ​ Mefloquine ​នឹងជា​ដំណោះ​ស្រាយ​បណ្ដោះ​អាសន្ន​​តែប៉ុណ្ណោះ​សម្រាប់​ប្រទេស​កម្ពុជា។​ ជំងឺ​គ្រុន​ចាញ់​​​មាន​ភាព​​ស៊ាំ​ចំពោះ​​ថ្នាំនេះ​​ក្នុង​ផ្នែក​មួយ​ចំនួន​​​​នៃ​ប្រទេស​កម្ពុជា​​ពីមុន​មក​៕ សារុន​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស