មន្ត្រីសហជីពប្រាំនាក់ត្រូវបានចាប់ខ្លួននៅខេត្តកំពង់ស្ពឺ កាលពីម្សិលមិញ ហើយត្រូវបានចោទប្រកាន់បណ្ដោះអាសន្នចំនួនបីករណី បន្ទាប់ពីពួកគេបានធ្វើដំណើរទៅក្រុងច្បារមនដើម្បីគាំទ្រកម្មករដែលកំពុងធ្វើកូដកម្មទាមទារលក្ខខណ្ឌការងារនៅរោងចក្រកាត់ដេរមួយរបស់ចិនហុងកុង នេះបើយោងតាមការលើកឡើងរបស់មន្ត្រីមូលដ្ឋាន និងប្រធានសហជីពមួយរូប។
លោក សំ សាក់ ស្នងការរងខេត្តកំពង់ស្ពឺបានឲ្យដឹងថា មន្ត្រីសហជីពទាំងនេះដែលមកពីសហព័ន្ធសហជីពចលនាកម្មករ បានផ្ទុះអំពើហិង្សាជាមួយក្រុមតំណាងសហជីពដែលគាំទ្ររោងចក្រនៅខាងក្រៅរោងចក្រ Agile Sweater វេលាម៉ោងជាង៧ព្រឹកកាលពីម្សិលមិញ បន្ទាប់ពីពួកគេបានជំរុញកម្មករប្រមាណ១០០នាក់កុំឲ្យអើពើនឹងដីកាតុលាការបង្គាប់ឲ្យពួកគេបញ្ឈប់កូដកម្ម ដែលបានចាប់ផ្ដើមតាំងពីថ្ងៃទី២៥ ខែធ្នូមក។
លោកបានមានប្រសាសន៍ទៀតថា ”យើងចាប់បានពួកគេពេលកំពុងប្រព្រឹត្តអំពើហិង្សា បំផ្លាញទ្រព្យសម្បត្តិឯកជន ញុះញង់ក្រុមនេះឲ្យប្រព្រឹត្តបទល្មើស ហើយពួកគេបានហែកដីកាតុលាការនោះចេញពីជញ្ជាំងដែលបង្ហាញថា ពួកគេមិនគោរពតុលាការ។ កម្មករគ្រាន់តែការពាររោងចក្រប៉ុណ្ណោះ ប៉ុន្តែជនទាំងនេះបានមកបង្កអនាធិបតេយ្យ”។
លោកបានបញ្ចេញឈ្មោះបុរសដែលត្រូវចាប់ខ្លួនទាំងនោះដូចជា ខាត់ ឡូត អនុប្រធានសហព័ន្ធសហជីពចលនាកម្មករ និងមន្ត្រីបួនរូបទៀតមកពីការិយាល័យកណ្ដាលរបស់សហជីពនេះនៅក្នុងរាជធានីភ្នំពេញដូចជា ចំា សំណាង ព្រំ ប៊ុនធឿន ម៉ៅ ម៉ូយ និង អាន ថុនា។ លោកបានបញ្ជាក់ថា ពួកគេត្រូវបានបញ្ជូនខ្លួនទៅសាលាដំបូងខេត្តកំពង់ស្ពឺហើយ និងត្រូវចោទប្រកាន់ជាបណ្ដោះអាសន្នពីបទបង្កហិង្សាដោយចេតនា ញុះញង់ឲ្យអ្នកដទៃប្រព្រឹត្តបទល្មើស និងមិនគោរពដីកាបង្គាប់របស់តុលាការ មុនពេលត្រូវបញ្ជូនខ្លួនទៅពន្ធនាគាររង់ចាំសវនាការជំនុំជម្រះ។
លោក កែវ សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តនេះបានបញ្ជាក់ថា លោកពិតជាបានចោទប្រកាន់បុរសទាំងនេះមែន ប៉ុន្តែបានបដិសេធមិនឆ្លើយសំណួរបន្ថែមទៀតឡើយជុំវិញសំណុំរឿងនេះ។ ចំណែកឯមន្ត្រីតុលាការផ្សេងៗទៀតមិនអាចទាក់ទងសុំការបំភ្លឺបានទេ។
ខណៈពេលកម្មករដែលធ្វើកូដកម្មទាំងនោះកំពុងទាមទារឲ្យដកប្រធានរដ្ឋបាលរោងចក្រចេញ ឲ្យមានកិច្ចសន្យាជាក់លាក់ ការដំឡើងប្រាក់ឧបត្ថម្ភសម្រាប់ធ្វើដំណើរចំនួន១០ដុល្លារ ប្រាក់សម្រាប់អាហារថ្ងៃត្រង់ចំនួន០,៥០ដុល្លារ និងប្រាក់បន្ថែមសម្រាប់ថ្ងៃបុណ្យឈប់សម្រាក និងការបន្ថែមម៉ោង។
លោក ប៉ាវ ស៊ីណា ប្រធានសហព័ន្ធសហជីពចលនាកម្មករ បានធ្វើសន្និសីទកាសែតមួយនៅក្នុងរាជធានីភ្នំពេញ ដើម្បីថ្កោលទោសការចាប់ខ្លួននេះ និងលោក សុខ រា៉វុធ ប្រធានសហជីព Trade Union Workers Federation Progress Democracy ដែលគាំទ្ររោងចក្រនៅរោងចក្រ Agile Sweater និងជាទីប្រឹក្សានៃគណៈគ្រប់គ្រងរបស់រោងចក្រនេះ។
ពេលទាក់ទងតាមក្រោយតាមទូរស័ព្ទលោក ប៉ាវ ស៊ីណា បានលើកឡើងថា នៅពេលមន្ត្រីសហជីពរបស់លោកកំពុងធ្វើការតវ៉ាដោយសន្តិវិធីជាមួយកម្មករប្រហែល៨០០នាក់នៅរោងចក្រនេះ ក៏ស្រាប់តែមានមនុស្សហិង្សាមួយក្រុមមកវាយដំពួកគេតែម្ដង បណ្ដាលឲ្យកម្មករប្រាំនាក់រងរបួសក្បាលក្នុងហេតុការណ៍នោះ។
លោកមានប្រសាសន៍ទៀតថា “មន្ត្រីរបស់យើងកំពុងប្រមូលផ្ដុំគ្នាជាមួយកម្មករ ហើយពួកគេបានស្រែកដាក់យើងដោយនិយាយថា យើងរារាំងពួកគេមិនឲ្យត្រឡប់ទៅធ្វើការវិញ ហើយពេលនោះពួកគេក៏បានទាត់ធាក់ និងដាល់មន្ត្រីរបស់ខ្ញុំ។ យើងដឹងថា លោក សុខ រា៉វុធ ជាអ្នកដឹកនាំក្រុមនេះមកវ៉ៃពួកយើង ដូច្នេះហេតុអីបានជានគរបាលមកចោទប្រកាន់យើងថាជាអ្នកប្រើអំពើហិង្សា”?។
លោក ប៉ាវ ស៊ីណា បានបន្តថា លោកនឹងអំពាវនាវឲ្យសមាជិករបស់សហព័ន្ធសហជីពចលនាកម្មករធ្វើកូដកម្មទូទាំងប្រទេស ប្រសិនបើមន្ត្រីរបស់លោកមិនត្រូវបានដោះលែងនៅសប្ដាហ៍នេះ។
លោក សុខ រ៉ាវុធ ដែលអះអាងថាតំណាងឲ្យ៩០ភាគរយនៃកម្មករ៩០០នាក់នៅរោងចក្រនេះបដិសេធថា លោកមិនជាប់ពាក់ព័ន្ធនឹងអំពើហិង្សានេះទេ។ ”យើងគ្រាន់តែអំពាវនាវឲ្យកម្មករត្រឡប់ទៅធ្វើការវិញប៉ុណ្ណោះ។យើងមិនបានឲ្យកម្មករប្រើអំពើហិង្សាទេ។ យើងទាំងអស់គ្នាសុទ្ធតែជាមិត្តភក្តិ”។
សូមរំឭកថា រោងចក្រ Agile Sweater ត្រូវបានព័ត៌មានចុះផ្សាយកាលពីខែតុលា នៅពេលកម្មករពីរនាក់របស់ខ្លួនត្រូវចាប់ខ្លួន និងចោទប្រកាន់ទាក់ទិនការព្យាយាមរបស់ពួកគេដើម្បីបង្កើតសហជីពឯករាជ្យមួយនៅក្នុងរោងចក្រនេះ។ នៅពេលនោះ លោក សុខ រ៉ាវុធ បានអះអាងថា កម្មករទាំងនោះបានពាក់ម៉ាស់ នៅពេលវាយមន្ត្រីសហជីពពីររូបរបស់លោក និងបង្ខំឲ្យកម្មករផ្សេងចុះចូលជាមួយពួកគេ។
កម្មកររាប់រយនាក់បានធ្វើកូដកម្មប្រឆាំងការចាប់ខ្លួននោះ ហើយមន្ត្រីសហជីពទាំងពីររូបត្រូវបានដោះលែងពីពន្ធនាគារវិញនៅប្រហែល៣សប្ដាហ៍ក្រោយមក បន្ទាប់ពីរោងចក្រ និងលោក សុខ រ៉ាវុធ ដកពាក្យបណ្ដឹងរបស់ខ្លួនប្រឆាំងពួកគេជាថ្នូរនឹងការព្រមព្រៀងរបស់កម្មករត្រឡប់ទៅធ្វើការវិញ៕ សុខុម