បុរសអាយុ៧៩ឆ្នាំម្នាក់ដែលជាប់ចោទពីបទបៀតបៀនជាច្រើនដងលើក្មេងជិតខាងអាយុ១៤ឆ្នាំដែលមិនគ្រប់សតិ ត្រូវបាននគរបាលដោះលែងពីប៉ុស្តិ៍នៅខេត្តតាកែវកាលពីម្សិលមិញ ដោយមន្ត្រីម្នាក់ចាត់ទុកការបៀតបៀនដែលគេចោទនេះថាជា”ករណីតូចតាច”។
លោក សួន ផុន ស្នងការរងនគរបាលខេត្តតាកែវនិយាយថា ភោគ គង់ ជាកសិករលែងធ្វើស្រែចម្ការហើយ ត្រូវបានចាប់ខ្លួនកាលពីល្ងាចថ្ងៃសុក្រ ត្រឹមតែប៉ុន្មានម៉ោងក្រោយពីចាប់រំលោភក្មេងស្រីនោះ ប៉ុន្តែ តុលាការខេត្តតាកែវបានសម្រេចដោះលែងគាត់កាលពីម្សិលមិញ បន្ទាប់ពីចោទគាត់ពីបទប្រព្រឹត្តអំពើ អាសគ្រាមលើអនីតិជន។ ”តុលាការដោះលែងជនសង្ស័យ ព្រោះវាជាករណីតូចតាចណាស់”។ ជនសង្ស័យស្ថិតនៅក្រោមការស៊ើបអង្កេតរបស់តុលាការនៅឡើយ។
យោងតាម លោក សុខ សុជា អធិការរងស្រុកបានឲ្យដឹងថា លោក គង់ រងការចោទប្រកាន់ថា បានបៀតបៀនក្មេងស្រីនោះជាច្រើនលើក ហើយលើកចុងក្រោយនេះ គឺនៅព្រឹកថ្ងៃសុក្រ ពេលនាងកំពុងលេងជិតផ្ទះរបស់គាត់ក្នុងឃុំអូរសារ៉ាយ ស្រុកត្រាំកក់។
លោកនិយាយថា ក្មេងស្រីនោះរស់នៅជាមួយម្តាយចុងរបស់នាង ហើយជារឿយៗតែងតែលេងនៅក្បែរផ្ទះរបស់លោក គង់។ ក្រោយពីការចាប់ខ្លួនជននេះកាលពីថ្ងៃសុក្រ នាងប្រាប់ប៉ូលិសថា នាងកំពុងលេងនៅខាងក្រៅផ្ទះរបស់គាត់នៅម៉ោងប្រហែល១១ថ្ងៃ នៅពេលនោះគាត់បានត្រឡប់ពីវត្តមកផ្ទះវិញ ហើយបានល្បួងនាងឲ្យចូលខាងក្នុងផ្ទះ ដោយឲ្យនំនាងហូបនិងលុយបន្តិចបន្តួច។
លោកបន្តថា “ក្មេងមានសតិមិនគ្រប់នេះមិនបានតាមគាត់ឡើងលើផ្ទះទេ។ ពេលនោះជនសង្ស័យដឹកដៃនាងនិងនាំនាងឡើងលើផ្ទះ” មុនពេលបៀតបៀននាង។ទោះជាយ៉ាងនេះក្តី នាងមិនបានប្រាប់គ្រួសាររបស់នាងអំពីហេតុការណ៍នេះឡើយ តែនាងបានប្រាប់ក្មេងផ្សេងទៀតក្នុងភូមិ។
លោកបាននិយាយថា ”ម្តាយចុងបានឮពីក្មេងៗផ្សេងទៀតថា បុរសចំណាស់ម្នាក់បានបៀតបៀនកូនស្រីរបស់គាត់។ គាត់បានសួរកូនស្រី…ពេលនោះនាងបានបញ្ជាក់ថា លោក គង់ បានចាប់រំលោភនាង។ យើងបានចាប់ជនសង្ស័យរូបនេះ បន្ទាប់ពីម្តាយចុងបានប្តឹងទៅប៉ូលិសអំពីការរំលោភនេះ”។ ក្រោយមកជនរងគ្រោះបានប្រាប់អ្នកស៊ើបអង្កេតថា នាងក៏ត្រូវបានបៀតបៀនផ្លូវភេទជាច្រើនដងក្នុងពេលកន្លងមកដែរ ប៉ុន្តែនាងមិនអាចប្រាប់ពេលវេលាជាក់លាក់បានទេ។ លោក គង់ បានបដិសេធការចោទប្រកាន់យ៉ាងដាច់ខាត និងបានប្រាប់ប៉ូលិសថា គាត់បានប្រទះឃើញក្មេងនេះនៅក្នុងផ្ទះរបស់គាត់កំពុងរកទឹកផឹកកាលពីថ្ងៃសុក្រ ហើយបានឲ្យនាងចេញវិញគ្មានបានប៉ះពាល់អ្វីឡើយ៕ និត