អតីតបុគ្គលិកក្រុមហ៊ុនទេសចរណ៍កាពីតូលដែលធ្វើការតវ៉ា បានប៉ះទង្គិចជាមួយអ្នករត់រ៉ឺម៉កកង់បីនៅខាងក្រៅការិយាល័យកណ្តាលរបស់ក្រុមហ៊ុនស្ថិតក្នុងខណ្ឌ៧មករា រាជធានីភ្នំពេញកាលពីម្សិលមិញខណៈក្រុមអ្នកតវ៉ាបានព្យាយាមរារាំងអ្នកដំណើរមិនឱ្យប្រើប្រាស់សេវាជុំវិញអ្វីដែលពួកគេលើកឡើងថា ជាការបណ្តេញពួកគេចេញដោយខុសច្បាប់។
អ្នកបើកបររថយន្តឱ្យក្រុមហ៊ុនទេសចរណ៍កាពីតូលប្រាំនាក់ត្រូវបានបណ្តេញចេញកាលពីខែកក្កដា បណ្តាលឱ្យបុគ្គលិករួមការងាររបស់ខ្លួនជាច្រើននាក់បន្តធ្វើកូដកម្ម ជាការខិតខំប្រឹងប្រែងដើម្បីទាមទារឲ្យទទួលយកពួកគេចូលធ្វើការវិញ។ កាលពីខែវិច្ឆិកា អ្នកបើកបររថយន្តជាង៣៥នាក់ត្រូវបានបណ្តេញចេញពេលមានការព្យាយាមបង្កើតសហជីព។កាលពីខែមុន ក្រុមប្រឹក្សាអាជ្ញាកណ្តាលបានសម្រេចថា អ្នកបើកបររថយន្តបីនាក់ក្នុងចំណោម៤០នាក់សមនឹងទទួលបានការងាររបស់ខ្លួនវិញ។
លោក អ៊ាន គឹមហ៊ុន អគ្គលេខាធិការនៃសហព័ន្ធសហជីពកម្មករវិស័យដឹកជញ្ជូនកម្ពុជាបានមានប្រសាសន៍កាលពីម្សិលមិញថា អ្នករត់រ៉ឺម៉កកង់បីប្រហែល៥០នាក់ដែលមានទំនាក់ទំនងជាមួយសមាគមអ្នករត់រ៉ឺម៉កកង់បី បានព្យាយាមរារាំងក្រុមអ្នកតវ៉ាខណៈពួកគាត់មកដល់ការិយាល័យកណ្តាលក្រុមហ៊ុនទេសចរណ៍កាពីតូលកាលពីព្រឹកម្សិលមិញដើម្បីនិយាយជាមួយអ្នកដំណើរ។
លោកបានមានប្រសាសន៍ថា “នៅពេលព្រឹក យើងបានធ្វើការតវ៉ាដូចធម្មតា ហើយនៅម៉ោងប្រហែល៨ព្រឹក យើងបានដើរឆ្លងផ្លូវទៅចំណតរថយន្តដើម្បីប្រាប់អំពីរឿងរ៉ាវរបស់យើង ប៉ុន្តែអ្នករត់រ៉ឺម៉កកង់បីប្រហែល៥០នាក់បានមករារាំងយើងកណ្តាលផ្លូវតែម្តង”។
លោកនិយាយថា “នៅពេលយើងព្យាយាមចូលទៅក្នុង [អគារ] ក្រុមហ៊ុន ក្រុមអ្នករត់រ៉ឺម៉កកង់បីបានរុញច្រាន ហើយអ្នកខ្លះបានវាយយើងចំផ្ទៃមុខ និងដងខ្លួនមុនពេលនគរបាលខណ្ឌមកបំបែក”។
ការប៉ះទង្គិចស្រដៀងគ្នានេះរវាងអ្នកបើកបររថយន្តក្រុមហ៊ុនកាពីតូល និងក្រុមអ្នករត់រ៉ឺម៉កកង់បីនេះបានកើតឡើងនៅខាងក្រៅការិយាល័យកណ្តាលក្រុមហ៊ុនកាលពីខែកក្កដា ខណៈការតវ៉ាដំបូងពាក់ព័ន្ធការបញ្ឈប់ពីការងារ។
លោក គឹមហ៊ុន បានចោទសមាគមអ្នករត់រ៉ឺម៉កកង់បីថាបានទទួលលុយពីក្រុមហ៊ុនដើម្បីការពារកន្លែងនេះ។ ”ពួកគេត្រូវក្រុមហ៊ុនជួលឱ្យមករារាំងពួកយើង។ យើងតែងឃើញពួកគេនៅជាមួយគ្នា”។
ទោះយ៉ាងណា អ្នករត់រ៉ឺម៉កកង់បីម្នាក់ដែលបានចូលរួមក្នុងការប៉ះទង្គិចគ្នានោះ ហើយបានប្រាប់តែឈ្មោះ ថា សុភក្ត្រ បានបដិសេធការចោទប្រកាន់នេះ។ គាត់បាននិយាយថា ពួកគាត់មានកំហឹង ពីព្រោះក្រុមអ្នកតវ៉ាធ្វើឲ្យប៉ះពាល់ដល់ការរកស៊ីរបស់ពួកគាត់។
គាត់បាននិយាយថា “ខ្ញុំមិនបានទទួលលុយពីក្រុមហ៊ុនកាពីតូលឱ្យមករារាំងពួកគេទេ។ ខ្ញុំប្រឹងរកលុយរាល់ថ្ងៃពីអ្នកដំណើរនៅពេលពួកគាត់ចុះពីរថយន្តក្រុងនៅទីនេះ”៕សារុន