26 C
Phnom Penh

​​​​ម្ចាស់​បារ​ជន​​​បរទេស​​​​ និង​ភ្ញៀវ​ត្រូវ​នគ​រ​បាល​ចាប់​ខ្លួន​ ពេល​កំពុង​​ជួញដូរ​​​​កញ្ឆា​​​​​ក្នុង​បារ​​មួយ​នៅ​​កំពត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​​​នគរបាល​​​ម្នាក់​​​បាន​​​និយាយ​​​ថា ម្ចាស់​បារ​​​ម្នាក់​​​ជា​​​ជនជាតិ​​​អាមេរិក​​​និង​​​អ្នក​​​បម្រើ​​​ជាតិ​​​ស៊ុយអ៊ែត​​​របស់​​​លោក​​​នឹង​​​ប្រឈម​​​មុខ​​​នៅ​​​តុលាការ​​​ខេត្ត​​​កំពត​​​នៅ​​​ថ្ងៃ​​​នេះ ក្រោយពី​​​នគរ​​បាល​​​បាន​​​ចូល​​​ឆែកឆេរ​​​ហាង​​​នោះ និង​​​បាន​​​រក​​​​​ឃើញ​​​កញ្ឆា​​​​ជិត​​​កន្លះ​​​គីឡូក្រាម ដែល​​​គេ​​​ជឿ​​​ថា ត្រូវ​​​គេ​​​លក់​​​នៅ​​​តាម​​​បញ្ជរ​​​ហាង។

លោក ម៉ៅ ច័ន្ទមធុ​រិ​ទ្ធ ស្នងការ​​​ខេត្ត​​​នេះ ​​​​​មាន​​​ប្រសាសន៍​​​ថា យ៉ាណេល ឌីមីយ៉ាណូវ ​(Yanale Demyanov) អាយុ​​​៣៦​​​ឆ្នាំ និង ​ប្លាគេជ ​ប៊ូចា (Blakej Bujar) អាយុ​​​២៦​​​ឆ្នាំ ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ជាមួយ​​​នឹង​​​ភ្ញៀវ​​​ប្រាំ​​​នាក់​​​នៅ​​​ល្ងាច​​​ថ្ងៃ​​​អង្គារ ក្រោយពី​​​មាន​​​ការ​​​ស៊ើប​​​អង្កេត​​​រយៈ​​​ពេល​​​ប្រាំ​​​មួយ​​​សប្តាហ៍​​​ក្នុង​​​បា ហ្វែត ខែត នៅ​​​សង្កាត់​​​កំពង់​​​កណ្តាល​​​ក្រុង​​​កំពត។

ឧត្តមសេនីយ៍​​​ត្រី មធុរិទ្ធ បាន​​​មាន​​​ប្រសាសន៍​​​​​ថា ”នគរបាល​​​របស់​​​យើង​​​បាន​​​រឹប​​​អូស​​​កញ្ឆា​​​ក្រៀម​​​៤៩៤,៦​​​ក្រាម និង​​​ប្រេង​​​កញ្ឆា​​​មួយ​​​ចំនួន​​​ផង​​​ដែរ”។

“យើង​​​បាន​​​ចំណាយ​​​ពេល​​​មួយ​​​ខែ​​​កន្លះ​​​ក្នុង​​​ការ​​​ស៊ើប​​​អង្កេត​បា​​​រហ្វែត​​​ខែត​​​នោះ មុន​​​ពេល​​​យើង​​​ចូល​​​ឆែកឆេរ និង​​​រឹប​​​អូស​​​បាន​​​កញ្ឆា​​​ក្រៀម​​​និង​​​ប្រេង​​​កញ្ឆា”។

យោង​​​តាម​​​លោក អិត ធា អនុប្រធាន​​​ការិយាល័យ​​​ប្រឆាំង​​​គ្រឿងញៀន​​​នគរបាល​​​ខេត្ត​​​កំពត​​​បាន​​ឲ្យ​​​ដឹង​​​ថា ភ្ញៀវ​​​ប្រាំ​​​នាក់​​​ត្រូវ​​​បាន​​​ដោះលែង​​​វិញ​​​នៅ​​​ល្ងាច​​​ថ្ងៃ​​​អង្គារ​​​ដដែល​​​​​នោះ ​​បន្ទាប់ពី​​​នគរបាល​​​បាន​​​សន្និដ្ឋាន​​​ថា ​ពួកគេ​​​មិន​​​បាន​​​ពាក់ព័ន្ធ​​​នឹង​​​ការ​​​លក់​​​គ្រឿង​​​ញៀន​​​នេះ​​​ទេ។

យោង​​​តាម​​​ទំព័រ​​​ហ្វេសប៊ុក​​​របស់​​​លោក​​​ឌីមីយ៉ាណូវ ដែល​​​ប្រើ​​​ឈ្មោះ​​​ត្រឹមតែ​​​ថា​​ យ៉ាន ​​បាន​​​ឲ្យ​​​ដឹង​​​ថា លោក ឌីមីយ៉ាណូវ បាន​​​បើក​​​បា ហ្វែត​​​ខែត នៅ​​​ពាក់​​​កណ្តាល​​​ឆ្នាំ​​​២០១៤។

យោងតាម​​​គេហ​​​ទំព័រ​​​ព័ត៌មាន wickedlocal.com បាន​​​ឲ្យ​​​ដឹង​​​ថា នៅ​​​ខែ​​​កក្កដា​​​ឆ្នាំ​​​២០១០ ​​ឈ្មោះ យ៉ាន ឌីមីយ៉ាណូវ ដែល​​​កាល​ណោះ​​​​មាន​​​អាយុ​​​៣១​​​ឆ្នាំ ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​នៅ​​​ក្រុង​​​ប៊្រុកឡាញ រដ្ឋ​​​ម៉ាសាឈូសែត ជាមួយ​​​នឹង​​​មិត្តភក្តិ​​​ពីរ​​​នាក់​​​ដោយសារតែ​​​មាន​​​ហេរ៉ូអិុន។​លោក ឌីមីយ៉ាណូវ បន្ទាប់មក​​​ត្រូវ​​​បាន​​​ចោទ​​​ពី​​​បទ​​​រួម​​​គំនិត​​​រំលោភ​​​ច្បាប់​​​សារធាតុ​​​ដែល​​​ប្រើ​​​មាន​​​ការ​​​កម្រិត និង​​​មាន​​​វត្តមាន​​​នៅ​​​កន្លែង​​​ដែល​​​រក្សា​​​ទុក​ហេរ៉ូអិុន។

ក្នុង​​​អត្ថបទ​​​ព័ត៌មាន​​​មួយ​​​ផ្សេងទៀត​​​ដែល​​​បង្ហោះ​​​ដោយ​គេហ​​​ទំព័រ​ wickedlocal.com​ កាលពី​​​ខែ​​​មិថុនា​​​ឆ្នាំ​​​២០១០​​​ឲ្យ​​​ដឹង​​​ថា ​នគរ​បាល​​​បាន​​​ចាប់​​​ខ្លួន​​​ឈ្មោះ យ៉ាន ឌីមីយ៉ាណូវ ​ដែល​​​ពេល​​​នោះ​​​មាន​​​អាយុ​​​៣១​​​ឆ្នាំ ក្នុង​​​ក្រុង​​ប្រីថុន រដ្ឋ​​​ម៉ាសាឈូសែត បន្ទាប់ពី​​​គេ​​​បាន​​​រក​​​ឃើញ​​​គាត់​​​និង​​​បុរស​​​ម្នាក់​​​ផ្សេង​​​ទៀត​​​ដេក​​​លក់​​​ក្នុង​​​រថយន្ត​​​តូយ៉ូតា​​​ប្រូ៊ស ដែល​​​បាន​​​ឈប់​​​នៅ​​​កណ្តាល​​​ថ្នល់​​​នៅ​​​ពេល​​​រសៀល។

យោង​​​តាម​​​របាយការណ៍​​​នោះ​​​ឲ្យ​​​ដឹង​​​ថា ​ក្នុង​​​រថយន្ត​​​នោះ នគរបាល​​​បាន​​​រក​​​ឃើញ​​​កញ្ឆា​​​​និងថ្នាំ​​​មាន​​​វេជ្ជបញ្ជា ក្នុង​​​នោះ​​​មាន​​​ទាំង​​​ថ្នាំ Suboxone ដែល​​​ត្រូវ​​​គេ​​​ប្រើ​​​ដើម្បី​​​ព្យាបាល​​​ការ​​​​​ញៀន​​​អាភៀន​​​ផង​​​ដែរ។ ក្នុង​​​សម្ពាយ​​​របស់​​​​​លោក ឌីមីយ៉ាណូវ ពួកគេ​​​បាន​​​រកឃើញ​​​សារ​ធាតុ​​​​​មួយ​​​ដែល​​​គេ​​​ជឿ​​​ថា​​​ជា​​​ហេរ៉ូអីុន។ គាត់​​​ត្រូវ​​​បាន​​​ចោទ​​​ពី​​​បទ​​​មាន​​​សារធាតុ​​​កម្រិត​​​A៕ និត

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស