
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសកាលពីម្សិលមិញថា រដ្ឋាភិបាលនឹងលុបចោលកិច្ចសន្យារបស់ខ្លួនជាមួយក្រុមហ៊ុន AZ Group of Companies ដែលបានប្រមូលប្រាក់តាមបណ្ដោយផ្លូវជាតិលេខ៤ ចាប់តាំងពីឆ្នាំ២០០២មក។ ថ្លែងនៅឯរដ្ឋសភាក្នុងរាជធានីភ្នំពេញ លោក ហ៊ុន សែន បានលើកឡើងថា រដ្ឋមន្ត្រីក្រសួងសាធារណការ និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនឹងត្រៀមឯកសារឱ្យលោកចុះហត្ថលេខាក្នុងពេលឆាប់ៗនេះដើម្បីលុបចោលកិច្ចសន្យា។
លោកនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា “ពិតមែនតែសេចក្តីសម្រេចនេះមិនទាន់បានចុះហត្ថលេខា ក៏ប៉ុន្តែក្នុងឋានៈជាប្រមុខនៃរាជរដ្ឋាភិបាល ខ្ញុំអាចប្រកាសជូនជាមុនថា ចាប់ពីម៉ោង ១២ យប់យប់នេះ នឹងមិនចាំបាច់បង់ប្រាក់អ្វីទាំងអស់សម្រាប់ការធ្វើដំណើរនៅតាមផ្លូវជាតិលេខ៤”។
លោកលើកឡើងទៀតថា កាលពីថ្ងៃទី៥ ខែមករា លោកបានបញ្ជាឱ្យក្រុមហ៊ុន AZ ឈប់យកថ្លៃពីអ្នកបើកបររថយន្តសម្រាប់ការប្រើប្រាស់ផ្លូវដែលតភ្ជាប់រាជធានីភ្នំពេញ ទៅក្រុងព្រះសីហនុនេះ ដោយចាប់ផ្ដើមពីថ្ងៃទី៧ ខែមករាតទៅ ប៉ុន្តែក្រុមហ៊ុនមិនបានអនុវត្តតាម។ លោកបន្តថា “កាលពីយប់មិញ ដោយសារខ្ញុំបានទទួលនូវព័ត៌មានពាក់ព័ន្ធជាមួយនឹងក្រុមហ៊ុនមិនបានអនុវត្ត នូវអ្វីដែលខ្ញុំបានប្រកាស ហើយនៅក្នុងស្រុកអង្គស្នួល នៅតែមានការបង់ប្រាក់ ខ្ញុំក៏បានឱ្យក្រុមចុះទៅស្រាវជ្រាវ”។
លោកគូសបញ្ជាក់ថា ពេលនេះរដ្ឋាភិបាលនឹងថែទាំផ្លូវនេះដោយខ្លួនឯង។ លោកបកស្រាយថា “សូមមេត្តាយោគយល់ថា នៅពេលរដ្ឋត្រូវគ្រប់គ្រងខ្លួនឯង រដ្ឋត្រូវចំណាយថវិកាមួយភាគធំដើម្បីថែទាំ និងជួសជុលផ្លូវនេះ។ អញ្ចឹងទេច្បាស់ណាស់ថា ការវិភាជន៍ថវិកាទៅកាន់តំបន់ផ្សេង នឹងមានផលប៉ះពាល់ហើយ”។
លោក សុន ឆ័យ តំណាងរាស្ត្រគណបក្សប្រឆាំងថ្លែងថា លោកស្វាគមន៍ការប្រកាសរបស់នាយករដ្ឋមន្ត្រី។ “យើងដឹងថា ក្រុមហ៊ុនទទួលបានកិច្ចសន្យាដោយគ្មានតម្លាភាព។ ក្រុមហ៊ុនបានចំណាយប្រាក់តែបន្តិចបន្តួចប៉ុណ្ណោះ ដែលមិននាំអត្ថប្រយោជន៍គួរឱ្យកត់សម្គាល់សម្រាប់ប្រជាពលរដ្ឋ ដែលបានត្អូញត្អែរយ៉ាងច្រើនចំពោះការបង់ថ្លៃសម្រាប់ការប្រើប្រាស់ផ្លូវនេះទេ”។
គួររំឭកថា ក្រុមហ៊ុន AZ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៣ ដោយលោក អុឹង ប៊ុនហ៊ូវ អតីតរដ្ឋលេខាធិការក្រសួងសាធារណការមកពីគណបក្សប្រជាជនកម្ពុជា ហើយត្រូវបានគ្រប់គ្រងដោយលោកស្រី ហេង សុខា ភរិយារបស់លោក។
កាលពីខែមុន លោកនាយករដ្ឋមន្ត្រីបានប្រកាសថា រដ្ឋាភិបាលបានលុបចោលកិច្ចសន្យារយៈពេល៣០ឆ្នាំជាមួយក្រុមហ៊ុនមួយទៀតឈ្មោះ Tollway ដែលប្រមូលប្រាក់ពីអ្នកដំណើរឆ្លងកាត់ផ្លូវវេងស្រេង ដែលសម្បូរទៅដោយរោងចក្រជាជួរអមសងខាងផ្លូវ ហើយជំរុញឱ្យបណ្តារោងចក្រប្រើប្រាស់ប្រាក់ដែលសន្សំបាននេះដើម្បីធ្វើឱ្យជីវភាពរស់នៅរបស់កម្មករកម្មការិនីប្រសើរឡើង។ សូមបញ្ជាក់ថា ក្រុមហ៊ុនបានចំណាយប្រាក់អស់១០,៥លានដុល្លារលើការស្ថាបនាផ្លូវនេះ៕ សុខុម