ក្រុមមន្ត្រីបានឲ្យដឹងកាលពីម្សិលមិញថា នគរបាលត្រូវបានដាក់ពង្រាយដើម្បីយាមកាមសាលាអិុស្លាមសម្រាប់នារីក្មេងៗក្នុងសហគមន៍ដែលសម្បូរទៅដោយខ្មែរអិុស្លាមនៅក្នុងខេត្តត្បូងឃ្មុំ ចំពេលកំពុងមានការវាយប្រហារលើសាលានេះ និងការគំរាមសម្លាប់គ្រូបង្រៀនដោយជនមិនស្គាល់មុខ។
ចាប់តាំងពីចុងខែមុនមក ជនមិនស្គាល់មុខបានគប់ “ដុំថ្ម និងថង់លាមក” លើជញ្ជាំងព័ទ្ធជុំវិញបរិវេណសាលានេះនៅក្នុងឃុំទ្រា ស្រុកក្រូចឆ្មារ នេះបើយោងតាមលោក អ៊ុក ពៅ អធិការរងស្រុក។
លោកបានមានប្រសាសន៍ថា ”ការវាយប្រហារនៅមិនទាន់បញ្ឈប់នៅឡើយទេ”។
លោក សេង លី ដែលជាមេប៉ុស្តិ៍ឃុំបានលើកឡើងថា នៅក្នុងហេតុការណ៍ថ្មីបំផុតកាលពីយប់ថ្ងៃច័ន្ទ មានគេគប់ដុំថ្មចូលបរិវេណសាលានេះដោយមានខ្ចប់ក្រដាសគំរាមសម្លាប់មួយសន្លឹកដែលចាត់ទុកស្ថាបនិកសាលានេះគឺលោក ម៉ូហាម៉េដ អាប់ឌុលរ៉ាម៉ាន់ ជាអុីម៉ាមមូលដ្ឋាន កូនប្រុសរបស់អុីម៉ាមរូបនេះ និងគ្រូបង្រៀនម្នាក់ថា “ជាឆ្កែ”។
សាលារៀននេះដែលមានប្រាំបីបន្ទប់ ផ្គត់ផ្គង់ដល់សិស្សចំនួន១៥០នាក់ ដែលរៀនភាសាចាម ប្រវត្តិវប្បធម៌ និងការអនុវត្តប្រតិបត្តិតាមសាសនា។ គេមានការចាប់អារម្មណ៍លើសាលានេះក្នុងខែវិច្ឆិកា នៅពេលសិស្ស២៤នាក់មកពីរាជធានីនិងខេត្តកំពង់ចាមបានដួលសន្លប់ព្រមៗគ្នានៅក្នុងកន្លែងស្នាក់នៅមួយ ដែលមានទីតាំងនៅក្នុងតំបន់ព្រៃមួយកន្លែងមិនឆ្ងាយពីសាលារៀននេះ។
បន្ទាប់ពីការដួលសន្លប់ សិស្សទាំងនេះបានប្រាប់នគរបាលថា ពួកគេឃើញស្រមោលនៅក្រោមកន្លែងស្នាក់នៅ ហើយធុំក្លិនមិនល្អមុនពេលចាប់ផ្ដើមមិនស្រួល ហើយដួលសន្លប់។ ទោះបីជាការធ្វើកោសល្យវិច័យរកមិនឃើញថា មានភ័ស្តុតាងពាក់ព័ន្ធនឹងថ្នាំពុលក៏ដោយ ក៏អាជ្ញាធរសន្និដ្ឋានថា ពួកគេគឺជាជនរងគ្រោះនៃការវាយប្រហារដោយសារធាតុគីមីធ្វើឡើងដោយសត្រូវរវាងសមាជិកនៃសហគមន៍ខ្មែរអិុស្លាមមូលដ្ឋានដែរ ជាគំនិតមួយដែលលោក អាប់ឌុលរ៉ាម៉ាន់ យល់ស្រប។
ដោយសារតែមានការព្រួយបារម្ភពីសុវត្ថិភាពរបស់ពួកគេ ក្រុមសិស្សមកពីរាជធានីភ្នំពេញ និងខេត្តកំពង់ចាម ត្រូវបានផ្លាស់ទៅបន្ទប់មួយនៅក្នុងបរិវេណសាលាកាលពីចុងខែធ្នូ ហើយមកទល់នឹងពេលនេះពួកគេកំពុងនៅទីនោះនៅឡើយ។អាជ្ញាធរលើកឡើងថា ចាប់តាំងពីពេលនោះមក សាលារៀននេះក៏ចាប់ផ្តើមរងការវាយប្រហារតែម្តង។
លោក អ៊ុក ពៅ ដែលជាអធិការរងស្រុកលើកឡើងថា ក្រុមអ្នកស៊ើបអង្កេតនៅមិនទាន់កំណត់អត្តសញ្ញាណជនសង្ស័យណាមួយនៅក្នុងករណីនេះបាននៅឡើយទេ ហើយក៏នៅមិនទាន់កំណត់ពីមូលហេតុច្បាស់លាស់នៅឡើយដែរ។ “យើងកំពុងតែដំណើរការស៊ើបអង្កេតដើម្បីស្វែងរតម្រុយ។ យើងបានចេញបទបញ្ជាឲ្យមន្ត្រីនគរបាលឃុំឈរយាមកាមនៅទីនោះអំឡុងពេលយប់ ដើម្បីទប់ស្កាត់ការវាយប្រហារណាមួយដែលអាចកើតឡើងនៅពេលអនាគត”។
លោក អាប់ឌុលរ៉ាម៉ាន់ ដែលបានបើកសាលានេះកាលពីឆ្នាំ២០១៣ ដោយចំណាយទឹកប្រាក់អស់១០០.០០០ដុល្លារក្រោមជំនួយពីមិត្តភក្ដិមូស្លីមនៅក្នុងប្រទេសតួកគីបានលើកឡើងកាលពីខែវិច្ឆិកាថា លោកជឿថាក្រុមសិស្សទាំងនេះត្រូវបានគេផ្ដោតគោលដៅដោយសារភាពតានតឹងកើតមានជាយូរមកហើយនៅក្នុងសហគមន៍នេះពាក់ព័ន្ធបញ្ហាថាតើប្រាក់គួរតែចំណាយតាមរបៀបណា។
លោក អាប់ឌុលរ៉ាម៉ាន់ ដែលមានប្រភពដើមចេញពីរាជធានីភ្នំពេញ ហើយផ្លាស់មកខេត្តត្បូងឃ្មុំដើម្បីបើកសាលារៀននេះបានមានប្រសាសន៍កាលពីម្សិលមិញថា សាលារៀននេះរងការវាយប្រហារដោយអ្នកភូមិក្នុងសហគមន៍ដែលមានការច្រណែន និងតូចចិត្តដោយសារតែលោកជាមនុស្សមកពីខាងក្រៅ។”ខ្ញុំជឿថា ជនប្រព្រឹត្តអំពើនេះគឺជាបងប្អូនខ្មែរអិុស្លាមនៅក្នុងសហគមន៍ដែលច្រណែនយើង”។ លោកបានបន្តថា “នៅយប់មួយ ពេលសិស្សកំពុងដេកលង់លក់ មនុស្សមិនស្គាល់អត្តសញ្ញាណបានគប់ផាវផ្ទប់នឹងជញ្ជាំងដើម្បីរំខានដល់សិស្សទាំងនេះ។ ខ្ញុំមិនយល់អំពីទង្វើរបស់ពួកគេទេ សូម្បីតែពាងទឹកសម្រាប់ឲ្យសិស្សផឹក និងប្រើប្រាស់ក៏ជនសង្ស័យដាក់លាមកចូលដែរ”។
លោក សេង លី ដែលជាមេប៉ុស្តិ៍ឃុំបានលើកឡើងថា ខណៈមន្ត្រីរបស់លោកប្ដូរវេនគ្នាយាមសាលានេះអំឡុងពេលយប់ ដោយមានជំនួយម្ដងម្កាលពីនគរបាលស្រុក ពួកគេមិនអាចបញ្ឈប់ការគប់ដុំថ្ម និងលាមក ឬការគំរាមបានឡើយ។ លោកលើកឡើងថា “យើងមិនអាចទប់ស្កាត់ហេតុការណ៍ទាំងអស់មិនឲ្យកើតឡើងបានឡើយ ព្រោះយើងមិនអាចល្បាតនៅទីនោះបានគ្រប់ពេលវេលានោះទេ។ ជួនកាល ពេលមន្ត្រីរបស់យើងសម្រាក ពួកគេបានឆ្លៀតឱកាសធ្វើរឿងនេះ”។ លោកបន្ថែមថា លោកមិនជឿថា កត្តាសាសនាគឺជាមូលហេតុដែលនាំឲ្យមានការវាយប្រហារឡើយ។“ពួកគាត់ [អ្នកគ្រប់គ្រងសាលា] បានរស់នៅទីនេះជាយូរមកហើយ ហើយមិនដែលមានបញ្ហាណាមួយឡើយ។ ខ្ញុំគិតថា វាជាជម្លោះក្នុងចំណោមមេដឹកនាំសហគមន៍ដែលចង់ធ្វើធំរៀងៗខ្លួន”៕ ស៊ុយឈាង