31 C
Phnom Penh

​ការ​ចាប់​ខ្លួន​មន្ត្រី​សហជីព​ប្រាំរូប​​បង្ក​ឲ្យ​មាន​ការ​តវ៉ា​ដល់​តុលាការ​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កម្មករ​​ប្រមាណ​៤០០​នាក់​​នៅ​រោងចក្រ​ Agile Sweater ​បាន​​​​ធ្វើ​ការ​តវ៉ា​​នៅ​ខាង​មុខ​សាលា​​​​ដំបូង​ខេត្ត​កំពង់ស្ពឺ​កាលពី​ម្សិលមិញ ​ដើម្បី​ទាមទារ​​ឲ្យ​ដោះលែង​​​​មន្ត្រី​សហជីព​ប្រាំរូប​​ដែល​​ត្រូវ​បាន​ចាប់​ខ្លួន​​កាលពី​ថ្ងៃ​អង្គារ​ ក្រោយ​ពី​ផ្ទុះ​អំពើ​ហិង្សា​ជាមួយ​សមាជិក​​​របស់​សហជីព​​ប្រជែង​គ្នា​​មួយ​ទៀត​​នៅ​ខាង​ក្រៅ​រោងចក្រ​នេះ​។

​​បុរស​​ដែល​ត្រូវ​បាន​​ចាប់​ខ្លួន​​​​ និង​ដែល​សុទ្ធ​តែ​​ជា​សមាជិក​​ ​សហព័ន្ធសហជីព​ចលនា​កម្មករ​​ ទៅ​ពី​រាជធានី​ភ្នំពេញ បាន​ធ្វើ​ដំណើរ​​​​ទៅ​រោង​​​​ចក្រ​នោះ​កាលពី​ព្រឹក​ថ្ងៃ​អង្គារ ដើម្បី​​គាំទ្រ​កូដ​​​​​​កម្ម​​​មួយ​ដែល​កំពុង​តែ​ធ្វើ​​ដើម្បី​ទាមទារ​លក្ខ​ខណ្ឌ​ការ​ងារ​ ហើយ​បាន​ប៉ះ​ទង្គិច​​​​ជាមួយ​ក្រុម​តំណាង​​សហជីព​ Trade Union Workers Federation of Progress Democracy ​​​ដែល​គាំទ្រ​រោងចក្រ​។

​ពួកគេ​ត្រូវ​បាន​ចាប់​ខ្លួន​​​ក្នុង​ថ្ងៃ​តែ​មួយ​​ និង​​បញ្ជូន​ទៅ​​សាលា​ដំបូង​ខេត្ត​​​ ​ហើយ​​នៅ​ទីនោះ​​​​​ព្រះរាជអាជ្ញា​បាន​​​ធ្វើ​ការ​ចោទ​ប្រកាន់​​ពីបទ​បង្ក​អំពើហិង្សា​ដោយ​ចេតនា ញុះញង់​ឲ្យ​អ្នក​ដទៃ​ប្រព្រឹត្ត​បទល្មើស​ និង​​មិន​គោរព​ដីកា​​តុលា​​​ការ​ ដោយ​បទ​ចោទ​ប្រកាន់​ចុង​ក្រោយ​​សម្រាប់​​​​​ការ​ជំរុញ​កម្មករ​​​កុំ​ឲ្យ​អើពើ​នឹង​ដីកា​តុលាការ​ដែល​បង្គាប់​ឲ្យ​ពួកគេ​​​ត្រឡប់​ទៅ​ធ្វើ​ការ​វិញ។

​លោក ប៉ាវ ស៊ីណា ​ប្រធាន​សហព័ន្ធ​សហ​ជីព​ចលនា​កម្មករ​​​បាន​មាន​ប្រសាសន៍​ថា ​​ការ​តវ៉ា​នេះ​​​បាន​ចាប់​ផ្ដើម​ពី​ម៉ោង​៧ព្រឹក​បន្ត​រហូត​​​ដល់​ម៉ោង​២រសៀល ហើយ​​​កម្មករ​​​នឹង​ត្រឡប់​​​ទៅ​តុលាការ​វិញ​នៅ​ថ្ងៃ​នេះ​​ មុន​ពេល​​​ធ្វើ​​ដំណើរ​​ឆ្ពោះ​មក​រាជធានី​ភ្នំពេញ​ដើម្បី​​​តវ៉ា​​ប្រឆាំង​ព្រះរាជអាជ្ញា​​​​ដែល​​​បាន​ធ្វើ​ការ​ចោទ​ប្រកាន់​ទាំង​នេះ​ ដោយ​ប្រមូល​ផ្ដុំគ្នា​​នៅ​ខាង​មុខ​ភូមិ​គ្រឹះ​​​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ក្រសួង​យុត្តិធម៌។

​លោក​​បាន​គូស​បញ្ជាក់​ថា “​ព្រះរាជអាជ្ញា​ កែវ សុធា ​​គ្មាន​វិជ្ជាជីវៈ​ទេ។ គាត់​ធ្វើ​ការ​សម្រេច​ដោយ​​មិន​​​សិក្សា​​​ថា​ តើ​អ្នក​ណា​ជា​អ្នក​​ចាប់​ផ្ដើម​អំពើ​ហិង្សា​”។ ​

លោក​បាន​បដិសេធ​ថា ​សមាជិក​របស់​លោក​​​​​មិន​បាន​ញុះញង់​​​​ឲ្យ​មាន​ការ​វាយ​តប់​គ្នា​​​នោះ​ទេ ហើយ​​​​សហជីព​របស់​លោក​នឹង​ដាក់​ពាក្យ​បណ្ដឹង​ចំនួន​ពីរ​ទៅ​​សាលា​ដំបូង​ខេត្ត​នៅ​ថ្ងៃ​នេះ ដោយ​ពាក្យ​បណ្ដឹង​មួយ​ចោទ​ប្រកាន់​​លោក សុខ រ៉ាវុធ ​ប្រធាន​សហជីព​ Trade Union Workers Federation of Progress Democracy ​​​​ពីបទ​បង្ក​អំពើ​ហិង្សា​​​ និង​ពាក្យ​បណ្ដឹង​មួយ​ទៀត​ចោទ​រោងចក្រ​ពីបទ​​ឃុប​ឃិត​​ជាមួយ​​​បុរស​រូប​នេះ​។

ទោះ​ជាយ៉ាង​ណា ទាំង​​លោក កែវ សុធា ​និង​​លោក ខ្លូត ពេជ្រ ​ប្រធាន​សាលា​ដំបូង​ខេត្ត​កំពង់ស្ពឺ​​មិន​អាច​ទាក់​ទង​សុំ​ការ​បំភ្លឺ​បាន​ទេ​ជុំវិញ​បញ្ហា​នេះ​។ ​

ចំណែក​ឯ​លោក សុខ រ៉ាវុធ បាន​បដិសេធ​ថា ​លោក​មិន​បាន​​​ចាប់​ផ្ដើម​ការ​វាយ​តប់​​គ្នា​នេះ​ទេ ហើយ​​​បាន​គូស​បញ្ជាក់​ថា លោក​ក៏​បាន​ដាក់​ពាក្យ​បណ្ដឹង​​​ទៅ​​នគរ​បាល​មូលដ្ឋាន​ដែរ​ ដោយ​ចោទ​ប្រកាន់​​បុរស​​ដែល​ត្រូវ​ចាប់​ខ្លួន​ទាំង​ប្រាំ​នាក់​​ពីបទ​​ប្រើ​អំពើ​ហិង្សា​​ទៅ​លើ​គាត់​ និង​សមាជិក​សហជីព​​​របស់​គាត់​។ ​”​​ពួក​គេ​​​វ៉ៃ​ខ្ញុំ​ ហើយ​ប្ដឹង​ខ្ញុំ​ទៀត។​​ កោត​​តែ​ពួកគេ​ធ្វើ​​​បែប​នេះ​ទៅ​រួច?”។ ​​

គួរ​រំឭក​ថា កម្មករ​នៅ​រោងចក្រ​​របស់​ចិន​ហុងកុង​ មួយ​នេះ​​​បាន​ធ្វើ​កូដកម្ម​​តាំង​ពី​ថ្ងៃទី​២៥ ខែធ្នូ​មក​ម្លេ៉ះ ដើម្បី​ទាមទារ​​​ឲ្យ​ដក​​​ប្រធាន​​​​រដ្ឋបាល​ចេញ​ ​ឲ្យ​មាន​កិច្ច​សន្យា​​ការ​ងារ​​ច្បាស់​លាស់​​​ ប្រាក់​បន្ថែម​សម្រាប់​ថ្ងៃ​​បុណ្យ​ឈប់​សម្រាក​ ​និង​ការ​បន្ថែម​ម៉ោង​​ ព្រមទាំង​​ការ​ដំឡើង​ប្រាក់​ឧបត្ថម្ភ​ប្រចាំ​ខែ​​​សម្រាប់ថ្លៃ​អាហារ​​ និង​ការ​ធ្វើ​ដំណើរ​​ផង​ដែរ​៕ សុខុម​​​​​​​​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស