27.5 C
Phnom Penh

សាលា​រាជធានី​នឹង​បន្ថែម​កាមេរ៉ា​សុវត្ថិភាព​៦០០​ទៀត​នៅ​ទូទាំង​រាជធានី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​ឆ្នាំ​ខាង​មុខ សាលា​រាជធានី​នឹង​ដាក់​កាមេរ៉ា​សុវត្ថិភាព​ប្រហែល​៦០០​ទៀត​នៅ​តាម​ផ្លូវ​បំបែក​ក្នុង​រាជធានី ដោយ​បន្ថែម​ទៅ​នឹង​កាមេរ៉ា​២០០​គ្រឿង​ដែល​ជា​អំណោយ​របស់​ចិន​ដែលមាន​ដំណើរការ​ស្រាប់​របស់​នគរបាល​ជាតិ។

លោក ឡុង ឌីម៉ង់ អ្នក​នាំ​ពាក្យ​សាលាក្រុង​បាន​និយាយ​ថា កាមេរ៉ា​ថ្មី​នេះ​នឹង​ត្រូវ​ប្រើ​ដើម្បី​ឃ្លាំមើល​រំហូរ​ចរាចរណ៍ និង​ផ្តល់​សន្តិសុខ​សាធារណ​ឲ្យ​ប្រសើរ​ឡើង។

លោក​បាន​និយាយ​ថា “ចំពោះ​កាមេរ៉ា​សុវត្ថិភាព​៦០០​គ្រឿង​នេះ យើង​មាន​បំណង​នឹង​បញ្ចប់​[ការ​ដំឡើង]​នៅ​ឆមាស​ទី​១​ក្នុង​ឆ្នាំ​នេះ”។

លោក ឌីម៉ង់ បាន​និយាយ​ថា លោក​មិន​បាន​ដឹង​ថា​គម្រោង​នេះ​នឹង​ចំណាយ​ប្រាក់​ប៉ុន្មាន​នោះ​ទេ ប៉ុន្តែ​លោក​បាន​ពន្យល់​ថា សាលា​រាជធានី​នឹង​ចំណាយ ហើយ​ថា​កាមេរ៉ា​សុវត្ថិភាព​ទំនង​នឹង​ត្រូវ​ទិញ​ពី​ប្រទេស​ចិន។

កាមេរ៉ា​ថ្មី​នេះ​នឹង​សម្រប​សម្រួល​ជាមួយ​កាមេរ៉ា​នគរបាល​ជាតិ​២០០​គ្រឿង ដែល​ដាក់​កាលពី​ឆ្នាំ​មុន​អស់​ទឹក​ប្រាក់​បី​លាន​ដុល្លារ ដែល​ជា​អំណោយ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។

យោង​តាម​លោក មីន សុវណ្ណា ប្រធាន​នាយកដ្ឋាន​វិទ្យុ​ទាក់​ទង​នគរបាល​ជាតិ​បាន​ឲ្យ​ដឹង​ថា ដាក់​ភ្ជាប់​នឹង​ភ្លើង​ចរាចរណ៍​ដោយ​នគរបាល​ចិន​នៅ​ខែ​កក្កដា​និង​ខែ​សីហា កាមេរ៉ា​ទាំង​នោះ​បាន​ដំណើរការ​កាលពី​ចុង​ខែ​មុន។

ទោះជា​មិន​ផ្ដល់​សេចក្ដី​លម្អិត ឧត្ដមសេនីយ៍​ទោ សុវណ្ណា បាន​និយាយ​ថា មណ្ឌល​ត្រួត​ពិនិត្យ​២៤​ម៉ោង​មាន​ផ្ទៃ​ស្គ្រីន​អិលស៊ីឌី​៣២​ម៉ែត្រ​ក្រឡា អនុញ្ញាត​ឲ្យ​នគរបាល​តាម​រក​ករណី​ជាច្រើន ដែល​ពួកគេ​មិន​អាច​ធ្វើ​បាន។

លោក បាន​និយាយ​ថា “ចាប់​តាំងពី​កាមេរ៉ា​ដំណើរការ​មក យើង​បាន​ឃើញ​ជន​ល្មើស​ទាក់ទិន​នឹង​បញ្ហា​ចរាចរណ៍ និង ការ​ឆក់​[កាបូប]។ ខ្ញុំ​មិន​អាច​ប្រាប់​ច្រើន​ទេ ពីព្រោះ​វា​ជា​ការ​សម្ងាត់”។

លោក អំ សំអាត អ្នក​​​គ្រប់​​​គ្រង​​​បច្ចេកទេស​​​នៅ​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​លីកាដូ​​​ បាន​និយាយ​ថា កាមេរ៉ា​សុវត្ថិភាព CCTV អាច​ជា​ឧបករណ៍​មាន​ប្រសិទ្ធភាព​មួយ​ក្នុង​ការ​ប្រយុទ្ធ​នឹង​ឧក្រិដ្ឋកម្ម ប៉ុន្តែ លុះត្រាតែ​វា​មាន​ធនធាន​គាំទ្រ​គ្រប់គ្រាន់​ប៉ុណ្ណោះ។

លោក​បាន​និយាយ​ថា “កាមេរ៉ា​សុវត្ថិភាព​ជា​មធ្យោបាយ​បន្ថែម [ដើម្បី​ដោះស្រាយ​បញ្ហា​ឧក្រិដ្ឋកម្ម] ប៉ុន្តែ​ប្រសិនបើ​មិន​មាន​ប៉ូលិស​គ្រប់គ្រាន់​ដើម្បី​ទប់​ស្កាត់ ឬ បង្ក្រាប​បទ​ល្មើស​ទេ​នោះ ឧក្រិដ្ឋកម្ម​នឹង​នៅ​តែ​កើត​ឡើង។ យើង​មិន​ដឹង​ថា​តើ វា​មាន​ប្រសិទ្ធភាព​យ៉ាង​ណា​ទេ”៕ និត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស