ស្ទើរតែរយៈពេលមួយឆ្នាំបន្ទាប់ពីការបង្កើតគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) សមាជិកទាំង៩រូបរបស់ខ្លួននឹងជួបគ្នានៅថ្ងៃសុក្រ ដើម្បីជ្រើសរើសអគ្គលេខាធិការថ្មី ជាមន្ត្រីដែលនឹងអនុវត្តរបៀបវារៈកំណែទម្រង់របស់ខ្លួនមុននឹងការបោះឆ្នោតនាឆ្នាំ២០១៧ និង២០១៨។
ការជ្រើសរើសអ្នកស្នងតំណែងអគ្គលេខាធិការបច្ចុប្បន្ន គឺលោក ទេព នីថា មានបំណងបង្ហាញជំហានចុងក្រោយនៅក្នុងការផ្លាស់ប្តូរគ.ជ.ប.ពីគណៈកម្មាធិការគ្រប់គ្រងលើសលុបដោយសមាជិកគណបក្សប្រជាជនកម្ពុជាទៅជាគណៈកម្មាធិការទ្វេបក្សដែលអាចចាត់ចែងឲ្យបានត្រឹមត្រូវនូវការបោះឆ្នោតក្នុងពេលខាងមុខ។
ដូច្នេះរឿងនេះបានធ្វើឲ្យមនុស្សជាច្រើនភ្ញាក់ផ្អើលកាលពីសប្តាហ៍មុន នៅពេលដែលលោក ទេព នីថា ជាប់ឈ្មោះជាបេក្ខជនម្នាក់ក្នុងចំណោមបេក្ខជន៣រូបសម្រាប់តំណែងនោះ រួមជាមួយមេដឹកនាំសង្គមស៊ីវិលមិនសូវលេចធ្លោពីររូបទៀត គឺលោក ហេង មណីចិន្តា និងលោក យ៉ា ណាវុធ។
លោក គល់ បញា នាយកអង្គការខុមហ្វ្រែល បានមានប្រសាសន៍កាលពីថ្ងៃពុធថា “សាធារណជនមិនបានគិតថា អគ្គលេខាធិការបច្ចុប្បន្នអាចត្រូវគេជ្រើសរើសម្តងទៀតទេ។ គេសន្និដ្ឋានថាជាមនុស្សថ្មី”។
នាយកអង្គការខុមហ្វ្រែលរូបនេះបានមានប្រសាសន៍បន្តថា “រឿងនេះសំខាន់ណាស់ ព្រោះអគ្គលេខាធិការនឹងអនុវត្តកំណែទម្រង់សម្រាប់ការចុះឈ្មោះអ្នកបោះឆ្នោត ហើយធ្វើឲ្យប្រាកដថាការប្រព្រឹត្តទៅនៃការបោះឆ្នោត ដែលរួមមានថ្ងៃបោះឆ្នោត និងការរាប់សន្លឹកឆ្នោត គឺត្រូវតែមានតម្លាភាព”។
សមាជិកទាំង៩រូបរបស់គ.ជ.ប.គឺមានលក្ខណៈជាក្រុមប្រឹក្សានាយកក្រុមហ៊ុន ដែលធ្វើការសម្រេចចិត្តទាក់ទងនឹងការបោះឆ្នោត ចំណែកឯអគ្គលេខាធិការដើរតួជានាយកប្រតិបត្តិដែលទទួលខុសត្រូវចំពោះការចាត់ចែងការបោះឆ្នោត។
លោក ទេព នីថាក្លាយជាអគ្គលេខាធិការគ.ជ.ប.ចាប់តាំងពីឆ្នាំ២០០២ ដោយរៀបចំការបោះឆ្នោតជាតិនាឆ្នាំ២០០៣ ឆ្នាំ២០០៨ និងឆ្នាំ២០១៣ដែលញាំញីដោយមានការអះអាងថាមានការលួចបន្លំ។ មុននឹងកាន់តំណែងនេះ លោកបម្រើការជាគណៈកម្មការឃោសនានិងអប់រំយុវជននៃគណបក្សប្រជាជនកម្ពុជា។
បន្ទាប់ពីការបោះឆ្នោតជាតិនាឆ្នាំ២០១៣ គណបក្សសង្គ្រោះជាតិបានធ្វើពហិការមិនចូលសភាស្ទើររយៈពេលមួយឆ្នាំ ដោយតវ៉ាប្រឆាំងនឹងអ្វីដែលពួកគេនិយាយថាជាការបោះឆ្នោតមានការលួចបន្លំ។ ការតវ៉ាបាននាំឲ្យមានកិច្ចព្រមព្រៀងនាខែកក្កដា ឆ្នាំ២០១៤ជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីកែទម្រង់គ.ជ.ប.។
ស្ថិតក្រោមកិច្ចព្រមព្រៀង ទាំងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិទទួលបានការអនុញាតឲ្យជ្រើសរើសសមាជិកគណៈកម្មាធិការបួនរូបរៀងៗខ្លួនដើម្បីដាក់ចូលក្នុងគ.ជ.ប.ថ្មី ហើយបន្ទាប់មកត្រូវយល់ព្រមចំពោះសមាជិកអព្យាក្រឹត។ ប៉ុន្តែ លោក ទេព នីថាបានបន្តតួនាទីរបស់លោកជាបណ្ដោះអាសន្ន ដោយបង្កឲ្យមានការបញ្ចេញទស្សនៈថ្នាំង ថ្នាក់ជាសាធារណៈពីគណបក្សប្រឆាំង។
លោក ធន់ សារ៉ាយ ប្រធានអង្គការសិទ្ធិមនុស្សអាដហុក និងជាមេដឹកនាំសង្គមស៊ីវិលដ៏លេចធ្លោមួយរូបចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៨០ បានមានប្រសាសន៍ថា “ប្រសិនបើគេចង់បានការទុកចិត្តពីសាធារណជន ឥឡូវនេះគេគួររើសយកបុគ្គលមិនមែនជាសមាជិកបក្ស ហើយខ្ញុំគិតថា មានតែលោក មណីចិន្តា និងលោក យ៉ា ណាវុធ ប៉ុណ្ណោះដែលត្រូវនឹងគំនិតនោះ”។
លោក ធន់ សារ៉ាយ បានមានប្រសាសន៍បន្ថែមថា “ទេព នីថា មានអ្នករិះគន់ច្រើនណាស់កាលពីមុន ជាពិសេសការបោះឆ្នោតនាឆ្នាំ២០១៣។ គាត់ងាកទៅរកម្ខាង ដូច្នេះខ្ញុំគិតថា ប្រសិនបើគេជ្រើសរើសគាត់ម្តងទៀត នឹងមានបញ្ហាចំពោះការជឿទុកចិត្តទៅលើ គ.ជ.ប.”។
ប្រធានអង្គការអាដហុករូបនេះបានមានប្រសាសន៍ថា “អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជានឹងគាំទ្របេក្ខភាព ទេព នីថា ប៉ុន្តែ ម្ខាងទៀតមិនគាំទ្រទេ។ ចំពោះខ្ញុំ គ.ជ.ប. ត្រូវជ្រើសរើសនរណាម្នាក់ក្រៅពីគាត់”។
ការព្រួយបារម្ភអំពីឯករាជ្យភាពនៃ គ.ជ.ប. ថ្មី បានកើតឡើងចាប់តាំងពីមុននឹងការបង្កើតជាផ្លូវការនៃ គ.ជ.ប. ដោយគណបក្សប្រជាជនកម្ពុជាបញ្ចុះបញ្ចូលឲ្យគណបក្សសង្គ្រោះជាតិទទួលយកខបញ្ញត្តិមួយដែលតម្រូវឲ្យនាយករដ្ឋមន្ត្រីចុះហត្ថលេខាលើការផ្លាស់ប្តូរវិធានផ្ទៃក្នុងរបស់ខ្លួន។
ប៉ុន្តែ ចាប់តាំងពីពេលនោះមក សមាជិកនៃគណៈកម្មាធិការទ្វេបក្សបានធ្វើការជាមួយគ្នាដោយស្ងៀមស្ងាត់ និងបញ្ចប់ដោយជោគជ័យនូវគម្រោងសាកល្បងសម្រាប់ការកសាងឡើងវិញទូលំទូលាយនៃបញ្ជីអ្នកបោះឆ្នោតដោយប្រើអត្តសញ្ញាណកម្មជីវមាត្រដែលនឹងត្រូវបញ្ចប់មុននឹងការបោះឆ្នោតឃុំសង្កាត់នៅឆ្នាំក្រោយនេះ។
លោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប. ដែលបានលាលែងចេញពីតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាកាលពីដើមឆ្នាំមុន បានមានប្រសាសន៍កាលពីម្សិលមិញថា លោក និងសហសេវិករបស់លោកបានយល់អំពីការត្រូវជ្រើសរើសអគ្គលេខាធិការមួយរូបដែលនឹងចាត់ទុកថាស្របច្បាប់។
លោក ស៊ិក ប៊ុនហុក បានមានប្រសាសន៍ថា “យើងនឹងប្រឹងប្រែងធ្វើការងារស្របតាមច្បាប់ ហើយយើងនឹងមិនរងសម្ពាធពីគណបក្សនយោបាយ អង្គការក្រៅរដ្ឋាភិបាល ស្ថាប័ន ឬបុគ្គលណាម្នាក់នោះទេ។ គ.ជ.ប. ចង់ជ្រើសរើសនរណាម្នាក់ដែលទទួលយល់ព្រមដោយជាប់អ្នកពាក់ព័ន្ធទាំងអស់។ សូមរង់ចាំមើលសិន”។
លោក រ៉ុង ឈុន សមាជិក គ.ជ.ប. មួយរូប ជាអតីតប្រធានសហជីពដែលជាបេក្ខជនម្នាក់ក្នុងបណ្តាបេក្ខជនបួនរូបរបស់គណបក្សសង្គ្រោះជាតិមិនធ្វើអត្ថាធិប្បាយទៅលើការជាប់សម្រាំងរបស់លោក នីថា សម្រាប់តំណែងនោះទេ។
លោក រ៉ុង ឈុន បានមានប្រសាសន៍ថា “យើងនឹងពិចារណារាល់គំនិតទាំងអស់ដែលលើកឡើងដោយពលរដ្ឋ និងដោយក្រុមសង្គមស៊ីវិល ប៉ុន្តែ ការជ្រើសរើសនឹងធ្វើឡើងផ្អែកលើមូលដ្ឋានច្បាប់ និងនីតិវិធី”។
លោក ធន់ សារ៉ាយ បានមានប្រសាសន៍ថា លោកបានស្គាល់ទាំងលោក មណីចិន្តា និងលោក ណាវុធ ហើយជឿជាក់ថា អ្នកទាំងពីរនឹងមានសមត្ថភាពគ្រប់គ្រាន់ដើម្បីជំនួសតំណែងលោក ទេព នីថា។
អ្នកទាំងពីរជាប្រធានអង្គការពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍ និងអង្គការខារ៉ាម កម្ពុជា។ លោក ធន់ សារ៉ាយ បានមានប្រសាសន៍ថា “ហេង មណីចិន្តា មានចំណេះដឹងជ្រៅជ្រះ ពីព្រោះលោកមានសញ្ញាប័ត្រពីសាកលវិទ្យាល័យហាវឺដ ហើយលោកមិនមានបញ្ហាក្នុងការធ្វើការជាមួយគណបក្សទាំងពីរទេ ពីព្រោះលោកមិនមានទំនាក់ទំនងនយោបាយ”។
នាយកអង្គការអាដហុករូបនេះបានមានប្រសាសន៍ថា “បញ្ហាអាចត្រង់ថា លោកខ្វះបទពិសោធផ្នែកបោះឆ្នោត។ យ៉ា ណាវុធ ក៏មិនមានបទពិសោធច្រើនក្នុងការងារបោះឆ្នោតដែរ ខ្ញុំមិនដឹងថា គេស្វែងរកលក្ខណៈសម្បត្តិយ៉ាងដូចម្តេ៉ចទេ”។
លោក នីថា បដិសេធមិនឲ្យសម្ភាសសម្រាប់អត្ថបទនេះទេ។ ទាំងលោក មណីចិន្តា ទាំងលោក ណាវុធ បាននិយាយថា ពួកគេនឹងធ្វើអត្ថាធិប្បាយចំពោះបេក្ខភាពខ្លួនបាន លុះត្រាតែក្រោយពី គ.ជ.ប. សម្រេចចិត្តរបស់ខ្លួនដែលយល់ព្រមដោយមតិរួមនៃសមាជិកទាំងប្រាំបួនរូប។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប. ដែលបានដឹកនាំគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា ( និកហ្វិច) មុននឹងជ្រើសរើសឲ្យធ្វើជាសមាជិកអព្យាក្រឹតនៃ គ.ជ.ប. បានមានប្រសាសន៍ថា សមាជិក គ.ជ.ប. បានទទួលការណែនាំថា មិនត្រូវលាតត្រដាងជម្រើសរបស់ខ្លួនទេ រហូតដល់មានការជ្រើសរើសនៅថ្ងៃសុក្រសិន។
លោក ហង្ស ពុទ្ធា បានមានប្រសាសន៍ថា “គ.ជ.ប. ដឹងអ្វីដែលយើងត្រូវធ្វើដើម្បីទទួលបានការជឿនិងការទុកចិត្តពីប្រជាពលរដ្ឋ។ លោក ពុទ្ធា បានមានប្រសាសន៍បន្ថែមថា លោក ជឿជាក់ថា អគ្គលេខាធិការថ្មីនឹងទទួលបានសេរីភាពដូចលោក ទេព នីថា ដែរ។
លោក ហង្ស ពុទ្ធា បានមានប្រសាសន៍ថា “ខ្ញុំចង់ជម្រាបថា បច្ចុប្បន្ននេះខុសពីអតីតកាល។ ឥឡូវនេះគ្មាននរណាម្នាក់អាចជិះសេះលែងដៃបានទេ។ តំណែងអគ្គលេខាធិការគឺគ្រាន់តែជាជំនួយការការងារ គ.ជ.ប. ប៉ុណ្ណោះ”។
ប៉ុន្តែ លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានមានប្រសាសន៍ថា “មិនថា អគ្គលេខាធិការថ្មីនឹងមានអំណាចសម្រេចតិចតួចប៉ុណ្ណាទេ លោក នីថា មិនមែនជាជម្រើសអាចទទួលយកបានទេ”។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិរូបនេះបានមានប្រសាសន៍ថា “អ្នកដែលធ្លាប់បង្កបញ្ហាច្រើនពេលបោះឆ្នោតគួរទុកឲ្យអ្នកផ្សេងចូលមកកសាងការជឿទុកចិត្តរបស់សាធារណជនទៅលើស្ថាប័ននេះ”៕រើន