កម្មករប្រហែល២០០នាក់មកពីរោងចក្រ Agile Sweater ក្នុងខេត្តកំពង់ស្ពឺបានធ្វើដំណើរមករាជធានីភ្នំពេញកាលពីម្សិលមិញ ដើម្បីដាក់ញត្តិទៅរដ្ឋាភិបាលអំពាវនាវឲ្យដោះលែងមន្ត្រីសហជីពប្រាំនាក់ដែលត្រូវបានចាប់ខ្លួន បន្ទាប់ពីមានការប៉ះទង្គិចគ្នាដ៏ហិង្សារវាងសហជីពកាលពីថ្ងៃអង្គារ។
លោក អ៊ូ សំអាន អភិបាលខេត្តកំពង់ស្ពឺបានមានប្រសាសន៍ថា កម្មករបានដាក់ញត្តិទៅក្រសួងមហាផ្ទៃ និងទីស្តីការគណៈរដ្ឋមន្ត្រី បន្ទាប់ពីខកខានកាលពីពេលព្រឹកមិនអាចបញ្ចុះបញ្ចូលអាជ្ញាធរមូលដ្ឋានឲ្យដោះលែងមន្ត្រីសម្ព័ន្ធសហជីពចលនាកម្មករបាន។

លោក អ៊ូ សំអាន បានមានប្រសាសន៍ថា កម្មករប្រហែល៤០០នាក់បានមកដល់សាលាខេត្តនៅម៉ោង៧ព្រឹកដើម្បីបន្តការតវ៉ាជុំវិញការចាប់ខ្លួនមន្ត្រីទាំងនេះ ដោយពួកគេមួយចំនួនត្រូវបានហៅឲ្យចូលទៅក្នុងដើម្បីពិភាក្សាអំពីបញ្ហានេះ។
លោកបានថ្លែងថា “យើងបានហៅមន្ត្រីសហជីព និងកម្មករមួយចំនួនឲ្យមកជួបប្រជុំផ្អែកតាមជម្លោះកើតឡើងក្នុងរោងចក្រ ប៉ុន្តែ ពួកគេបានប្រកាសថា ប្រសិនបើយើងមិនដោះលែងមន្ត្រីសហជីពទាំងប្រាំរូបទេនោះ ពួកគេនឹងមិនពិភាក្សាឡើយ”។
ប៉ុន្តែ លោកអភិបាលខេត្តបានថ្លែងថា លោកត្រៀមខ្លួនសម្របសម្រួលការពិភាក្សាអំពីការទាមទារដំបូងរបស់កម្មករឲ្យមានលក្ខខណ្ឌប្រសើរឡើងនៅរោងចក្រនេះ ប៉ុន្តែ លោកមិនមានអំណាចក្នុងការពិភាក្សាអំពីការចាប់ខ្លួនអ្នកដែលជាប់ពាក់ព័ន្ធក្នុងការប៉ះទង្គិចគ្នានេះឡើយ។
លោកបានថ្លែងថា”ការដោះលែងពួកគេឬក៏អត់នោះ វាមិនមែនជាការទទួលខុសត្រូវរបស់យើងទេ។ ពួកគេបានប្រព្រឹត្តបទឧក្រិដ្ឋ ដូច្នេះពួកគេគួរតែស្នើទៅតុលាការ ឬព្រះរាជអាជ្ញា។ ប្រសិនបើពួកគេបន្តទាមទារឲ្យមានការដោះលែង យើងនឹងមិនហៅពួកគេឲ្យចូលរួមប្រជុំ ឬធ្វើការចរចាទៀតឡើយ”។
លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករបានពន្យល់ថា បន្ទាប់មក កម្មករពាក់កណ្តាលបានសម្រេចចិត្តធ្វើដំណើរមករាជធានីភ្នំពេញ ដោយមកដល់រាជធានីនៅម៉ោងប្រហែល១រសៀល ឈប់ពិសាអាហារ ថ្ងៃត្រង់យ៉ាងប្រញាប់ប្រញាល់មុនពេលធ្វើដំណើរឆ្ពោះទៅទីស្តីការគណៈរដ្ឋមន្ត្រី ដែលនៅទីនោះមន្ត្រីនគរបាលម្នាក់បានមកទទួលយកញត្តិរបស់ពួកគាត់។
បន្ទាប់មក កម្មករបានហែក្បួនទៅក្រសួងមហាផ្ទៃ ដោយព្យាយាមបត់តាមតីរវិថីព្រះសីុសុវត្ថិឆ្ពោះទៅភូមិគ្រឹះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទីដែលមន្ត្រីមួយរូបទៀតបានមកទទួលយកញត្តិរបស់ពួកគេដែរ។
ក្រៅពីការស្វះស្វែងឲ្យដោះលែងមន្ត្រីសហជីព ញត្តិនេះបានចោទលោក សុខ រ៉ាវុធ មេដឹកនាំសហជីពជាគូប្រជែងដែលគាំទ្ររោងចក្រថា បានញុះញង់ឲ្យមានការប្រើអំពើហិង្សាកាលពីថ្ងៃអង្គារ ។
លោក ប៉ាវ ស៊ីណា បានមានប្រសាសន៍ ថា ”យើងសង្ឃឹមថា រដ្ឋាភិបាលនឹងគិតអំពីពួកយើង ហើយដោះលែង [មន្ត្រីសហជីព]និងចាត់វិធានការប្រឆាំងលោក សុខ រ៉ាវុធ ដែលបានដឹកនាំមនុស្សមួយក្រុមឲ្យវាយមន្ត្រីរបស់យើង”។
លោកបានបន្ថែមថា “គឺលោក សុខ រ៉ាវុធ ដែលបានចាប់ផ្តើមអំពើហិង្សានេះ…ដូច្នេះគាត់គួរត្រូវទទួលទោសទណ្ឌតាមច្បាប់។ យើង ចង់ឲ្យលោករដ្ឋមន្ត្រីឃើញពីរបៀបធ្វើការងាររបស់នគរបាលខេត្តកំពង់ស្ពឺ។ពួកគេចាប់ខ្លួនមនុស្សដោយគ្មានព្យាយាមស្វែងរកការពិតឡើយ”៕សារុន