29 C
Phnom Penh

អធិការ​ស្រុក​​​ស្វាយអន្ទរ បាញ់​បុរស​ម្នាក់​ស្លាប់​​​​​​​​​​ទាំង​​​​​​បី​​​កូន​​​​​​ក្នុង​​​ដៃ អំឡុង​​បង្ក្រាប​​ល្បែង​​​​​​ជល់​​​​មាន់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អធិការ​​ម្នាក់​​នៅ​ក្នុង​ខេត្ត​ព្រៃវែង​ ត្រូវ​បាន​​ចាប់​ខ្លួន​កាលពី​ថ្ងៃ​ពុធ នៅ​​​ប៉ុន្មានម៉ោង​បន្ទាប់​​ពី​គាត់​បាញ់​​ស្លាប់​​​បុរស​ម្នាក់​​អំឡុង​ពេល​​ឆ្មក់​បង្ក្រាប​​សង្វៀន​ជល់មាន់​មួយ​កន្លែង​។

​​​អំឡុង​​​​​​​​ការ​ឆ្មក់​​​បង្ក្រាប​​​​​​នៅ​​​​​​​​​ពេល​​​​​​រសៀល​​​​​នេះ ជន​រង​​​គ្រោះ​​​​​​បាន​​​ត្រូវ​​​​​​​​គ្រាប់​​​​​​​​កាំ​​​ភ្លើង​​​​​​មួយ​​​គ្រាប់ ខណៈ​​​ពេល​​​គាត​​់កំពុង​បីកូន​ប្រុស​តូច​​​ក្នុង​ដៃ​ និង​ឈរ​​លើ​ដី​​របស់​ខ្លួន​​ជាប់​ព្រំប្រទល់​ដីឡូត៍​ទំនេរ​​ដែល​គេ​កំពុង​លេង​ល្បែង​ស៊ី​សង​​​ខុស​ច្បាប់​​​​។ ​​យោង​តាម​​លោក កឹម ផាន់នី មេបញ្ជាការ​រង​នៃ​កង​រាជអាវុធ​ហត្ថ​ខេត្ត​បាន​​ឲ្យ​ដឹង​ថា គ្រាប់​កំាភ្លើង​បាន​​​​​​ទម្លុះ​ក្បាល​របស់​បុរស​រងគ្រោះ​​ធ្លាយ​ទៅ​ម្ខាង​ទៀត​​​បណ្ដាល​ឲ្យ​ស្លាប់​ភ្លាមៗ​មួយ​រំពេច​​ និង​ធ្វើ​ឲ្យ​គាត់​​ជ្រុះ​កូន​តូច​​ពី​​ដៃ​បណ្ដាល​ឲ្យ​កូន​តូច​​​​នោះ​​​​​រង​របួស​ស្រាល។

​​លោក​មាន​ប្រសាសន៍​ថា លោក ពុំ កាន់​ អធិការ​ស្រុក​ស្វាយ​អន្ទរ កន្លែង​ដែល​កើត​មាន​​​​​​​ឧប្បត្តិ​​​ហេតុ​​​​​​​​​​​​​​​​នេះ បាន​​​​​ផ្ទុះ​​​​​​អាវុធខ្លី​​​កា៥៩​​របស់​ខ្លួន​ឡើង​លើ​ដើម្បី​ព្រមាន​អ្នក​លេង​ល្បែង​​កុំ​ឲ្យ​រត់គេច​ខ្លួន ​ហើយ​បាន​គេច​ខ្លួន​​​​ពី​កន្លែង​កើត​ហេតុ នៅ​ពេល​ជន​រងគ្រោះ​​ កិះ ​អុឹម ​អាយុ​៥៣​ឆ្នាំ​ដួល​ទៅ​នឹង​ដី​។

លោក​​បន្ត​ថា ​”​យើង​បាន​រក​ឃើញ​​សម្បក​​​គ្រាប់​នៅ​ចម្ងាយ​ប្រហែល​១០​ម៉ែត្រ​ពី​កន្លែង​​​ជន​រងគ្រោះ​ឈរ​ នៅ​ពេល​គាត់​ស្លាប់​។ វា​មិន​ត្រឹម​ត្រូវ​ទេ​ដែល​មន្ត្រី​អនុវត្តន៍​​​ច្បាប់​បាញ់​​គេ​ស្លាប់​បែប​នេះ ប៉ុន្តែ​ខ្ញុំ​គិត​ថា វា​​​​​​​ជា​រឿង​​​អចេតនា​​ គាត់​បាញ់​ឡើង​លើ​ជា​ការ​ព្រមាន​ ប៉ុន្តែ​បែរ​ជា​ត្រូវ​ជន​រងគ្រោះ​ដោយ​ចៃដន្យ”។ ​​​លោក​​បញ្ជាក់​ថា លោក ពុំ កាន់ បាន​ប្រគល់​ខ្លួន​ឲ្យ​នគរ​បាល​ខេត្ត​​ក្នុង​រយៈ​ពេល​​១ម៉ោង​​បន្ទាប់ពី​ចាក​ចេញ​ពី​កន្លែង​កើត​ហេតុ។

លោក​​ ស្រេង ជា ស្នង​ការ​ខេត្ត​​បាន​មាន​ប្រសាសន៍​ថា លោក​បាន​បញ្ជា​ឲ្យ​មន្ត្រី​របស់​លោក​ចាប់​ខ្លួន​លោក ពុំ កាន់ បន្ទាប់ពី​ទទួល​បាន​ដំណឹង​​​​ជុំវិញ​​​ឧប្បត្តិ​​​ហេតុ​នេះ ប៉ុន្តែ​​​បដិ​សេធ​​​​មិន​​​​​​និយាយ​ថា ​​ការ​ចាប់​ខ្លួន​​​​នេះ​​​ធ្វើ​ឡើង​​​នៅ​កន្លែង​ណា នៅ​ពេល​ណា​ ឬ​ដោយ​​វិធី​ណា​​ឡើយ​​។ លោក​​​​ថ្លែង​​​​ថា “​គាត់​បាន​ប្រាប់​យើង​ថា ​​ពេល​គាត់​ទៅ​ដល់ [សង្វៀន​ជល់​មាន់] មនុស្ស​​​ព្យាយាម​រត់​គេច​ខ្លួន ដូច្នេះហើយ​គាត់​ក៏​ផ្ទុះ​អាវុធ​ឡើង​លើ​​​តែ​​​ម្ដង​​​​​ទៅ ប៉ុន្តែ​គាត់​មិន​ដឹង​ថា ​គ្រាប់​កាំភ្លើង​ត្រូវ​ជន​រងគ្រោះ​ដោយ​របៀប​ណា​ទេ។ យើង​មិន​ដឹង​ពី​ស្ថានភាព​​​ដែល​គាត់​​ផ្ទុះ​អាវុធ​ទេ”។

​​ឧត្ដម​សេនីយ៍​ត្រី ស្រេង ជា បាន​​​លើក​​​ឡើង​​​​​​បន្ត​​​ថា អ្នក​​​​បាញ់​ប្រហារ​កំពុង​​​ជាប់​​​ក្នុង​មន្ទីរ​ឃុំឃាំង​​​​​​នៅ​​​​ស្នងការដ្ឋាន​នគរ​បាល​ខេត្ត​ ហើយ​ប្រហែល​ជា​ត្រូវ​បញ្ជូន​ខ្លួន​ឡើង​តុលា​ការ​នៅ​ថ្ងៃ​នេះ។ ​លោក​​​បដិសេធ​មិន​ឆ្លើយ​សំណួរ​បន្ថែមទៀត​ទេ។

លោក​ យ៉េង វឿន អាយុ​៣២​ឆ្នាំ ដែល​និយាយ​ថា​​​​​​ខ្លួន​​​​​បាន​​​​​មើល​​ការ​ជល់​មាន់​នោះ​​​ដែរ ប៉ុន្តែ​មិន​បាន​ភ្នាល់​​​​​​​​នោះ​​​ បាន​​​រៀប​​​រាប់​​​​​​ថា មន្ត្រី​នគរ​បាល​៦ទៅ៧​នាក់​បាន​​​​បង្ហាញ​ខ្លួន​នៅ​ម៉ោង​​ប្រហែល​៣និង​៥០​នាទី​រសៀល​ ហើយ​បាន​ព័ទ្ធ​អ្នក​ចូល​រួម​​​លេង​​​ល្បែង និង​អ្នក​​​មើល​មួយ​ក្រុម​មាន​គ្នា​ពី​២០ទៅ​៣០​នាក់​ ដែល​​​ឈរ​​​នៅ​លើ​ដីឡូត៍​ទំនេរ​ក្នុង​ឃុំ​ព្រៃខ្លា។

គាត់​និយាយ​ទៀត​ថា លោក​ ពុំ​ កាន់​ បាន​​​​​​ដើរ​​​​​​ចូល​ទៅ​ជិត​ក្រុម​នេះ​តែ​ម្នាក់​ឯង​​ ហើយ​​​​គ្មាន​​​អ្នក​​​ណា​​​ម្នាក់​​​រត់​គេច​ខ្លួន​ឡើយ រហូត​ទាល់​​​តែ​​​គាត់​​​ដក​កាំភ្លើង​​របស់​ខ្លួន​ចេញ​​​មក​​​​។ “​​ពេល​​​​ខ្ញុំ​ឃើញ​​អធិការ​​​ដក​កាំភ្លើង​ខ្លី​ចេញ​មក​​ ខ្ញុំ​ក៏​​​រត់​ទៅ​ពួន​​​ខាង​ក្រោយ​ផ្ទះ​មួយ​​​​ចម្ងាយ​​​ប្រហែល​៣០​ម៉ែត្រ។ ពេល​នោះ​​ខ្ញុំ​​ឮ​ស្នូរ​កាំភ្លើង​​ និង​មនុស្ស​ស្រែក​យំ​សុំ​ឲ្យ​ជួយ​​។ ជន​រងគ្រោះ​ឈរ​​​​​​លើ​ដី​របស់​​​​គាត់​​​បី​កូន​​នៅ​​ក្នុង​ដៃ​។ ខ្ញុំ​​​ឈប់​មើល​​​គេ​​​​ជល់​មាន់​ទៀត​ហើយ”។

​​​បុរស​​​រូប​នេះ​​បាន​​​​​​​​​​និយាយ​​​បន្ត​​​​​​ថា កាល​​​ពី​៤​​​ឬ៥​ថ្ងៃ​មុន​​​​ហេតុ​​​ការណ៍​​​បាញ់​ប្រហារ​នេះ លោក ពុំ កាន់ ​​​ធ្លាប់​​​បាន​​​​មក​​ដី​ឡូត៍​ទំនេរ​នេះ​​​​ហើយ​​​បាន​​​ជួប​ជន​រងគ្រោះ​ និង​​​​សួរ​រក​ម្ចាស់​ដី​។ “​ជន​រងគ្រោះ​ប្រាប់​គាត់​ថា ម្ចាស់​ដី​​​​បាន​​​ស្លាប់​ហើយ​។ ប៉ូលិស​បាន​បន្ត​ថា ‘យើង​ចង់​និយាយ​ជាមួយ​ម្ចាស់​ដី’។ ជន​រងគ្រោះ​​​​ក៏​​​​​​និយាយ​​​​​​តប​​​ថា ‘បើ​​លោក​ឯង​ចង់​និយាយ លោក​ឯង​ទៅ​​​​កន្លែង​​​​កប់​ខ្មោច​ទៅ’”។

​លោក​​​ស្រី គឹម លី អ្នក​សម្រប​​​សម្រួល​របស់​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក​ប្រចាំ​ខេត្ត​​ត្បូង​ឃ្មុំ​ បាន​មាន​​ប្រសាសន៍​ថា សាក្សី​​​​ខ្លះ​​​​បាន​រៀបរាប់​អំពី​​ហេតុការណ៍​បាញ់​ប្រហារ​នេះ​ស្រដៀង​នឹង​គាត់​ដែរ​។ ​​លោក​​​​​​ស្រី​​​ថ្លែងថា​​​”សាក្សី​​បាន​និយាយ​ថា អធិការ​​រូប​នេះ​បាន​ដើរ​​​​ចូលទៅ​ទីតាំង​ជល់មាន់​ រួច​​​ដក​កាំភ្លើង​បាញ់​​​​តែម្ដង។ បន្ទាប់ពី​បាញ់​រួច ​គាត់​បាន​​​ជិះឡាន​​​របស់​គាត់​គេច​ខ្លួន​ពី​កន្លែង​កើត​ហេតុ”។

លោកស្រី​បាន​បន្ត​ថា សាក្សី​​ខ្លះ​បាន​ប្រាប់​គាត់​ថា អធិការ​រូប​នេះ​​​​​​​​ហាក់​​​ដូច​​​ជា​​​​​​​​មាន​​​​​​​​​​​​ចេត​នា​​​​​សំដៅ​​​ទៅ​រក​ជន​រងគ្រោះ ​បាញ់​​​​ជន​​​រង​​​គ្រោះ​​​​ដោយ​​​ចេតនា​ ចំណែក​ឯ​អ្នក​ខ្លះទៀត​និយាយ​ថា គាត់​បាញ់​​​ទៅ​លើ​ហ្វូងមនុស្ស​ដោយ​មិន​ខ្វល់​ពីគ្រោះ​ថ្នាក់​​​ឡើយ​។

​​​នៅ​​​ក្នុង​​ករណី​ស្រដៀង​​គ្នា​​​មួយ​​កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៤ បុរស​ម្នាក់​ឈ្មោះ ឆៃ អឿន​ ដែល​ជាអ្នក​ឈរ​មើល​ការ​ជល់មាន់​​​នៅ​ក្នុង​ខេត្តត្បូង​ឃ្មុំ បាន​​​ត្រូវ​​​គ្រាប់​​​​​កាំភ្លើង​​​​​​ស្លាប់​​អំឡុង​​​​​ពេល​នគរ​បាល​ឆ្មក់​បង្ក្រាប​។ ​មន្ត្រី​នគរ​បាល​ដែល​​ចូល​រួម​ក្នុង​ប្រតិបត្តិការ​នោះ​បាន​អះ​អាង​​​​​​ថា ខ្លួន​បាញ់​ព្រមាន​ឡើង​លើ ហើយ​គ្រាប់​​​កាំភ្លើង​បាន​ប្លាត​ត្រូវ​ដើម​ឈើ​​មួយ​ដើម​​ ហើយ​​​​​​ឆេវ​​​មក​​​​ត្រូវ​ចំដើម​ទ្រូង​​បុរស​វ័យ​២៥​ឆ្នាំ​នេះ​​បណ្ដាល​ឲ្យ​​ស្លាប់​ភ្លាមៗ​​​មួយ​​​រំពេច។

មន្ត្រី​នគរ​បាល​​​ប្រាំ​​​មួយ​​​នាក់​ត្រូវ​បាន​ព្យួរ​ភារកិច្ច​​​ដោយ​សារ​ឧប្បតិហេតុ​នេះ ប៉ុន្តែ​​​​គ្មាន​ការ​ចោទ​ប្រកាន់​​​​ឡើយ ចំណែកឯ​អ្នក​ចូល​រួម​​​​​ការ​​​ជល់​មាន់​​​​​ប្រាំនាក់​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​លេង​​​ល្បែង​ស៊ីសង​ខុស​ច្បាប់​។

ពេល​ទាក់​ទង​កាលពី​ម្សិលមិញ លោក ប្រាក់ ប៊ុនណុន ស្នងការ​ខេត្ត​ត្បូងឃ្មុំ ថ្លែង​ថា នគរ​​​​​បាល​​​ទាំងប្រាំមួយ​នាក់​​នោះកំពុង​​​ត្រូវ​​​បាន​​​ព្យួរ​ភារកិច្ច​​​​នៅ​ឡើយ ហើយ​​​​​សំណុំ​​​រឿង​​​​នេះ​​​ធ្លាក់​​ក្នុង​ដៃ​មន្ត្រី​សាលា​ដំបូង​ខេត្ត​កំពង់ចាម ​​​ដោយ​​​សារ​​​តែ​​​តុលាការ​​​​​​ក្នុង​​​ខេត្ត​ត្បូងឃ្មុំ​ មិន​ទាន់​​​​បង្កើត​ឡើង​នៅ​​​ពេល​​​ឆ្មក់​បង្ក្រាប​នោះ។

ចំណែក​​​ឯ​​​លោក ហួត វុទ្ធី ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​ខេត្ត​កំពង់ចាម ​បាន​បដិសេធ​មិន​និយាយ​អំពី​​សំណុំរឿង​នេះ​ទេ៕ សុខុម​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស