26 C
Phnom Penh

ធនាគារ​​​ ANZ បណ្តេញ​​​គ្រួសារ​​​​​​មួយ​​​ដែល​​​អះ​​​អាង​​​ថា ខ្លួន​​​ចាញ់បោក​​​ឧកញ៉ា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ការ​​​តតាំង​​​ផ្នែក​​​ច្បាប់​​​ដ៏​​​រ៉ាំរ៉ៃ​​​របស់​​​គ្រួសារ​​​មួយ​​​ដើម្បី​​​រារាំង​​​កុំ​​​ឲ្យ​​​ធនាគារ​​​ ANZ Royal រឹបអូស​​​យក​​​​​​អចលនទ្រព្យ​​​របស់​​​ខ្លួន​​​នៅ​​​ក្នុង​​​ក្រុង​​​ប៉ៃលិន​​​ ដែល​ជា​​​ទ្រព្យ​​​បញ្ចាំ​​​សម្រាប់​​​ឲ្យ​ឧកញ៉ា​​​ម្នាក់បានខ្ចី​ប្រាក់​ពី​​ធនាគារនេះ​ ​​​​​បាន​​​បញ្ចប់​​​​ដោយ​មាន​ការ​​​បណ្តេញ​​​ចេញ​​​ដែល​មាន​សភាព​យ៉ាង​រញ៉េរញ៉ៃ​​​​​​​​កាល​​​ពី​​​ម្សិល មិញ ទោះ​​​បី​​​ជា​​​គ្រួសារ​​​នេះ​​​ខិត​​​ខំ​​​ធ្វើ​​​យ៉ាង​​​ណា​​​កុំ​​​ឲ្យ​​​នគរ​​​បាល​​​ចូល​​​ទៅ​​​ជិត​​​ដោយ​​​ការ​​​ដុត​​​សម្បក​​​កង់​​​ឡាន​​​ដែលត្រូវបាន​ប្រើ​ប្រាស់​​​​ធ្វើ​​​ជា​​​របាំង​​​នៅ​​​ជុំ​​​វិញ​​​អចលនទ្រព្យ​​​របស់​​​ខ្លួន​​​ក៏​​​ដោយ​​​។

នគរបាល​​​ និង​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ប្រហែល ​​​៥០​​​នាក់​​​បាន​​​ទៅ​​​ដល់​​​ទីលំនៅ​​​​នេះ​​​ដែល​​​ស្ថិត​​​នៅ​​​​​​ក្នុង​​​សង្កាត់​​​ប៉ៃលិន​​​ កាល​​​ពី​​​ព្រឹក​​​ម្សិលមិញ  ហើយ​​​បន្ទាប់​​​ពី​​​រថយន្ត​​​ពន្លត់​​​​​អគ្គិភ័យ​​​ត្រូវ​​​បាន​​​ហៅ​​​ឲ្យ​​​មក​​​បាញ់​​​ពន្លត់​​​របាំង​សម្បក​​​កង់​​​ឡាន​​​ដែល​​​ឆាប​​​ឆេះ​​​​ អាជ្ញាធរ​​​បាន​​​បណ្តេញ​​​គ្រួសារ​​​នេះ​​​ដែល​​​មាន​​​សមាជិក​​​១០​​​នាក់​​​ចេញ​​​ ហើយ​​​ រឹបអូស​យក​​​​អ្វី​​​ៗ​​​គ្រប់​​​យ៉ាង​​​ដែល​​​អាច​​​​​​យក​​​បាន​​​​។

វា​​​គឺ​​​ជា​​​ការ​​​បញ្ចប់​​​មួយ​​​ដែល​​​មាន​​​សភាព​​​ខ្លាំង​​​ក្លា​​​ចំពោះ​​​ការ​​​តតាំង​​​ផ្នែក​​​ច្បាប់​​​ដ៏​​​ស្មុគ​​​ស្មាញ​​​ដែល​​​បាន​​​​កើត​​​ឡើង​​​រយៈ​​​ពេល​​​៦​​​ឆ្នាំ​​​កន្លង​​​មក​​​ហើយ បន្ទាប់​​​ពី​​​លោក ជា​​​ ឆេន​ អាយុ​​​ ៥៥​​​ឆ្នាំ បាន​​​ចុះ​​​ហត្ថលេខា​​​ធ្វើ​​​ជា​​​អ្នក​​​ធានា​​​ឲ្យ​​​អ្នក​​​ជំនួញ​​​ម្នាក់​​​ឈ្មោះ សុខ រ៉ាថន បាន​​​​ខ្ចី​​​ប្រាក់​​​ជិត​​​១លាន​​​ដុល្លារ​​​ពី​​​សាខា​​​ធនាគារ​​​ ANZ ខេត្ត​​​បាត់​​​ដំបង​​​ នេះ​​​បើ​​​យោង​​​តាម​​​អាជ្ញាធរ​​​ខេត្ត​​​និង​​​មេធាវី​​​របស់​​​គ្រួសារ​​​នេះ។

លោក​​​ ជុំ សែនសុធា ​​​ព្រះរាជ​​​អាជ្ញា​​​អម​​​សាលា​​​ដំបូង​​​ខេត្ត​​​ប៉ៃលិន ដែល​​​ដឹក​​​នាំ​​​ក្រុម​​​ដែល​​​ត្រូវ​​​បាន​​​ចាត់តាំង​ឲ្យ​មក​​​​​រឹប​​​អូស​​​យក​​​អចលនទ្រព្យ​​​នេះ​​​បាន​​​លើក​​​ឡើង​​​ថា ការ​​​បណ្តេញ​​​ចេញ​​​គឺ​​​ជា​​​វិធានការ​​​ចុង​​​ក្រោយ​​​បន្ទាប់​​​ពី​​​តុលាការ​​​កំពូល​​​​​​សម្រេច​​​ឲ្យ​​​ធនាគារ​​​ANZ ឈ្នះ​​​ក្តី​​​​​​កាល​​​ពី​​​ខែ​​​ធ្នូ​​​ឆ្នាំ​​​មុន​​​។

កាល​​​ពី​​​​​​ឆ្នាំ​​​២០១០ លោក ជា ឆេន​ បាន​​​ចុះ​​​ហត្ថលេខា​​​យល់ព្រម​ធ្វើ​​​ជា​​​អ្នក​​​ធានា​​ឲ្យ​​​លោក​​​ សុខ រ៉ាថន បាន​​​ខ្ចី​​​ប្រាក់​​​ពី​​​ធនាគារ​​​នេះ ​​​ទោះ​​​ជា​​​យ៉ាង​​​ណា​​​ប្រពន្ធ​​​របស់​​​លោក​​​ គឺ​​​អ្នក​​​ស្រី ឡុង ស៊ីឌឿន អាយុ​​​៤២​​​ឆ្នាំ បាន​​​អះ​​​អាង​​​ថា ប្តី​​​របស់​​​គាត់​​​មិន​​​ដឹង​​​ថា​​​ខ្លួន​​​កំពុង​​​ចុះ​​​ហត្ថលេខា​​​លើ​​​អ្វី​​​ទេ​​​ ហើយមិនដឹង​ថា​ហេតុ​អ្វីដែរ​ ដោយ​​​លើក​​​ឡើង​​​ថា ពួក​​​គាត់​​​ជឿ​​​ទុក​​​ចិត្ត​​​លោក សុខ រ៉ាថន ដោយ​​​សារ​​​តែ​​​តំណែង​​​របស់​​​គាត់ និង​​​ដោយ​​​សារ​​​តែ​​​គាត់​​​ និង​​​ឪពុក​​​របស់​​​គាត់​​​គឺ​​​ជា “អ្នក​​​ជិត​​​ស្និទ្ធ​​​​​ជាមួយ​​​គ្រួសារ​​​របស់​​​ខ្លួន​​​​​​”។

ឪពុក​​​របស់​​​លោក សុខ រ៉ាថន ដែល​​​ជា​​​មន្ត្រី​​​ ក្នុងជួរ​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​បាន​​​ជួប​​​​លោក ជា ឆេន​ អំឡុង​​​ការ​​​ចរចា​​​របស់​​​រដ្ឋាភិ​​​បាល​​​ជាមួយ​​​ខ្មែរ​​​ក្រហម​​​ក្នុង​​​ខេត្ត​​​ប៉ៃលិន ​​​កាល​​​ពី​​​២០​​​ឆ្នាំ​​​មុន ដែល​​​នៅ​​​ពេល​​​នោះ ​​​លោក ជា​​​ ឆេន​ គឺ​​​ជា​​​ទាហាន​​​ខ្មែរ​​​ក្រហម​​​មួយ​​​រូប​​​។ អ្នក​​​ស្រី​​ ឡុង ស៊ីឌឿន ​​​​​​​​​​​​ បាន​​​និយាយ​​​ថា ​​​”យើង​​​បាន​​​សម្រេច​​​ចិត្ត​​​ឲ្យ​​​​​​ប្លង់​​​ដី​​​របស់​​​យើង​​​ទៅ​​​គាត់​​​ដើម្បី​​​ខ្ចី​​​ប្រាក់​​​​​​មក​​​រក​​​ស៊ី​​​ ព្រោះ​​​យើង​​​ជឿ​​​ទុក​​​ចិត្ត​​​គាត់​​​ ដោយ​​​សារ​​​គាត់​​​គឺ​​​ជា​​​ឧកញ៉ា​​​”។

ងារឧកញ៉ា​​​ត្រូវ​​​បាន​​​ផ្តល់​​​ទៅ​​​ឲ្យ​​​អ្នក​​​នយោ​​​បាយ​​​ ឬ​​​អភិជន​​​នៅ​​​ក្នុង​​​សង្គម​​​ដែល​​​បរិច្ចាគ​​​ប្រាក់​​​យ៉ាង​​​តិច​​​១០០.០០០ដុល្លារ​​​ចូល     ​​​រដ្ឋាភិ​​​បាល​​​។

អ្នកស្រី ឡុង ស៊ីឌឿន​ បាន​បន្ថែមថា​ ពី​​​មុន​​​ លោក សុខ រ៉ាថន ធ្លាប់​​​ជួយ​​​គ្រួសារ​​​របស់​​​គាត់​​​ដើម្បី​​​ទទួល​​​បាន​​​​​ប័ណ្ណ​​​កម្មសិទ្ធិ​​​​​​ស្រប​​​ច្បាប់​​​សម្រាប់​​​អចលនទ្រព្យ​​​របស់​​​ពួក​​​គាត់។ “ គ្រួសារ​​​​​​របស់​​​គាត​​​់ក៏​​​ធ្លាប់​​​ជួយ​​​យើង​​​រត់​​​ឯកសារ​​​ និង​​​ធ្វើ​​​ប័ណ្ណ​​​កម្មសិទ្ធិ​​​ដីធ្លី​​​ឲ្យ​​​យើង​​​ដោយ​​​​​​ពុំ​​​ចាំ​​​បាច់​​​បង់​​​ថ្លៃ​​​អ្វី​​​ឡើយ​​​… យើង​​​មិន​​​ដឹង​​​ថា គេ​​​យក​​​ប្លង់​​​ដី​​​របស់​​​យើង​​​ទៅ​​​ដាក់​​​នៅ​​​ធនាគារ ហើយ​​​បោក​​​ប្រាស់​​​យើង​​​ដូច្នេះ​​​ឡើយ​​​”។

បន្ទាប់​​​ពី​​​លោក សុខ រ៉ាថន ខក​​​ខាន​​​មិន​​​បាន​​​បង់​​​ប្រាក់​​​ឲ្យ​​​ធនាគារ​​​ ធនាគារ​​​បាន​​​មក​​​​​​ដល់ផ្ទះ​​​របស់​​​​​​គ្រួសារ​​​នេះ​​​​​​​នៅក្នុង​​​​​​​​​ឆ្នាំ​​​២០១៣ ហើយ​ក្រោយ​​​​​​មក ​​​ប្តី​​​ប្រពន្ធ​​​​​​ទាំង​​​ពីរ​​​នាក់​​​នេះ​​​ ​​​បាន​​​ដាក់​​​​​​ពាក្យ​​​បណ្តឹង​​​ទៅ​​​កាន់​​​សាលាដំបូង​ខេត្ត​​​បាត់​​​ដំបង។

ដំបូង​​​ឡើយ​​​សាលា​​​ដំបូង​​​ខេត្ត​​​បាត់​​​ដំបង​​​បាន​​​សម្រេច​​​ឲ្យ​​​អ្នក​​​ស្រី ឡុង ស៊ីឌឿន និង​​​លោក ជា ឆេន​ ឈ្នះ​​​ក្តី​​​​​​ដោយ​​​ប្រគល់​​​ប័ណ្ណ​​​កម្មសិទ្ធិ​​​ដី​​​ធ្លី​​​ឲ្យ​​​ពួក​​​គាត់​​​វិញ និង​​​​​​ផ្តល់​​​សំណង​​​៤០​​​លាន​​​រៀល​​​កាល​​​ពី​​​ខែ​​​កក្កដា​​​​ ឆ្នាំ​​​២០១៤។​​​

បន្ទាប់​​​មក​​​ទៀត ​​​តុលាការ​​​កំពូល​​​បាន​ប្រែ​​​ក្រឡាស់​សាល​​​ក្រម​​​​​​នេះ​​​ ហើយ​​​​​​​​​សម្រេច​​​​​ឲ្យ​​​​ធនាគារ ANZ ​​​ឈ្នះក្តី​​។ សេចក្តី​​​សម្រេច​​​របស់​​​តុលាការ​​​កំពូល​​​ក្នុង​​​ពេល​​​ថ្មី​​​ៗ​​​បាន​​​តម្កល់​​​សេចក្តី​​​សម្រេច​​​នោះ​​​​។

បច្ចុប្បន្ន​​​​​​ លោក​​​ សុខ រ៉ាថន កំពុង​​​អនុវត្ត​​​ទោស​​​ជាប់​​​ពន្ធនាគារ​​​រយៈ​​​ពេល​​​១​​​ឆ្នាំ នៅ​ក្នុង​​​​ពន្ធនាគារ​​​ប៉េហ្ស៊ី ពាក់​​​ព័ន្ធ​​​ការ​​​ចោទ​​​ប្រកាន់​​​ដាច់​​​ដោយ​​​ឡែក​​​ផ្សេង​​​ទៀត​​​ពី​​​បទ​​​ឆបោក​​​បន្ទាប ់​​​ ពី​​​ត្រូវ​​​បាន​​​រក​​​ឃើញ​​​ថា​​​ មាន​​​ពិរុទ្ធភាព​​​កាល​​​ពី​​​ខែ​​​មិថុនា​​​ឆ្នាំ​​​មុន​​​ ពី​​​បទ​​​ឆបោក​​​​យក​ប្រាក់ អស់​​​ចំនួន​​​​២,៥លាន​​​ដុល្លារ​​​ពី​ស្ត្រីម្នាក់​ឈ្មោះ ​មាស សុភា​រី កូន​​​ស្រី​​​របស់​​​លោក មាស សុភា អគ្គ​មេបញ្ជាការ​​​រង​​​កង​​​យោធពល​​​ខេមរភូមិន្ទ​​​។

លោក​​​ Grant Knuckey នាយក​​​ប្រតិបត្តិ​​​ធនាគារ​​​ ANZ Royal បាន​​​លើក​​​ឡើង​​​ថា ការ​​​អះ​​​អាង​​​មិន​​​ជាប់ពាក់ព័ន្ធ​របស់​​​ប្តី​​​ប្រពន្ធ​​​ទាំង​​​ពីរ​​​​​​នាក់​​​នេះ​​​​​​​​​​​​​​​ដោយ​​​សារ​​​តែ​​​ពួកគាត់​មាន​កាតព្វ​​​កិច្ច​​​ត្រឹម​​​តែ​​​​​​ជា​​​អ្នក​​​ធានា​​​​​​នោះ​ ត្រូវ​​​តុលាការ​ច្រានចោល​​​​​ម្តង​​​ហើយ​​​ម្តង​​​ទៀត​​​។

លោក​​​បាន​​​លើក​​​ឡើង​​​តាម​​​រយៈ​​​អីុម៉េល​​​មួយ​​​ថា “ខណៈ​​​យើង​​​​​មិន​​​បាន​​​ធ្វើ​​​អត្ថាធិប្បាយ​​​លម្អិត​​​នៅ​​​ក្នុង​​​សំណុំ​​​រឿង​​​បុគ្គល​​​ ដំណើរ​​​ការ​​​នីតិវិធី​​​នៅ​​​តែ​​​បន្ត​​​ ហើយ​​​អ្នក​​​ធានា​​​ត្រូវ​​​បាន​​​ផ្តល់​​​ឱកាស​​​ឲ្យ​​​ជា​​​ច្រើន​​​លើក​​​ច្រើន​​​សា​​​ក្នុង​​​រយៈ​​​​​​ពេល​​​​​​​​​៣​​​ឆ្នាំ ដើម្បី ដោះ​​​ស្រាយ​​​រឿង​​​ខ្ចី​​​ប្រាក់​​​នេះ​​​”។

ដោយ​​​ឆ្លើយ​​​តប​​​ទៅនឹង​​​សំណួរ​​​ថា តើ​​​គ្រួសារ​​​នេះ​​​ត្រូវ​​​បាន​​​ជូន​​​ដំណឹង​​​គ្រប់​​​គ្រាន់​​​ពី​​​ការ​​​ទទួល​​​ខុស​​​ត្រូវ​​​ផ្នែក​​​ច្បាប់​​​​​​ពេល​​​ចុះ​​​ហត្ថ​​​លេខា​​​លើ​​​កិច្ច​​​ព្រម​​​ព្រៀង​​​​នេះ​ឬក៏អត់​​នោះ​​​លោក​​​បាន​​​បន្ត​​​ថា “សេចក្តី​​​សម្រេច​​​របស់​​​តុលាការ​​​រួម​​​មាន​​​ការ​​​​​​ត្រួត​​​ពិនិត្យ​​​យ៉ាង​​​ពេញ​​​លេញ​​​លើ​​​ការ​​​ចោទ​​​ប្រកាន់​​​ដូច​​​ដែល​​​មាន​​​រៀប​​​រាប់​​​ខាង​​​ក្រោម​​​នៅក្នុងអីុម៉េល​។ ការ​​​បណ្តេញ​​​គឺ​​​ជា​​​វិធានការ​​​ចុង​​​ក្រោយពេល​​​​ប្រើ​​​គ្រប់​​​មធ្យោបាយ​​​​​​ហើយ​​​នៅ​​​តែ​​​គ្មាន​​​ដំណោះ​​​ស្រាយ​​​​​​”។

ទោះ​​​បី​​​ជា​​​យ៉ាង​​​នេះ​​​​ក្តី ប្តី​​​ប្រពន្ធ​​​ទាំង​​​ពីរ​​​នាក់​​​នេះ​​​ បាន​​​លើក​​​ឡើង​​​កាល​​​ពី​​​ម្សិលមិញ​​​ថា ពួក​​​គាត់​​​មិន​​​ដឹង​​​ថា ត្រូវ​​​​​​ដេក​​​នៅ​​​កន្លែង​​​ណា​​​ឡើយ​​​នៅ​​​យប់​​​នោះ បន្ទាប់​​​ពី​​​ត្រូវ​​​បាន​​​បណ្តេញ​​​ ចេញ​​​ពី​​​អចលនទ្រព្យ​​​របស់​​​ខ្លួន​​​ដែល​​​ធ្លាប់​​​រស់​​​នៅ​​​អស់​​​រយៈ​​​ពេល​​​៣០​​​ឆ្នាំ​​​កន្លង​​​មក​​​ហើយ​​​។

អ្នក​ស្រី ឡុង ស៊ីឌឿន បាន​​​សួរ​​​ថា “ពួក​​​គេ​​​រឹប​​​អូស​​​អ្វី​​​គ្រប់​​​យ៉ាង​​​ដែល​​​យើង​​​មាន​​​។ អ៊ីចឹង​​​តើ​​​យើង​​​ត្រូវ​​​ទៅ​​​ទីណា​​​ទៅ​​​​​​?”។

លោក​​​ ជុំ សែនសុធា​​​ ព្រះរាជ​​​អាជ្ញារង​​​​​​អម​​​​​​សាលា​​​ដំបូង​​​ខេត្ត​​​បាន​​​​​​លើក​​​​​​ឡើង​​​ថា របស់​​​របរ​​​ផ្ទាល់​​​ខ្លួន​​​របស់​​​គ្រួសារ​​​នេះ​​​នឹង​​​ត្រូវ​​​ប្រគល់​​ឲ្យ​​​វិញ​​​នៅ​​​ពេល​​​ណា​​​មួយ​​​​​​ក្នុង​​​ពេល​​​អនាគត៕ ស៊ុយឈាង (រាយការណ៍​​​បន្ថែម​​​ដោយ Taylor O’Connell)

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស