លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្លែងទៅកាន់អ្នកយកព័ត៌មានក្នុងក្រុងភ្នំពេញកាលពីថ្ងៃសុក្រ។ រូបថត: ខឹម សុវណ្ណារ៉ា

ប័ណ្ណសារ

លោក ទេព នីថា នៅ​​​តែ​​​ជា​​​អគ្គលេខាធិការ ​​​គ.ជ.ប.​​​ ដដែល

By

January 16, 2016

កាល​​​ពី​​​ថ្ងៃ​​​សុក្រ បន្ទាប់​​​ពី​​​ការ​​​ប្រជុំ​​​បិទ​​​ទ្វារ​​​រយៈ​​​ពេល​​​៣​​​ម៉ោង​មក គណៈកម្មាធិការ​​​ជាត​ិ​​​រៀបចំ​ការ​​​បោះឆ្នោត​​​បាន​​​តែងតាំង​​​លោក ទេព​ នីថា ជា​​​ថ្មី​​​ឲ្យ​​​ធ្វើ​​​ជា​​​អគ្គលេខាធិការ​​​នៃ​​​ស្ថាប័ន​​​ ​​​​​​​​​ដែល​​​​​កែ​​​ទម្រង់​​​ថ្មី​នេះ បើ​​​ទោះ​​​ជា​​​យ៉ាង​​​ហោច​​​ណាស់​​​មាន​សមាជិក​​​ម្នាក់​​​ក្នុង​​​ចំណោម​​​សមាជិក​​​៩​​​នាក់​​​របស់​​​ខ្លួន​​​មិន​​​យល់​​​ព្រម​​​​​​ដោយ​​​ផ្ទាល់​​​នឹង​​​សេចក្ដី​​​សម្រេច​​​នេះ​​​ក៏​​​ដោយ។

ការ​ដែល ឈ្មោះ​​​របស់​​​លោក ទេព នីថា ​​​មាន​​​ក្នុង​​​បញ្ជី​​​ក្នុង​​​ចំណោម​​​បេក្ខជន​​​ជ្រើស​​​រើស​​​​​​សម្រាប់​​​តំណែង​​​អគ្គលេខាធិការ​នោះ បាន​​​ធ្វើ​​​ឲ្យ​​​មាន​​​ការ​​​ភ្ញាក់​​​ផ្អើល​​​ដល់​​​អ្នក​​​ដែល​​​សន្មត​​​ជា​​​មុន​​​ថា មុខ​​​មាត់​​​ថ្មី​​​ នឹង​​​កាន់​​​តំណែង​​​ដ៏​​​សំខាន់​​​នេះ​​​ បន្ទាប់​​​ពី​​​មាន​កិច្ច​​​ព្រមព្រៀង​​​ឆ្នាំ​​​២០១៤​​​ដើម្បី​កែ​​​ទម្រង់​​​គណៈកម្មការ​​​ជាតិ​​​រៀបចំ​​​ការ​​​បោះ​​​ឆ្នោត​នេះ។

ថ្លែង​​​ទៅ​​​កាន់​​​អ្នក​​​យក​​​ព័ត៌មាន​​​នៅ​​​ទីស្នាក់ការ​​​គណៈកម្មាធិការ​​​ជាតិ​​​រៀបចំ​​​ការ​​​បោះ​​​ឆ្នោត​​​នៅ​​​ខាង​​​ក្នុង​​​ក្រសួង​​​មហាផ្ទៃ​​​ លោក ស៊ិក ប៊ុនហុក ប្រធាន​គ.ជ.ប. បាន​​​មាន​​​ប្រសាសន៍​ថា សេចក្តី​​​សម្រេច​​​នេះ​​​មាន​​​ការ​​​គាំទ្រ​​​ភាគ​​​ច្រើន​​​ពី​​​គណៈកម្មាធិការ​​​នេះ។ តាម​​​បទ​​​បញ្ជា​​​ផ្ទៃ​​​ក្នុង​​​របស់​​​គណៈកម្មាធិការ​​​ជាតិ​​​រៀបចំ​​​ការ​​​បោះ​​​ឆ្នោត ប្រធាន​​​បង្ហាញ​​​ការ​​​ជ្រើស​​​រើស​​​របស់​​​ខ្លួន​​​ទៅ​​​គណៈកម្មាធិការ​​​ ដែល​​​ត្រូវ​​​យល់​​​ព្រម​​​តាម​សំឡេង​​​ភាគច្រើន​​​៥០​​​បូក​​​១។

លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្លែងទៅកាន់អ្នកយកព័ត៌មានក្នុងក្រុងភ្នំពេញកាលពីថ្ងៃសុក្រ។ រូបថត: ខឹម សុវណ្ណារ៉ា

លោក​​​ ប៊ុនហុក ដែល​​​បាន​​​លាលែង​​​តំណែង​​​ជា​​​តំណាង​​​រាស្ត្រ​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​កាល​​​ពី​​​ដើម​​​ឆ្នាំ​​​មុន បាន​​​និយាយ​​​ថា “ព្រឹក​​​នេះ​​​ការ​​​ជ្រើស​​​រើស​​​មិន​​​បាន​​​ធ្វើ​​​ដោយ​​​ការ​​​បោះ​​​ឆ្នោត​​​ទេ ប៉ុន្តែ បាន​​​ធ្វើ​​​ដោយ​​​​​​ធ្វើ​​​ការ​​​ពិភាក្សា​​​​​​​​​ជា​​​មួយ​​​សមាជិក​​​៩​​​រូប​​​របស់​​​ គ.ជ.ប.”។

បន្ទាប់ពី​​​ចំណាយ​​​ពេល​​​ពេញ​​​មួយ​​​ព្រឹក​​​ពិភាក្សា​​​ដ៏​ហ្មត់ចត់​​​​​​អំពី​​​បេក្ខជន​​​នីមួយៗ​រួច​មក គ.ជ.ប.​បាន​​​យល់​​​ស្រប​​​តាម​​​សំណើ​​​របស់​​​ខ្ញុំ”។

គ.ជ.ប.​​ដែល​​​​​កែ​​​ទម្រង់​​​គឺ​​​ជា​​​មូលដ្ឋាន​​​នៃ​​​កិច្ច​​​ព្រមព្រៀង​​​ខែ​​​កក្កដា ឆ្នាំ​​​២០១៤​​​ ដែល​​​​​​គេ​​​ឃើញ​​​គណបក្ស​​​ប្រឆាំង​​​ចូល​​​រួម​នឹង​​​រដ្ឋាភិបាល​​​បន្ទាប់ពី​​​ការ​​​ធ្វើ​​​ពហិការ​​មិន​​​ចូល​​​​សភា​១០​​​ខែ​​​ ជា​​​ការ​​​ឆ្លើយ​​​តប​​​ទៅ​​​នឹង​​​ការ​​​បោះ​​​ឆ្នោត​​​ជាតិ​​​​​​ឆ្នាំ​​​២០១៣​​​​​​ដ៏​​​ចម្រូង​​​ចម្រាស។ នៅ​​​ពេល​​​ដែល​​​សមាសភាព​​​ដដែល​​​ពី​​​មុន​​​របស់​​​ស្ថាប័ន​​​នេះ​មាន​​​ចំនួន​​​លើស​​​លប់​​​ដោយ​​​​​​អ្នក​​​មាន​​​ទំនាក់​​​ទំនង​​​​​​ជា​​​មួយ​​​នឹង​​​គណបក្ស​​​ប្រជាជន​កម្ពុជា​​​នោះ ស្ថាប័ន​​​ថ្មី​​​នេះ​​​មាន​​​សមាជិក​​​៤​​​រូប​​​​​​ដែល​​​ជ្រើសរើស​​​​​​ដោយ​​​គណបក្ស​​​នីមួយៗ ហើយ​​​សមាជិក​​​ទី​​​៩​​​”អព្យាក្រឹត្យ”។

សមាជិក​​​នៃ​​​គណៈកម្មាធិការ​​​នេះ​​​បាន​​​បដិសេធ​​​មិន​​​បញ្ចេញ​​​ឲ្យ​​​ដឹង​​​ថា នរណា​​​ក្នុង​​​ចំណោម​​​ពួក​​​គេ​​​​​​បាន​​​ជំទាស់​​​នឹង​ការ​​​តែងតាំង​​​លោក ទេព នីថា ទេ ប៉ុន្តែ យ៉ាង​​​ហោច​​​ណាស់​​​មាន​សមាជិក​​​ម្នាក់​​​បាន​​​ប្រឆាំង​នឹង​​​ការ​​​​​​ជ្រើស​​​រើស​​​នេះ។

លោក​​​ រ៉ុង​​​ ឈុន អតីត​​​សមាជិក​​​សហជីព​​​ និង​​​ជា​​​អ្នក​​​​​​ដែល​​​គេ​​​តែងតាំង​​​ម្នាក់​​​ក្នុង​​​ចំណោម​​​​​​អ្នក​​ទទួល​ការ​តែង​​​តាំង​​​៤​​​រូប​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ បាន​​​និយាយ​​​ថា លោក​​​មិន​​​សប្បាយ​​​ចិត្ត​​​​​​នឹង​​​សេចក្តី​​​​​សម្រេច​​​នេះ​​​ទេ។

លោក​​​បាន​​​និយាយ​​​ថា “និយាយ​​​ដោយ​​​ស្មោះ​​​ត្រង់​​​ ខ្ញុំ​​​ជា​​​មនុស្ស​​​ម្នាក់​​​ដែល​​​បាន​​​ប្រឆាំង​នឹង​​បេក្ខជន​​​សម្រាប់​​​តំណែង​​​ជា​​​អគ្គលេខាធិការ”។

“មូល​​​ហេតុ​​​​​​ដែល​​​ខ្ញុំ​​​ប្រឆាំង​​​បេក្ខភាព​​​របស់​​​គាត់​​​ពីព្រោះ​​​ខ្ញុំ​​​បាន​​​កត់​​​សម្គាល់​​​ឃើញ​​​ថា សាធារណជន​​​មិន​​​គាំទ្រ​​​គាត់​​​ទេ”។

លោក រ៉ុង ឈុន បាន​​​និយាយ​​​ថា លោក​​​ជឿ​​​ថា លោក ទេព នី​​​ថា សម្បូរ​​​ដោយ​​​បទ​​​ពិសោធន៍​​​​​និង​​​ចំណោះ​​​ដឹង​​​ ប៉ុន្តែ ខ្ញុំ​​​បារម្ភ​​​ថា កេរ្តិ៍​​​ឈ្មោះ​​​របស់​​​គាត់​​​ជា​​​មនុស្ស​​​ម្នាក់​​​ដែល​​​បាន​​​​​​មើល​​​ខុស​​​ត្រូវ​​​ការ​​​បោះ​​​ឆ្នោត​​​ឆ្នាំ​​​២០០៣​​​ ឆ្នាំ​​​២០០៨​​​ និង​​​ឆ្នាំ​​​២០១៣​ដ៏​​​ចម្រូង​​​ចម្រាស​នោះ អាច​​​​​​ធ្វើ​​​ឲ្យ​​​ប៉ះពាល់​​​ដល់​​​ការ​​​យល់​​​ឃើញ​​​ជា​​​សាធារណៈ​​​លើ​ស្ថាប័ន​​​ថ្មី​​​នេះ។

គ.ជ.ប.​​​​​​ថ្មី​​​មាន​​​ភារកិច្ច​​​មើល​​​ខុស​​​ត្រូវ​​​លើ​ការ​​​បោះ​​​ឆ្នោត​​​ឃុំ​​​សង្កាត់​​​​​​ឆ្នាំ​​​២០១៧​​​ និង​​​ការ​​​បោះ​​​ឆ្នោត​​​ជាតិ​​​ឆ្នាំ​​​២០១៨​​​ ហើយ​​​បាន​​​ចាប់​​​ផ្តើម​​​ការងារ​​​សំខាន់ៗ​​​រួច​​​ហើយ​​​ ដូច​​​ជា​​​ការ​​​ធ្វើ​​​តេស្ត​​​ប្រព័ន្ធ​​​ចុះ​​​ឈ្មោះ​​​អ្នក​​​បោះ​​​ឆ្នោត​​​ដែល​​​ប្រើ​​​អត្ត​​​សញ្ញាណ​​​កម្ម​​​ជីវមាត្រ​​​ជាដើម។

លោក​​​ រ៉ុង ឈុន បាន​​​និយាយ​​​ថា លោក​​​​​​បាន​​ទទួល​​​យក​​​សេចក្តី​​​សម្រេច​​​របស់​​​សហការី​​​របស់​​​លោក ហើយ​​​សង្ឃឹម​​​ថា ការ​​​ងារ​​​​​​ជាក់​​​ស្តែង​​​របស់​​​គណៈកម្មាធិការ​​​នេះ និង​​​​​​​​​វិធាន​​​​ដ៏​​​ខ្លាំង​​​ដែល​​​គ្រប់​​​គ្រង​​​តួនាទី​​​របស់​​​ខ្លួន​​​​​​​​​នឹង​​​ធ្វើ​​​ឲ្យ​​​ការ​​​តែងតាំង​​​លោក​​​ ទេព នីថា មិន​​​សំខាន់​​​នៅ​ក្នុង​គម្រោង​ការងារ​ដ៏​ធំ​នេះ​ទេ។

ប៉ុន្តែ នៅ​​​ពេល​​​វិធាន​​​​​​ថ្មី​​​តម្រូវ​​​ឲ្យ​​​គ.ជ.ប.​​​​​​ព្រមព្រៀង​​​តាម​​​សេចក្តី​​​សម្រេច​​​​​​ដែល​ពេល​​​នោះ​​​ចាត់ចែង​​​ដោយ​​​អគ្គលេខាធិការ​​​រូប​េនះ គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​និយាយ​​​ថា ការ​​​ដាក់​​​លោក ទេព នីថា មក​​​វិញ​​​ក្នុង​​​តួនាទី​​​មុន​​របស់​​​គាត់ បាន​ធ្វើ​ឲ្យ​ខូច​​​កិច្ច​​​ការ​​​របស់​​​ស្ថាប័ន​​​នេះ។

គណបក្ស​​​ប្រឆាំង​​​នេះ​​​បាន​​​និយាយ​​​ក្នុង​​​សេចក្តី​​​ថ្លែង​​​ការណ៍​​​ថា “ការ​​​តែង​​​តាំង​​​លោក ទេព នីថា ដែល​ជា​​​អគ្គលេខាធិការ​​​ គ.ជ.ប. ចាស់​​​ឲ្យ​​​ទទួល​​​តួនាទី​​​ជា​​​អគ្គលេខាធិការ​​​ថ្មី​​​ អាច​​​នាំ​​​ឲ្យ​​​មាន​​​ការ​​​មិន​​​ទុក​​​ចិត្ត​​​លើ​​​ការ​​​បោះឆ្នោត​​​នា​​​ពេល​​​ខាង​​​មុខ។ គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​មាន​​​ការ​​​សោក​​​ស្តាយ​​​និង​​​ខក​​​ចិត្ត​​​យ៉ាង​​​ខ្លាំង​​​ចំពោះ​​​សេចក្តី​​​សម្រេច​​​េនះ”។

លោក គុយ ប៊ុនរឿន អនុប្រធាន​​​គ.ជ.ប. ជា​​​បេក្ខជន​​​តែ​ង​​​តាំង​​​ដោយ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ បាន​​​និយាយ​​​ថា លោក​​​បាន​​​ដឹង​​​អំពី​​​ការ​​​រិះ​​​គន់​​​នេះ ប៉ុន្តែ បាន​​​បញ្ជាក់​​​ថា ការ​​​ងារ​​​នេះ​​​កើត​​​ចេញ​​​​​​ពី​​​ការ​​​ពិនិត្យ​​ពិច័យ​ និង​​​តុល្យភាព​​​គ្រប់​​​គ្រាន់។

លោក គុយ ប៊ុនរឿន បាន​​​និយាយ​​​ថា “ខ្ញុំ​​​ចង់​​​បំភ្លឺ​​​សាធារណជន​​​កុំ​​​ឲ្យ​​​មាន​​​ការ​​​យល់​​​ច្រឡំ ដោយ​គិត​​​ថា ការ​​​គ្រប់​​​គ្រង​​​អគ្គលេខាធិការ​​​ដ្ឋាន​​​នេះ​​​គឺ​​​ដឹក​​​នាំ​​​ដោយ​​​អគ្គលេខាធិការ​​​តែ​​​ម្នាក់​​​នោះ។ យើង​​​ត្រូវ​​​ពិភាក្សា​​​ជាមួយ​​​អគ្គលេខាធិការ​​​រង​​​បួន​​​នាក់​ទៀត”។

លោក​​​ ប៊ុន​​​ហុក បាន​​​មាន​ប្រសាសន៍​បន្ទរ​​​ថា “សេចក្តី​​​សម្រេច​​​ទាំង​​​អស់​​​ត្រូវ​​​ធ្វើ​​​ឡើង​​​ដោយ​​​គ.ជ.ប.​​​​​​ មិន​​​មែន​​​ដោយ​​​​​​អគ្គលេខាធិការ​​​ អគ្គលេខាធិការ​​​រង​​​  ប៉ិច (គណៈកម្មាធិការ​​​រៀបចំ​​​ការ​​​បោះ​​​ឆ្នោត​​​ខេត្ត​​​)​​ ស៊ិច (គណៈកម្មាធិការ​​​រៀប​​​ចំ​​​ការ​​​បោះ​​​ឆ្នោត​​​ឃុំ​​​សង្កាត់​​​)​ ឬ​​​មន្ត្រី​​​ការិយាល័យ​​​បោះ​​​ឆ្នោត​​​​​​នោះ​ទេ”។

ក្រៅ​​​ពី​​​លោក ទេព នីថា ដែល​​​បាន​​​ឈរ​​​ឈ្មោះ​​​ជា​​​មួយ​​​លោក​​​ ហេង មណីចិន្តា និង​​​លោក យ៉ា ណាវុធ ដែល​​​សុទ្ធ​​​តែ​​​ជា​ស្ថាបនិក​​​អង្គការ​​​ក្រៅ​​​រដ្ឋាភិបាល​​​ក្នុង​​​ស្រុក​នោះ កាលពី​ថ្ងៃ​សុក្រ​គ.ជ.ប.​​​ ក៏​បា​​​ន​​​ជ្រើស​​​រើស​​​អគ្គលេខាធិការ​​​រង​​​៤​​​រូប​​​របស់​​​ខ្លួន។

លោក​​​ នី ចរិយា ប្រធាន​​​ផ្នែក​​​សិទ្ធិ​​​មនុស្ស​​​​និង​​​ផ្នែក​​​ជំនួយ​​​ច្បាប់​​នៃ​អង្គការ​អាដហុក ត្រូវ​​​បាន​​​តែង​​​តាំង​​​ឲ្យ​​​ទទួល​​​បន្ទុក​​​​​​ផ្នែក​​​សវនកម្ម​​​ផ្ទៃ​​​ក្នុង មេធាវី​​​ ម៉ៅ សុភារិទ្ធ អតីត​​​សមាជិក​​​គ.ជ.ប.​​​​​​ នឹង​គ្រប់គ្រង​​​ផ្នែក​​​ប្រតិបត្តិការ និង​ផ្នែក​ទិន្នន័យ​​​ចុះ​ឈ្មោះ​​​អ្នក​​​បោះ​​​ឆ្នោត​​​ និង​​​បញ្ជី​​​អ្នក​​​បោះ​​​ឆ្នោត​​លោក សោម សូរីដា ក៏ជា​​​​​​អតីត​​​មន្ត្រី​​​គ.ជ.ប.​​​ដែរ​​​ នឹង​​​មើល​​​ខុស​​​ត្រូវ​​​ផ្នែក​​​សេវាកម្ម​​​ច្បាប់​​​ និង​​​ដោះ​​​ស្រាយ​​​ជម្លោះ​​​ ហើយ​​​លោក ម៉ុក ដារ៉ា​​​ ជា​​​សាស្ត្រាចារ្យ​​​ច្បាប់​​​ និង​​​ជា​​​ប្រធាន​​​ជំនួយ​​​ច្បាប់​​​នៅ​​​ក្រុម​​​ឃ្លាំ​​​មើល​​​ការ​​​បោះឆ្នោត​​​និក​​​ហ្វិច​​​ ត្រូវ​​​កាន់​​​ការ​​​ខាង​​​​​​ផ្នែក​​​បណ្តុះបណ្តាល​​​​​​ ព័ត៌មាន​​​ និង​​​ទំនាក់​​​ទំនង​​​សាធារណៈ។

លោក​​​ ហង្ស ពុទ្ធា អ្នក​​​នាំ​​​ពាក្យ​​​គ.ជ.ប.​​​​​​ជា​​​សមាជិក​​​ទី​​​៩​​​ “អព្យាក្រឹត” បាន​​​បដិសេធ​​​មិន​​​និយាយ ថា​តើ​​​លោក​​​បាន​​​គាំទ្រ​​​ ឬ​​​ប្រឆាំង​​​លោក ទេព នីថា ក្នុង​​​កិច្ច​​​ប្រជុំ​​​នោះ​ទេ។

លោក​​​បាន​​​និយាយ​​​ថា “មាន​​​ការ​​​ពិភាក្សា​និង​​​ការ​​​ពិគ្រោះ​​​យោបល់​​​ ហើយ​​​ទទួល​​​បាន​​​សំឡេង​​​ភាគ​​​ច្រើន​​​៥០​​​បូក​​​១​​​ ជា​​​សំឡេង​​​ដាច់​​​ខាត”។

លោក គុយ ប៊ុនរឿន សមាជិក​​​តែង​​​តាំង​​​ដោយ​​​គណបក្ស​​​ប្រឆាំង​​​ក៏​​​បាន​​​បដិសេធ​​​មិន​​​បញ្ចេញ​​​ឲ្យ​​​ដឹង​​​នូវ​​​ការ​​​គិត​​​ឃើញ​​​របស់​​​លោក​​​ដែរ។

នៅ​​​ពេល​​​សួរ​​​ដោយ​​​អ្នក​​​យក​​​ព័ត៌មាន​​​ម្នាក់ ថា​តើ​​​លោក​​​ “សប្បាយ​​​ចិត្ត” នឹង​​​ធ្វើ​​​ការ​​​ជាមួយ​​​លោក ទេព នីថា ឬ​ទេ​​​ លោក​​​បាន​​​និយាយ​​​ថា បញ្ហា​គឺ​​​ត្រង់​ថា គាត់​​​អាច​​​ធ្វើ​​​ការងារ​​​ល្អ​​​ឬ​អត់”។

“ប្រសិនបើ​​​គាត់​​​ធ្វើ​​​ការ​​​ងារ​​​ល្អ​​​ យើង​​​​​​សរសើរ​​​គាត់”៕និត