មន្ត្រីព្រលានយន្តហោះម្នាក់បាននិយាយកាលពីថ្ងៃសុក្រថា មន្ត្រីគយនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបកាលពីថ្ងៃសុក្រ ចាប់បានទូរស័ព្ទអាយហ្វូនជិត៥០០គ្រឿង មានតម្លៃរាប់សែនដុល្លារ ដែលលាក់ក្នុង១១វ៉ាលីស។ ទូរស័ព្ទអាយហ្វូនទាំងនេះត្រូវបានរត់ពន្ធចូលប្រទេសកម្ពុជាដោយពលរដ្ឋខ្មែរពីរនាក់។
យោងតាមលោក គង់ ផល្លាគុណ ប្រធានគយ និងរដ្ឋាករប្រចាំនៅអាកាសយានដ្ឋានបានឲ្យដឹងថា ទូរស័ព្ទអាយហ្វូន ដែលលក់រាយក្នុងស្រុកតម្លៃរវាង៧០០ដុល្លារដល់១.១០០ដុល្លារក្នុងមួយគ្រឿង អាស្រ័យតាមសមត្ថភាពស្តុករបស់វានោះ ត្រូវបានទិញនៅប្រទេសសិង្ហបុរី និងក្រុងហុងកុង ដោយបុរសម្នាក់ និងស្ត្រីម្នាក់ដែលបានចុះចតនៅអាកាសយានដ្ឋានសៀមរាបកាលពីព្រឹកថ្ងៃព្រហស្បតិ៍។
លោកបានមានប្រសាសន៍ថា “យើងចាប់បានទូរស័ព្ទអាយហ្វូន 6s និង អាយហ្វូន 6s Plus ៤៩៧គ្រឿង ដែលនាំចូលដោយខុសច្បាប់ពីទីក្រុងហុងកុង និងប្រទេសសិង្ហបុរី ពីព្រោះម្ចាស់ទូរស័ព្ទមិនបានបង់ពន្ធនាំចូល”។
លោកមិនបានពន្យល់ថា មន្ត្រីនៅអាកាសយានដ្ឋាននេះរកឃើញទូរស័ព្ទស្មាតហ្វូនក្នុងវ៉ាលីសទាំងនោះ ដោយរបៀបណានោះទេ។
រូបថតដែលបង្ហោះតាមគេហទំព័រព័ត៌មាន Fresh News បង្ហាញឲ្យឃើញវ៉ាលីសធំៗមានទូរស័ព្ទអាយហ្វូនក្នុងប្រអប់ និងគ្មានប្រអប់ពណ៌ផ្សេងៗគ្នារៀបចំយ៉ាងហ្មត់ចត់។
លោក ផល្លាគុណ បាននិយាយថា ម្ចាស់ជាបុរសឈ្មោះ ភិន រស្មី ហើយស្ត្រីឈ្មោះ ង៉ូវ ធៀងហុង ប៉ុន្តែ បាននិយាយថា លោកមិនដឹងថា អ្នកទាំងពីរធ្វើដំណើរមកពីណា” ថាតើពួកគេជិះយន្តហោះជើងតែមួយ ឬដោយឡែកពីគ្នា ឬមានព័ត៌មានពិស្ដារផ្សេងទៀតអំពីពួកគេទេ។
លោកបាននិយាយថា “យើងមិនបានចាប់ខ្លួនពួកគេទេ យើងគ្រាន់តែបង្គាប់ឲ្យពួកគេឲ្យបង់ពន្ធនាំចូល និងប្រាក់ពិន័យ”។ លោកបានពន្យល់ថា តម្លៃទាំងពីរនេះនឹងត្រូវកំណត់ដោយថ្នាក់លើរបស់លោកនៅក្រសួងហិរញ្ញវត្ថុក្នុងក្រុងភ្នំពេញ។
លោកបានបន្ថែមថា “ទូរស័ព្ទទាំងនោះត្រូវបានរក្សាទុកនៅគយព្រលានយន្តហោះ”។
លោក ប៊ូ ប៊ុណ្ណារ៉ា អ្នកនាំពាក្យអគ្គនាយកដ្ឋានគយ និងរដ្ឋាករបានមានប្រសាសន៍ថា លោកមិនបានដឹងអំពីករណីនេះទេ លោកបានដឹងតែអ្វីដែលលោកបានអានក្នុងសេចក្តីរាយការណ៍ព័ត៌មានក្នុងស្រុកប៉ុណ្ណោះ ហើយលោកបាននិយាយថា អ្នករត់ពន្ធទូរស័ព្ទស្មាតហ្វូននឹងត្រូវមានទោសប្រសិនបើពួកគេមិនបង់ពន្ធ និងប្រាក់ពិន័យ។
លោកបាននិយាយថា “ប្រសិនបើពួកគេមិនព្រមបង់ប្រាក់ទេនោះយើងនឹងបញ្ជូនករណីនេះទៅតុលាការ”៕និត