របាយការណ៍ស្តីពីសិទ្ធិជួបជុំគ្នាដោយសន្តិវិធី និងបង្កើតសមាគមរបស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិដែលចេញពីម្សិលមិញនិយាយថា ការមកដល់នៃច្បាប់អង្គការក្រៅរដ្ឋាភិបាលដែលរងការរះគន់ច្រើននៃប្រទេសកម្ពុជា គឺស្ថិតក្នុងចំណោមការវិវត្តគួរឲ្យបារម្ភធំៗដែលកើតមានឡើងទូទាំងសាកលលោកកាលពីឆ្នាំមុន។
របាយការណ៍ដែលមានចំណងជើងថា “ឆ្នាំ២០១៥៖ឆ្នាំនៃសិទ្ធិជួបជុំគ្នា និងបង្កើតសមាគម”ដោយបេសកជនសហប្រជាជាតិ លោក ម៉ៃណា គីអៃ ដែលបានមកធ្វើទស្សនកិច្ចប្រទេសកម្ពុជារយៈពេលពីរថ្ងៃនៅចុងខែវិច្ឆិកា ប៉ុន្តែបាននិយាយថា រដ្ឋាភិបាលមិនស្វាគមន៍លោកទេ គឺផ្តោតទៅលើច្បាប់ គោលនយោបាយ និងកងកម្លាំងរដ្ឋ ដែលដាក់រឹតត្បិតសិទ្ធិពលរដ្ឋទូទាំងពិភពលោកកាលពីឆ្នាំមុន។
ច្បាប់ស្តីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាលដែលចូលជាធរមានក្នុងខែសីហា ទោះបីជាមានការធ្វើពហិការមិនចូលសភារបស់អ្នកតំណាងរាស្ត្រគណបក្សប្រឆាំង និងការរិះគន់ដ៏ខ្លាំងពីសំណាក់ក្រុមអង្គការសិទ្ធិមនុស្សក៏ដោយ ត្រូវបានលើកយកមកនិយាយដោយលោក គីអៃ នៅក្នុងរបាយការណ៍ថាជាច្បាប់”បង្ក្រាប” ដែលមានបំណងរឹតត្បិតសមត្ថភាពរៀបចំរបស់ពលរដ្ឋ។
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិរូបនេះបានមានប្រសាសន៍នៅក្នុងរបាយការណ៍ថា “កម្ពុជា…បានអនុម័តច្បាប់គួរឲ្យព្រួយបារម្ភដែលគំរាមកម្ចាត់ចោលសង្គមស៊ីវិលឯករាជ្យ”។
លោក គីអៃ បានមានប្រសាសន៍បន្តថា “ខ្ញុំបានទទួលរបាយការណ៍ថា សមាគមនៅតាមបណ្តាខេត្តនានាបានប្រឈមនឹងការរឹតត្បិតពីអាជ្ញាធម៌មូលដ្ឋានដែលតម្រូវឲ្យពួកគេចុះឈ្មោះស្ថិតក្រោមច្បាប់ស្តីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីជួបជុំគ្នា”។
លោក គីអៃ បានមានប្រសាសន៍ថា “ច្បាប់នេះកំពុងរឹតត្បិត ហើយភាពមិនប្រាកដប្រជាដែលយើងកំពុងឃើញពេលនេះទាក់ទងនឹងការអនុវត្តមិនបានជួយទេ។ ផ្ទុយទៅវិញ វាកំពុងក្លាយជាអ្វីដែលជាបរិយាកាសដកហូតសិទ្ធិអំណាចទៅវិញ”។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បានមានប្រសាសន៍កាលពីម្សិលមិញថា ច្បាប់បានបង្កើតឡើង ដើម្បីការពារអង្គការក្រៅរដ្ឋាភិបាល។ លោក ផៃ ស៊ីផាន បានមានប្រសាសន៍បន្ថែមថា ក្រុមភាគតិចមួយក្តាប់តូចមានបំណងធ្វើការប្រឆាំងនឹងរដ្ឋាភិបាល។
អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីរូបនេះបានមានប្រសាសន៍ថា “គ្មានចំណុចណាមួយនៅក្នុងច្បាប់មានគោលបំណងរឹតត្បិតសេរីភាពអង្គការក្រៅរដ្ឋាភិបាលទេ។ គោលបំណងនៃច្បាប់នេះគឺការពារពួកគេ”។
ទោះបីជាលោកបានមានប្រសាសន៍ថា លោកមិនបានស្គាល់លោក គីអៃ ផ្ទាល់ក៏ដោយ ក៏លោក ផៃ ស៊ីផាន បានថ្កោលទោសចំពោះ”ជនបរទេស”ដូចជាអ្នកដែលធ្វើការឲ្យអង្គការសហប្រជាជាតិ និងអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិផ្សេងទៀតដែលរិះគន់គោលនយោបាយកម្ពុជា។
អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីរូបនេះបានមានប្រសាសន៍ថា “អ្នកទាំងនោះមិនមែនជាប៉ូលិសអន្តរជាតិទេ ប៉ុន្តែគេមានបំណងតាមដានរដ្ឋាភិបាលកម្ពុជា”។
របាយការណ៍អង្គការសហប្រជាជាតិក៏បានលើកឡើងអំពីការវាយដំទៅលើអ្នកតំណាងរាស្ត្រគណបក្សប្រឆាំង គឺលោក ញ៉យ ចំរើន និងលោក គង់ សភា នៅខាងក្រៅសភាកាលពីខែតុលាដែរ។របាយការណ៍នោះមិនទាន់ឈានដល់ចោទគណបក្សប្រជាជនកម្ពុជាថាជាប់ពាក់ព័ន្ធនឹងការវាយដំនោះទេ ប៉ុន្តែបង្ហាញព្រឹត្តិការណ៍នោះតាមរយៈសំឡេងរបស់ក្រុមអង្គការសិទ្ធិមនុស្សផ្សេងទៀតដែលបាននិយាយយ៉ាងច្រើនអំពីរឿងនោះ។
របាយការណ៍នោះសរសេរបន្តថា “អង្គការHuman Rights Watch បាននិយាយនៅក្នុងរបាយការណ៍មួយថា ‘នគរបាលដែលតាមធម្មតា និងជួនកាលរារាំង ឬបំបែកយ៉ាងឃោរឃៅទៅលើបាតុកម្មដោយសន្តិវិធីដែលដឹកនាំដោយគណបក្សសង្គ្រោះជាតិនោះ មិនបានចាត់វិធានការប្រកបដោយប្រសិទ្ធភាព ដើម្បីបញ្ឈប់អំពើហិង្សាទេ'”៕ រើន