កាលពីម្សិលមិញ លោក កឹម សុខា អនុប្រធាន គណបក្សប្រឆាំងបានមានប្រសាសន៍ថា គណបក្សរបស់លោកនឹងខិតខំប្រឹងប្រែងរួមគ្នាដើម្បីចៀសវាងការពាក់ព័ន្ធជម្លោះតូចតាចឥតប្រយោជន៍ ហើយផ្តោតលើផ្ទៃក្នុងបក្សវិញ។
ការអំពាវនាវនេះធ្វើឡើងបន្ទាប់ពីមានភាពតានតឹងរវាងគណបក្សទាំងពីររយៈពេលជាច្រើនខែ ដែលបានធ្វើឲ្យសមាជិកគណបក្សប្រឆាំង១២នាក់ជាប់ពន្ធនាគារ ហើយមេដឹកនាំរបស់ខ្លួននិរទេសខ្លួនទៅក្រៅប្រទេស។

ថ្លែងនៅវេទិកាសាធារណៈក្នុងស្រុកកំពង់ សៀម ខេត្តកំពង់ចាម លោកមានប្រសាសន៍ថា “ថ្ងៃនេះខ្ញុំសូមប្រកាសជាថ្មីម្តងទៀតថាយើងមិនចាំបាច់និយាយអ្វីពីអ្នកដទៃឡើយ”។
លោក កឹម សុខា បានថ្លែងថា “យើងមិនចាំបាច់ឆ្លើយតបចំពោះអ្វីដែលពួកគេនិយាយមកកាន់យើងឡើយ ហើយយើងក៏មិនចាំបាច់ឈ្លោះជាមួយនរណាដែរ”។
លោក កឹម សុខា មិនបានសំដៅដល់គណបក្សប្រជាជនកម្ពុជាចំៗនោះទេ ប៉ុន្តែ លោកបាន ថ្លែងទៅកាន់អ្នកគាំទ្រថា គណបក្សសង្គ្រោះជាតិត្រូវចៀសវាងការពាក់ព័ន្ធជម្លោះតូចតាចឥតប្រយោជន៍ដែលគណបក្សកាន់អំណាចទំនងជាអ្នកផ្តើមឡើងនោះឡើយ។
លោកបានថ្លែងថា “វាមានជម្លោះ១០ទៅ២០ឆ្នាំមកហើយ ហើយវាមិនទាន់បានបញ្ចប់នៅឡើយទេ។ យើងទទួលរងច្រើនណាស់។ អ្វីដែលទទួលរងធ្ងន់ធ្ងរបំផុតនោះគឺសកម្មជនថ្នាក់មូលដ្ឋាន”។
លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិដែលបានចូលរួមវេទិកាសាធារណៈក្នុងខេត្តកំពង់ចាមបានមានប្រសាសន៍តាមទូរស័ព្ទ បន្ទាប់ពីព្រឹត្តិការណ៍នេះថា លោក កឹម សុខា គ្រាន់តែអំពាវនាវឲ្យអ្នកគាំទ្រគណបក្សប្រឆាំងផ្តោតទៅលើរបៀបវារៈរបស់ខ្លួនតែប៉ុណ្ណោះ។
លោក យ៉ែម បុញ្ញឫទ្ធិ បានថ្លែងថា “គាត់បាននិយាយក្នុងកិច្ចប្រជុំថា គណបក្សសង្គ្រោះ ជាតិនឹងចាប់ផ្តើមយុទ្ធសាស្ត្រអំពាវនាវឲ្យមានការពង្រឹងផ្ទៃក្នុង ធ្វើវិមជ្ឈការអំណាចកំណែទម្រង់ផ្ទៃក្នុង និងរៀបចំគោលនយោបាយសម្រាប់ការអនុវត្តនៅពេលអនាគត”។ លោកបានបន្ថែមថា “ជម្លោះបុគ្គលមិនបាននាំមកនូវផលប្រយោជន៍ដល់ប្រទេសជាតិឡើយ វានាំឲ្យសកម្មជនគណបក្សសង្គ្រោះ ជាតិក្លាយជាជនរងគ្រោះទៅវិញទេ”។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានអះអាងថា តាមធម្មតាភាគីខាងលោក កឹម សុខា ទេដែលចាប់ផ្តើមជម្លោះតូចតាចនេះ។
លោកបានថ្លែងថា “គ្មាននរណាម្នាក់ធ្លាប់វាយប្រហារគាត់ទេ។ ចាប់តាំងពីចាប់ផ្តើមមក គ្មាននរណាម្នាក់ធ្លាប់វាយប្រហារគាត់ទេមានតែគាត់ប៉ុណ្ណោះវាយប្រហារអ្នកដទៃ។វាតែងតែចាប់ផ្តើមពីរូបគាត់ យើងគ្រាន់តែបញ្ជាក់ឱ្យបានច្បាស់ពីបញ្ហាទាំងនេះដល់ប្រជាពលរដ្ឋឲ្យបានដឹងតែប៉ុណ្ណោះ”។
គណបក្សប្រឆាំងជឿថា វាត្រូវបានធ្វើឡើងដើម្បីសងសឹកតែប៉ុណ្ណោះ រួមមានការចាប់មន្ត្រី និងអ្នកគាំទ្ររបស់ខ្លួនមួយចំនួនដាក់ពន្ធនាគារ និងការបង្ករបួសស្នាមជាសាធារណៈទៀតផង សម្រាប់យុទ្ធនាការនយោបាយរបស់ខ្លួនប្រឆាំងនឹងរដ្ឋាភិបាល។
ពាក់កណ្តាលផ្លូវរហូតដល់ឆ្នាំមុន គណបក្សសង្គ្រោះជាតិបានធ្វើយុទ្ធនាការប្រកបដោយប្រសិទ្ធភាពបំផុតដើម្បីលើកឡើងពីតំបន់ព្រំដែនដែលវៀតណាមបានរំលោភចូលទឹកដីកម្ពុជា ទន្ទឹមនឹងនោះក៏បានចោទប្រកាន់គណបក្សប្រជាជនកម្ពុជាជាសាធារណៈថា បានឃុបឃិតក្នុងការកាត់ដីមួយផ្នែកធំទៅឲ្យវៀតណាមផងដែរ។
រដ្ឋាភិបាលបាននិយាយការពារប្រឆាំងការអះអាងនេះ ដោយមានចំណាត់ការដែលមិនធ្លាប់មានពីមុនមកតាមរយៈការបញ្ចេញលិខិតខ្លីមួយជាសាធារណៈដែលបានបញ្ជូនទៅប្រទេសវៀតណាមទាមទារឲ្យពួកគេដកចេញពីតំបន់ដែលពួកគេបានកាន់កាប់។
ចំពេលមានភាពចម្រូងចម្រាស និងតែពីរថ្ងៃប៉ុណ្ណោះបន្ទាប់ពីគណបក្សសង្គ្រោះជាតិបានដឹកនាំមនុស្សរាប់រយនាក់ទៅពិនិត្យមើលការរំលោភយកដីនៅតាមព្រំដែនក្នុងខេត្តស្វាយរៀង កាលពីខែកក្កដា សកម្មជនគណបក្សសង្គ្រោះជាតិ១១រូប ត្រូវបានរកឃើញថា មានពិរុទ្ធភាពភ្លាមៗពីបទញុះញង់នៅក្នុងសវានាការជំនុំជម្រះដែលបានអូសបន្លាយរយៈពេលជាច្រើនខែ។
រយៈពេលប៉ុន្មានខែក្រោយមក មានការគាបសង្កត់ទៅលើគណបក្សប្រឆាំងដូចជាការចាប់ខ្លួនសមាជិកព្រឹទ្ធសភាដាក់ពន្ធនាគារការវាយដំទៅលើតំណាងរាស្ត្រពីររូបពីសំណាក់អ្នកចូលរួមតវ៉ារបស់គណបក្សប្រជាជនកម្ពុជា លោក កឹម សុខា ត្រូវបានដកតួនាទីជាអនុប្រធានទី១រដ្ឋសភា និងមានការចេញដីកាចាប់ខ្លួនលោក សម រង្ស៊ី ដែលបានធ្វើដំណើរទៅប្រទេសបារាំងកាលពីខែវិច្ឆិកាជាដើម។
ថ្លែងតាមរយៈប្រព័ន្ធ Skype នៅវេទិកាសាធារណៈកាលពីម្សិលមិញ លោក សម រង្ស៊ី បានថ្លែងទៅកាន់អ្នកគាំទ្រឲ្យពួតដៃគ្នារហូតដល់ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០១៧ និងការបោះឆ្នោតជាតិឆ្នាំ២០១៨ដែលនៅពេលនោះពួកគេអាចសម្រេចបាននូវការផ្លាស់ប្តូរ។
លោក សម រង្ស៊ី បានថ្លែងថា “យើងទាំងអស់គ្នាតែងតែស្រឡាញ់គ្នា ចាប់ដៃគ្នាពិភាក្សា អំពីបញ្ហាគ្រប់យ៉ាងជាមួយគ្នា តែងតែតស៊ូជាមួយគ្នា និងតែងតែស្មោះត្រង់ចំពោះជាតិ និងប្រជាជនដើម្បីប្រឹងប្រែងរួមគ្នាឆ្ពោះទៅកាន់គោលដៅរបស់យើង ហើយគោលដៅនោះគឺត្រូវសង្គ្រោះជាតិរបស់យើងនាពេលឆាប់ៗនេះ”៕សារុន