28 C
Phnom Penh

​​ក្មេង​ប្រុស​​​អាយុ​១៤​ឆ្នាំ​ ត្រូវ​​ចាប់​ខ្លួន​ពីបទ​ចាប់​រំលោភ​ក្មេងស្រី​​​​អាយុ​៨ឆ្នាំ​​នៅ​ក្នុង​​ខេត្ត​កំពង់ធំ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​ក្មេង​ប្រុស​អាយុ​១៤​ឆ្នាំ​ម្នាក់​​​​ត្រូវ​​បាន​ចាប់​ខ្លួន​​កាលពី​ថ្ងៃ​សុក្រ បន្ទាប់ពីចាប់​រំលោភ​​​​ក្មេង​ស្រី​​​​ជិត​ខាង​អាយុ​៨​ឆ្នាំ​​​​ក្នុង​ខេត្ត​កំពង់ធំ ហើយ​​​នគរ​បាល​និយាយ​ថា ក្មេង​ប្រុស​​នេះ​​​សារ​ភាព​​ថា​ខ្លួន​ពិត​ជា​បាន​​ចាប់​រំលោភ​ក្មេងស្រី​រង​គ្រោះ​​​មែន​ ​ហើយ​​​​​​ថា​វា​​បណ្ដាល​មកពី​​​វីដេអូ​អាស​អាភាស​​។

លោក សួ ជា ​អធិការ​រង​ក្រុង​ស្ទឹងសែន​​​ឲ្យ​ដឹង​​ថា  ឪពុក​ម្ដាយ​របស់​ក្មេងស្រី​រង​គ្រោះ​​​​បាន​ចាក​ចេញពី​ផ្ទះ​នៅ​ពេល​ព្រឹក​ឡើង​ដោយ​ទុក​​​ឲ្យ​​​​​នាង​នៅ​ជា​មួយ​ជីដូន​​ជា​អ្នក​មើល​ថែ ហើយ​​​​នៅ​ម៉ោង​​ប្រហែល​៨ព្រឹក​ជន​ល្មើស​​​​​​នេះ​បាន​​​​​​​បញ្ចុះ​បញ្ចូល​​នា​​ងឲ្យ​ទៅ​ផ្ទះ​ជីដូន​របស់​ខ្លួន​នៅ​​ចម្ងាយ​ពីគ្នា​​ប្រហែល​១០០​​​​ម៉ែត្រ។

​លោក​លើក​ឡើង​ទៀត​ថា “​ពេល​​​ទៅ​ដល់​​ផ្ទះ​សសរ​ខ្ពស់​​របស់​ខ្លួន ជន​ល្មើស​បាន​​ទាញ​ក្មេងស្រី​​​រង​គ្រោះ​ឲ្យ​ឡើង​​អង្គុយ​លើ​កៅអី​ឈើ រួច​ចាប់​​សម្រាត​សំពត់​របស់​នាង​។ វា​បាន​​​បិទ​មាត់​នាង ហើយ​​ធ្វើ​សកម្ម​ភាព​ចាប់​រំលោភ​​​​​តែម្ដង។ ​ពេល​ឃើញ​នាង​ចេញ​ឈាម​ច្រើន ជន​សង្ស័យ​ក៏​បាន​​ឲ្យ​ក្មេងស្រី​រងគ្រោះ​ត្រឡប់​​​ទៅ​ផ្ទះ​វិញ​”។

​លោក​បាន​បន្ត​ថា ​ក្មេងស្រី​រងគ្រោះ​បាន​ប្រាប់​ជីដូន​របស់​នាង​ភ្លាមៗ​​នូវ​អ្វី​ដែល​បាន​កើត​ឡើង ហើយ​​គ្រួសារ​របស់​​នាង​ក៏​បាន​ទៅ​​​ប្ដឹង​នគរ​បាល​។ “​បន្ទាប់ពី​​​​​ទទួល​បាន​ពាក្យ​បណ្តឹង​ពី​គ្រួសារ​ជន​រងគ្រោះ​ នគរ​បាល​ឃុំក៏​បាន​ទៅ​ចាប់​ខ្លួន​ជន​សង្ស័យដែល​កំពុង​ពួន​នៅ​ផ្ទះ​របស់​ខ្លួន​ដើម្បី​យក​មក​សាកសួរ​។ ​វា​​សារភាព​ថា​ពិត​ជា​បាន​រំលោភ​ក្មេងស្រី​រង​គ្រោះ​​​​មែន​​”។​ជន​ល្មើស​​ត្រូវ​បាន​ឃុំខ្លួន​នៅ​កន្លែង​នគរ​បាល​​ មុន​ពេល​បញ្ជូន​ខ្លួន​ទៅ​តុលាការ​​​កាល​ពី​​ថ្ងៃ​សៅរ៍។

លោក ជា ពឿន នាយ​ការិយាល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរ​បាល​ខេត្ត​​បានមាន​ប្រសាសន៍​ថា ជន​សង្ស័យ​​ទើប​តែ​​​​ផ្លាស់ពី​​កំពង់ឆ្នាំង មក​រស់​នៅ​​ក្នុង​ខេត្ត​កំពង់ធំ​កាលពី​ឆ្នាំ​កន្លង​ទៅ​ បន្ទាប់ពី​ម្ដាយ​របស់​វា​ស្លាប់​​ទៅ ហើយ​ឪពុក​របស់​វា​មាន​​​ប្រពន្ធ​ថ្មី​​ទៀត​។

​លោក​ថ្លែង​ថា “​កាលពី​ម្សិលមិញ ព្រះ​រាជ​អាជ្ញារង​បាន​សាក​សួរជន​ល្មើស ប៉ុន្តែ​មិន​បាន​សម្រេច​ថា​ តើ​​​ត្រូវ​ចោទ​ប្រកាន់​​ឬ​ក៏អត់​ទេ ហើយ​​​បាន​បញ្ជូន​វា​ត្រឡប់​​​មក​មន្ទីរឃុំឃាំង​របស់​នគរ​បាល​ខ្ញុំ​វិញ។ ព្រឹក​នេះ​​យើង​បាន​បញ្ជូន​វា​ទៅ​សាលា​ដំបូង​ម្ដង​ទៀត​​ដើម្បី​ធ្វើ​ការ​សាក​​​សួរ ប៉ុន្តែ​មន្ត្រី​​តុលាការ​ឈប់​សម្រាក​​ ​​​ដូច្នេះ​យើង​​ក៏នាំ​វា​ត្រឡប់​​​មក​ការិយា​ល័យ​នគរ​​​បាល​​វិញ” ហើយ​វា​​នឹង​ត្រូវ​បញ្ជូន​​ត្រឡប់​​ទៅ​តុលាការ​វិញ​នៅ​ថ្ងៃ​នេះ។

លោក​​​បន្ត​​ថា ជន​សង្ស័យ​​​ប្រាប់​លោក​ថា វាបាន​​មើល​វីដេអូ​អាស​អាភាស​​​តាម​ទូរស័ព្ទ​​ស្មាតហ្វូន​របស់​មិត្តភក្តិ​វា ​មុន​ពេល​​​​ប្រព្រឹត្ត​បទ​ល្មើស ជា​​ហេតុ​ធ្វើ​ឲ្យ​​វា​​​មិន​អាច​​គ្រប់គ្រង​អារម្មណ៍​ខ្លួន​ឯង​បាន​​​ទើប​ឈាន​​ដល់​ការ​ចាប់​រំលោភ​​​ក្មេងស្រី​រងគ្រោះ​បែប​នេះ៕ សុខុម​​​

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស