ក្រសួងការបរទេសអាមេរិកបានប្រកាសកាលពីថ្ងៃសុក្រថា លោក ចន ឃើរី រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកនឹងមកបំពេញទស្សនកិច្ចនៅរាជធានីភ្នំពេញនៅថ្ងៃទី២៦ ខែមករា ជាផ្នែកមួួយដំណើរទស្សនកិច្ចរយៈពេលខ្លីមកកាន់តំបន់ ។
យោងតាមសេចក្តីប្រកាសនេះបានឱ្យដឹងថា លោក ចន ឃើរី នឹងជួបសវនាការជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសដើម្បីពិភាក្សាអំពីកិច្ចប្រជុំកំពូលអាមេរិក-អាស៊ាននៅពេលខាងមុខ ដែលធ្វើឡើងក្នុងទីក្រុងសាន់នីលែន រដ្ឋកាលីហ្វ័រនីញ៉ា នៅខែកុម្ភៈ មុនពេលលោកធ្វើដំណើរទៅប្រទេសចិននៅថ្ងៃទី២៧ ខែមករា។
សេចក្ដីប្រកាសនេះលើកឡើងទៀតថា ដំណើរទស្សនកិច្ចនេះក៏នឹង “ស្វែងរកវិធីដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត និងទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគី ដែលកំពុងតែកើនឡើង”។
លោក ជុំ ស៊ុនរី អ្នកនាំពាក្យក្រសួងការបរទេសបានបញ្ជាក់អះអាងពីជំនួបគ្រោងទុករបស់លោក ឃើរី នៅក្នុងប្រទេសកម្ពុជានៅចុងខែនេះ។
លោកបានថ្លែងថា “គោលបំណងសំខាន់នៃដំណើរទស្សនកិច្ចនេះ គឺដើម្បីជំរុញ និងពង្រឹងទំនាក់ទំនងទ្វេភាគីបន្ថែមទៀតរវាងប្រទេសទាំងពីរ។ ពេលនេះខ្ញុំមិនដឹងថា តើប្រធានបទអ្វីនឹងត្រូវលើកយកមកពិភាក្សានោះទេ…យើងត្រូវរង់ចាំសិន”។
កាលពីខែវិច្ឆិកា មន្ត្រីក្រសួងការបរទេសម្នាក់បានប្រាប់ព្រឹទ្ធសភាសហរដ្ឋអាមេរិកថា ហេតុការណ៍នយោបាយក្នុងប្រទេសកម្ពុជា រួមទាំងការវាយដំតំណាងរាស្ត្រគណបក្សប្រឆាំង និងចំណាត់ការផ្លូវច្បាប់ប្រឆាំងលោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំង ជាមូលហេតុចំពោះ “កង្វល់ធ្ងន់ធ្ងរ”។
លោក ស្កុត បុសប៊ី (Scott Bus-by) ឧបការីនៃការិយាល័យប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការងាររបស់ក្រសួងការបរទេសបានមានប្រសាសន៍ថា “សកម្មភាពទាំងនេះ ធ្វើឱ្យនឹកឃើញដល់រយៈពេលនៃរបបផ្ដាច់ការក្នុងពេលអតីតកាលថ្មីៗរបស់ប្រទេសកម្ពុជា និងធ្វើឲ្យមានមន្ទិលកាន់តែខ្លាំងអំពីការប្ដេជ្ញារបស់រដ្ឋាភិបាលនេះចំពោះការធ្វើកំណែទម្រង់ក្នុងឆ្នាំ២០១៤”។
យោងតាមជំនួយការម្នាក់បានឱ្យដឹងថា កាលពីឆ្នាំ២០១២ លោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតីសហរដ្ឋអាមេរិកបានជំរុញឲ្យលោក ហ៊ុន សែន អនុម័តកំណែទម្រង់ការបោះឆ្នោត និងលើកកម្ពស់ស្ថានភាពសិទ្ធិមនុស្ស។ កាលពីឆ្នាំ២០១០ លោកស្រី ហ៊ីឡារី គ្លីនតុន ដែលពេលនោះជារដ្ឋមន្ត្រីការបរទេសអាមេរិកបានសម្ដែងការគាំទ្រចំពោះការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដែលពេលនោះរដ្ឋាភិបាលនេះបានគំរាមបិទ។
ប្រទេសកម្ពុជាតែងតែប្រើប្រាស់ជំនួបបែបនេះជំរុញឲ្យមានការលើកលែងបំណុលសម័យ លន់ នល់ ដែលមានទឹកប្រាក់ជាង៤០០លានដុល្លារ។
កិច្ចប្រជុំកំពូលអាមេរិក-អាស៊ាននៅពេលខាងមុខ ត្រូវបានប្រកាសនៅកិច្ចប្រជុំកំពូលអាស៊ានលើកទី២៧ ដែលធ្វើឡើងក្នុងប្រទេសម៉ាឡេស៊ីកាលពីខែវិច្ឆិកា ដែលនៅពេលនោះលោក អូបាម៉ា បានអញ្ជើញមេដឹកនាំនៃប្រទេសជាសមាជិកអាស៊ានទាំង១០ឲ្យមកចូលរូមផងដែរ។ ដំណើរទស្សនកិច្ចនេះនឹងកត់សម្គាល់ជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់លោក ហ៊ុន សែន ទៅកាន់សហរដ្ឋអាមេរិក៕ សារុន