អាជ្ញាធរខេត្តក្រចេះ និងខេត្តត្បូងឃ្មុំជាខេត្តដែលមានព្រំប្រទល់ជាប់គ្នាបានឆ្មក់ចូលចម្ការកៅស៊ូមួយកន្លែង និងឃ្លាំងរបស់អ្នកជំនួញមានទ្រព្យសម្បត្តិស្តុកស្តម្ភម្នាក់ដើម្បី ស្វែងរកឈើខុសច្បាប់កាលពីថ្ងៃអាទិត្យ ពោលគឺត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសអំពីការបង្កើតកងកម្លាំងពិសេសមួយដែលទទួលបន្ទុកផ្នែកលុបបំបាត់បទល្មើសព្រៃឈើនៅក្នុងតំបន់នេះ។
អំឡុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃសុក្រ លោក ហ៊ុន សែន បានលើកឡើងថា លោក សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសត្រូវបានដាក់ឲ្យមើលារខុសត្រូវកងកម្លាំងពិសេសនេះដែលនឹងធ្វើការជាមួយអាជ្ញាធរខេត្តជាប់ព្រំដែនវៀតណាម ជាពិសេសគឺខេត្តត្បូងឃ្មុំ។
កាលពីម្សិលមិញ លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបានលើកឡើងថា កងកម្លាំងពិសេសនេះបានផ្តោតគោលដៅជាពិសេសលើបុរសពីរនាក់ គឺលោក លឹម ប៊ុណ្ណា និងលោក សឹង សំអុល ។ បុគ្គលទាំងពីរនាក់នេះសុទ្ធតែជា ”ឧកញ៉ា” ជាងារដែលគេផ្តល់ឲ្យបុគ្គលណាដែលបានបរិច្ចាគប្រាក់យ៉ាងតិច១០០.០០០ដុល្លារចូលរដ្ឋ។
លោកបានមានប្រសាសន៍ថា “បុគ្គលទាំងពីរនាក់នេះគិតថា គេមិនអាចប៉ះពាល់បាន”។
លោកបានលើកឡើងបន្តថា ក្រសួងមហាផ្ទៃបានប្រមូលភ័ស្តុតាងដែលពាក់ព័ន្ធនឹងអ្នកជំនួញទាំងពីរនាក់នេះរួចហើយ តែទោះជាយ៉ាងណាលោកមិនដឹងថា ភ័ស្តុតាងនោះជាអ្វីទេ។ លោកក៏បានលើកឡើងផងដែរថា អាជ្ញាធរបានឆ្មក់ចូលឃ្លាំងដែលជាកម្មសិទ្ធិរបស់បុរសទាំងពីរនាក់នេះកាលពីម្សិលមិញ ទោះជាយ៉ាងណាលោកមិនដឹងថា គេបានរកឃើញអ្វីនោះឡើយ។
នៅក្នុងខេត្តត្បូងឃ្មុំ លោក ហៀក សុភក្រ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តនេះ បានបញ្ជាក់ថា កងរាជអាវុធហត្ថ និងមន្ត្រីរដ្ឋបាលព្រៃឈើ បានចុះត្រួតពិនិត្យឃ្លាំងមួយរបស់លោក លឹម វណ្ណា ដែលមានសុទ្ធតែឈើ។
លោកបានលើកឡើងថា “ឥឡូវយើងកំពុងធ្វើការជាមួយរដ្ឋបាលព្រៃឈើដើម្បីវាស់វែងឈើក្នុងឃ្លាំងនេះ ប៉ុន្តែ យើងមិនទាន់ដឹងនៅឡើយទេថា តើមានឈើស្របច្បាប់ប៉ុន្មានដុំ និងឈើខុសច្បាប់ប៉ុន្មានដុំនោះ”។
“យើងមិនបានចាប់ខ្លួនលោកឧកញ៉ាទេយើងគ្រាន់តែចុះត្រួតពិនិត្យឃ្លាំងនោះតែប៉ុណ្ណោះ។ លោកឧកញ៉ាមិនបានរារាំងយើងមិនឲ្យចូលទៅក្នុងឃ្លាំងដើម្បីត្រួតពិនិត្យឈើនោះឡើយ ហើយឥឡូវនេះយើងកំពុងតែត្រួតពិនិត្យ”។
លោក ហៀក សុភក្រ បានបដិសេធមិនធ្វើអត្ថាធិប្បាយថាតើកត្តាអ្វីដែលជំរុញឲ្យអាជ្ញាធរទៅកាន់ទីនោះឡើយ មុនពេលផ្តាច់ទូរស័ព្ទរបស់អ្នកយកព័ត៌មានម្នាក់។ ព្រះរាជអាជ្ញារូបនេះមិនបានលើកឡើងពីលោក សឹង សំអុល ទេ។
ទោះជាយ៉ាងណា សេចក្តីរាយការណ៍មួយបង្ហោះនៅលើគេហទំព័រនគរបាលជាតិកាលពីពីរសប្តាហ៍មុនបានចោទប្រកាន់លោក សឹង សំអុល ថា បានប្រើប្រាស់ចម្ការកៅស៊ូក្នុងខេត្តមណ្ឌលគិរីដើម្បីលាងឈើកាប់ខុសច្បាប់ និងប្រើប្រាស់ច្រកព្រំដែនខុសច្បាប់ក្នុងខេត្តត្បូងឃ្មុំដើម្បីរត់ពន្ធឈើទៅវៀតណាម។
ក្រសួងបរិស្ថានបានលើកឡើងកាលពីសប្តាហ៍មុនថា ខ្លួនកំពុងសើុបអង្កេតលើសេចក្តីរាយការណ៍នេះ ប៉ុន្តែ បានបដិសេធមិននិយាយថា តើ ការរាយការណ៍ចុះដល់កន្លែងក្នុងពេលថ្មីនេះរបស់សាលាខេត្ត មានជាប់ពាក់ព័ន្ធនឹង លោក សឹង សំអុលដែលបដិសេធការចោទប្រកាន់មកលើរូបលោក ឬយ៉ាងណាឡើយ។
លោក លឹម ប៊ុណ្ណា មិនអាចទាក់ទងសុំការធ្វើអត្ថាធិប្បាយបានទេ។
កងកម្លាំងពិសេសថ្មីនេះក៏ចុះធ្វើការនៅក្នុងខេត្តក្រចេះដែរកាលពីម្សិលមិញ ជាទីដែលកងរាជអាវុធហត្ថបានឆ្មក់ចូលចម្ការកៅស៊ូមួយកន្លែងតាមបទបញ្ជាពីឧត្តមសេនីយ៍ សៅ សុខា ហើយបានរកឃើញឈើប្រភេទលេខ១មួយគំនរធំ នេះបើយោងតាមលោក សាន ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តនេះ។
លោកបានមានប្រសាសន៍ថា “ខ្ញុំបានបញ្ជូនកងរាជអាវុធហត្ថប្រហែល៦០នាក់ទៅឡោមព័ទ្ធតំបន់នោះកាលពីយប់ថ្ងៃសៅរ៍ ហើយព្រឹកមិញនេះយើងរកឃើញឈើសុក្រម និងឈើគគីរជាង១.០០០ដុំ នៅក្នុងព្រៃ។ យើងសង្ស័យថា ឈើទាំងនេះត្រូវបានគេទុកនៅទីនោះ សម្រាប់ដឹកទៅវៀតណាម”។
ប៉ុន្តែ លោក ស ចំរ៉ុង អភិបាលខេត្តេនះបានលើកឡើងថា ពួកគេនៅមិនទាន់កំណត់ថា តើឈើណាមួយចេញពីប្រភពខុសច្បាប់ និងថា តើក្រុមហ៊ុនគ្រប់គ្រងដីនេះដែលលោកប្រាប់អត្តសញ្ញាណថាជាក្រុមហ៊ុនចម្ការកៅស៊ូគ្រប់គ្រងដោយជនជាតិចិនបានធ្វើអ្វីខុសនៅឡើយទេ។
លោកបានថ្លែងថា “យើងនឹងអញ្ជើញម្ចាស់ក្រុមហ៊ុនមកសាកសួរ ព្រោះយើងចង់ត្រួតពិនិត្យឈើដែលគេគរទុកនៅក្នុងព្រៃដើម្បីរកឲ្យឃើញថា តើវាខុសច្បាប់ ឬស្របច្បាប់។ ប្រសិនបើពួកគេគ្មានឯកសារបញ្ជាក់អំពីឈើទាំងនេះទេ យើងនឹងឲ្យពួកគេបង់ពន្ធ ហើយយើងនឹងរឹបអូសឈើទាំងនេះទុកជាសម្បត្តិរដ្ឋ”។
ការកាប់ឈើខុសច្បាប់មានទោសជាប់ពន្ធនាគាររហូតដល់រយៈពេល៥ឆ្នាំ ទោះជាយ៉ាងណា ការផ្តន្ទាទោសអ្នកជំនួញមានទ្រព្យសម្បត្តិស្តុកស្តម្ភដែលគេសង្ស័យថា នៅពីក្រោយការជួញដូរខុសច្បាប់នៅមិនទាន់មាននៅឡើយទេ។
ឧត្តមសេនីយ៍ សៅ សុខា បានបដិសេធមិននិយាយជាមួយកាសែត ខេមបូឌា ដេលី ពាក់ព័ន្ធនឹងតួនាទីថ្មីរបស់លោកឡើយ។
ការសេីុបអង្កេតដាច់ដោយឡែកដែលធ្វើឡើងដោយអង្គការគ្លូប៊លវីតណេស ជាអង្គការការពារសិទ្ធិបរិស្ថានមានមូលដ្ឋានក្នុងទីក្រុងឡុងដ៍ នៅក្នុងឆ្នាំ២០០៤និងឆ្នាំ២០០៧ បានចោទប្រកាន់ឧត្តមសេនីយ៍រូបនេះបានថា មានជាប់ពាក់ព័ន្ធយ៉ាងខ្លាំងនៅក្នុងការជួញដូរឈើខុសក្នុងប្រទេសកម្ពុជា៕ ស៊ុយឈាង (រាយការណ៍បន្ថែមដោយ Zsombor Peter)