អភិបាលខេត្តមួយរូបបានថ្លែងក្នុងកិច្ចប្រជុំក្រុមមន្ត្រីកាលពីម្សិលមិញថា ឧកញ៉ាឈើ ទ្រី ភាព និងឧកញ៉ា លឹម ប៊ុណ្ណា ទទួលបានសម្បទានដីសេដ្ឋកិច្ចនៅក្នុងដែនជម្រកសត្វព្រៃមួយដែលត្រូវបានដកហូតពីក្រុមហ៊ុនពីរផ្សេងទៀតដោយសារការបំពានកិច្ចសន្យារបស់ខ្លួនជាមួយរដ្ឋាភិបាល។
យោងតាមអ្នកនាំពាក្យខុទ្ទកាល័យនាយករដ្ឋមន្ត្រី បានឲ្យដឹងថា ទង្វើបែបនេះគឺជាការប្រឆាំងនឹងការផ្អាកផ្តល់អាជ្ញាប័ណ្ណថ្មីលើសម្បទានដីសេដ្ឋកិច្ចដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់ចេញកាលពីឆ្នាំ២០១២ ។

ថ្លែងនៅក្នុងរាជធានីភ្នំពេញ អំឡុងកិច្ចប្រជុំដំបូងរបស់ក្រុមការងារពិសេសថ្មីមួួយដើម្បីប្រយុទ្ធប្រឆាំងការកាប់ឈើខុសច្បាប់នៅតំបន់ភាគបូព៌ានៃប្រទេសកម្ពុជា លោកអេង ប៊ុនហៀង អភិបាលខេត្តមណ្ឌលគិរីបានមានប្រសាសន៍ថា អាជ្ញាប័ណ្ណថ្មីពីរនេះត្រូវបានផ្តល់ដោយលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានដែលបានចូលកាន់តំណែងនេះកាលពីឆ្នាំ២០១៣។
ដោយប្រើប្រាស់គោរមងារកិត្តិយសសម្រាប់អ្នកដែលបានបរិច្ចាគប្រាក់យ៉ាងហោចណាស់១០០.០០០ដុល្លារដល់រដ្ឋ លោក អេង ប៊ុនហៀង បានមានប្រសាសន៍ថា “សម្បទានដីសេដ្ឋកិច្ចរបស់ក្រុមហ៊ុន Khmer Angkor Agriculture ត្រូវបានលុបចោល ប៉ុន្តែ កាលពីពេលថ្មីៗនេះក្រសួងបរិស្ថានបានផ្តល់ដីសម្បទាននេះឲ្យទៅឧកញ៉ាលឹម ប៊ុណ្ណា ដែលជាម្ចាស់ក្រុមហ៊ុនBXL ។ សម្បទានដីសេដ្ឋកិច្ចរបស់ក្រុមហ៊ុន Dai Nam ក៏ត្រូវបានលុបចោលដែរ ប៉ុន្តែពួកគេបានប្រគល់វាឲ្យទៅឧកញ៉ា ទ្រី ភាព”។
ប៉ុន្តែ លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីដែលទាក់ទងបានបន្ទាប់ពីការប្រជុំមានប្រសាសន៍ថា ការផ្តល់សម្បទានដីសេដ្ឋកិច្ចថ្មីៗនៅតែមិនត្រូវបានអនុញ្ញាតទេ។ ”ពួកគេមិនអាចចេញអាជ្ញាប័ណ្ណឲ្យទៅក្រុមហ៊ុនណាមួយបានទេ។ ក្រសួងបរិស្ថានបានបកស្រាយប្រាប់ខ្ញុំថា បើក្រុមហ៊ុនថ្មីចង់គ្រប់គ្រងបន្ត ពួកគេនិយាយថាទេ។ គោលនយោបាយ “គឺថា” ពេលពួកគេយកវាមកវិញហើយ ពួកគេនឹងមិនផ្តល់អាថ្មីឲ្យទេ។ បើពួកគេយកវាមកវិញ ពួកគេរក្សាវាទុកជាទ្រព្យសម្បត្តិរដ្ឋ។ នោះជាអ្វីដែលពួកគេពន្យល់ប្រាប់ខ្ញុំ”។
ទាក់ទិនបញ្ហានេះលោក សៅ សុភាព អ្នកនាំពាក្យក្រសួងបរិស្ថានមិនអាចទាក់ទងសុំការបំភ្លឺបានទេ។
ដីសម្បទានដែលផ្តល់ឲ្យលោក ទ្រី ភាព និងលោក លឹម ប៊ុណ្ណា សុទ្ធតែស្ថិតក្នុងដែនជម្រកសត្វព្រៃភ្នំព្រិច ដែលស្ថិតក្រោមដែនសមត្ថកិច្ចរបស់ក្រសួងបរិស្ថាន។
លោក ទ្រី ភាព ទទួលបានសម្បទានដីសេដ្ឋកិច្ចទូទាំងប្រទេស ហើយក្នុងរយៈពេល ប៉ុន្មានឆ្នាំមកនេះបានរងការចោទប្រកាន់ថា ប្រើប្រាស់ដីសម្បទានទាំងនោះដើម្បីលាងឈើនៅក្នុងរបរកាប់ឈើខុសច្បាប់ទូទាំងប្រទេស។ អង្គការក្លូប៊លវីតណេស ដែលជាអង្គការបរិស្ថាននិយាយថា ខ្លួនបានតាមដានឃើញអ្នកកាប់ឈើខុសច្បាប់ឃើញដឹកឈើរបស់ខ្លួនចូលដីសម្បទានរបស់លោក ទ្រី ភាព នៅក្នុងខេត្តរតនគិរី អំឡុងការសើុបអង្កេតស្វែងរកការពិតរយៈពេលមួយខែកាលពីឆ្នាំ២០១៤។
ទោះជាយ៉ាងណា តំណាងរបស់លោក ទ្រី ភាព បានច្រានចោលការអះអាងទាំងនេះ។
លោក លឹម ប៊ុណ្ណា រួមជាមួយឧកញ៉ា សឹង សំអុល ដែលជាម្ចាស់ដីសម្បទានសេដ្ឋកិច្ច កំពុងស្ថិតចំកណ្តាលនៃការបង្ក្រាបថ្មីរបស់រដ្ឋាភិបាលលើការកាប់ឈើខុសច្បាប់នៅតំបន់ភាគបូព៌ានៃប្រទេសកម្ពុជា។ លោក ផៃ ស៊ីផាន បានចុចឈ្មោះពួកគេថាជាគោលដៅសំខាន់របស់ក្រុមការងារពិសេសថ្មីនេះដែលលោក ហ៊ុន សែន បានបញ្ចេញឲ្យដឹងកាលពីសប្តាហ៍មុន។
លោក សឹង សំអុល បានច្រានចោលការចោទប្រកាន់ទាំងនេះ ចំណែកឯលោក លឹម ប៊ុណ្ណា មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ។
កាលពីថ្ងៃអាទិត្យ លោក ផៃ ស៊ីផាន បានមានប្រសាសន៍ថា អាជ្ញាធរបានឆ្មក់ចូលឃ្លាំងផ្ទុកឈើរបស់បុរសទាំងពីរនាក់នេះ។
នៅក្នុងប្រជុំបើកឆាកកាលពីម្សិលមិញរបស់ក្រុមការងារពិសេសថ្មីនេះ លោក សៅ សុខា អគ្គមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសដែលត្រូវបានដាក់ឲ្យទទួលបន្ទុកស្ថាប័ននេះមានប្រសាសន៍ថា អាជ្ញាធរកំពុងពិនិត្យមើលឈើស្តុកទុកទាំងនោះនៅឡើយដើម្បីកំណត់ថា តើឈើទាំងនោះទទួលបានពីប្រភពខុសច្បាប់ ឬយ៉ាងណា។
លោកមានប្រសាសន៍ទៀតថា នគរបាលកងរាជអាវុធហត្ថ និងទាហាន កងពលតូចលេខ៩១១សរុបចំនួន៣៦០នាក់ត្រូវបានចាត់តាំងនៅក្នុងក្រុមការងារពិសេសនេះរួមជាមួយឧទ្ធម្ភាគចក្រពីរគ្រឿងសម្រាប់ជួយពួកគេទៅដល់តំបន់ដាច់ស្រយាលដែលឧស្សាហ៍មានសកម្មភាពកាប់ឈើខុសច្បាប់។
លោកថ្លែងថា ក្រុមការងារពិសេសនេះក៏ទទួលបានថវិកាចំនួន៥០០លានរៀល ឬប្រហែល១២៥.០០០ដុល្លារផងដែរសម្រាប់ចំណាយលើចំណីអាហារ។
ក្រៅពីលោក អេង ប៊ុនហៀង អភិបាលខេត្តកំពង់ចាម ក្រចេះ រតនគិរី ស្ទឹងត្រែង និងខេត្តត្បូងឃ្មុំ ក៏បានចូលរួមការប្រជុំនេះដែរ។ នាយឧត្តមសេនីយ៍ សៅ សុខា បានគូសបញ្ជាក់ថា ក្រុមការងារនេះក៏មានគម្រោងចុះពិនិត្យមើលនៅក្នុងខេត្តទាំងនោះដើម្បីរកអ្នកភូមិដែលមានរថយន្តផងដែរ។
លោក សៅ សុខា ដែលខ្លួនលោកផ្ទាល់ត្រូវបានអង្គការក្លូប៊ល វីតណេស ចោទប្រកាន់ថាជាប់ពាក់ព័ន្ធក្នុងអាជីវកម្មឈើខុសច្បាប់នោះ បានមានប្រសាសន៍ទៀតថា “យើងកំពុងឆែកឆេរផ្ទះរបស់អ្នកភូមិទាំងអស់ដែលមានរថយន្តពីព្រោះយើងគិតថា រថយន្តទាំងនោះមិនមែនជាកម្មសិទ្ធិរបស់អ្នកភូមិទេ។ រថយន្តទាំងនោះប្រហែលជាកម្មសិទ្ធិរបស់ឈ្មួញឈើ ហើយអ្នកភូមិគ្រាន់តែបើកឲ្យឈ្មួញទាំងនោះប៉ុណ្ណោះ។ យើងប្តេជ្ញាបញ្ឈប់សកម្មភាពកាប់ឈើខុសច្បាប់ ហើយខ្ញុំសង្ឃឹមថា បទល្មើសព្រៃឈើនឹងមិនកើតឡើងក្នុងប្រទេសកម្ពុជាទៀតទេចាប់ពីពេលនេះទៅ”។
បណ្តាអង្គការសិទ្ធិមនុស្សបាននិយាយថា ការចូលរួមពាក់ព័ន្ធរបស់រដ្ឋាភិបាលបានឈានដល់កម្រិតខ្ពស់បំផុតហើយ។ ក្រុមមន្ត្រីធ្លាប់បានប្តេជ្ញាបំផ្លាញអាជីវកម្មនេះប៉ុន្មានលើករួចមកហើយ ប៉ុន្តែការធ្វើសកម្មភាពដើម្បីបញ្ឈប់វាកាលពីលើកមុនៗគឺបានតិចតួចណាស់៕សុខុម (រាយការណ៍បន្ថែមដោយ Zsombor Peter)