34 C
Phnom Penh

តុលាការសម្រេច​​​ដោះលែង​មន្ត្រីសហជីព​ប្រាំនាក់​​ឲ្យនៅក្រៅឃុំ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​​​តាម​​​ប្រធាន​​​សហជីព​​​មួយ​បាន​​​ឲ្យ​​​ដឹង​​​ថា មន្ត្រី​​​សហជីព​​​៥​​​នាក់​​​ដែល​​​ត្រូវ​​​បាន​​​ចាប់​​​​​​​​​ខ្លួន​​​កាល​​​ពី​​​​​​​សប្តាហ៍​​​មុន បន្ទាប់​ពី​​​​មាន​​​ការ​​​ប៉ះទង្គិច​​​គ្នា​​​ជា​​​មួយ​​​សហជីព​​​ជា​​​គូ​​​ប្រជែង​​​​​​នៅ​​​ក្នុង​​​ខេត្ត​​​កំពង់​​​ស្ពឺ​​​ ត្រូវ​​​បាន​​​ដោះ​​​លែង​​​ឲ្យ​​​នៅ​​​ក្រៅ​​​ឃុំ​​​កាល​​​ពី​​​យប់​​​មិញ​​​ ខណៈ​​​សាលា​​​ខេត្ត​​​កំពុង​​​ស្វះ​​​ស្វែង​​​ធ្វើ​​​យ៉ាង​ណា​ឲ្យ​ទំនាក់​​​ទំនង​​​​​​នៅ​​​ក្នុង​​​ឧស្សាហកម្ម​​​កាត់​​​ដេរមាន​ភាព​​​​រលូន​​​។

លោក ប៉ាវ ស៊ីណា ប្រធាន​​​សម្ព័ន្ធ​​​​​​សហ​​​ជីពចលនា​​​​កម្មករ​​​ដែល​​​បាន​​​បញ្ជូន​​​មន្ត្រី​​​របស់​​​ខ្លួន​​​ទៅ​​​គាំទ្រ​​​កម្មករ​​​រាប់​​​រយ​​​នាក់​​​ធ្វើ​​​​​​ការ​​​តវ៉ា​​​ទាម​​​ទារ​​​លក្ខខណ្ឌ​​​ការ​​​ងារ​​​ល្អ​​​ប្រសើរ​​​​​​នៅ​​​រោង​​​​​​ចក្រ​​​ Agile Sweater គ្រប់​​​គ្រង​​​ដោយ​​​អ្នក​​​ជំនួញ​​​មក​​​ពី​​​ហុង​​​កុង​​​នៅ​​​ក្នុង​​​ក្រុង​​​ច្បារ​​​មន​​​កាល​​​ពី​​​សប្តាហ៍​​​មុន​​​​​​បាន​​​លើក​​​ឡើង​​​ថា មន្ត្រី​​​សហជីព​​​ទាំង​​​៥​​​នាក់​​​នេះ ត្រូវ​​​បាន​​​ដោះ​​​លែង​​​នៅ​​​ម៉ោង​​​​​​ប្រហែល​​​៦​​​និង​​​៣០​​​នាទី​​​ល្ងាច​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​តាម​​​ទូរស័ព្ទ​​​ ដែល​គេបាន​ឮ​​​​កម្មករ​​​មួយ​​​ក្រុម​​​​រង់​​​ចាំ​​​នៅ​​​ខាង​​​ក្រៅ​​​ពន្ធនាគារ​​​​​​ទះ​​​ដៃ និង​​​ស្រែក​​​អបអរ​​​សាទរ​​​​​​​ នោះ​ថា “ពួក​​​គាត់​​​ត្រូវ​​​បាន​​​ដោះ​​​លែង​​​ហើយ​​​”។

“​​​​​​នៅ​​​ពេល​​​ពួក​​​គាត់​​​ត្រឡប់​​​ទៅ​​​ធ្វើ​​​ការ​​​វិញ យើង​​​អាច​​​ព្យាយាម​​​ដោះ​​​ស្រាយ​​​បញ្ហា​​​ផ្សេង​​​ៗ ​​​នៅ​​​រោង​​​ចក្រ”។

លោក ប៉ាវ ស៊ីណា​​​ បាន​​​បញ្ជូន​​​មន្ត្រី​​​របស់​​​ខ្លួន​​​ទៅ​​​រោង​​​ចក្រ ​​​ Agile Sweater ដើម្បី​​​គាំទ្រ​​​កម្មករ​​​ដែល​​​បាន​ធ្វើ​​​កូដ​​​កម្ម​​​តាំង​​​ពី​​​ថ្ងៃ​​​ទី​​​២៥​​​ខែ​​​ធ្នូ​​​មក​​​ ទាក់​​​ទិន​​​នឹង​​​លក្ខខណ្ឌ​​​ក្នុង​​​រោង​​​ចក្រ​​​។ ​​​មូល​ហេតុ​​​​ស្នូល​​​នៅ​​​ក្នុង​​​ភាព​​​ចលាចល​​​នេះ​​​ គឺផ្តើមចេញពី​សហជីព Trade Union Workers Federation of Progress Democracy ជា​​​សហ​​​ជីព​​​   តែ​​​មួ​​យ​​​គត់​​​ដែល​​​បាន​​​ចុះ​​​បញ្ជី​​​នៅក្នុង​​​រោង​​​ចក្រ​​​នេះ​​​ និង​​​ដែល​​មាន​​​​​លោក សុខ រ៉ាវុធ ជា​​​ប្រធាន។​ប្រធានសហ​ជីព​រូបនេះ​​​​​ក៏​​​បម្រើ​​​ការ​​​ងារ​​​ជា​​​ទី​ប្រឹក្សា​​​​​​​គណៈគ្រប់​​​គ្រង​​​រោង​​​ចក្រ​​​នេះដែរ​​។​

កាល​​​ពី​​​ខែ​​​តុលា ​​​ កម្មករ​​​ពីរ​​​នាក់​​​ដែល​​​ព្យាយាម​​​ បង្កើត​​​សហជីព​​​មួយ​​​ផ្សេង​​​ទៀត​​​នៅ​​​ក្នុង​​​រោង​​​ចក្រ​​​នេះ​​​​​​ត្រូវ​​​បាន​​​ចាប់​​​​​​ដាក់​​​ពន្ធនាគារ​​​ក្នុង​​​រយៈ​​​​​​​​​ពេល​​​ខ្លី បន្ទាប់​​​ពី​​​លោក សុខ រ៉ាវុធ និង​​​គណៈគ្រប់​​​គ្រង​​​រោង​​​ចក្រ​​​បាន​​​ប្តឹង​​​ថា ពួក​​​គេ​​​បាន​​​ប្រើ​​​អំពើ​​​ហិង្សា​​​ដើម្បី​​​ខិត​​​ខំ​​​បញ្ចុះ​​​បញ្ចូល​​​កម្មករ​​​ឲ្យ​​​ចូល​​​រួម​​​ជាមួយ​​​ពួក​​​គេ​​​។

មន្ត្រី​​​សហជីព​​​ទាំង​​​៥​​​នាក់​​​នេះ​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​កាល​​​ពី​​​ថ្ងៃអង្គារ​​​សប្តាហ៍​​​មុន ហើយ​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ពីបទ បង្ក​​​អំពើ​​​ហិង្សា​​​​​​ដោយ​​​ចេតនា​​​ ញុះ​​​ញង់​​​ឲ្យ​​​មានការ​​​ប្រព្រឹត្ត​​​បទ​​​ល្មើស​​​ និង​​​មិន​​​គោរព​​​ដីកា​​​បង្គាប់​​​របស់​​​តុលាការ​​​ឲ្យ​​​កម្មករ​​​ត្រឡប់ចូល​​​​ធ្វើ​​​ការ​​​វិញ​​​បន្ទាប់​​​ពី​​​មាន​​​​​​ការ​​​ប៉ះ​​​ទង្គិច​​​គ្នា​​​ដ៏​​​បង្ហូរ​​​ឈាម​​​​​​នៅខាង​​​ក្រៅ​​​រោង​​​ចក្រ​​​ដែល​​​លោក   ​​​ប៉ាវ ​​​ស៊ីណា​​​ ​​​ជឿ​​​ថា ជា​​​ការ​​​រៀប​​​ចំ​​​ឡើយ​​​លោក សុខ ​​​រ៉ាវុធ។

លោក​​​ ប៉ាវ​​​ ស៊ីណា បាន​​​លើក​​​ឡើង​​​ថា ​​​”យើង​​​នឹង​​​ស្នើ​​​ឲ្យ​​​តុលាការ​​​លើក​​​លែង​​​ការ​​​ចោទ​​​ប្រកាន់​​​លើ​​​មន្ត្រី​​​របស់​​​យើង​​​។ ពួក​​​គាត់​​​មិន​​​បាន​​​ប្រព្រឹត្ត​​​​​​អំពើ​​​ហិង្សា​​​ឬ​​​ញុះ​​​ញង់​​​អ្វី​​​ឡើយ​​​។ ពួក​​​គាត់​​​គឺជា​​​ជន​​​រងគ្រោះ”។

លោក​​​បាន​​​បន្ថែម​​​ថា​​​ បណ្តឹង​​​អំពី​​​ការ​​​បង្ក​​​

អំពើ​​​ហិង្សា​​​ដោយ​​​ចេតនា​​​ដែល​​​ប្តឹង​​​លោក ​​​សុខ រ៉ាវុធ គឺនៅ​តែ​​​ដដែល​​​។​លោក ​​​សុខ ​​​រ៉ាវុធ ​​​បាន​​​អះ​​​អាង​​​ថា មន្ត្រី​​​របស់​​​សម្ព័ន្ធ​​​សហជីព​​​ចលនា​​​កម្មករ​​​បាន​​​មក​​​ដល់​​​រោង​​​ចក្រ​​​ ហើយ​​​បង្ក​​​អំពើ​​​ហិង្សា​​​តែ​​​ម្តង​​​។

លោក អ៊ូ សំអាន អភិបាល​​​ខេត្ត​​​នេះ​​​ដែល​​​បាន​​​ជួប​​​ជាមួយ​​​លោក ប៉ាវ ស៊ីណា កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ដើម្បី​​​ពិភាក្សា​​​រក​​​ដំ​​​ណោះ​​​ស្រាយ​​​បាន​​​លើក​​​ឡើង​​​ថា លោក​​​បាន​ផ្តល់​យោបល់​​​​ឲ្យ​​​មាន​​​ការ​​​ដោះ​លែង​​​​នេះ ​​​​​​ហើយ​​​ថា ភាគី​​​ទាំង​​​ពីរ​​​នឹង​​​ធ្វើ​​​ការ​​​ដើម្បី​​​ដោះ​​​ស្រាយ​​​ជម្លោះ​​​នៅ​​​រោង​​​ចក្រ​​​។

លោកបាន​​​មាន​​​ប្រសាសន៍​​​ថា “ជម្លោះ​​​របស់​​​កម្មករ​​​អាច​​​ដោះ​​​ស្រាយ​​​បាន​​​ក្នុង​​​ពេល​​​ឆាប់​​​ៗ​​​ ព្រោះ​​​ពួក​​​គាត់​​​ត្រូវ​​​ការ​​​តំណាង​​​ដើម្បី​​​ជំនួស​​​មុខ​​​ឲ្យ​​​ពួក​​​គាត់​​​”។

លោក​​​ ប៉ាវ ស៊ីណា បាន​​​បញ្ជាក់​​​កាល​​​ពី​​​ម្សិលមិញ​​​ថា លោក​​​គ្មាន​​​សមាជិក​​​នៅ​​​រោង​​​ចក្រ ​​​Agile Sweater​​​ ទេ​​​ ប៉ុន្តែ ថា​​​ ទោះ​​​ជា​​​យ៉ាង​​​ណា លោក​​​នឹង​​​ជួយ​​​តវ៉ា​​​សម្រាប់​​​កម្មករ​​​​​​ដែល​​​កំពុង​​​តែ​​​ជួប​​​ការ​​​លំបាក​​​។ លោក សុខ ​​​រ៉ាវុធ អះ​​​អាង​​​ថា សហជីព​​​របស់​​​លោក​​​តំណាង​​​ឲ្យ​​​កម្មករ​​​ប្រហែល​​​៩០​​​ភាគ​​​រយ​​​ក្នុង​​​ចំណោម​​​កម្មករ​​​សរុប​​​៩០០នាក់​​​ក្នុង​​​រោង​​​ចក្រ​​​​ Agile Sweater​​​ នេះ។

នៅ​​​ក្នុង​​​ករណី​​​ដាច់​​​ដោយ​​​ឡែក​​​មួយ​​​ទៀត ​​គេរំពឹងថា សាលា​​​ដំបូង​​​ខេត្ត​​​ស្វាយ​​​រៀង​​​នឹង​​​ធ្វើ​​​ការ​​​សម្រេច​​​​នៅក្នុង​​​សប្តាហ៍​​​នេះ​​​ទាក់​​​ទិន​​​សំណើ​​​សុំ​​​នៅ​​​ក្រៅ​​​ឃុំ​​​របស់​​​កម្មករ​​​៤​​​នាក់​​​ដែល​​​ជាប់​​​ពន្ធនាគារ​​​​​​​​​​​​ពី​​​បទ បង្ក​​​អំពើ​​​ហិង្សា​​​ និង​​​ញុះ​​​ញង់​​​កាល​​​ពី​​​ខែ​​​មុន​​ ក្រោយ​​​ពេល​​​មាន​​​ការ​​​ធ្វើ​​​កូដ​​​កម្ម​​​ និង​​​ការ​​​តវ៉ា​​​ដែល​​​បណ្តាល​​​ឲ្យ​​​តំបន់​​​សេដ្ឋកិច្ច​​​ពិសេស​​​តៃសេង និង​​​មេន​​​ហាតធេន បិទ​​​អស់​​​ពីរ​​​ថ្ងៃ​​​។

ភាព​​​ចលាចល​​​នោះ​អាច​គ្រប់​គ្រង​វិញ ​​​ពេល​​​លោក ប៉ាវ ស៊ីណា និង​​​មេដឹក​​​នាំ​​​សហ​​​ជីព​​​​​​៣​​​នាក់​​​ផ្សេង​​​ទៀត​​​ដែល​​​សុទ្ធ​​​តែ​​​អះ​​​អាង​​​ថា មិន​​​ជាប់​​​ពាក់​​​ព័ន្ធ​​​ក្នុង​​​ការ​​​តវ៉ា​​​ បាន​​​​យល់ព្រម ​ធ្វើ​​​ឲ្យ​​​ស្ថានភាព​​​ស្ងប់​​​ទៅ​​​វិញ​នៅក្នុង​​​កិច្ច​​​ប្រជុំ​​​អស់​​​កន្លះ​​​ថ្ងៃ​​​ បន្ទាប់ពី​សាលា​​​ខេត្ត​​​បាន​​​យល់​​​ព្រម​​​ដោះ​​​លែង​​​អ្នក​​​ទាំង​​​៤​​​នាក់​​​នេះវិញ​។

លោក ប៉ាវ ស៊ីណា បានមាន​​​ប្រសាសន៍​​​ថា ​​​”សាលា​​​ខេត្ត​​​ត្រូវ​​​តែ​​​គោរព​​​ពាក្យ​​​សន្យា​​​របស់​​​ខ្លួន​​​”។

លោក ហូ វឌ្ឍនៈ​​​​ អភិបាល​​​រង​​​ខេត្ត​​​នេះ​​​ ដែល​​​បាន​​​ចុះ​​​ហត្ថលេខា​​​លើ​​​កិច្ច​​​​ព្រម​​​ព្រៀង​​​បាន​​​លើក​​​ឡើង​​​ថា សំណើ​​​សុំ​​​នៅ​​​​​​ក្រៅ​​​ឃុំ​​​កំពុង ​​​​​​ស្ថិត​​​នៅ​​​ក្នុង​​​ដំណើ​​​រ​​​ការ​​​ពិនិត្យ​​​នៅ​​​ឡើយ។

លោក​​​បាន​​​ថ្លែង​​​ថា “អស​​​់លោក​​​​​​គួរ​​​តែ​​​ដឹង​​​ថា ពួក​​​គាត់​​​នឹង​​​មិន​​​ជាប់​​​ពន្ធនាគារ​​​យូរ​​​ឡើយ​​​។  ពួក​​​គាត់​​​នឹង​​​ត្រូវ​​​ដោះ​​​លែ​​​ង​​​វិញ​​​”។

លោក​​​ស្រី ហេង បុង ដែល​​​ជា​​​មេធាវី​​​តំណាង​​​ឲ្យ​​​កម្មករ​ទាំង​​​៤​​​នាក់​​​នេះ​​​បាន​​​លើក​​​ឡើង​​​ថា លោក​​​ស្រី​​​សង្ឃឹម​​​ថា នឹង​​​មាន​​​ការ​​​សម្រេច​​​នៅ​​​ត្រឹម​​​ថ្ងៃ​​​ពុធ​​​៕ស៊ុយឈាង​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស