យោងតាមអង្គការក្រៅរដ្ឋាភិបាលថ្នាក់មូលដ្ឋានមួយបានឲ្យដឹងថា នគរបាលក្រុងភ្នំពេញបានឃាត់ខ្លួនអ្នករកស៊ីផ្លូវភេទយ៉ាងហោចណាស់២៧៤នាក់តាមដងផ្លូវនានាកាលពីឆ្នាំមុន មុនពេលបញ្ជូនពួកគេទៅមណ្ឌល សង្គមកិច្ចព្រៃស្ពឺ ដែលមានឈ្មោះអាក្រក់។ អង្គការក្រៅរដ្ឋាភិបាលមួយនេះក៏បានរាយការណ៍ផងដែរថា ៨០ភាគរយនៃអ្នករកស៊ីផ្លូវភេទតាមផ្លូវដែលស្ថិតក្នុងការមើលថែរបស់ខ្លួនបាននិយាយថា ពួកគេត្រូវបាន “រំលោភបំពាន” ដោយមន្ត្រីមានភារកិច្ចនៅមណ្ឌលនេះ។
នាយកគ្រប់គ្រងលោកស្រី សាម៉ារ៉ា ស៊ីហាតា បាននិយាយកាលពីម្សិលមិញថា អង្គការបណ្តាញស្ត្រីរួបរួមគ្នា (WNU) ដែលគ្រប់គ្រងភាគច្រើនដោយអ្នករកស៊ីផ្លូវភេទបច្ចុប្បន្ន និងអតីតអ្នករកស៊ីផ្លូវភេទ បានជួយឲ្យមានការដោះលែងស្ត្រីរកស៊ីផ្លូវភេទ២៧៤ នាក់ពីមណ្ឌលឃុំខ្លួននោះកាលពីឆ្នាំមុន។
ក្នុងឯកសារព័ត៌មានមួយដែលចេញកាលពីខែមុន ដោយផ្អែកលើបទសម្ភាសន៍ជាមួយអ្នករកស៊ីផ្លូវភេទប្រហែល៣០០នាក់ក្នុងក្រុងភ្នំពេញ អង្គការស្ត្រីរួបរួមគ្នាបានឲ្យដឹងថា អ្នករកស៊ីផ្លូវភេទតាមដងផ្លូវបានរាយការណ៍ថា ត្រូវគេចាប់ខ្លួន៨ទៅ៩ដងក្នុងមួយ ឆ្នាំជាមធ្យម។ ពួកគេ៨០ភាគរយដែលត្រូវបានសាកសួរបានរាយការណ៍ថា”ត្រូវរំលោភបំពាន” ដោយមន្ត្រីនគរបាល ទាំងរាងកាយទាំងផ្លូវភេទ។
ដោយទាក់ទងកាលពីម្សិលមិញ លោកគួច ចំរើន អភិបាលខណ្ឌដូនពេញបានបដិសេធ ទាំងខឹងថា នគរបាលរបស់លោកមិនបានរំលោភបំពានអ្នករកស៊ីផ្លូវភេទទេ អំឡុងពេលចុះបោសសម្អាតជាប្រចាំតាមដងផ្លូវដែលក៏ផ្តោតគោលដៅលើជនអនាថា និងអ្នកញៀនថ្នាំដែរនោះ ប៉ុន្តែ លោកបាននិយាយ ថា ប្រសិនបើការចោទប្រកាន់ណាមួយអាចបញ្ជាក់ថាពិតនោះ មន្ត្រីល្មើសនឹងត្រូវដាក់ទោសទណ្ឌ។
លោកបាននិយាយថា “សូមបង្ហាញភ័ស្តុតាងមក។ សូមឲ្យអ្នកដែលចោទប្រកាន់ប្តឹងយើងមក។ យោងតាមច្បាប់ ប្រជាពលរដ្ឋមាន សិទ្ធិប្តឹង ប៉ុន្តែ ត្រូវមានភ័ស្តុតាងគ្រប់គ្រាន់”។
លោក គួច ចំរើន បានបន្ថែមថា ដោយសារការផ្តល់សេវាផ្លូវភេទនៅតាមទីសាធារណៈបានរំលោភមាត្រា២៤នៃច្បាប់ស្តីពីការបង្ក្រាបការជួញដូរមនុស្ស និងការកេងប្រវ័ញ្ចផ្លូវភេទ នគរបាលមានសិទ្ធិចាប់ខ្លួនអ្នករកស៊ីផ្លូវភេទតាមផ្លូវ។
ក្រៅតែពីចាប់និងចោទប្រកាន់អ្នករកសីុផ្លូវភេទ នគរបាលជារឿយៗតែងតែបញ្ជូនពួកគេទៅព្រៃស្ពឺ ដែលជាផ្លូវការគេហៅថា មណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈពោធិ៍សែនជ័យ បើទោះជាមិនមានការបណ្តុះបណ្តាលវិជ្ជាជីវៈក៏ដោយ។ បុគ្គលិកនៅមណ្ឌលនោះបានទទួលរងការចោទប្រកាន់ជាយូរមកហើយថា បានប្រព្រឹត្តការរំលោភបំពានទាំងផ្លូវភេទទាំងផ្លូវកាយលើអ្នកជាប់ឃុំ។
យោងតាមលោក អំ សំអាត អ្នកគ្រប់គ្រងបច្ចេកទេសនៅអង្គការសិទ្ធិមនុស្សលីកាដូបានឲ្យដឹងថា ដោយសារអ្នករកស៊ីភ្លូវភេទដែលជាប់ឃុំនៅព្រៃស្ពឺមិនទទួលបាននីតិវិធីត្រឹមត្រូវតាមច្បាប់ ឬប្រឈមនឹងការកាត់ក្តីក្នុងតុលាការនោះ ការឃុំខ្លួនពួកគេគឺខុសច្បាប់។
លោកបាននិយាយថា “ជាការរំលោភសិទ្ធិ របស់ពួកគេធ្ងន់ណាស់ ហើយផ្ទុយនឹងច្បាប់ នៅពេលដែលអាជ្ញាធរចាប់ពួកគេឃុំខ្លួនដោយមិនធ្វើតាមនីតិវិធីតុលាការនោះ”។
អ្នកតស៊ូមតិផ្សេងទៀតបានបញ្ជាក់ថា អំពើ ពុករលួយនិងការខ្លាចអាជ្ញាធរនឹងធ្វើឲ្យលទ្ធភាពប្តឹងចំពោះមន្ត្រីរលាយបាត់ទៅវិញ។
លោក ហួន ចាន់ឌី ប្រធានមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ និយាយថា ”ជនរងគ្រោះពិបាកនឹងប្តឹងមន្ត្រីអនុវត្តច្បាប់”។
លោកបាននិយាយថា “តុលាការមិនបានបង្ហាញនូវការប្តេជ្ញាណាមួយថានឹងធ្វើដោយអព្យាក្រឹត ឬយកជនរំលោភសិទ្ធិមនុស្សមកកាត់ទោសនោះទេ”៕ និត