យោងតាមអ្នកនាំពាក្យក្រសួងមហាផ្ទៃបានឲ្យដឹងថា ក្រសួងនេះបានស្នើឲ្យនគរបាលអាំងទែប៉ូលជួយចាប់ខ្លួន “ពលរដ្ឋខ្មែរម្នាក់រស់នៅក្រៅប្រទេស” ដែលក្រសួងនេះជឿថា ជាអ្នកទទួលខុសត្រូវចំពោះការកាត់ត និងផ្សព្វផ្សាយចែករំលែករូបថតរបស់ភរិយាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ។
រូបថតកាត់តដែលលេចឡើងតាមហ្វេសប៊ុកកាលពីចុងខែមុនបានបង្ហាញឲ្យឃើញពីលោកស្រី ប៊ុន រ៉ានី ស្ថិតក្នុងឥរិយាបថឈរកន្ធែកជើង ពេលថតរូបជាមួយស្វាមី និងចៅៗ ចំនួន៦នាក់អំឡុងពេលសម្រាកវិស្សមកាលនៅក្នុងក្រុងព្រះសីហនុ ដើម្បីអបអរសាទរឆ្នាំថ្មីឆ្នាំសកល។
នៅក្នុងសារមួយបង្ហោះតាមទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនកាលពីថ្ងៃទី៣១ ខែធ្នូ លោកនាយករដ្ឋមន្ត្រីបានក្តៅក្រហាយយ៉ាងខ្លាំងចំពោះរូបថតនេះដោយចែករំលែករូបភាពផ្ទាំងស្គ្រីនស្តីពីរូបថតកាត់ត និងទំព័រហ្វេសប៊ុកមួយដែលបានបង្ហោះរូបថតនេះ។
នៅក្នុងរូបភាពផ្ទាំងស្គ្រីននោះ ម្ចាស់គណនីឈ្មោះ “Haknukman Leung” បានសរសេរថា “ស្អីគេ!! ស្ត្រីទី១ខ្មែរឈរអ៊ីចឹង!!!ពិតជាគំរូអាក្រក់របស់នារីខ្មែរមែន!ជោមើលប្រពន្ធផងជោ!!!”។
ដោយចោទប្រកាន់សកម្មជនគណបក្សប្រឆាំងថា បានកាត់តរូបថតនេះ លោក ហ៊ុន សែន បានលើកឡើងតាមរយៈសារមួយអមដោយរូបភាពផ្ទាំងស្គ្រីននេះថា “រាល់ទង្វើទាំងឡាយណាដែលបំផ្លាញដល់កិត្តិយសខ្ញុំ និងគ្រួសារក្នុងនាមជានាយករដ្ឋមន្ត្រីក្នុងប្រទេសមួយ គឺពួកគេត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់”។
គណបក្សសង្គ្រោះជាតិបានបដិសេធថា មិនជាប់ពាក់ព័ន្ធនឹងបញ្ហានេះទេ។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានលើកឡើងកាលពីម្សិលមិញថា អាជ្ញាធរកំពុងតែសើុបអង្កេតលើរូបថតនេះ និងស្នើសុំជំនួយពីនគរបាលអាំងទែប៉ូលខណៈនគរបាលជឿថា ជនសង្ស័យរស់នៅក្រៅប្រទេស។
ឧត្តមសេនីយ៍ ខៀវ សុភ័គ បានមានប្រសាសន៍ថា “យើងកំពុងធ្វើការជាមួយនគរបាលអាំងទែប៉ូលដើម្បីចេញនិវេទន៍ក្រហមសម្រាប់បុរសរូបនោះ។ ពួកគេបានទទួលសំណើរបស់យើងហើយ”។
ឧត្តមសេនីយ៍ ខៀវ សុភ័គ បានលើកឡើងទៀតថា លោកត្រូវបានអនុញ្ញាតឲ្យនិយាយត្រឹមតែថា ជនសង្ស័យគឺជា “ពលរដ្ឋខ្មែរម្នាក់ដែលរស់នៅក្រៅប្រទេស” ប៉ុណ្ណោះ ហើយលោកបានបដិសេធមិនឆ្លើយនឹងសំណួរបន្ថែមឡើយ។
លោកបានថ្លែងថា “ឥឡូវនេះការសើុបអង្កេតកំពុងស្ថិតក្នុងដំណើរការ ហេតុដូច្នេះខ្ញុំគិតថា ការនិយាយជាមួយប្រព័ន្ធផ្សព្វផ្សាយគ្មានប្រយោជន៍សម្រាប់ការសើុបអង្កេតរបស់យើងទេ”។
សេចក្តីរាយការណ៍ព័ត៌មានក្នុងស្រុកមួយកាលពីដើមសប្តាហ៍នេះបានលើកឡើងថា ឧត្តមសេនីយ៍ ខៀវ សុភ័គ បាននិយាយថា ក្រសួងមហាផ្ទៃបានទាក់ទងការិយាល័យសើុបអង្កេតសហព័ន្ធ (FBI)ទាក់ទិននឹងករណីនេះ។ កាលពីម្សិលមិញលោកបានលើកឡើងថា ក្រសួងបានទាក់ទងទីភ្នាក់ងារសហរដ្ឋអាមេរិក ហើយថា គេដកស្រង់សម្តីលោកខុស។
ពេលទាក់ទងកាលពីថ្ងៃច័ន្ទ លោក លឹម សុខារស្មី ប្រធានការិយាល័យនគរបាលអាំងទែប៉ូលនៅកម្ពុជាបានបដិសេធមិនធ្វើអត្ថាធិប្បាយទាក់ទិននឹងករណីនេះឡើយ។ លោកបានមានប្រសាសន៍ថា “ខ្ញុំមិនអាចផ្តល ់[ព័ត៌មាន] បានទេ ដោយសារករណីនេះកំពុងស្ថិតក្រោមការសើុបអង្កេត៕ ស៊ុយឈាង