33 C
Phnom Penh

មនុស្ស​​​៥​​​​​​នាក់​​​ស្លាប់​​​ក្នុង​​​​​គ្រោះ​​​ថ្នាក់​​​​​​ចរាចរណ៍រថយន្ត​​​បុក​​​គ្នា​​​ក្នុង​​​ខេត្ត​​​ពោធិ៍សាត់​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរ​​​បាល​​​ខេត្ត​​​​​​​​​ពោធិ៍សាត់​​​​​​បាន​​​និយាយ​​​ថ្ងៃ​​​នេះ​​​ថា មាន​​​មនុស្ស៥​​​នាក់​​​បាន​​​ស្លាប់ និង២៤​​​នាក់​​​​​​ផ្សេង​​​ទៀត​​​រង​​​របួស​​​ នៅ​​​ពេល​​​ដែល​​​​​​​​​រថយន្ត​​​​ក្រុង​​​​​​ដឹក​​​អ្នក​​​ដំណើរ​​​មួយគ្រឿង​​​​​​បុក​​​ចំ​​​ពី​​​​​​ចំហៀង​​​​​​រថយន្ត​​​ដឹក​​​អង្ករ​​​​​​​​​នៅ​​​ម៉ោង​​​​១២​​​យប់​​​មិញ​​​នេះ​​​នៅតាមផ្លូវជាតិ​លេខ៥​​​ ក្នុង​​​ភូមិ​​​ត្រពាំងរំដេញ ឃុំក្បាលត្រាច ស្រុកក្រគរ។

លោក ឯម រុន អធិការ​​​ស្រុក​​​ក្រគរ បាន​​​​​​និយាយ​​​ថា ​​​គ្រោះ​​​ថ្នាក់​​​នេះ​​​បាន​​​កើត​​​ឡើង នៅពេល​​​ដែល​​​​​​​​​រថយន្ត​​​​​​ក្រុង​​​រស្មី​​​ក្រុង​​​ភ្នំពេញ​​​​​​មួយ​​​គ្រឿង​​​​​​បើក​​​បរ​​​ពី​​​​​​​​​​​​​​​ក្រុង​​​ភ្នំពេញ​​​​​​ឆ្ពោះ​​​​​​​​​ទៅ​​​ខេត្ត​​​បាត់​​​ដំបង​​​បាន​​​បែក​​​កង់​​​​​​​​​ក្រោយ​​​ទាំង​​​ពីរ​​​​​​នៅ​​​ខាង​​​ឆ្វេង ហើយ​​​ក៏​​​រេ​​​ចង្កូត​​​ទៅ​​​​​​បុក​​​រថ​​​យន្ត​​​ដឹក​​​អង្ករ​​​ដែល​​​ធ្វើ​​​ដំណើរ​​​ពី​​​​​​​​​ខេត្ត​​​បាត់​​​ដំបង​​​មក​​​ក្រុង​​​ភ្នំពេញ ដោយ​​​បណ្តាល​​​ឲ្យ​​​មនុស្ស​​​ម្នាក់​​​ស្លាប់​​​នៅ​​​នឹង​​​កន្លែង។

លោក ឯម រុន បាន​​​និយាយ​​​ថា “នៅ​​​កន្លែង​​​កើត​​​ហេតុ​​​​​​មាន​​​ស្លាប់​​​ម្នាក់ ហើយ​​​បួន​​​នាក់​​​ទៀត​​​​​​បាន​​​ស្លាប់​​​នៅ​​​មន្ទីរ​​​ពេទ្យ​​​បង្អែក​​​ខេត្ត​​​ពោធិ៍​​​សាត់​​​ គឺ​​​មាន​​​ស្ត្រី​​​២​​​នាក់ និង​​​ប្រុស​​​៣​​​នាក់”។​​​​​​

លោក​​​អធិការ​​​ស្រុក​​​ក្រគរ​​​រូប​​​នេះ​​​បាន​​​និយាយ​​​ថា ក្នុង​​​បណ្តា​​​អ្នក​​​របួស​​​ទាំង​​​២៤​​​នាក់ មាន​​​៧​​​នាក់​​​ទទួល​​​រង​​​​​​​​​របួស​​​ធ្ងន់ ហើយ​​​កំពុង​​​ទទួល​​​ការ​​​ព្យាបាល​​​នៅ​​​ក្នុង​​​មន្ទីរ​​​ពេទ្យ​​​បង្អែក​​​ខេត្ត​​​ពោធិ៍សាត់។​​​

កាល​​​ពី​​​ថ្ងៃ​​​ទី​​​​​​៨ ខែ​​​មករា មាន​​​មនុស្ស​​​៦​​​នាក់​​​បាន​​​ស្លាប់​​​​​​នៅ​​​​​​លើ​​​កំណាត់​​​ផ្លូវ​​​លេខ​​​៥ នៅ​​​ក្នុង​​​​​​ឃុំ​​​អន្សា​​​ចំបក់ ស្រុក​​​ក្រ​​​គរ​​​ នៅ​​​ពេល​​​ដែល​​​រថយន្ត​​​ស៊ី​​​តែន​​​សាំង​​​បាន​​​បុក​​​ជាមួយ​​​រថយន្ត​​​ទួរីស​​​មួយ​​​គ្រឿង​​​ដែល​​​ដឹក​​​អ្នក​​​ដំណើរ​​​ឆ្ពោះ​​​ទៅ​​​​​​ខេត្ត​​​សៀម​​​រាប។​​​​​​​​​

យោង​​​តាម​​​របាយការណ៍​​​អគ្គ​​​ស្នង​​​ការ​​​នគរ​​​បាល​​​ជាតិ​​​ឲ្យ​​​ដឹង​​​ថា ​​​ក្នុង​​​ឆ្នាំ​​​២០១៥ មាន​​​មនុស្ស​​​​​​រង​​​គ្រោះ​​​ដោយ​​​គ្រោះ​​​ថ្នាក់​​​ចរាចរណ៍​​​​​​ចំនួន​​​​​​សរុប​​​ ៩.៧៧៥​​​នាក់​​​ ក្នុង​​​នោះ​​​​​​បណ្តាល​​​ឲ្យ​​​ស្លាប់​​​​​​ចំនួន​​​២.២៦៥​​​នាក់​​​ និង​​​រង​​​របួស​​​ចំនួន​​​​៧.៥១០​​​នាក់៕​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស