26 C
Phnom Penh

រដ្ឋាភិបាល​ប្រកាស​ផ្អាក​ការ​ពិនិត្យ​ប័ណ្ណ​បើកបរ​និង​ការ​ចុះ​បញ្ជី​យានយន្ត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​មន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា នគរបាល​ចរាចរ​នឹង​មិន​ពិន័យ​អ្នក​ប្រើប្រាស់​ផ្លូវ​ចំពោះ​បទល្មើស​ទាក់ទិន​នឹង​ប័ណ្ណ​បើកបរ​និង​ប័ណ្ណ​សម្គាល់​យានយន្ត​ទេ រហូត​ដល់​ថ្ងៃ​ទី​១៥​ខែ​មិនា រីឯ​បទបញ្ញត្តិ​ផ្សេងទៀត​នៃ​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី​នេះ​នឹង​នៅ​បន្ត​អនុវត្ត​ជា​ធម្មតា។

សេចក្តី​ជូនដំណឹង ដែល​ចុះ​ហត្ថលេខា​ដោយ​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ដែល​មើល​ខុស​ត្រូវ​ស្ថាប័ន​នេះ បាន​ជំរុញ​សាធារណជន​ឲ្យ​ប្រើ​ពេល​បន្ថែម​ក្នុង​ការ​បំពេញ​បែបបទ​ផ្សេងៗ ដើម្បី​បាន​ប័ណ្ណ​បើកបរ​និង​ឯកសារ​សម្គាល់​យានយន្ត។

ឧត្ដមសេនីយ៍​ឯក រុន រ័ត្នវាសនា ប្រធាន​នាយកដ្ឋាន​នគរបាល​ចរាចរ​និង​សណ្តាប់​ធ្នាប់​សាធារណៈ បាន​បញ្ជាក់​ថា ចាប់តាំង​ពី​ថ្ងៃ​ទី​១​ខែ​មករា​ទៅ នគរបាល​ចរាចរ​នៅ​មិន​ទាន់​ពិន័យ​ម្ចាស់​យានយន្ត​ដោយសារតែ​មិន​បង្ហាញ​ឯកសារ​បែប​នេះ​ទេ។

ដោយ​ទទួល​ស្គាល់​ការ​កក​ស្ទះ​ដំណើរការ លោក​បាន​មាន​ប្រសាសន៍​ថា “ចាប់​តាំង​ពី​ថ្ងៃ​ទី​១​ខែ​មករា​នេះ​ទៅ យើង​មិន​ពិន័យ​ប្រជាពលរដ្ឋ​ទាក់ទិន​នឹង​ការ​បញ្ជី​យានយន្ត ការ​ចេញ​អាជ្ញាប័ណ្ណ និង​វិញ្ញាបនបត្រ​ត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​ទេ”។

“យើង​មើល​ឃើញ​ថា ប្រជាពលរដ្ឋ​ជាច្រើន​បាន​មក​យក​ប័ណ្ណ​បើកបរ លិខិត​បញ្ជាក់ និង​លិខិត​ផ្សេងៗ ប៉ុន្តែ​[ក្រសួង]​សាធារណការ​និង​ដឹក​ជញ្ជូន​កក​ស្ទះ​ការងារ”។

ប្រធាន​នាយកដ្ឋាន​រូប​នេះ​បាន​បន្ថែម​ថា ពី​ថ្ងៃ​ទី១​មករា​ដល់​ថ្ងៃ​ច័ន្ទ​ទី​១៨ យានយន្ត​សរុប​៥៥៣.១៤៨​គ្រឿង​ត្រូវ​បាន​ឃាត់​សាកសួរ ហើយ​អ្នក​បើកបរ​ច្រើន​ជាង​២០​ភាគរយ​ត្រូវ​បាន​រក​ឃើញ​ថា​បាន​រំលោភ​ច្បាប់​ចរាចរណ៍។

ដើម្បី​បង្កើន​ពេល​វេលា​ដំណើរការ​នេះ គណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​បាន​និយាយ​ថា ខ្លួន​នឹង​លែង​តម្រូវ​ឲ្យ​ម្ចាស់​យានយន្ត​មាន​ការ​បញ្ជាក់​ពី​ម្ចាស់​ដើម។

ផ្ទុយ​ទៅ​នឹង​ឧត្តមសេនីយ៍​ឯក រ័ត្នវាសនា លោក អ៊ា ចរិយា អ្នក​ពិគ្រោះ​យោបល់​សុវត្ថិភាព​ផ្លូវ​គោក បាន​និយាយ​ថា ចាប់តាំង​ពី​ថ្ងៃ​ទី​១​ខែ​មករា​ទៅ ការ​អនុវត្ត​ផ្តោត​សំខាន់​តែ​លើ​ការ​ពិនិត្យ​ប័ណ្ណ​បើកបរ​និង​ការ​ចុះ​បញ្ជី​យាន​យន្ត ជាជាង​លើ​សុវត្ថិភាព​ពិត​ប្រាកដ​នោះ​ទេ។

លោក​បាន​និយាយ​ថា “ការ​អនុវត្ត​ច្បាប់​រហូត​មកដល់​ពេល​នេះ​គឺ​អំពី​ការ​ពិនិត្យ​ឯកសារ។ រដ្ឋាភិបាល​គួរ​ផ្តោត​ថែមទៀត​លើ​បញ្ហា​នានា ដូចជា​ការ​បើកបរ​ហួស​ល្បឿន​កំណត់ និង​ការ​បើកបរ​ក្រោម​ឥទ្ធិពល​[ស្រា]”។

លោក ចរិយា បាន​បន្ថែម​ថា ទិដ្ឋភាព​ច្បាប់​មួយ​ចំនួន​ដែល​ពាក់ព័ន្ធ​ទៅ​មក​នា​ពេល​ថ្មីៗ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គួប​ផ្សំ​នឹង​ការ​ជូន​ដំណឹង​នៅ​ថ្ងៃ​អង្គារ បាន​ធ្វើ​ឲ្យ​សាធារណជន​មាន​ការ​យល់​ច្រឡំ។

“ចាំបាច់​ត្រូវ​បង្កើន​ការ​អប់រំ​និង​ការ​យល់​ដឹង ហើយ​ប្រជាពលរដ្ឋ​ច្រើន​ណាស់​មិន​ទាន់​យល់​ច្បាប់​នេះ​នៅ​ឡើយ”៕ និត (រាយការណ៍​បន្ថែម​ដោយ ថេស ផារិក)

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស