33 C
Phnom Penh

ក្រុម​​​ការងារ​​​​​​​​ពិសេស​​​​​ទទួល​​​បន្ទុក​​​​​បង្ក្រាប​​​ឈើ​​​ខុស​​​ច្បាប់ ចុះ​​​​​​ឆែក​​​ឆេរ​​​​​​​​ឃ្លាំង​​​​​​ស្តុក​​​ឈើ​​​របស់​​​​​កំពូល​​​ឧក​​​ញ៉ា ទ្រី ភាព និង គិត​​​ ម៉េង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​ការ​ងារ​ពិសេស​​​​​​​​​​បង្កើត​​​ឡើង​​​​​​ដោយ​​​​​រដ្ឋាភិបាល​​​​​កាលពីពេល​ថ្មីៗ​​​​ ដែល​​​​​​ធ្វើ​​​ការ​​​ស៊ើប​​​​អង្កេត​​​​​​ស្តុកឈើ​​ខុស​ច្បាប់​​នៅ​តំបន់​​​ភាគ​បូពា៌​​នៃ​ប្រទេស​កម្ពុជា បាន​​​​ចុះ​ឆែកឆេរ​​​​កាលពី​ម្សិលមិញ​​​នៅ​​​ឃ្លាំង​​​ស្តុក​​​ឈើ​​​ដែល​​ជាប់​ពាក់​ព័ន្ធ​លោក ទ្រី ភាព និង​លោក គិត ម៉េង ជា​ឧកញ៉ា​ដ៏មាន​ឥទ្ធិពល ​​ដែល​នៅ​តែ​ទទួល​បាន​ការ​​ការ​ពារ​តាម​ផ្លូវ​ច្បាប់​ បើ​ទោះ​បី​ជា​ក្នុង​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​នេះ​មាន​សេចក្ដី​រាយការណ៍​​​​ថា​ពួក​​​លោក​​​​​​ជាប់​​​​​​ពាក់​​​ព័ន្ធ​​​​​ការ​កាប់​ឈើ​​ខុស​ច្បាប់​​​ក្តី។

ប៉ុន្តែ​ការ​ឆែកឆេរ​នេះ​​​ទំនង​អាច​ក្លាយ​ជា​លាភ​ចៃដន្យ​សម្រាប់​លោក​ ទ្រី ភាព ​ដែល​ទទួល​បាន​សិទ្ធិ​ផ្ដាច់​មុខ​ទិញ​យក​ឈើ​​​​​ខុស​​​​​ច្បាប់ទាំង​អស់​ដែល​អាជ្ញាធរ​រឹបអូស​បាន។ ​​ហើយ​បន្ទាប់ពី​​​មាន​​​​​​ការ​បង្ក្រាប​តិច​តួច​លើ​អាជីវកម្ម​កាប់​ឈើ​ខុស​ច្បាប់​យ៉ាង​រាល​ដាល​នៅ​ទូទាំង​ប្រទេស​​​ក្នុង​​​ពេល​​​កន្លង​​មក បណ្ដា​អង្គការ​សិទ្ធិបរិស្ថាន​​​នៅ​តែ​​ប្រយ័ត្ន​​​​ប្រយែង​​​ថា​ តើ​​ស្នៀត​ចុង​ក្រោយ​នេះ​​​​​នឹង​ខុស​ប្លែក​គ្នា​​ឬ​យ៉ាង​ណា​។

លោក អេង ហ៊ី ​អ្នកនាំ​ពាក្យ​កង​រាជអាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​​បាន​មាន​ប្រសាសន៍​​កាល​​​ពី​ម្សិលមិញ​ថា អាជ្ញាធរ​បាន​ចុះ​ឆែកឆេរ​​​​ទីតាំង​​​​ស្តុកឈើ​​ពីរ​កន្លែង​​របស់​លោក ទ្រី ភាព នៅ​ក្នុង​​​​ខេត្ត​ស្ទឹងត្រែង​។ លោក​​​ថ្លែង​ថា “ពេល​នេះ​​​យើង​កំពុង​ឆែក​ឆេរ​​ឃ្លាំង​មួយ​នៅ​ក្រុង​ស្ទឹង​ត្រែង​ និង​ទីតាំង​មួយ​ទៀត​​នៅ​​​ស្រុក​សៀម​ប៉ាង​។ យើង​ឃើញ​​​​​​​មាន​​​​​​ឈើ​ជាច្រើន​នៅ​​​​ទីតាំង​​​​ទាំង​ពីរ​នេះ​ ប៉ុន្តែ​យើង​មិនទាន់​ដឹង​ថា​​​​​​មាន​​​ចំនួន​​​ប៉ុន្មាន​​​ទេ​​ ពីព្រោះ​អ្នក​ជំនាញ​​​​មក​​​ពី​​​រដ្ឋបាល​ព្រៃឈើ​កំពុង​​ធ្វើ​ការ​វាស់វែង​នៅ​ឡើយ​”។

​លោក ឈឿន តុលា ​នាយ​ខណ្ឌរដ្ឋបាល​ព្រៃឈើ​ខេត្ត​ស្ទឹង​ត្រែង​បាន​មាន​ប្រសាសន៍​ថា លោក ទ្រី ភាព គ្មាន​​​​​​វត្ត​​​មាន​​​​នៅ​​​​ទីតាំង​​​ស្តុក​​​ឈើ​​​នោះ​​​​ទេ​ ប៉ុន្តែ​បុគ្គលិក​របស់​លោក​​បាន​ប្រគល់​​​ឯកសារ​ស្តុក​ឈើរបស់​ខ្លួន​​​​ឲ្យ​​​ទៅ​អាជ្ញាធរ​ពិនិត្យ​។​

លោក​​​លើក​ឡើង​ទៀត​ថា ក្រុម​ការ​ងារ​​ពិសេស​នេះ​​​ក៏​បាន​​ចុះ​​​ពិនិត្យមើល​ការដ្ឋាន​សាង​សង់​ទំនប់​វារីអគ្គិសនី​​សេសាន​ក្រោម​២ កន្លែង​ដែល​លោក គិត ម៉េង មាន​សិទ្ធិ​កាប់​លក់​​ឈើ​នៅ​ខាង​ក្នុង​អាង​ស្តុកទឹក​​​ដែល​មាន​​ផ្ទៃ​ដី​៣៦.០០០​ហិកតា​​របស់​ខ្លួន​​​ផង​​​ដែរ​​​​។ “​​យើង​​​​​​មិន​​​មែន​​​​ឆែក​ឆេរ​តែ​ឃ្លាំង​​​​របស់​​​លោក ទ្រី ភាព​ ទេ យើង​ក៏​​​ឆែកឆេរ​​​​ទីតាំង​​​ជាច្រើន​​នៅ​​ក្នុង​ក្រុង​ស្ទឹងត្រែង និង​ស្រុក​ផ្សេងៗ​ទៀត​​​​ទូទាំង​ខេត្ត​​​ផង​​​ដែរ​​​”។

​សកម្មភាព​​​​ចុះ​​​ឆែក​​​ឆេរ​​​ភ្លាមៗ​​​យ៉ាង​តក់​ក្រហល់​នៅ​ក្នុង​ខេត្ត​ស្ទឹងត្រែង​​​​​នេះ កើត​មាន​​​ឡើង​​ក្រោយ​ពី​ការ​ឆ្មក់​ចូល​ដី​​​ចម្ការ​ ឃ្លាំង និង​​​​ទីតាំង​​​​​​គំនរ​ឈើ​គ្មាន​ម្ចាស់​​នៅ​ក្នុង​ព្រៃ​​​​​របស់​​​រដ្ឋ​​ទូទាំង​ខេត្ត​ក្រចេះ​​ មណ្ឌលគិរី ​និង​ខេត្ត​ត្បូងឃ្មុំ​ ចាប់​តាំង​ពី​​ថ្ងៃ​អាទិត្យ​​មក ដោយ​អាជ្ញា​ធរ​កំពុង​ស៊ើប​​​អង្កេត​​​នៅ​​​ឡើយ។

លោក គិត ម៉េង គឺជា​ប្រធាន​ក្រុម​ហ៊ុន​រ៉ូយ៉ាល់​គ្រុប​ ដែល​​ចាប់ដៃគូ​សហការ​​ជាមួយ​ធនាគារ​​​ ANZ របស់​​​​​ប្រទេស​​​​អូស្ត្រាលី​ នៅ​ក្នុង​​​​ធនាគារ​​​​ ANZ Royal ​ដែល​​​ជា​ធនាគារ​ផ្ដល់​កម្ចី​ពាណិជ្ជកម្ម​ធំបំផុត​មួយ​នៅ​កម្ពុជា​។ នៅ​​ខេត្ត​ស្ទឹងត្រែង​​ ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ជុំវិញ​​​តំបន់​​​អាង​ស្តុកទឹក​​​របស់​ទំនប់​វារីអគ្គិសនី​សេសាន​​ក្រោម​២​ និយាយ​ថា ពួកគាត់​​​​​​បាន​​​​​​​​ឃើញ​អ្នក​កាប់​ឈើ​លាង​ឈើ​តាម​រយៈ​​ការ​ឆ្លង​កាត់​តំបន់​នោះ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​មក​នេះ​។ លោក​ គិត ម៉េង បាន​បដិសេធ​មិន​​​ឆ្លើយ​​​បំភ្លឺ​​​ទេ​​​​ជុំវិញ​ការ​ចោទ​ប្រកាន់​ទាំង​នេះ​។

​ប៉ុន្តែ​​​ក្នុង​​​​​​រយៈ​​​ពេល​​​​​​ប៉ុន្មាន​​​ឆ្នាំ​​​មក​​​​​​នេះ​​​ គ្មាន​ឧកញ៉ា​ណា​រង​ការ​ចោទ​ប្រកាន់​​​​​​​​​ពាក់​​​ព័ន្ធ​​​​​ការ​​​កាប់​​​​ឈើ​ខុស​​​​ច្បាប់​​​ច្រើន​​​​​​ជាង​​​លោក ទ្រី ភាព ដែល​មាន​​សម្បទាន​ដី​​សេដ្ឋកិច្ច​​​ទូទាំង​ប្រទេស​​​​​​​​​ឡើយ​​​។

អង្គការ​​ក្លូប៊លវីតណេស (Global Witness) ជា​អង្គការ​សិទ្ធិបរិស្ថាន​​និយាយ​ថា ​ខ្លួន​បាន​តាម​ដាន​​​ឃើញ​​​​អ្នក​កាប់​ឈើ​ខុស​ច្បាប់​​​​ដឹក​ឈើ​​​យ៉ាង​ច្រើន​​​​​ចូល​​​​​​​​ទីតាំង​​​ស្តុក​​​ឈើ​​​របស់​លោក​នៅ​​​ក្នុង​ខេត្ត​រតនគិរី​ អំឡុង​​​​ការ​​​ស៊ើប​អង្កេត​​សម្ងាត់​​​​រយៈ​ពេល​រាប់​ខែ​កាលពី​ឆ្នាំ​២០១៤។ ​ហើយ​និយាយ​ពី​លោក គិត ម៉េង នៅ​ក្នុង​ខេត្តស្ទឹងត្រែង របាយការណ៍​​​​ឆ្នាំ​២០១២​​​​មួយ​​របស់​​​អង្គការ​​មិនមែន​រដ្ឋាភិបាល​​ឈ្មោះ​ថា Flora & Fauna ​ដែល​បាន​បែក​ធ្លាយ ប៉ុន្តែ​មិន​​​ដែល​ចេញ​ផ្សាយ​​​​​នោះ ​ចោទ​ប្រកាន់​​លោក ទ្រី ភាព ថា​បាន​ប្រើ​ប្រាស់​សិទ្ធិ​របស់​ខ្លួន​ក្នុង​ការ​​​ឈូស​ឆាយ​​​តំបន់​​​​​​អាង​ស្តុកទឹក​ទំនប់​​​ក្នុង​ខេត្ត​ពោធិ៍សាត់​​ ដើម្បី​​​លាង​​ឈើ​គ្រញូង​​ដែល​​​មាន​តម្លៃ​រាប់​រយ​លាន​ដុល្លារ។

បុគ្គលិក​របស់​លោក ទ្រី ភាព បាន​ច្រាន​ចោល​​ការ​ចោទ​ប្រកាន់​ទាំង​នេះ​ម្ដង​ហើយ​ម្ដង​ទៀត​។ ចំណែកឯ​​​ក្រុម​ការ​ងារ​​ពិសេស​ថ្មី​​​​​​នេះ​​​ដែល​​​​​បាន​​​ចុះ​ទៅ​ពិនិត្យ​​​មើល​​ទីតាំង​​ស្តុក​​​ឈើ​​​​របស់​លោក​នៅ​ក្នុង​ខេត្ត​ស្ទឹងត្រែង ​កាលពី​ម្សិលមិញ ​លោក ភាង ចិត្រា ប្រធាន​ផ្នែក​​ទំនាក់​​ទំនង​សាធារណៈ​របស់​លោក ទ្រី ភាព បាន​បដិសេធ​មិន​ឆ្លើយ​បំភ្លឺ​ទេ។ ​​

​ទោះ​បី​ជា​​​ការ​ឆ្មក់​បង្ក្រាប​របស់​ក្រុម​ការ​ងារ​ថ្មី​នេះ​​ត្រូវ​បាន​​ចុះ​ផ្សាយ​ជា​សាធារណៈ​ព្រោង​ព្រាត​​អម​ដោយ​​រូប​ថត​មន្ត្រី​របស់​ខ្លួន​​​​​ខំ​​​ប្រឹង​​​ប្រែង​​​​​វាស់វែង​គំនរ​ឈើ​ខ្ពស់ៗ​​​​​​យ៉ាង​​​ណា​​​​ក្តី ក៏​មន្ត្រី​មិន​ទាន់​និយាយ​ថា​ តើ​​​​ខ្លួន​​​រក​ឃើញ​​​ឈើ​​​​​​​​​​​​​មួយ​​​ដុំ​​​ណាខុស​​​ច្បាប់ ឬ​​​យ៉ាង​​​​​ណា​​ឡើយ។​​​​​​​​​​​​​

អាជ្ញាធរ​​​​​​បាន​​​​​​រឹបអូស​ឈើ​ខុស​ច្បាប់​ពី​អ្នក​កាប់​ឈើ​ ហើយ​ផាក​ពិន័យ​ពី​​​​ពួកគេ​​​ជា​​​​​​ហូរ​ហែ។ ​​ប៉ុន្តែ​​​​​​គេ​​​មិន​​​ដែល​​​ឮ​​​ថាឧកញ៉ា​ដែល​​​​អង្គការ​សិទ្ធិ​មនុស្ស​​​​​​នានា​​​ចោទ​ប្រកាន់​ថាជា​​​មេ​​​​ឈ្មួញ​​​ឈើ​​​ត្រូវ​​​បាន​​​​​​​​​កាត់​​​ទោស​​​ឡើយ។

តាម​ច្បាប់ អ្នក​ដែល​សមត្ថកិច្ច​ចាប់​បាន​​ពាក់​​ព័ន្ធការ​ស្តុក​ឈើ​​​ដោយ​​​​គ្មាន​លិខិត​អនុញ្ញាត​​​អាច​នឹង​ត្រូវ​ទទួល​​​​​​ការ​​​ផាក​ពិន័យ​គុណនឹង​បីដង​​​ធៀប​នឹង​​​តម្លៃ​​​លើ​​​ទីផ្សារ​​​​នៃ​​​ឈើ​​​ទាំង​​​នោះ។ អ្នក​កាប់​ឈើ​ខុស​ច្បាប់​​អាច​ជាប់​ពន្ធនា​គារ​រហូត​ដល់​៥ឆ្នាំ​។ ច្បាប់​រដ្ឋបាល​ព្រៃឈើ​ចែង​​​​ថា ឈើ​​ដែល​រដ្ឋរឹបអូស​បាន​​ ត្រូវ​ដាក់​ដេញ​ថ្លៃ​ជា​សាធារណៈ​។

​ទោះ​ជាយ៉ាង​ណា កាលពី​ឆ្នាំ​២០១៤ ទីស្តី​ការគណៈរដ្ឋមន្ត្រី​បាន​បញ្ជា​ឲ្យ​ក្រសួង​កសិកម្ម​​ និង​ក្រសួង​បរិស្ថាន​​ផ្ដល់​សិទ្ធិ​​​​​​​​ដំបូង​​​​ដល់​លោក​ ទ្រី ភាព ក្នុង​ការ​ទិញឈើ​​​​​​​រឹបអូស​បាន​​តាម​ចំនួន​ដែល​លោក​ចង់​បាន​។ ​ដូច្នេះ​​ឈើ​ដែល​រឹបអូស​បាន​អំឡុង​ការ​បង្ក្រាប​បច្ចុប្បន្ន​អាច​នឹង​ធ្លាក់​លើ​កណ្ដាប់ដៃ​លោក ទ្រី ភាព។

​លោក ប៊ុន អ៊ុយ ​រដ្ឋលេខាធិការ​​​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ដែល​បាន​​ចុះ​ហត្ថលេខា​​លើ​បទ​​បញ្ជា​កាលពី​ឆ្នាំ​២០១៤​នោះ បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា វា​នៅ​តែ​ដដែល​​។ “​លិខិត​នេះ​នៅ​តែ​មាន​ប្រសិទ្ធភាព​ គ្មានការ​កែប្រែ​”។ លោក​បាន​បន្ត​ថា លោក​មិន​ដឹង​ថា ​តើ​បទបញ្ជា​នេះ​​បំពាន​ច្បាប់ ​ឬ​ក៏អត់​​ទេ។ “ខ្ញុំ​មិន​ដឹង​ទេ ពីព្រោះ​​វា​ស្ថិត​នៅ​ក្រៅ​តួនាទី​របស់​ខ្ញុំ​​”។

​លោកស្រី​​ ចូស៊ី ខូហិន (Josie Cohen) អ្នក​ធ្វើ​​យុទ្ធនាការ​​​​​​ដីធ្លី​​របស់​អង្គការ​ក្លូប៊ល​​​វីតណេស​បាន​មាន​ប្រសាសន៍​ថា កិច្ចព្រមព្រៀង​របស់​រដ្ឋាភិបាល​ជា​មួយ​លោក ទ្រី ភាព “ ​បំពាន​ច្បាប់​​​​រដ្ឋ​​​​​​បាល​​​ព្រៃឈើ​​​​យ៉ាង​​​ច្បាស់​ក្រឡែត ​ដូច្នេះ​វា​ខុស​ច្បាប់​​​​​​ហើយ​​​​។ នេះ​មាន​ន័យ​ថា ឈើ​ដែល​​ទទួល​បាន ​និង​លក់​តាម​រយៈ​​ដំណើរ​​​ការ​នេះ​​​គឺ​ខុស​ច្បាប់​”។

​លោកស្រី​បាន​​​​​​​ចាត់​​​ទុក​​​​ការ​ស៊ើបអង្កេត​បច្ចុប្បន្ន​របស់​រដ្ឋាភិបាល​លើ​​​​ទីតាំង​​​​​​ស្តុក​​​ឈើ​​​​​​​​​​​របស់​លោក​​ ទ្រី​​ ភាព ថាជា​​ចំណាត់​ការ​វិជ្ជ​មាន។​​​

​​​”​ប្រសិន​បើ​ក្រុម​ការ​ងារ​​​​នេះ​​ចង់​​​​​​​​​ផ្តោត​​​ការ​​​យក​​​ចិត្ត​​​ទុក​​​ដាក់ ពួកគេ​ត្រូវ​តែ​ស៊ើប​អង្កេត​​​​ការ​ចោទ​ប្រកាន់​​លើ​លោក ទ្រី ភាព និង​មន្ត្រី​រដ្ឋាភិបាល​ដែល​ធ្វើ​ឲ្យ​បណ្ដាញ​កាប់​ឈើ​របស់​គាត់​អាច​ដំណើរ​ការ​ទៅ​បាន ហើយ​​ផ្ដន្ទា​ទោស​​​​មនុស្ស​ទាំង​អស់​ដែល​រកឃើញ​ថាជា​អ្នក​ទទួល​ខុស​ត្រូវ​។ ​ប្រព័ន្ធ​បច្ចុប្បន្ន​​ដែល​ពួកគេ​គ្រាន់​តែ​ប្រឈម​ការ​ផាកពិន័យ ឬ​ការ​រឹបអូស​យក​​​ឈើ បង្ហាញ​​​យ៉ាង​​​ច្បាស់​​​​​​ថា ​​​វិធាន​​​ការ​​​នេះ​​​​​​មិន​​​ទាន់​​​​​គ្រប់គ្រាន់​ទេ ​​​ដូច​​​​ដែល​យើង​​​​​​​​​​​​​​​​​​​​មើល​ឃើញ​​​ការ​​បំផ្លាញ​ព្រៃឈើ​របស់​កម្ពុជា ​​​យ៉ាង​​​​​​ឆាប់​​​រហ័ស​”។

ទិន្នន័យ​ផ្កាយ​រណប​បង្ហាញ​ថា ប្រទេស​កម្ពុជា បាន​​​​​​ប្រឈម​​​អត្រា​កាប់​បំផ្លាញ​ព្រៃ​ឈើ​​​ខ្ពស់​បំផុត​​មួយ​ក្នុង​ពិភព​លោក​ក្នុង​រយៈពេល​​​​​ប៉ុន្មាន​សិប​ឆ្នាំ​មក​នេះ​ ដែល​ភាគ​ច្រើន​​​បណ្តាល​​​​​មក​​​​​​​ពី​​​​ការ​​​កាប់​​​ឈើ​​​​​​នៅ​​​​​ក្នុង និង​​​នៅ​​​ជុំ​​​វិញ​​​​​​​ដី​​​សម្បទាន​​ធំៗ​របស់​លោក ទ្រី ភាព និង​អ្នក​ផ្សេងទៀត​​។

​លោក ម៉ាកឃើស ​ហាដ (Marcus Hardtke) ​ដែល​​​បានធ្វើ​ការ​ជាមួយ​​អង្គការ​​ការ​ពារ​បរិស្ថាន​​​មួយ​ចំនួន​នៅក្នុង​ប្រទេស​កម្ពុជា​ ចាប់​តាំង​ពី​ពាក់​កណ្ដាល​ទសវត្សរ៍​ឆ្នាំ​១៩៩០​មក​នោះ ​មាន​ប្រសាសន៍​ថា ពេល​​​នេះ​​​វា​ឆាប់​រហ័ស​​​ពេក ​​​​​លោក​​​​​​មិន​អាច​ប្រាប់​បាន​ថា ​តើ​​​សកម្ម​​​ភាព​​​​​​ចុះ​​​ឆែកឆេរ​​​​គំនរ​ឈើ​​​​ថ្មី​​​បំផុត​​​នេះ​គឺ​ជា​​ ”​ការ​បង្ក្រាប​ ​​ឬក៏ជាការ​​​ជំរិត​​​ទារ​​​លុយ​​​”​​​ នោះ​​​ទេ។

លោក​បាន​បន្ថែម​ថា “​ប្រសិន​បើ​​បញ្ហា​នេះ​​​​​​​បង្ក​ឡើង​ដោយ​​​​សារ​​​ជម្លោះ​រក​ស៊ី​រវាង​​ក្រុម​កាប់​ឈើ​ ការ​ត្រួត​ពិនិត្យ​ទាំង​នេះ​​នឹង​​​​​​បង្កើត​​​ឆាក​​​សម្រាប់​ការ​​ចរចា​​​គ្នា​​​ឡើង​វិញ​។ ហើយ​​​ផ្អែក​លើ​លទ្ធផល​​នៃការ​រៀប​ចំទាំង​នេះ​ ឈើ​ខុស​ច្បាប់​អាច​នឹង​ត្រូវ​បាន​ប្រកាស​យ៉ាង​ងាយថា ‘មាន​ប្រភព​ស្រប​ច្បាប់​’ ​​​​តាម​​​រយៈ​​​ការ​​​​​​ប្រើ​​​ប៊ិច​​​ថ្លៃ​​​​​​​​ស៊ីញ៉េ​មួយ​ខ្វោក​។ ​ក្នុង​ករណី​នោះ​​លទ្ធផល​តែ​​​មួយ​​​គត់​​​ពាក់​ព័ន្ធការ​ការ​ពារ​ព្រៃឈើ គឺ​​​​​​ការ​​​បង្អាក់​រំហូរ​ឈើ​ខុស​ច្បាប់​​មួយ​​​​រយៈ​ពេល​ខ្លី និង​​​ការ​​​​​បន្លាច​​អ្នក​កាប់​ឈើ​ និង​អ្នក​ជួញដូរ​ឈើ​តូច​តាច​​​​ដែល​​​គ្មាន​​​​​​ខ្សែ​​​”៕ សុខុម​​​​​​​​​​​​​

 

 

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស