38 C
Phnom Penh

នគរ​បាល​ខេត្ត​សៀម​រាប​ចាប់ខ្លួនកម្មករ​​​សំណង់​​​ម្នាក់​ពីបទ​ប៉ុនប៉ង​រំលោភ​ក្មេងស្រី​អាយុ​១០ឆ្នាំ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​មន្ត្រី​បាន​និយាយ​ថា កាលពី​ម្សិលមិញ​ ​​​នគរបាល​ខេត្ត​​សៀម​រាប​បាន​ចាប់​ខ្លួន​​កម្មករ​សំណង់​ម្នាក់​​ពី​បទ​ប៉ុន​ប៉ង​រំលោភ​​​ក្មេងស្រី​អាយុ​១០​ឆ្នាំម្នាក់​​ដែល​គេ​ជឿ​ថា ជា​គោល​​​ដៅ ដោយ​សារ​នាង​ជាមនុស្ស​គ​ និង​​​​​ស្វិត​ដៃ​ជើង​។

លោក ទិត្យ​ ណារ៉ុង​ អធិការ​នគរបាល​ក្រុង​ សៀម​រាប​​បានមាន​ប្រសាសន៍​ថា ជន​សង្ស័យ​ឈ្មោះ ឈិន វុទ្ធី អាយុ​៣៤ឆ្នាំ​ បាន​លប​ចូល​​ផ្ទះ​របស់​ក្មេងស្រី​រូបនេះ​​ស្ថិត​ក្នុង​សង្កាត់​គោក​​​​ចក​ កាល​ពី​រំលង​អធ្រាត្រ​ឈាន​ចូលព្រឹក​ម្សិលមិញ​ បន្ទាប់ពី​ផឹកស៊ីនៅពេល​យប់​នៅ​ផ្ទះ​របស់ខ្លួន​ក្បែរ​នោះ។

លោក​​បាន​ថ្លែង​ថា “​ជន​នេះ​បាន​ទៅ​ផ្ទះ​ជន​រងគ្រោះ ហើយ​បាន​ព្យាយាមចាប់​រំលោភ​​​​នាង​នៅ​ម៉ោង​ប្រហែល​​៣​រំលង​អធ្រាត្រ​។ ជន​សង្ស័យ​រូបនេះគិត​ថា ដោយ​សារ​នាង​គ​ និង​មាន​ជំងឺ​ស្វិត​ដៃជើង​ទៀត​នោះ ​ក្រុម​គ្រួសារ​នាង​មិន​ដឹង​ឡើយ”។

លោក​បាន​មាន​ប្រសាសន៍​ថា “​នៅពេល​ជន​សង្ស័យ​រូបនេះ​​ព្យាយាម​ដោះ​សម្លៀក​បំពាក់​របស់​នាង​ នាង​បាន​ប្រឹង​រើ​បម្រះ​​គេច​​​ចេញ។ ពេល​នោះ​ឪពុក​ម្តាយ​របស់នាង​បាន​ឮ​សំឡេង​ ហើយ​ភ្ញាក់​ឡើង​”។

លោក​បាន​បន្ថែម​ថា ឪពុកម្តាយ​ជន​រង​​​គ្រោះ​​បាន​ចាប់​ជន​សង្ស័យ​រូបនេះ​ទុក​រហូត​ដល់​នគរ​បាល​សង្កាត់​មក​ដល់។ លោក ទិត្យ​ ណារ៉ុង បានមាន​ប្រសាសន៍​ថា ជន​នេះ​ត្រូវ​បាន​បញ្ជូន​ទៅ​ការិយាល័យ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​ខេត្ត​សៀម​រាប​កាលពី​យប់មិញ។

លោក ដួង សុខា នាយ​នគរបាល​ព្រហ្ម​​​ទណ្ឌខេត្ត​​បានមាន​ប្រសាសន៍​ថា ជន​សង្ស័យ​រូប​នេះ​នឹងត្រូវ​បញ្ជូន​ទៅ​តុលាការ​នៅ​ថ្ងៃ​​​នេះ ដែល​គេ​រំពឹង​ថា នឹងត្រូវ​​​ចោទ​​​ប្រកាន់​​​​​​ពីបទ​ប៉ុន​ប៉ង​រំលោភ៕សារុន​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស