មន្ត្រីក្រសួងមហាផ្ទៃបានប្រកាសកាលពីម្សិលមិញថា ជនជាតិភាគតិចម៉ុងតាញ៉ាជាង១៧០នាក់ដែលត្រូវបានរារាំងមិនឲ្យចុះឈ្មោះជាជនភៀសខ្លួន ឥឡូវនឹងទទួលបានការវាយតម្លៃសម្រាប់ពាក្យសុំសិទ្ធិជ្រកកោនរីឯជនជាតិភាគតិចម៉ុងតាញ៉ា១៣នាក់ ដែលត្រូវបានផ្តល់ឋានៈជាជនភៀសខ្លួនរួចហើយនឹងត្រូវបញ្ជូនទៅប្រទេសហ្វីលីពីនខណៈពួកគេកំពុងស្វែងរកសិទ្ធិជ្រកកោននៅក្នុងប្រទេសទី៣។
នៅម៉ោងប្រហែល៣រសៀលម្សិលមិញ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានជួបជាមួយលោក ជែម លីន (James Lynch) តំណាងប្រចាំតំបន់របស់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) ដើម្បីពិភាក្សាពាក់ព័ន្ធនឹងអ្នកស្វែងរកសិទ្ធិជ្រកកោនដែលឆ្លងព្រំដែនចូលមកប្រទេសកម្ពុជា កាលពីចុងឆ្នាំ២០១៤ និងឆ្នាំមុនដោយអះអាងថា គេចពីការធ្វើទុក្ខបុកម្នេញនៅក្នុងប្រទេសវៀតណាម។
ឱសានវាទថ្មីៗបំផុតសម្រាប់UNHCR ដើម្បីតាំងទីលំនៅថ្មីជូនក្រុមដំបូងទាំង១៣នាក់នេះនៅក្នុងប្រទេសទី៣បានផុតកាលពីថ្ងៃទី១០ខែមករា ខណៈអ្នកស្វែងរកសិទ្ធិជ្រកកោនប្រហែល២០០នាក់ផ្សេងទៀតត្រូវបានគេប្រាប់ថា ពួកគេមានពេលរហូតដល់ថ្ងៃទី៦ ខែកុម្ភៈ មុនពេលត្រូវបានបញ្ជូនទៅប្រទេសវៀតណាមវិញ ជាហេតុធ្វើឲ្យអ្នកស្វែងរកសិទ្ធិជ្រកកោនរាប់សិបនាក់ហ៊ានប្រថុយប្រថានអ្វីៗគ្រប់យ៉ាង។
ទោះជាយ៉ាងណា លោក ផាត សុផានិត មន្ត្រីខុទ្ទកាល័យក្រសួងមហាផ្ទៃបានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីកិច្ចប្រជុំកាលពីម្សិលមិញថា ជនជាតិភាគតិចម៉ុងតាញ៉ាចំនួន១៧១នាក់ដែលត្រូវបានរារាំងមិនឲ្យចុះឈ្មោះជាជនភៀសខ្លួន ឥឡូវនឹងទទួលបានសិទ្ធិសម្រាប់ការវាយតម្លៃហើយ។
ពេលទាក់ទងតាមទូរស័ព្ទបន្ទាប់ពីកិច្ចប្រជុំ ឧត្តមសេនីយ៍ឯក ប៉ោ ភក្តិ នាយរងខុទ្ទកាល័យរបស់លោក ស ខេង បានបញ្ជាក់ថា ជនជាតិភាគតិចម៉ុងតាញ៉ាទាំងនេះឥឡូវនឹងទទួលបានការវាយតម្លៃសម្រាប់ពាក្យសុំសិទ្ធជ្រកកោនរបស់ពួកគេ។
ឧត្តមសេនីយ៍ឯករូបនេះបានមានប្រសាសន៍ ថា “យើងព្រមព្រៀងបន្តធ្វើការជាមួយគ្នារវាងកម្ពុជា និង UNHCR ពាក់ព័ន្ធការកំណត់ឋានៈជនភៀសខ្លួន”។
“យើងចង់ពន្លឿនដំណើរការសម្ភាសជនជាតិភាគតិចម៉ុងតាញ៉ាជាង១០០នាក់ក្នុងពេលឆាប់ៗ ហេតុដូច្នេះ វាអាចនឹងមានការកំណត់ឋានៈជនភៀសខ្លួនរបស់ពួកគេ”។
ឧត្តមសេនីយ៍ឯក ប៉ោ ភក្តិ បានលើកឡើង ទៀតថា អមជាមួយនឹងការវាយតម្លៃពាក្យសុំសិទ្ធិជ្រកកោនរបស់ជនជាតិភាគតិចម៉ុងតាញ៉ាទាំងនេះដែលរហូតមកដល់ពេលនេះត្រូវបានរារាំងមិនឲ្យចុះឈ្មោះនោះ រដ្ឋាភិបាលបានព្រមព្រៀងបញ្ជូនជនជាតិភាគតិចម៉ុងតាញ៉ាចំនួន១៣នាក់ដែលមានឋានៈជាជនភៀសខ្លួនរួចហើយទៅប្រទេសហ្វីលីពីនខណៈកំពុងមានការខិតខំស្វែងរកប្រទេសទី៣ឲ្យពួកគេ។
លោកបានថ្លែងថា “យើងអាចធ្វើការលើបញ្ហាទាំងនេះ…ដើម្បីស្វែងរកប្រទេសទី៣[ឲ្យពួកគេ] តាំងលំនៅថ្មី”។ពួកគេនឹងត្រូវបញ្ជូនទៅប្រទេសហ្វីលីពីន ហើយថាវាជាជំហានបន្ទាប់សម្រាប់អ្នកទាំង១៣នាក់នេះ”។
“តាមការគិតក្នុងពេលនេះ គឺថាពួកគេស្ថិតក្នុងដំណាក់កាលអន្តរកាលនៅឡើយ វាមិនមែនជាគោលដៅចុងក្រោយរបស់ពួកគេទេ”។
ពេលថ្លែងនៅខាងក្រៅកិច្ចប្រជុំនៅឯក្រសួងមហាផ្ទៃ លោក ផាត សុផានិត បានលើកឡើងថា លោក ជែម លីន បានពន្យល់ថា ក្រុមនេះនឹងត្រូវបញ្ជូនឲ្យទៅស្នាក់នៅ[ជំរំបណ្តោះអាសន្ន]មួយនៅក្នុងប្រទេសហ្វីលីពីន។ តំណាង UNHCR បានបដិសេធមិនធ្វើអត្ថាធិប្បាយឡើយបន្ទាប់ពីចេញពីកិច្ចប្រជុំ។
លោកស្រី ដេនីស ខហ្វឡែន (Denise Coghlan) ប្រធានទីភ្នាក់ងារជនភៀសខ្លួនយេស៊ូ គ្រិស្ត(Jesuit Refuge Service) ដែលបាននិងកំពុងផ្តល់ជំនួយដល់ជនជាតិភាគតិចម៉ុងតាញ៉ាបានលើកឡើងថា លោកស្រីនៅមិនទាន់ទទួលបានការបញ្ជាក់ទាក់ទិននឹងការព្រមព្រៀងនេះនៅឡើយទេ ប៉ុន្តែ លោកស្រីស្វាគមន៍ចំពោះសេចក្តីរាយការណ៍ដែលថា រដ្ឋាភិបាលកម្ពុជានឹងដំណើរការពាក្យសុំសិទ្ធិជ្រកកោនរបស់ជនជាតិភាគតិចម៉ុងតាញ៉ា។
លោកស្រីបានមានប្រសាសន៍ថា “ខ្ញុំសូមនិយាយថា ខ្ញុំរីករាយខ្លាំងណាស់ដែលរដ្ឋាភិបាលកម្ពុជាធ្វើតាមកាតព្វកិច្ចរបស់ខ្លួនក្រោមអនុសញ្ញាអន្តរជាតិស្តីពីជនភៀសខ្លួនហើយចាប់ផ្តើមដំណើរការពាក្យសុំសិទ្ធិជ្រកកោនរបស់ពួកគេនោះ”។
លោកស្រីបានបន្តថា “យប់មិញ…លោកហោ ណាំហុង [រដ្ឋមន្ត្រីក្រសួងការបរទេស] បានថ្លែងសុន្ទរកថាដោយលើកឡើងថា កម្ពុជាបានសម្រេចថា ខ្លួនចង់ជួយជនភៀសខ្លួន។បើខ្ញុំគិតក្នុងផ្លូវអាក្រក់ទាំងស្រុងនោះ ខ្ញុំគិតថា មានតែកោះណូរូទេ ព្រោះគាត់ធ្លាប់ បានលើកឡើងដូច្នេះ ប៉ុន្តែ ឥឡូវខ្ញុំបានដឹងហើយ ‘ហេ ប្រសិនបើនេះគឺជាអ្វីដែលពួកគាត់បាននិយាយជាសាធារណៈ ប្រហែលជាពួកគាត់បានយល់ព្រមថា នេះគឺជាអ្វីដែលពួកគាត់នឹងធ្វើ ‘ហេតុដូច្នេះខ្ញុំសង្ឃឹមថា វានឹងដូច្នេះ”។
“វាជាដំណឹងល្អសម្រាប់ជនជាតិភាគតិចម៉ុងតាញ៉ា និងសកម្មជនការពារជនភៀសខ្លួន”៕ស៊ុយឈាង