អាជីវករប្រហែល៣០០នាក់មកពីផ្សារទំនប់ក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញបានធ្វើការតវ៉ានៅមុខសាលាដំបូងរាជធានីភ្នំពេញកាលពី ម្សិលមិញទាមទារឲ្យដោះលែងអាជីវករពីរនាក់ដែលត្រូវបានចាប់ខ្លួនអំឡុងពេលមានជម្លោះជុំវិញតម្លៃជួលតូបនៅផ្សារនេះ។
អាជីវករឈ្មោះ គឹម សាន បាននិយាយថា មន្ត្រីនគរបាលមួយក្រុមមកពីក្រសួងមហាផ្ទៃបានទៅកាន់ផ្សារនេះកាលពីថ្ងៃអង្គារដើម្បីចាប់ខ្លួនអាជីវករ សេង សុខលី អាយុ៣៨ឆ្នាំ និង គឹម ប៊ុនអាន អាយុ៣៨ឆ្នាំដូចគ្នាដែលលោកទាំងពីរជាប្រធានក្រុម ដែលបានតវ៉ាជំទាស់នឹងការឡើងថ្លៃតូបពី៥០ដុល្លារ ដល់១២០ដុល្លារក្នុងមួយខែ។
អ្នកស្រី គឹម សាន អាយុ៣៦ឆ្នាំ ដែលអះអាងថា បុរសទាំងពីរនាក់ត្រូវបានចាប់ខ្លួនដោយគ្មានធ្វើការពន្យល់ ឬគ្មានដីកាបង្គាប់ពីតុលាការនោះបាននិយាយថា “ខ្ញុំសូមស្នើឲ្យតុលាការដោះលែងបុរសទាំងពីរនាក់េនះដែលត្រូវបានចាប់ខ្លួនកាលពីម្សិលមិញ ព្រោះពួកគាត់មិនបានធ្វើអ្វីខុសឡើយ”។
អាជីវករម្នាក់ទៀតឈ្មោះ សួន លីណា អាយុ២៧ឆ្នាំ ដែលធ្វើការតវ៉ានៅតុលាការដែរនោះបាននិយាយថា នគរបាលដែលមកជាមួយតំណាងម្ចាស់ផ្សារ New Rich បានលើកឡើងជាសំណួរជុំវិញថា តើមូលហេតុអ្វីបានជាពួកគាត់ត្រូវបានចាប់ខ្លួន។
ដោយរៀបរាប់ពីការចាប់ខ្លួនបុរសទាំងពីរនាក់ថា ជាការប្រើអំពើហិង្សា អ្នកស្រី លីណា បាននិយាយថា “នគរបាល និងមនុស្សមកពីក្រុមហ៊ុន New Rich បានមកចាប់ខ្លួនអាជីវករដោយគ្មានមូលហេតុ និងមិនបានបង្ហាញដីកាបង្គាប់ពីតុលាការទាល់តែសោះ”។
បន្ទាប់ពីការតវ៉ាលោក សុខ ខេមរិន្ទ នាយនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃបានបង្វែរសំណួរអំពីការចាប់ខ្លួននេះទៅលោកប៉ុល រតនា ជានាយរងដែលលោកលើកឡើងថា គាត់បានដឹកនាំប្រតិបត្តិការកាលពីថ្ងៃអង្គារនៅផ្សារនេះ។
ដោយបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែម លោក រតនា បាននិយាយតាមទូរស័ព្ទថា “ខ្ញុំមិនដឹងអំពីករណីនេះទេ។ ខ្ញុំគ្រាន់តែអនុវត្តតាមដីកាបង្គាប់របស់តុលាការតែប៉ុណ្ណោះ”។
រយៈពេលពីរខែកន្លងមកនេះលោក សេង សុខលី និងលោក គឹម ប៊ុនអាន បានដឹកនាំអាជីវករមួយក្រុមមានគ្នា៣៤៨នាក់តវ៉ានឹងការឡើងថ្លៃតូបដែលស្នើដោយអ្នកគ្រប់គ្រងផ្សារថ្មីនេះដែលត្រូវបានចាត់តាំងកាលពីចុងឆ្នាំមុន។
លោក មុនី រតនៈ តំណាងក្រុមហ៊ុន New Rich បាននិយាយនៅផ្សារនេះកាលពីម្សិលមិញថា ក្រុមហ៊ុនគាំទ្រអ្នកគ្រប់គ្រងថ្មីរបស់ខ្លួនដែលត្រូវបានចាត់តាំងកាលពីថ្ងៃទី២៣តុលា បន្ទាប់ពីក្រុមហ៊ុនចាស់មិនបានបង់ថ្លៃឈ្នួលទាន់ពេលវេលា។
លោក រតនៈ និយាយថា “យើងមិនបន្តកិច្ច សន្យាឲ្យក្រុមហ៊ុនចាស់ទេ ពីព្រោះក្រុមហ៊ុនចាស់មិនបានបង់ថ្លៃឈ្នួលឲ្យយើងឡើយ” ដោយលោកត្អូញត្អែរថា អាជីវករដែលតវ៉ានោះបានចាក់សោផ្សារនេះកាលពីម្សិលមិញ។
លោក រតនៈ បាននិយាយថា ខ្លួនលោកផ្ទាល់ត្រូវតែទៅកាន់ផ្សារនេះ ដើម្បីកាត់សោឲ្យអាជីវករផ្សេងទៀតដែលមិនធ្វើការតវ៉ា ប្រកបរបរអាជីវកម្មរបស់ខ្លួន។
លោកបានបន្ថែមថា ”អាជីវករទាំងនេះសប្បាយចិត្តណាស់នៅពេលពួកគាត់ឃើញខ្ញុំកាត់សោឲ្យពួកគាត់ចូល”។
បើទោះជាការតវ៉ានៅតុលាការគ្មានការប្រើអំពើហិង្សាណាមួយក៏ដោយ តែមិនមែនមានន័យថា ថ្ងៃនោះគ្មានជម្លោះនោះទេ។
នៅពេលអាជីវករដែលធ្វើការតវ៉ាទាំងនោះត្រឡប់មកកាន់ផ្សារនេះវិញពេលរសៀល ការប៉ះទង្គិចគ្នាមួយបានកើតឡើងនៅពេលអ្នកលក់ទាំងនោះមានកំហឹងនឹងការកាត់សោដោយលោក រតនៈ ។
ជាងភ្លើងមួយក្រុមមានគ្នា៥នាក់ដែលក្រុមហ៊ុន New Rich បានជួល មិនព្រមស្តាប់តាមការលើកឡើងរបស់អាជីវករឲ្យចាកចេញពីផ្សារនេះឡើយ ដោយបណ្តាលឲ្យអាជីវករទាំងនោះព្យាយាមប្រើកម្លាំងបង្ខំឲ្យពួកគេចាកចេញ។
អាជីវករពីរនាក់បានដួលទៅលើដីទំនងជាសន្លប់បាត់ស្មារតី ចំណែកបុគ្គលិកផ្សារប្រាំនាក់ រងរបួសស្រាល៕សារុន