មួយថ្ងៃបន្ទាប់ពីផ្ទះ៦ខ្នងត្រូវបានបំផ្លាញនៅជិតបឹងត្របែកក្នុងក្រុងភ្នំពេញ តាមសំណើរបស់សាលាក្រុងមក លោកអភិបាលក្រុង ប៉ា សុជាតិវង្ស កាលពីថ្ងៃពុធបានព្យាយាមពន្យល់អំពីសកម្មភាពរបស់សាលាក្រុងក្នុងការជួបជាមួយប្រជាជនមានទុក្ខកង្វល់ជិត១០០នាក់ ដែលរស់នៅជុំវិញបឹងនោះ ដែលភាគច្រើនទំនងជាត្រូវបានចាក់ខ្សាច់លុប។
មានប្រសាសន៍នៅខាងក្នុងឃ្លាំងមួយក្នុងសង្កាត់ផ្សារដើមថ្កូវនៅខណ្ឌចម្ការមន លោក សុជាតិវង្ស បានមានប្រសាសន៍ថា ប្រជាជនមួយចំនួននឹងត្រូវបណ្តេញចេញដើម្បីបើកផ្លូវសម្រាប់ផ្លូវថ្មីមួយជុំវិញបឹងនេះ ដែលក៏នឹងទៅដល់ស្ថានីយបូមទឹកថ្មីផងដែរ។

លោកអភិបាលក្រុងបានអះអាងថា ប្រជាជន”មកនៅថ្មី”បានធ្វើឲ្យបឹងនេះរួមតូចពី៦០ហិកតាមកនៅត្រឹម២០ហិកតាក្នុងពេលជាង១០ឆ្នាំកន្លងមកនេះ។
លោក សុជាតិវង្ស មានប្រសាសន៍ថា “ភ្នំពេញឥឡូវប្រឈមនឹងការជន់លិចខ្លាំង”។ លោកបានបន្ថែមថា បឹងត្របែកជាបញ្ហា។ ស្ថានភាពក្នុងតំបន់នេះគឺថា បឹងនេះកំពុងរួមតូចនិងកាន់តែរាក់ទៅៗ”។
លោកបានបន្តទៀតថា “ឥឡូវនេះ គិតខ្លួនឯងទៅ ក្នុងខណ្ឌដូនពេញ ទួលគោក ប្រាំពីរមករា ក៏ដូចជាខណ្ឌចម្ការមន មនុស្សម្នាក់បញ្ចេញតែម្តងក្នុងមួយថ្ងៃ។ ម្តងទម្្ងន់២ខាំ ហើយចំពោះអ្នកដែលហូបច្រើន ដល់ទៅ៥ខាំ”។
“ដូច្នេះ យើងមានមនុស្សមួយលាននាក់គុណនឹង២ខាំ វាស្នើនឹង២លានគីឡូ [ស៊ិក]។
តើមានចំនួនប៉ុន្មានទៅបើយើងគិតពីឆ្នាំតាំងពីយើងមិនអាចស្តារបឹងនេះមក?”។
បឹងត្របែកជាបឹងមួយក្នុងចំណោមបឹងជាច្រើនរបស់ក្រុងនិងប្រឡាយ ដែលមានទឹកលូពីក្រុងហូរចូល។
លោក សុជាតិវង្ស បានមានប្រសាសន៍ថា អាជ្ញាធរនឹងមិនផ្តល់សំណងសម្រាប់ដីបាត់បង់ទៅលើផ្លូវថ្មី ដែលមានទំហំទទឹងប្រាំម៉ែត្រនេះទេ។ លោកមានប្រសាសន៍ទៀតថា ផ្ទះសង់លើបឹងនឹងត្រូវវាយចោល ហើយម្ចាស់ផ្ទះទទួលបានប្រាក់ ឬកន្លែងមួយនៅកន្លែងតាំងលំនៅថ្មី ហើយប័ណ្ណកម្មសិទ្ធិដីនឹងផ្តល់ឲ្យប្រជាជនមានផ្ទះនៅក្រៅផ្លូវជុំវិញនេះ។
លោកបានមានប្រសាសន៍ថា “យើងមានប្លង់មេដើម្បីដោះស្រាយបញ្ហាទាំនេះ ដំបូង តាមរយៈសំណង។ ទីពីរ យើងនឹងខិតខំស្វែងរកដីដើម្បីបង្កើតសហគមន៍មួយសម្រាប់បងប្អូន”។
ថ្លែងទៅកាន់លោក សុជាតិវង្ស នៅក្នុងជំនួបនោះ លោក ណែត ភារម្យ តំណាងប្រជាជនបឹងត្របែក បានអង្វរករសាលាក្រុងឲ្យផ្តល់សំណងគ្រប់គ្រាន់ដល់ប្រជាពលរដ្ឋដែលត្រូវបណ្តេញចេញ ដោយប្រាប់អ្នកចូលរួមស្តាប់ថា លោកជឿថា ប្រជាពលរដ្ឋជាង៣០០គ្រួសារនឹងត្រូវប៉ះពាល់ដោយសារការបណ្តេញចេញនេះ។
លោកបាននិយាយថា “យើងនឹងធ្វើតាមបញ្ជារបស់ក្រុងដើម្បីរើចេញ ប្រសិនបើគេផ្តល់ដំណោះស្រាយ។ សូមមេត្តា ឲ្យប្រជាពលរដ្ឋចេញដោយទឹកមុខញញឹម ហើយកុំដេញពួកគាត់ឲ្យចេញទាំងទឹកភ្នែក”៕ និត