ប្រាំមួយខែ បន្ទាប់ពីបានចាប់ផ្តើមសាងសង់ រដ្ឋាភិបាលកម្ពុជាបានចេញបទបញ្ជាឲ្យក្រុម ហ៊ុន Royal Group របស់លោក គិត ម៉េង រុះរើផែថ្មដែលសាងសង់ជិតរួចរាល់នៅឆ្នេរអូរត្រេះក្បែរក្រុងព្រះសីហនុ ដោយអាជ្ញាធរមូលដ្ឋានលើកឡើងថា ក្រុមហ៊ុនរបស់ឧកញ៉ារូបនេះមិនត្រូវបានផ្តល់ការអនុញ្ញាតឲ្យសាងសង់តាំងពីដើមទីមកម្លេ៉ះ។
កាលពីថ្ងៃពុធ គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជាបានផ្ញើលិខិតមួយច្បាប់ជូនលោក យន់ មិន អភិបាលខេត្តព្រះសីហនុ ដោយលើកឡើងថា ខ្លួនបានពិនិត្យសំណើកាលពីខែសីហា ឆ្នាំ២០១៥របស់ក្រុមហ៊ុន Royal Group ស្នើសុំសាង សង់ផែថ្មប្រវែង៤០ម៉ែត្រនៅឆ្នេរអូរត្រេះ នេះក្នុងខណ្ឌស្ទឹងហាវ ហើយបានសម្រេចឲ្យមានការរុះរើចេញវិញ ទោះបីជាការពិតថា ក្រុមហុ៊ននេះបានចាប់ផ្តើមសាងសង់ស្របពេលដែលខ្លួនបានដាក់សំណើក៏ដោយ។

លិខិតចុះហត្ថលេខាដោយលោក អឹុម ឈុនលឹម រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជាមានខ្លឹមសារដូច្នេះថា គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា “ពិនិត្យមើលឃើញថា ទីតាំងស្នើសុំនេះពុំអាចអនុញ្ញាតបានទេ ព្រោះរាជរដ្ឋាភិបាលមានគោលការណ៍រៀបចំឆ្នេរអូរត្រេះសម្រាប់បម្រើវិស័យទេសចរណ៍ និងបរិស្ថានតំបន់ឆ្នេរដោយត្រូវធ្វើការបង្កករាល់ការសាងសង់លើដីចំណីសមុទ្រ នៅទីនេះ ព្រមទាំងត្រូវសិក្សារកវិធានការដើម្បីរុះរើសំណង់អនាធិបតេយ្យនៅតាមដីចំណីឆ្នេរនេះចេញ”។
លិខិតនេះមានខ្លឹមសារបន្តថា “ក្រុមហ៊ុនត្រូវសិក្សារកទីតាំងថ្មីដែលមានលក្ខណៈសមស្របមិនប៉ះពាល់ដល់បរិស្ថានតំបន់ឆ្នេរខ្សាច់កម្សាន្តសម្រាប់ទេសចរណ៍ និងត្រូវមានការអនុញ្ញាតពីគណៈកម្មាធិការជាតិគ្រប់គ្រងតំបន់ឆ្នេរសមុទ្រកម្ពុជាទើបអាចដំណើរការសាងសង់បាន”។
ផែថ្មនេះដែលបច្ចុប្បន្នកំពុងស្ថិតក្រោមការសាងសង់គឺបង្កើតឡើងក្នុងគោលបំណងបម្រើផលប្រយោជន៍ដល់រមណីយដ្ឋាន Royal Sands Resort នៅលើកោះរ៉ុងចម្ងាយប្រហែល២៥គីឡូម៉ែត្រពីក្រុងព្រះសីហនុ។ក្រុមហ៊ុន Royal Group បានចាប់ផ្តើមបុកគ្រឹះសាងសង់រមណីយដ្ឋានដ៏ប្រណីតដែលមាន១០០បន្ទប់នេះកាលពីខែធ្នូ ជាផ្នែកនៃគម្រោង ក្នុងទឹកប្រាក់៣០លានដុល្លារដើម្បីអភិវឌ្ឍតំបន់ប៉ែកខាងត្បូងនៃកោះនេះ ។
លោក ឈុន ប៊ុន្ថា អនុប្រធានក្រុមហ៊ុន Royal Group ដែលទទួលបន្ទុកសាងសង់រមណីយដ្ឋាននេះបានលើកឡើងថា ក្រុមហ៊ុនរបស់លោកត្រូវបានជូនដំណឹងអំពីលិខិតនេះកាលពីម្សិលមិញ។
លោកបានមានប្រសាសន៍ថា “ខ្ញុំកំពុងរង់ចាំអនុវត្តតាមបទបញ្ជាពីថ្នាក់លើរបស់ក្រុមហ៊ុន។ វាស្រេចតែអាជ្ញាធរទេ ប៉ុន្តែពួកគេអាច [ចាប់ផ្តើមរុះរើផែថ្មនេះ] ពេលណាក៏បានតាមចិត្ត”។
លោក ឈុន ប៊ុន្ថា បានលើកឡើងទៀតថា លោកមិនដឹងឡើយថា តើផែថ្មនេះចំណាយប្រាក់សាងសង់អស់ប៉ុន្មាននោះ ប៉ុន្តែលោកបានបញ្ជាក់ថា វាជិតរួចរាល់ហើយ ហើយវាទុកសម្រាប់ដឹកសម្ភារដូចជាគ្រឿងសំណង់និងដឹកភ្ញៀវទៅតំបន់កោះរ៉ុងជាដើម។ លោក បានបដិសេធមិននិយាយឡើយថា តើហេតុអ្វីបានជាក្រុមហ៊ុន Royal Group បានចាប់ផ្តើមសាងសង់ដោយគ្មានការអនុញ្ញាតពីរដ្ឋាភិបាល។
លោក ឈិន សេងងួន អភិបាលរងខេត្តព្រះសីហនុ បានលើកឡើងថា អាជ្ញាធរបានចេញ បទបញ្ជាឲ្យឈប់សាងសង់ពីរលើករួចមកហើយ ក្នុងរយៈពេលប្រាំមួយខែកន្លងមកនេះ។
ដោយបដិសេធមិននិយាយថា តើក្រុមហ៊ុននេះអាចត្រូវប្រឈមនឹងការពិន័យ ឬការដាក់ទណ្ឌកម្មផ្សេងសម្រាប់ការសាងសង់ដោយគ្មានអនុញ្ញាតឬយ៉ាងណានោះ លោកបានមានប្រសាសន៍ថា “ក្រុមហ៊ុនបានដាក់សំណើសុំការអនុញ្ញាតហើយបានចាប់ផ្តើមសាងសង់ដំណាលគ្នា ព្រោះពួកគេចង់អភិវឌ្ឍកោះរ៉ុងឲ្យបានឆាប់រហ័ស”។លោកបន្តថា “យើងនឹងចេញបទបញ្ជាឲ្យពួកគេរុះរើផែថ្មនៅលើឆ្នេរអូរត្រេះ នេះហើយនឹងផ្តល់ជម្រើសផ្សេងដល់ពួកគេដើម្បីសាងសង់ផែថ្មមួយផ្សេងទៀតនៅទំនប់រលក” ក្បែរកំពង់ផែស្វយ័តក្រុងព្រះសីហនុ៕ស៊ុយឈាង