28.4 C
Phnom Penh

ការ​​ផ្ដោត​​​លើ​​វីដេអូ​អាស​អាភាស​​​​ធ្វើ​ឲ្យ​​​​ពិបាក​យល់​​ពី​មូល​ហេតុ​​ស្មុគស្មាញ​នៃ​ការ​ចាប់​រំលោភ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​ក្រុង​ស្ទឹងសែន, កំពង់ធំ-​អ្នកស្រី សារឿន ​បាន​​ប្រទះ​​ឃើញ​ចៅស្រី​របស់​គាត់​​នៅ​ក្នុង​រោង​​ក្រោយ​​ផ្ទះ​សសរ​ខ្ពស់​​​របស់​​ខ្លួន​នៅ​មុន​ពេល​ថ្ងៃ​ត្រង់​បន្តិច​កាលពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន។ ​ចៅស្រី​វ័យ​៨​ឆ្នាំ​​​របស់​គាត់​​កំពុង​ព្យា​យាម​​​​​​​សម្អាត​ជើង​របស់​នាង​​ដែល​ប្រឡាក់​សុទ្ធតែ​ឈាម​។

ដោយ​ភ័យ​តក់​ស្លុត ស្ត្រី​វ័យ​៦០​ឆ្នាំ​រូប​នេះ​​​​បាន​យក​សារុង​​រុំ​​​​​ឲ្យ​ចៅស្រី​ដែល​​និយាយ​លែង​​​​ចេញ​ ​​ហើយ​លើក​នាង​ដាក់​​​លើ​កន្ទុយ​កង់​​រួច​ឌុប​ទៅ​គ្លីនិក​​ក្នុង​មូលដ្ឋាន​​ចម្ងាយ​ប្រហែល​២គីឡូ​ម៉ែត្រ ​ដោយ​នៅ​ទីនោះ​​គ្រូពេទ្យ​ម្នាក់​បាន​​​​សន្និដ្ឋាន​ថា ក្មេង​ស្រី​រូប​នេះ​​ “បាន​រង​របួស​​ ​​​ប៉ុន្តែ​មិន​មែន​រង​របួស​ដោយសារ​អាវុធ​​ទេ​” ហើយ​បាន​​​ណែនាំ​គ្រួសារ​នេះ​ឲ្យ​​​ទៅ​​ប្ដឹង​នគរ​​​បាល​។ ​

លោក កង សន ​នាយ​ប៉ុស្តិ៍​ឃុំ​ស្រយូវ​ ​បាន​ព្យាយាម​សាក​សួរ​ក្មេង​ស្រី​​ដែល​នៅ​តែ​ស្ងាត់​ស្ងៀម​មិន​និយាយ​ស្ដី និង​បន្ត​ហូរ​ឈាម​រូប​នេះ​​​​​​ជិត​កន្លះ​ម៉ោង​​ មុន​ពេល​នាង​សន្លប់​​ និង​ត្រូវ​បាន​បញ្ជូន​​ទៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​។ ពេល​នាង​ដឹង​ខ្លួន​ឡើង​វិញ​ នាង​បាន​ប្រាប់​ម្ដាយ​របស់​​​ខ្លួន​ថា ​នាង​​​​ត្រូវ​ក្មេង​​ប្រុស​ជិត​ខាង​​អាយុ​១៤​ឆ្នាំ​​​​ម្នាក់​ចាប់​រំលោភ។ ​ក្មេង​ប្រុស​ជា​​ជន​ល្មើស​​​​ត្រូវ​បាន​ចាប់​ខ្លួន​ ហើយ​បាន​សារភាព​ថា ខ្លួន​ពិត​ជា​បាន​ចាប់​រំលោភ​ក្មេង​ស្រី​រងគ្រោះ​មែន​។

តើ​អ្វី​​​ទៅ​ដែល​បាន​​ជំរុញ​ឲ្យ​ក្មេង​ជំទង់​ម្នាក់​​ធ្វើ​សកម្មភាព​ចាប់​រំលោភ​​​​ព្រៃផ្សៃ​​​ដល់​ថ្នាក់​ជនរងគ្រោះ​ដេក​ពេទ្យ​រយៈ​ពេល​​​៦ថ្ងៃ​បែប​នេះ​? ​​សមត្ថកិច្ច​​​​​ឆ្លើយ​យ៉ាង​សាមញ្ញ​ថា៖ ​មើល​​វីដេអូ​អាសអាភាស​​តាម​ទូរស័ព្ទ​ស្មាត​ហ្វូន​​របស់​មិត្ត​ភក្តិ។

​លោក ជា ពឿន នាយ​ការិយាល័យ​​នគរ​បាល​​​​​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​​នៃ​ស្នងការដ្ឋាន​នគរ​បាល​ខេត្ត​​បាន​មាន​ប្រសាសន៍​ថា ​”​​វីដេអូ​អាស​​អាភាស​ធ្វើ​ឲ្យ​ពួកគេ​​មាន​អារម្មណ៍​ទាំង​នេះ ហើយ​បន្ទាប់​មក​ពួកគេ​​ក៏​ចង់​សាកល្បង​”។

​លោក​ កង សន ​បាន​យល់ស្រប​​តាម​ទស្សនៈ​​​នេះ​។ លោក​ថ្លែង​ថា “​ខ្ញុំ​គិត​ថា វីដេអូ​អាស​អាភាស​ និង​រូប​ភាព​អាសអាភាស​​គឺ​ជា​មូល​ហេតុ​ដែល​​​ជន​ល្មើស​​ប្រព្រឹត្ត​បទល្មើស​​លើ​កុមារ​។ ​នោះ​គឺ​ទូរស័ព្ទ​ស្មាត​ហ្វូន​ដែល​ធ្វើ​ឲ្យ​ពួកគេ​​​ហ៊ាន​ចាប់​រំលោភ​គេ​​​”។

​ទោះ​ជា​យ៉ាង​ណា លោក​​ទទួល​ស្គាល់​ថា ​ក្មេង​ប្រុស​​​​ជា​ជន​ល្មើស​​គ្រាន់​តែ​ប្រាប់​នគរ​បាល​ថា ​វីដេអូ​អាសអាភាស​បាន​ជំរុញ​ឲ្យ​ខ្លួន​​​​ធ្វើ​សកម្ម​ភាព​ចាប់​រំលោភ​ បន្ទាប់ពី​​ពួកគេ​​​សួរ​ជនល្មើស​ថា ​តើ​វា​ជា​កត្តា​ជំរុញ​​ឬ​យ៉ាង​ណា។ ​

វីដេអូ​អាសអាភាស​​ និង​ឥទ្ធិពល​​របស់​វា​ក្នុង​ការ​​​ជំរុញ​​ការ​ចាប់​រំលោភ​សេព​សន្ថវៈ​ មាន​ឥទ្ធិពល​ខ្លាំង​​មក​លើ​ចិត្ត​គំនិត​​របស់​នគរ​បាល​ និង​មន្ត្រី​សិទ្ធិ​មនុស្ស​​ក្នុង​ប្រទេស​កម្ពុជា​ ដែល​ករណី​រំលោភ​បំពាន​​កុមារ​ត្រូវ​បាន​រាយ​​ការណ៍​​​ស្ទើរ​តែ​មិន​លស់​ថ្ងៃ​​​បើ​គិត​ជា​មធ្យម​។

វា​ជា​ការ​បក​ស្រាយ​ដ៏​​គួរ​ឲ្យ​ចាប់​អារម្មណ៍​ ព្រោះ​​វា​ផ្ដល់​ចម្លើយ​​សាមញ្ញ​​​សម្រាប់​សំណួរ​​​ស្មុគ​ស្មាញ​​ដែល​ចោទ​សួរ​​ថា ហេតុអ្វី​​​បាន​ជា​ការ​ចាប់​រំលោភ​ព្រៃផ្សៃ​បែប​នេះ​​​​នៅ​តែ​បន្ត​​កើត​មាន ហើយ​បណ្ដោយ​ឲ្យ​​បន្ទោស​​បទ​ល្មើស​​​ផ្លូវ​ភេទ​ទៅ​លើ​ឥទ្ធិពល​​​របស់​បរទេស​។

ទោះ​ជា​យ៉ាង​ណា ​គ្មាន​ការ​​សិក្សា​ស្រាវ​ជ្រាវ​ឯករាជ្យ​ណាមួយ​បង្ហាញ​ថា ​​វីដេអូ​អាស​អាភាស​មាន​​ឥទ្ធិពល​​​​​​លើ​ការ​ចាប់​រំលោភ​ក្នុង​ប្រទេស​​កម្ពុជា​ ឬ​នៅ​កន្លែង​ផ្សេង​ទៀត​​​​ក្នុង​ពិភព​លោក​ឡើយ។ ​ហើយ​អ្នក​ជំនាញ​ខ្លះ​លើក​​​ឡើង​ថា ការ​លើក​ឡើង​ពី​​​​វីដេអូ​អាស​អាភាស​​​​​ធ្វើ​ឲ្យ​​សមត្ថកិច្ច​​​គេច​វេះ​មិន​​ដោះ​ស្រាយ​​​​​មូល​ហេតុ​ស៊ីជម្រៅ​នៃ​ការ​ចាប់​រំលោភ​ និង​អំពើ​ហិង្សា​ផ្លូវ​ភេទ ក្នុង​​នោះ​​​រួម​ទាំង​សង្គម​​បិតា​ធិប​​​តេយ្យ និទណ្ឌ​ភាព​សម្រាប់​ជន​ល្មើស និង​​ការ​ធ្វើ​ចំណាក​ស្រុក​ចេញពី​ភូមិ​​​ស្ថាន​ ដែល​ជាញឹក​​​​​ញាប់​ត្រូវ​ទុក​​កូន​​ៗ​ និង​ក្មេង​ជំទង់​​ៗ​ឲ្យ​​​នៅ​ផ្ទះ​ដោយ​​គ្មាន​អាណា​ព្យាបាល​មើល​ខុស​ត្រូវ​។

លោកស្រី រស់ សុភាព ស្ថាបនិក​អង្គការ​​យេនឌ័រ និង​អភិវឌ្ឍន៍​កម្ពុជា​ ​មាន​ប្រសាសន៍​ថា លោកស្រី​​ “​ខក​ចិត្ត​” ដែល​វីដេអូ​អាស​អាភាស​​​នៅ​តែ​ត្រូវ​​នគរ​បាល​​ និង​អ្នក​ផ្សេង​​ទៀត​បន្ត​លើក​ឡើង​​​ថាជា​មូលហេតុ​នាំមុខ​នៃ​ការ​ចាប់​រំលោភ​។ លោកស្រី​​​​លើក​ឡើង​​ទៀត​ថា “​វា​ជា​លេស​ និង​ជា​​អ្វី​​ដែល​គេ​អាច​បន្ទោស​បាន​។ បញ្ហា​ចាប់​រំលោភ​​គឺ​​​ស្ថិត​នៅ​ត្រង់​តុល្យភាព​អំណាច​”។

របាយ​ការណ៍មួយ​​​ចេញ​ផ្សាយ​ដោយ​​អង្គការ​​​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក​អាដហុក​កាល​ពី​ខែ​សីហា បាន​​លើក​ឡើង​​​ថា វីដេអូ​អាសអាភាស​​គឺជា​មូល​ហេតុ​ចម្បង​មួយ​​ដែល​នាំ​ឲ្យ​ករណី​ចាប់​រំលោភ​​​កើន​ឡើង​។

​អង្គការ​អាដហុក​បាន​លើក​ឡើងនៅ​​​​​​ក្នុង​សេច​​ក្ដី​ថ្លែងការណ៍​មួយ​អម​របាយការណ៍​នេះ​ថា ​​”​មូលហេតុ​ឫសគល់​ដែលនាំ​ឲ្យ​​ករណី​ចាប់​រំលោភ​កើន​ឡើង​ គឺ​ឥទ្ធិពល​ ‘វប្បធម៌​បរទេស​ដែល​គ្មាន​ការ​គ្រប់គ្រង’ (​ពោល​គឺ​ការ​​​រក​បាន​វីដេអូ​​តាម​អុីនធឺណិត​ បណ្ដាញ​ទំនាក់​ទំនង​សង្គម ឬ​មាន​លក់​នៅ​លើ​ទីផ្សារ​ដែល​គ្មានការ​គ្រប់គ្រង​ជា​​ដើម​​)”។ ​

លោកស្រី​​ ឆន សុគន្ធា ​ប្រធាន​កម្មវិធី​​ស្ត្រី​​ និង​​​កុមារ​​នៅ​អង្គការ​អាដហុក​ ​មាន​ប្រសាសន៍​​​​​នៅ​សប្ដាហ៍​នេះ​ថា ​​​​ការ​សន្និដ្ឋាន​នេះ​​​ធ្វើ​ឡើង​​​​ដោយ​ផ្អែក​លើ​​ការ​​សាក​សួរ​​ជន​ល្មើស​ និង​​ការ​​​ពិត​ដែល​ករណី​ចាប់​រំលោភ​ជាច្រើន​​​​​​​ពាក់​ព័ន្ធ​​​នឹង​វីដេអូ​អាស​អាភាស​​បែប​ចម្លែកៗ​​​ដូច​ជា ការ​​​ច្របាច់​ក​ ការ​ស្ដោះ​ទឹក​មាត់​ដាក់ និង​​បុរស​មួយ​​​ក្រុម​​​ធំ​រួមភេទ​ជាមួយ​នារី​​តែ​ម្នាក់​ជា​ដើម​។

ទោះ​ជា​យ៉ាង​ណា ​​​លោក​ស្រី​បាន​ទទួល​ស្គាល់​ថា ​​លទ្ធផល​នៃ​ការ​សិក្សា​នេះ​​​ប្រហែល​​​ជា​មាន​ភាព​​​លម្អៀង​​​ដោយ​សារ​ផ្អែក​តែ​ទៅ​លើ​ចម្លើយ​​សារភាព​របស់​​​​​ជន​ចាប់​រំលោភ​។ លោកស្រី​​​ថ្លែង​​ថា ”​យើង​​គ្រាន់​តែ​ដឹង​ពី​អ្នក​​ដែល​​ចាប់​រំលោភ​។ ពួកគេ​និយាយ​ថា បន្ទាប់​ពី​ពួកគេ​មើល​វីដេអូ​អាសអាភាស​រួច​ ពួកគេ​ចង់​អនុវត្ត​”។

ខណៈ​​ប្រធាន​បទ​​ស្តីពី​ឥទ្ធិពល​​របស់​វីដេអូ​​អាសអាភាស​មក​លើ​ឥរិយាបថ​ផ្លូវ​ភេទ​បាន​ក្លាយ​ជា​ប្រធាន​បទ​នៃ​ការ​សិក្សា​ស្រាវជ្រាវ​​​​​​​រាប់​​ទសវត្សរ៍​មក​នេះ ​គេ​សង្កេត​​ឃើញ​ថា ក្នុង​​​រយៈ​​ពេល​១៥​ឆ្នាំ​មក​នេះ ​មាន​ការ​ចាប់​អារម្មណ៍​​​​លើ​ប្រធានបទ​នេះ​ឡើង​វិញ​ដោយ​សារ​​តែ​ការ​រក​បាន​វីដេអូ​អាសអាភាស​​បាន​តាម​ប្រព័ន្ធ​​​អុីនធឺណិត​​កាន់​តែ​ទូលំទូលាយ។

ទោះ​បី​ជា​លទ្ធផល​នៃ​ការ​សិក្សា​​ស្រាវ​ជ្រាវ​​ទាំង​នេះលាយ​​​ចម្រុះ​គ្នា​ក្ដី ​​ក៏​ភាគច្រើន​​​រក​មិន​ឃើញ​ទំនាក់​ទំនង​​​រវាង​ការ​ប្រើ​ប្រាស់​វីដេអូ​អាសអាភាស និង​ការ​ប្រព្រឹត្ត​អំពើ​ហិង្សា​ផ្លូវ​ភេទដោយ​ការ​ចាប់​បង្ខំ​​ឡើយ​។ អ្នក​ខ្លះ​បាន​រក​ឃើញ​ថា ចំណង់​ផ្លូវ​ភេទ​​​​​ខ្លាំង​ពិត​ជា​​​ធ្លាក់​ចុះ​ នៅ​ពេល​ជន​ល្មើស​ផ្លូវ​ភេទ​រក​បាន​វីដេអូ​អាសអាភាស​។ ​​​​​​​​​​​

ការ​​​សិក្សា​​​មួយ​​​ធ្វើ​​​ឡើង​​​កាល​​​ពី​​​ឆ្នាំ​​​២០១៤​​​នៅ​​​ក្នុង​​​ប្រទេស​​​ឥណ្ឌា​​​​​​ ដែល​​​​​​ការ​​​ប្រើ​​​ប្រាស់​​​អីុនធឺណិត​មាន​​​ការ​​​កើន​​​ឡើង​​​យ៉ាង​​​ឆាប់​​​រហ័ស​​​​​​ក្នុង​​​ចំណោម​​​ប្រជា​​​ពល​​​រដ្ឋ​​​រស់​​​នៅ​​​តាម​​​ទី​ជន​​​បទ​​​ដូច​​​ប្រទេស​​​កម្ពុជា​​​ដែរ​​​នោះ​​​ បាន​​​សន្និដ្ឋាន​​​​​​ថា ”ការ​​​ងាយ​​​ទទួល​បាន​​វីដេអូ​​​​អាស​​​អាភាស​​​មិន​មាន​​​​​ផល​​​ប៉ះពាល់​​​ខ្លាំង​​​​​មក​លើ​អត្រា​​​ចាប់​​​រំលោភ​​​ ឬ​​​អត្រា​​​បទ​​​ល្មើស​​​លើ​​​ស្ត្រី​​​ឡើយ​​​”។

លោក​​​ស្រី ចក់ សុភាព ប្រធាន​​​មជ្ឈ​មណ្ឌល​​​​​សិទ្ធិ​​​មនុស្ស​​​កម្ពុជា​​​លើក​​​ឡើង​​​ថា ការ​​​បន្ទោស​​​លើ​​​​វីដេអូ​​​អាសអាភាស​​​ថា​ ជាមូល​ហេតុ​បណ្តាល​​​​​​​ឲ្យមាន​​​ការ​​​ចាប់​​​រំលោភ​គ្រាន់តែ​ជាការ​លើកឡើងដើម្បី​​​​​ដោះសា​​​សម្រាប់​​​ជន​​​ប្រព្រឹត្ត​​​​​​បទ​​​ល្មើស​​​ និង​​​ដើម្បី​​​​បិទ​​​បាំង​​​មូល​ហេតុ​​​​​ផ្សេង​​​ៗ​ទៀត​​​ដែល​​​នាំ​ឲ្យ​​​​​​ការ​​​ប្រើ​​​អំពើ​​​ហិង្សា​​​ផ្លូវ​​​ភេទ​​​លើ​​​ស្ត្រី និង​​​កុមារមាន​​​អត្រា​​​ខ្ពស់​​​​។

លោកស្រី​​​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ការ​​​ចាប់​​​​រំលោភ​​​កើត​​​ឡើង​​​មុន​​​ពេល​​​ពល​​​រដ្ឋ​​​ខ្មែរ​​​ងាយ​​​ទទួល​​​បាន​​​​​​​​​វីដេអូ​​​អាស​​​​​​អាភាស​​​ទៅ​​​ទៀត​​​”។ ​លោក​​​ស្រី​​​​​​បន្ថែម​​​ថា ការ​​​បន្ទោស​​​លើ​​​​​​វីដេអូ​អាសអាភាស​​​ថា ជា​​​មូល​​​ហេតុ​​​ដែល​​​បណ្តាល​​​ឲ្យ​​​មាន​​​ការ​​​ចាប់​​​រំលោភ​​​ គឺ​​​វា​​​ដូច​​​គ្នា​​​ទៅ​​​នឹង​​​”ការ​​​​​ដែល​​​​​​​យើង​​​​​​និយាយ​​​ថា ស្ត្រី​​​​​​មិន​​​គួរ​ស្លៀក​​​ខ្លី​​​ព្រោះ​​​​​​វា​​​ធ្វើ​​​ឲ្យ​​​បុរស​​​​​​ចាប់រំលោភ​​​​”។

លោក​​​ស្រី​​​បាន​​​លើក​​​ឡើង​​​ទៀត​​​ថា ”​​​វា​​​អា​ច​​​មាន​​​ឥទ្ធិពល​​​លើ​​​ការ​​​វិនិច្ឆ័យ​​​របស់​​​យើង​​​ហើយ​​​អាច​​​ប៉ះពាល់​​​ដល់​​​​​​​​​វិធី​​​ដែល​​​យើង​​​ដោះ​​ស្រាយ​​​បញ្ហា​​​សំខាន់​​​។​​​​​​វា​​​នាំ​​​ទៅ​​​រក​​​និទណ្ឌភាព​​​។ ​​ប្រសិន​​​បើ​​​​​​និយាយ​​​អំពី​​​ការ​​​ចាប់​​​រំលោភ​​​​​​ វា​​​​​​ពាក់​​​​ព័ន្ធ​​​នឹង​​​បញ្ហា​​​ជាច្រើន​​​”។

បញ្ហា​​​មួយ​​​ក្នុង​​​ចំណោម​​​បញ្ហា​​​ទាំង​​​នេះ​​​គឺ​​​​​​ការ​​​ធ្វើ​​​ចំណាក​​​ស្រុក​​​ចេញ​​​ពី​​​ទី​​​ជន​​​បទ​​​។

ពេល​​​បុរស​​​ និងស្ត្រីដែល​​​ស្ថិត​​​ក្នុង​​​វ័យ​​​ពេញ​​​ធ្វើ​​​ការ​​​ធ្វើ​​​ចំណាក​​​ស្រុក​​​មក​​​ភ្នំពេញ ឬ​​​ទៅ​ប្រទេស​​​ថៃ​​​ដើម្បី​​​រក​​​ការ​​​ងារ​​​ធ្វើ​​​ជា​​​កម្មករ​​​ឬជា​អ្នក​​​លក់​​​ដូរ​​​ ភូមិ​​​តាម​​​បណ្តា​​​ខេត្ត​​​នានា​​​​​​នៅ​​

សល់តែ​ក្មេង​ៗ​និងមនុស្សចាស់​។

លោក សេង លុច នាយ​​​ការិយាល័យ​​​នគរ​​​បាល​​​ព្រណ្មទណ្ឌ​​​កម្រិត​​​ធ្ងន់​​​​​​ខេត្ត​​​បាត់​​​ដំបង ​​​ជា​​​ខេត្ត​​​ដែល​មាន​​​សេចក្តី​​​រាយការណ៍​​​អំពី​​​បទ​​​ល្មើស​​​​​​លើ​​​កុមារ​​ច្រើន​​​ជាង​​​ខេត្ត​​​ណាណា​​​ទាំង​​​អស់​​​កាល​​​ពី​​​ឆ្នាំ​​​មុន ​​​បាន​​​លើក​​​ឡើង​​​ថា ​​​​​​ករណី​​​ចាប់​​​រំលោភ​​​លើ​​​កុមារកើត​ឡើងញឹកញាប់​។

​​​លោក​​​បន្តថា “ករណី​​​ភាគ​​​ច្រើន​​​កើត​​​ឡើង​​​ពេល​​​ឪពុក​​​ម្តាយ​​​ទុក​​​កូន​​​ចោល​​​​​​​​​នៅ​ផ្ទះ​​​តែ​​​ម្នាក់​​​​​​ឯង តើ​​​អ្នក​​​​​​ដឹង​​​ទេ​​​ វា​​​មក​​​ពី​​​ហេតុ​​​អ្វី​​​? ព្រោះ​​​ពួក​​​គាត់​​​គឺ​​​ជា​​​អ្នក​​​ក្រ​​​ ហេតុ​​​ដូច្នេះ​​​ជីវភាព​​​ក្រីក្រ​​​របស់​​​ពួក​​​គាត់​​​គឺជា​​​កត្តា​​​ដែល​បណ្តាល​​ឲ្យ​​​ប៉ះពាល់ដ​​​ល់​​​សុវត្ថិ​​​ភាព​​​កូន​​​ៗ​​​របស់​​​ខ្លួន”។​

នៅ​​​ក្នុង​​​ក្រុង​​​ស្ទឹង​​​សែន ក្មេង​​​ប្រុស​​​អាយុ​​​១៤​​​​ឆ្នាំ​​​ដែលត្រូវ​​​បានចោទ​​​ប្រកាន់​​​ពីបទ​​​រំលោភ​​​ក្មេង​​​ស្រី​​​ជិត​​​ខាង​​​អាយុ​​​៨​​​ឆ្នាំ​​​ បាន​​​រស់​​​នៅ​​​ដោយ​​​គ្មាន​​​ការ​​​គ្រប់​​​គ្រង​​​ព្រាន​ប្រដៅ​ពី​​​មនុស្ស​​​ចាស់​​​​​​​អស់​​​រយៈ​​​ពេល​​​ជា​​​ច្រើន​​​ឆ្នាំ​​​​​​ ដោយ​​​​​​​​ផ្លាស់​ទៅ​​រស់​​​នៅ​​​ជា​​​មួយ​​​បង​ប្អូន​ពី​​​ខេត្ត​មួយ​​​ទៅ​ខេត្ត​មួយ​​ នេះបើ​​​យោង​​​តាម​​​លោក ​ធី ​ឪពុក​​​របស់​ក្មេង​​​ប្រុស​​​រូប​​​នេះ​​​​​​​​​ ដែល​​​ធ្វើ​​​ការ​​​នៅ​​​​​​ការដ្ឋាន​​​សាង​​​សង់​​ក្នុង​​​​រាជ​​​ធានីភ្នំពេញ​​​។

ដោយ​​​​មាន​​​​ទឹក​​​មុខ​​​ស្រងូត​​​ស្រងាត់​​​ពេល​​​​ឈរ​​​នៅ​​​​​​​ក្រោម​​​ផ្ទះ​​​របស់​​​ខ្លួន​​​ ​ជា​​​កន្លែង​​​​ករណី​​​ចាប់​​​រំលោភ​​​បាន​​​កើត​​​ឡើង​​​នៅ​ក្បែរ​​​ចង្ក្រាន​​​ និង​​​ទូរទស្សន៍​​​ដែល​​​កំពុង​​​​​​តែ​​​ចាក់​​​បញ្ចាំង​​​រឿង​​​​បុរស​​​អាយុ​​​៤៤​​​ឆ្នាំ​​​រូប​​​នេះ​​​​​​បាន​​​លើក​​​ឡើង​​​ថា ​​​គាត់​​​មិន​​​សូវ​​​បាន​​​ទាក់​​​ទង​​​ជាមួយ​​​​​​កូន​​​របស់​​​គាត់​​​​​​​​ទេ​​​ក្នុង​​​រយៈ​ប៉ុន្មាន​​​ឆ្នាំ​​​ថ្មី​​​ៗ​​​នេះ។​​​​ ក្មេង​​​ប្រុស​​​រូប​​​នេះ​​​បាន​​បោះបង់​​​ការ​​​សិក្សា​​​នៅ​​​ត្រឹម​​​ថ្នាក់​​​ទី​​​២។

លោក​​​​​​និយាយ​​​ថា ”យើង​​​ជា​​​កម្មករ​​​ ​ដូច្នេះ​​​យើង​​​មិន​​​សូវ​​​បាន​​​មក​​​ទីនេះ​​​ទេ​​​ លើក​​​​​​លែង​​​តែ​​​ពេល​បុណ្យទាន ​​​ដូច​​​ជា​​​បុណ្យ​​​ភ្ជុំបិណ្ឌ ​​ឬ​​​បុណ្យ​​​ចូល​​​ឆ្នាំ​​​ខ្មែរ​​​ជា​​​ដើម​​​។ ពេល​​​​​​ខ្ញុំ​​​មាន​​​​​​រឿង​​​ត្រូវ​​​និយាយ​​​ជា​​​មួយ​​​វា​​​ ខ្ញុំ​​​តេ​​​ទូរ​ស័ព្ទ​​​មក​​​តា​​​របស់​​​វា​​​​​​ឲ្យជួយ​​​ប្រាប់​​​វា​​​។

ជីតា​​​អាយុ​​​៦៣​​​ឆ្នាំ​​​របស់​​​ក្មេង​​​ប្រុស​​​​​​សង្ស័យ​​​រូប​​​នេះ​​​ឈ្មោះ​​​ ម៉ាល់ ធ្វើការ​​​ពេល​​​យប់​​​ជា​​​សន្តិ​សុខ​​​​​​យាម​​​សាលា​​បឋម​​​ក្នុង​​​មូល​​​ដ្ឋាន​​​ ហើយ​​​​​​ពេល​​​ថ្ងៃ​​​ធ្វើ​​​​​​ជា​​​សន្តិសុខ​​​យាម​​​ឃ្លាំង​​​រោង​​​ម៉ាស៊ីន​​​​​កិនស្រូវ​​​​​​​​​។ គាត់​​​បាន​​​និយាយ​​​ថា ​​​ចៅ​​​របស់​​​គាត់​​​ស្តាប់​​​បង្គាប់​​​ ប៉ុន្តែ​​​មិន​​​សូវ​​​ជា​​​និយាយ​​​ស្តី​​​ច្រើន​​​ទេ​​​។ “​​​វា​​​ស្តាប់​​​បង្គាប់​​​ខ្ញុំ​​​ ពេល​​​ខ្ញុំ​​​ឲ្យ​​​វា​​​​ចាំ​​​​​ផ្ទះ​​​ ប៉ុន្តែវា​​​​​​មិន​​​សូវ​​​និយាយ​​​ច្រើន​​​”។

ជន​​​រង​​​គ្រោះ​​​ក៏​ដូច​​​គ្នា​​​ដែរ គឺ​​​ត្រូវបាន​ទុក​​​ឲ្យ​​​នៅ​​​ផ្ទះ​តែ​ម្នាក់​​​ឯង​​​។ ឪពុក​​​ម្តាយ​​​របស់​​​នាង​​​​​​ធ្វើ​​​ការ​​​នៅ​​​ក្នុង​​​រាជធានីភ្នំពេញ​​​។ ឪពុក​​​របស់​​​នាង​​​គឺជា​​​អ្នក​​​រត់​​​ម៉ូតូឌុប ហើយ​​​ម្តាយ​​​របស់​​​នាង​​​​​គឺ​​​ជា​​​អ្នក​​​លក់​​​ត្រី​​​ រីឯ​​​តាយាយ​​​របស់​​​នាង​​​គឺ​​​ជា​​​អ្នក​​​លក់​​​គ្រឿង​​​ទេស​​​ និង​​​នំ​​​តាម​​​ភូម​​ិ​​​។

ជីតា​​​របស់​​​ក្មេង​​​ស្រី​រូបនេះ​ដែល​មាន​​​​ឈ្មោះ ​​វឿង បាន​​​និយាយ​​​ថា​​​ នាង​​​តែង​​​តែ​​​ទៅលែង​​​​​​នៅ​​​ផ្ទះ​​​របស់​​​ក្មេង​​​ប្រុស​​​សង្ស័យ ​​ប៉ុន្តែ គាត់​​​​​​មិន​​​បាន​​​គិត​​​ដល់​​​រឿង​​​អ៊ីចឹង​​​ទេ​​​។ ពេល​​​អង្គុយ​​​នៅ​​​លើ​​​គ្រែ​​​ឈើ​​​ក្រោម​​​​​​ផ្ទះ​​​របស់​​​​ខ្លួន​​​ បុរស​​​អាយុ​​​៥៨​​​ឆ្នាំ​​​រូប​​​នេះ​​​បាន​​​លើក​ឡើង​​​ថា ក្មេង​​​ប្រុស​​​សង្ស័យ​​​ចាប់​​​ផ្តើម​​​មាន​​​ឭកពា​​​​​​​ប្លែក​​​ខុស​​​ពី​​​ធម្មតា​​​ប្រហែល​​​មួយ​​​សប្តាហ៍​​​មុន​​​ពេល​​​​​​ករណី​​​ចាប់​​​រំលោភ​​​​​នេះ​កើត​​​ឡើង​​​។

បុរស​​​រូប​​​នេះ​​​បាន​​​និយាយ​​​ថា ”វា​​​មាន​​​ម៉ូតូ​​​មួយគ្រឿង​​​ ហើយ​​​វា​​​ជិះ​​​ក្រឡឹង​​​ជុំ​​​វិញ​​​ផ្ទះ​​​​​​​ខ្ញុំ​​​​​​ក្រឡេក​​​មើល​​​នេះ​​​មើល​​​នោះ។ ខ្ញុំ​​​មាន​​​ការ​​​ព្រួយ​​​បារម្ភ​​​អំពី​​​សុវត្ថិភាព​​​របស់​​​នាង​​​ ប៉ុន្តែ ​នាង​​​​​​​​តែង​​​តែទៅ​​​​លែង​​​នៅ​​​ទី​​​នោះ​​​ ហើយ​​​ក្មេង​​​​ប្រុស​​​​​​​​​សង្ស័យ​​​​​​ក៏​​​មាន​​​បង​​​ប្អូនស្រី​​​ដែរ​​​ហេតុ​​​ដូច្នេះ​​ទើប​​​​ខ្ញុំ​​​​​​​គិត​​​ថា ​​​នាង​​​ប្រហែល​​​ជា​​​មិន​​​អី​​​ទេ​​​”៕ សុខុម និង ស៊ុយឈាង​

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស