27.5 C
Phnom Penh

លោក ចន ឃើរី នឹង​ជួប​ជាមួយ​សង្គម​ស៊ីវិល និង​លោក កឹម សុខា អំឡុង​​ទស្សនកិច្ច​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ចន ឃើរី រដ្ឋ​​​មន្ត្រី​​​ការ​​​បរទេស​​​អាមេរិក​​​​​​នឹង​​​ជួប​​​សវនាការ​​​ជាមួយ​​​​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ និង​​​យ៉ាង​​​ហោចណាស់​​​មេដឹក​​​នាំ​​​អង្គការ​​​មិនមែន​​​រដ្ឋាភិបាល​​​មួយ​​​រូប​​​ដែរ​​​នៅ​​​ពេល​​​​​​ដំណើរ​​​​បំពេញ​​​ទស្សនកិច្ច​​​របស់​​​លោក​នៅ​​​រាជធានីភ្នំពេញ​​​នៅ​​​សប្តាហ៍​​​ក្រោយ​​​​​​នេះ បន្ថែម​​​ពី​​​លើ​​​ការ​​​ជួប​​​សវនាការ​​​ជា​​​មួ​​​យ​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន និង​​​លោក ​​​ហោ ណាំហុង រដ្ឋ​​​មន្ត្រី​ក្រសួង​​​ការបរទេស​​​ដូច​​​ដែល​​​ត្រូវ​​​បាន​​​ប្រកាស​​​ពី​​​មុន។

កញ្ញា កឹម មនោវិទ្យា អ្នក​​​នាំ​​​ពាក្យ​​គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​ និង​​​ជា​​​កូនស្រី​​​របស់​​​លោក ​​​កឹម សុខា អនុប្រធាន​​​គណបក្ស​​​សង្គ្រោះជាតិ​​​បាន​​​និយាយ​​​ថា លោក កឹម សុខា មាន​​​គម្រោង ​​​ ជួប​​​សវនាការ​ជា​​​មួយ​​​លោក ចន ឃើរី ​​​ប៉ុន្តែ ​​​កញ្ញា​​​បាន​​​បដិសេធ​​​មិន​​​ផ្តល់​​​ព័ត៌មាន​​​បន្ថែម​​​ទេ។

លោកស្រី ចក់ សុភាព ប្រធាន​​​មជ្ឈ​​​មណ្ឌល ​​​សិទ្ធិ​​​មនុស្ស​​​កម្ពុជា​​​ក៏​​​បាន​​​មាន​​​ប្រសាសន៍​​​ផង​​​ដែរ​​​ថា លោកស្រី​​​នឹង​​​ជួប​​​សវនាការ​​​ជាមួយ​​​លោក ចន ឃើរី ក្នុង​​​ជំនួប​​​ដែល​​​លោកស្រី​​​ចាត់​​​ទុក​​​ថា ត្រូវ​​​បាន​​​សម្រប​​​សម្រួល​​​ដោយ​​​ស្ថានទូត​​​អាមេរិក​​​។

លោក​​​ស្រី ចក់ សុភាព បាន​​​សរសេរ​​​ក្នុង​​​អីុម៉េល​​​ថា “ជា​​​ពិសេស​​​ខ្ញុំ​​​ចង់​​​់ជម្រាប​​​រដ្ឋ​​​មន្ត្រី​​​ការ​​​បរទេស​​​ ចន ឃើរី ​​អំពី​​​កង្វល់​​​យ៉ាងខ្លាំង​របស់​​​អង្គការ​សង្គម​​​ស៊ីវិល​​​ទាក់ទិន​​សេចក្តី​​​ព្រាង​​​ច្បាប់​​​សហជីព​​​ ច្បាប់​​​ទាក់​​​ទិនឧក្រិដ្ឋ​​​កម្ម​​​តាម​​​ប្រព័ន្ធ​​​អីុនធឺណិតដែលបាន​ស្នើឡើង ​​​និង​​​ការ​​​អនុវត្ត​​​​​ច្បាប់​​​ស្តី​​​ពី​​​សមាគម​​​​​​ និង​​​អង្គការ​​​មិន​​​មែន​​​រដ្ឋាភិបាល (LANGO)​​​”។លោកស្រី​​​បាន​​​បន្ថែម​​​ថា លោក​​​ស្រី​​​​​​សង្ឃឹម​​​ថា លោក ​​​ចន ​​​ឃើរី  នឹង “ដាក់​​​សម្ពាធ​​​ការទូត” អំឡុង​​​កិច្ច​​​ប្រជុំ​​​កំពូល​​​អាមេរិក​​​-អាស៊ាន​​​ដែលធ្វើឡើង​ក្នុង​​​រដ្ឋ​​​កាលី​​​ហ្វ័រញ៉ា នៅ​​​ខែ​​​ក្រោយ​​​នេះ​​​។

លោក ជុំ ស៊ុនរី អ្នក​​​នាំ​​​ពាក្យ​​​ក្រសួង​​​ការ​​​បរទេស​​​បាន​​​មាន​​​ប្រសាសន៍​​​ថា គម្រោង​​​មក​បំពេញ​​​​ទស្សកិច្ច​​​នេះ​​​ស្ថិតក្នុង​ដំណាក់កាល​សម្រេច​​​​ចុង​​​ក្រោយ​​​នៅ​​​ឡើយ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ដំណើរ​​​ទស្ស​​​នកិច្ច​​​របស់​​​លោក ចន ឃើរី នឹង​​​ធ្វើ​​​ឡើង​​​នៅ​​​ថ្ងៃ​​​ទី​​​២៥និង​​​ទី​២៦​​​ ហើយ​​​កាលវិភាគ ជា​​​​​​កម្មវិធី​​​បណ្តោះអាសន្ន​​​កំពុង​​​ត្រូវ​​​បាន​​​រៀប​​​ចំ​​​នៅ​​​ពេល​​​នេះ​​​”។

លោក​​​បាន​​​បន្ថែម​​​ថា លោក​​​មិន​​​មាន​​​ព័ត៌​​​មាន​​​អំពី​​​អ្នក​​​​ដែល​​​លោក​​​ ចន ឃើរី នឹង​​​ត្រូវ​ជួប​​​ជា​​​មួយ​​​ក្រៅ​​​ពី​​​លោក ហ៊ុន សែន និង​​​លោក ហោ ណាំហុង​​​ ឡើយ​​​។

លោក ចាយ រ៉ាម៉ាន (Jay Raman) អ្នក​​​នាំ​​​ពាក្យ​​​ស្ថាន​​​ទូត​​​អាមេរិក​​​ក៏​​​បាន​​​មាន​​​ប្រសាសន៍​​​ផង​​​ដែរ​​​ថា លោក​​​មិន​​​អាច​​​ផ្តល់​​​ព័ត៌មា​​​ន​​​បន្ថែម​​​អំពី​​កាលវិភាគ​​​​របស់​​​លោក ចន ឃើរី​​​ បាន​​​ទេ​​​។

លោក​​​ ផៃ ស៊ីផាន អ្នក​​​នាំពាក្យ​​​ទីស្តី​​​ការ​​​គណៈ​​​រដ្ឋ​​​មន្ត្រី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​មិន​​​ដឹង​​​អំពី​​​​​​របៀប​​​វារៈ​​​ផ្លូវ​​​ការ​​​សម្រាប់​​​ដំណើរ​​​ ទស្ស​​​កិច្ច​​​េនះទេ ប៉ុន្តែ ថា​​រដ្ឋាភិបាល​​​​​​មិន​​​បារម្ភ​​​ទាល់​តែ​សោះ អំពី​​​ព័ត៌មាន​​​​ដែល​​​ថា លោក ​​​ចន ​​​ឃើរី នឹង​​​ជួប​​​ជាមួយ​គណបក្ស​​​សង្គ្រោះ​​​ជាតិនោះ​​​។

លោក​​​បាន​​ថ្លែង​ថា “មិនថា​​​លោក​​​ ចន ​​​ឃើរី លើក​​​យក​​ចក្ខុវិស័យ​នៃទំនាក់​​​ទំនង​​​របស់​​​គណ​បក្ស​​​ប្រឆាំង​​​ និង​​​កិច្ច​​​សហ​​​ប្រតិ​​​បត្តិការ​​​រវាង​​​គណបក្ស​​​ប្រឆាំង​​​ និង​​​រដ្ឋាភិបាល​​​ឡើយ វា​​​អាស្រ័យ​​លើ​​​រូប​​​គាត់​​​”៕សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស