35 C
Phnom Penh

១២​​​ឆ្នាំ​​​ក្រោយ​​​មក ការ​​​ដោះស្រាយ​​​រឿង​​​ឃាតកម្ម​​​លើ​​​លោក ជា វិជ្ជា រងការ​​​រិះគន់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ឈរ​​​លើ​​​ចិញ្ចើម​​​ផ្លូវ​​​នៅ​​​មុខ​​​វត្ត​​​លង្កា​​​ក្នុង​​​ក្រុង​​​ភ្នំពេញ ជា​កន្លែង​​​ដែល​​​លោក​ ជា វិជ្ជា​​ មេដឹកនាំ​​​​សហជីព​ ត្រូវ​​​បាន​​​គេ​​​បាញ់​​​សម្លាប់​​​១២​​​ឆ្នាំ​​​មក​​​ហើយ​​​គិត​​​ត្រឹម​​​ថ្ងៃ​​​នេះ លោក អេង ឆៃអ៊ាង តំណាង​រាស្ត្រ​គណ​​​បក្ស​​សង្គ្រោះ​ជាតិ​បាន​​​​​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​សុក្រ​ថា ​កង្វះ​តម្លាភាព​​ក្នុង​ការ​ស៊ើបអង្កេត​​លើ​រឿង​ឃាតកម្ម​នេះ​​​​​​កាន់​តែ​ធ្វើ​ឲ្យ​មាន​​ការ​​សង្ស័យ​ខ្លាំង​​​​លើការ​ពាក់​ព័ន្ធ​របស់​រដ្ឋាភិបាល​ក្នុង​​ការ​សម្លាប់នេះ​។

ជា​អ្វី​ដែល​បាន​ក្លាយ​ជា​​ទម្លាប់​ប្រចាំ​ឆ្នាំ​​ សមាជិក​សហជីព​​ និង​អ្នក​នយោបាយ​​ប្រឆាំង​​​ប្រហែល​១០០​នាក់​​បាន​មក​ជួប​ជុំគ្នា​​នៅ​កន្លែង​នេះ ដើម្បី​​សម្ដែង​ការ​គោរព​​របស់​ខ្លួន​ដល់​​​បុរស​ដែល​បាន​បង្កើត​​​សហជីព​​សេរីកម្មករ​​និង​បាន​​ចាប់​ផ្ដើម​​​​មាន​ចលនា​​ការងារ​​របស់​ប្រទេស​នេះ។

លោក អេង ឆៃអ៊ាង ​​​បាន​មាន​ប្រសាសន៍​ក្នុង​​​ពិធី​​បុណ្យ​ខួប​សព​​​នេះ​ថា ​”​​ការ​ស្វែង​រក​ចាប់​ឃាតករ​ និង​ជន​នៅ​ពីក្រោយ​ពួកឃាតករ​​ហាក់​​ដូច​ជា​សម្ងាត់​…​ភាព​សម្ងាត់​នេះ​​ធ្វើ​ឲ្យ​ទាំង​សហគមន៍​ជាតិ ទាំង​សហគមន៍​អន្តរជាតិ​សង្ស័យ​​មន្ត្រី​​​​ក្នុង​រដ្ឋាភិបាល​​”។

លោក​​ ជា វិជ្ជា ត្រូវ​បាន​បាញ់​សម្លាប់​​ទាំង​កណ្ដាល​ថ្ងៃ​​នៅ​ព្រឹក​ថ្ងៃទី​២២ ខែ​មករា ឆ្នាំ២០០៤​។ សមាជិក​​សហជីព និង​អ្នក​គាំទ្រ​ច្រើន​ជាង​១០.០០០​នាក់​​បាន​​ចូលរួម​ក្នុង​​ការ​​ហែសព​​មេដឹកនាំ​សហជីព​រូប​នេះ។

នគរ​បាល​​​បាន​ចាប់​ខ្លួន​ ប៊ន សំណាង និង​ សុក សំអឿន ​តែ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​ការ​​សម្លាប់​នោះ​ ប៉ុន្តែ​ចៅក្រម​ម្នាក់​​​បាន​ច្រាន​ចោល​​ករណី​នេះ​ ដោយ​លើក​ឡើង​​ថា ខ្វះ​ភ័ស្តុតាង​។ ទោះ​ជា​យ៉ាង​នេះ​ក្ដី នៅ​ខែ​មិថុនា​ឆ្នាំ​នោះ តុលាការ​ក្រុង​ភ្នំពេញ​​​បាន​ប្រែក្រឡាស់​សេចក្ដី​សម្រេច​ ហើយ​​អ្នក​ទាំង​ពីរ​​ត្រូវ​បាន​កាត់​ឲ្យ​ជាប់​ទោស​ពីបទ​ឃាតកម្ម​​នៅ​​ខែ​សីហា ឆ្នាំ​២០០៥ ​និង​ត្រូវ​បាន​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​២០​ឆ្នាំ។

ក្រោយពី​ការ​តស៊ូ​តាម​ផ្លូវ​ច្បាប់​​​អូស​បន្លាយ​អស់​​ពេល​ដ៏យូរ​ ​និង​មាន​ការ​​តស៊ូមតិ​ជាច្រើន​ឆ្នាំ​​​តំណាង​ពួកគេ​ អ្នក​ទាំង​ពីរ​​​ជា​ថ្មី​ម្ដង​ទៀត​​ត្រូវ​បាន​​​កាត់​ឲ្យ​​រួច​ពី​​ការ​ជាប់​ទោស​ និង​ត្រូវ​ដោះលែង​នៅ​ឆ្នាំ​២០១៣។

លោក ជា មុន្នី ដែល​​​កាន់​តំណែង​ជំនួស​បង​ប្រុស​របស់​លោក​​ជា​ប្រធាន​សហជីព​សេរីកម្មករ​ ក្រោយ​ពី​ឃាតកម្ម​នោះ​​ បាន​​ងឿង​ឆ្ងល់អំពី​ភាព​ស្មោះ​ត្រង់​របស់​រដ្ឋាភិបាល​​ក្នុង​កិច្ច​ប្រឹង​ប្រែង​របស់​ខ្លួន​​​ដើម្បី​ស្វែង​រក​អ្នក​​ទទួល​ខុស​ត្រូវ​​ចំពោះ​ឃាតកម្ម​ដ៏​គឃ្លើន​លើ​លោក ជា វិជ្ជា ​​ក៏​ដូច​ជាលើ​មេដឹកនាំ​សហជីព និង​អ្នក​រិះគន់​រដ្ឋាភិបាល​​ជាច្រើន​នាក់​ផ្សេង​ទៀត​។

លោក​​បាន​​និយាយ​​នៅ​ក្នុង​ពិធី​ខួប​នោះ​ថា “​យើង​ខក​ចិត្ត​ណាស់​ជាមួយ​រដ្ឋាភិបាល​បច្ចុប្បន្ន​។ ​យើង​ជា​ពលរដ្ឋ​​ ហើយ​យើង​មាន​សេចក្ដី​សង្ឃឹម​លើ​រដ្ឋាភិបាល​ ប៉ុន្តែ​​​វា​ជា​ការ​ផ្ទុយ​ទៅវិញ​។ រដ្ឋាភិបាល​មិន​បាន​​ព្យាយាម​​​ចាប់​ខ្លួន​ពួកឃាតករ​សម្លាប់​​សមាជិក​សហជីព​ សិល្បករ​ អ្នក​កាសែត អ្នក​នយោបាយ​ និង​​ជន​រងគ្រោះ​ផ្សេង​ទៀត​ទេ”។

“​មាន​ន័យ​ថា រដ្ឋាភិបាល​​មិនមាន​ចេតនា​ស្វែង​រក​ពួក​ឃាតករ​​ និង​អ្នក​នៅ​ពីក្រោយ​ពួកឃាតករ​ទេ”។

លោក​​ កង សុខន អគ្គស្នងការ​​រង​នគរ​បាល​ជាតិ​​បាន​និយាយ​ថា ការ​ស៊ើបអង្កេត​លើ​​ករណី​ឃាតកម្ម​លោក​ ជា​ វិជ្ជា ​កំពុង​ធ្វើ​បន្ត​ ហើយ​លោក​បាន​ប្រៀបធៀប​​ការ​ស៊ើបអង្កេត​នេះ​ទៅ​នឹង​ឃាតកម្ម​​លើ​អតីត​​ប្រធានាធិបតី​អាមេរិក​ ចន កេណ្ណេឌី។

លោក​បាន​មាន​ប្រសាសន៍​ថា “​ជា​ឧទាហរណ៍​ ឃាតកម្ម​លើ​លោក ចន កេណ្ណេឌី គេ​ក៏​មិន​ទាន់​​​បាន​រក​ឃើញ​ឃាតករ​ដែរ​​រហូត​មក​ដល់ពេល​នេះ​ បើ​ទោះបី​ជា​សហរដ្ឋអាមេរិក​ជា​​ប្រទេស​​មហាអំណាច​មួយ​ក៏ដោយ”។ ​

តាម​ការ​ពិត​ លោក លី ហាវ៉េ អូសវ៉ាលដ៍ (Lee Harvey Oswald) ​អតីត​​ទាហាន​​មា៉រីន​អាមេរិក​​​ ត្រូវ​បាន​​គេ​ស្គាល់​ថា ជា​​អ្នក​បាញ់​​តែ​ម្នាក់​គត់​លើ​លោក ចន កេណ្ណេឌី ​​ទោះ​បី​ជា​​ការ​​សន្និដ្ឋាន​នេះ​​​នៅ​មាន​​ការ​គិត​ស្មាន​ច្រើន​ក៏ដោយ​​៕ និត​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស