កាលពីម្សិលមិញ អ្នកភូមិរស់នៅក្នុងរាជធានីភ្នំពេញប្រហែល៥០នាក់បានប្រមូលផ្តុំគ្នាដើម្បីធ្វើការតវ៉ាប្រឆាំងគម្រោងបង្កើតផ្លូវក្នុងតំបន់ជ្រោយចង្វារដែលនឹងរត់កាត់តាម គម្រោងអភិវឌ្ឍន៍ដ៏ធំក្នុងទំហំទឹកប្រាក់៣ពាន់លានដុល្លារ។
ផ្លូវដែលមានទទឹង១២ម៉ែត្រនេះនឹងមានទីតាំងត្រឹមតែ១០០ម៉ែត្រប៉ុណ្ណោះពីក្រោយផ្លូវជាតិលេខ៦អា។ មន្ត្រីសាលារាជធានីបានលើកឡើងថា ផ្លូវនេះគឺសម្រាប់សម្រួលដល់ចរាចរណ៍ ប៉ុន្តែ អ្នកភូមិទាំងេនះលើកឡើងថា ពួកគាត់ជឿជាក់ថា ផ្លូវនេះគឺទុកសម្រាប់បម្រើផលប្រយោជន៍ឲ្យទីក្រុងរណបគ្របដណ្តប់លើផ្ទៃដីទំហំ៣៨៧ហិកតាដែលកំពុងត្រូវបានសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា

(OCIC)។
កាលពីថ្ងៃអាទិត្យ គ្រួសារដែលរងផលប៉ះពាល់ក៏ដូចជាអ្នកដែលរងផលប៉ះពាល់ពីគម្រោងផ្សេងៗទៀតរបស់ក្រុមហ៊ុន OCICនេះ បានប្រមូលផ្តុំគ្នានៅក្នុងតំបន់ជ្រោយចង្វារដោយមានកាន់បដាទាមទារឲ្យមានការបញ្ឈប់គម្រោងបង្កើតផ្លូវនេះ ឬទាមទារសំណង ឲ្យបានគ្រប់គ្រាន់។ អ្នកភូមិនិយាយថា ពួកគាត់ត្រូវបានផ្តល់ឲ្យត្រឹមតែ១៥ដុល្លារប៉ុណ្ណោះ សម្រាប់ដីក្នុងមួយម៉ែត្រក្រឡាដែលពួក គាត់ជឿថា មានតម្លៃរហូតដល់ទៅ៤០០ដុល្លារនោះ។
អ្នកភូមិម្នាក់ឈ្មោះ អ៊ុយ ផារី អាយុ៥០ឆ្នាំបានលើកឡើងកាលពីម្សិលមិញថា អ្នកស្រីបានរស់នៅលើដីរបស់ខ្លួនតាំងពីក្រោយរបបខ្មែរក្រហមដួលរលំមកម្លេ៉ះ ហើយថា អ្នកស្រីមានការមិនពេញចិត្តសោះឡើយចំពោះសំណងដែលគេផ្តល់ឲ្យ។
អ្នកស្រីបាននិយាយថា “តើឲ្យយើងរស់ម្តេចនឹងកើតទៅ បើទទួលបានសំណងតែបន្តិចបន្តួចអ៊ីចឹងនោះ? ប្រសិនបើយកអ្វីដែលតិចតួចបែបនេះ តើយើងអាចទិញដីថ្មីបានដោយរបៀបណា?”។
“អាជ្ញាធរបានប្រាប់យើងថា ពួកគេចង់បានផ្លូវថ្មីនេះដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ ប៉ុន្តែ ខ្ញុំគិតថា វាមិនអ៊ីចឹងទេ។ខ្ញុំគិតថាផ្លូវជាតិលេខ៦អា មិនដែលមានការកកស្ទះចរាចរណ៍ទេ ប៉ុន្តែ ហេតុផលគឺថា អាជ្ញាធរចង់បានដីនេះសម្រាប់ក្រុមហ៊ុន”។
លោក ទូច សំណាង អ្នកគ្រប់គ្រងគម្រោងរបស់ក្រុមហ៊ុន OCICមិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ ប៉ុន្តែ លោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារលើកឡើងថា ផ្លូវនេះគឺជាគម្រោងសាធារណៈ”។
លោកបានមានប្រសាសន៍ថា “យើងមិនមែនកំពុងធ្វើការសម្រាប់ប្រយោជន៍បុគ្គលណាម្នាក់ ឬក្រុមហ៊ុនណាមួយឡើយ ហើយយើងមិនអនុញ្ញាតឲ្យអ្នកភូមិ១០នាក់ ឬត្រឹមតែប៉ុន្មាននាក់មករំខានដល់កិច្ចការរបស់យើងឡើយ”។
“ខ្ញុំគិតថា វាមិនប៉ះពាល់ធ្ងន់ធ្ងរដល់អ្នកភូមិទ េព្រោះពួកគាត់មានដីសុទ្ធតែវែងៗនៅ តាមបណ្តោយផ្លូវនេះ។ ខ្ញុំគិតថា ពួកគាត់នឹងទទួលបានផលប្រយោជន៍ច្រើនទៅវិញទេ ព្រោះនៅមុខផ្ទះនិងក្រោយផ្ទះរបស់ពួកគាត់នឹងមានផ្លូវ”៕ ស៊ុយឈាង