សកម្មជនខ្មែរពីរនាក់និយាយថា ខ្លួនត្រូវបានអាជ្ញាធរក្នុងប្រទេសឡាវ ឃាត់ខ្លួនមួយសន្ទុះកាលពីម្សិលមិញ បន្ទាប់ពីពួកគាត់លួចឆ្លងដែនដើម្បីថតរូបតំបន់គ្រោងសាងសង់ទំនប់វារីអគ្គិសនីដនសាហុង ដែលបណ្ដារដ្ឋាភិបាលក្នុងតំបន់ និងអ្នកបរិស្ថាននានាព្រួយបារម្ភថា អាចធ្វើឲ្យបរិមាណត្រីធ្លាក់ចុះខ្លាំងនៅខ្សែទឹកខាងក្រោម។
លោក ជុំ ហួត និយាយថា គាត់និងបងប្អូនភ្លោះរបស់គាត់ឈ្មះ ជុំ ហួរ និងសកម្មជនម្នាក់ទៀតឈ្មោះ សេ សាមឺឌី បានជួលអ្នកបើកទូកម្នាក់ឲ្យនាំពួកគាត់ពីខេត្តស្ទឹងត្រែងឆ្ពោះទៅខ្សែទឹកខាងលើនៃទន្លេមេគង្គ ដោយឆ្លងព្រំដែនកម្ពុជា-ឡាវ ចម្ងាយ២គីឡូម៉ែត្រទៅកាន់តំបន់ដែលគ្រោងសាងសង់ទំនប់ដនសាហុង។
គាត់និយាយទៀតថា នៅពេលពួកគាត់ទៅដល់ “ខ្ញុំ និងប្អូនប្រុសខ្ញុំបានសម្រេចឡើងច្រាំងដើម្បីមើលថា តើមានអ្វីកំពុងកើតឡើងនៅទីនោះ។ ប៉ុន្តែអាជ្ញាធរបានទៅដល់ ហើយបានសួរយើងថា ‘ឯងមកពីណា?’ ហើយក៏បាននាំខ្លួនពួកយើងទៅប៉ុស្តិ៍ប៉ូលិស”។
គាត់បានបន្តថា មុនពេលនាំខ្លួនពួកគាត់ទៅ បុរសប្រាំបីនាក់ដែលក្នុងនោះមានប៉ូលិសឯកសណ្ឋានពីរនាក់ និងប្រាំមួយនាក់ទៀតស្លៀកពាក់ស៊ីវិល បានដកហូតម៉ាស៊ីនថតពីរគ្រឿង និងទូរស័ព្ទស្មាតហ្វូនពីរគ្រឿងពីពួកគាត់ ហើយគប់វាចោលទៅក្នុងទឹកទន្លេ។ ”ពេលយើងព្យាយាមរត់ទៅរកទូក ពួកគេបានយកកាំភ្លើងភ្ជង់ពួកយើង”។
គាត់បានឲ្យដឹងទៀតថា នៅឯប៉ុស្តិ៍ប៉ូលិសប៉ូលិសបានសាកសួរពួកគាត់ដោយមានជំនួយពីអ្នកបកប្រែតាំងពីម៉ោងប្រហែល៩ព្រឹករហូតដល់ពេលថ្ងៃត្រង់ ហើយបានគំរាមបាញ់ពួកគាត់ ប្រសិនបើពួកគាត់ហា៊នត្រឡប់ទៅវិញម្តងទៀត។ ទីបំផុត ពួកគាត់ត្រូវបានដោះលែងដោយមានជំនួយពី “ជនបរទេស” មិនស្គាល់អត្តសញ្ញាណដែលប្រហែលជាមន្ត្រីអង្គការសហប្រជាជាតិ ឬអង្គការមិនមែនរដ្ឋាភិបាលដែលបានជូនពួកគាត់ត្រឡប់មកព្រំដែនវិញ។
ចំណែកឯលោក សេ សាមឺឌី និយាយថា គាត់បានឃើញលោក ជុំ ហួត និងលោក ជុំ ហួរ ត្រូវបញ្ជូនចូលមន្ទីរឃុំឃាំង ប៉ុន្តែបានគេចខ្លួនរួចតាមទូកជាមួយអ្នកបើកទូក។ ”យើងមិនមែនទៅទីនោះដើម្បីធ្វើរឿងខុសច្បាប់ទេ។ យើងគ្រាន់តែចង់ទៅទីនោះដូចភ្ញៀវទេសចរ ហើយស៊ើបថា តើមានផលប៉ះពាល់លើបរិស្ថានឬអត់ប៉ុណ្ណោះ” ដោយលោកបញ្ជាក់ថា ការសាងសង់បានចាប់ផ្ដើមហើយ។ ”យើងចង់សម្ភាសអ្នកភូមិនៅក្នុងតំបន់នោះអំពីផលប៉ះពាល់បង្កឡើងដោយទំនប់នេះ។ យើងគិតថា ទំនប់នេះនឹងបង្កផលប៉ះពាល់ធ្ងន់ធ្ងរមកលើបរិស្ថាន”។
លោក សែម ស៊ីថា អធិការនគរបាលស្រុកថាឡាបរិវ៉ាត់ ដែលជាប់ព្រំដែនឡាវ បានមានប្រសាសន៍លោកមិនទាន់ទទួលបានសេចក្ដីរាយការណ៍ណាមួយអំពីឧប្បត្តិហេតុនេះពីអាជ្ញាធរឡាវ នៅឡើយទេ។ ប៉ុន្តែលោកថ្លែងថា សកម្មជនទាំងនេះបានឆ្លងដែនដោយខុសច្បាប់ ហើយថ្នាក់លើរបស់លោកនឹងសម្រេចថាតើគួរផ្ដន្ទាទោសពួកគាត់ឬក៏អត់។ លោកគូសបញ្ជាក់ថា ”បើពួកគាត់ចង់ទៅទេសចរស្របច្បាប់ វាមិនអីទេ។ ប៉ុន្តែក្នុងករណីនេះ ពួកគាត់ទៅស៊ើបអង្កេត ហើយវាមិនអាចទៅរួចទេ”។
ទាក់ទិនបញ្ហានេះ អាជ្ញាធរឡាវមិនអាចទាក់ទងសុំការបំភ្លឺបានទេ។
សូមបញ្ជាក់ថា ទំនប់វារីអគ្គិសនីកម្លាំង២៥៦មេហ្គាវ៉ាត់កាត់ទន្លេមេគង្គ ដែលស្ថិតនៅចម្ងាយត្រឹមតែ២គីឡូម៉ែត្រពីព្រំដែនកម្ពុជានេះ បានក្លាយជាប្រភពនៃភាពតានតឹងយូរមកហើយរវាងប្រទេសឡាវ និងបណ្ដាប្រទេសជិតខាងរបស់ខ្លួនដែលព្រួយបារម្ភខ្លាចទំនប់នេះបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន ហើយធ្វើឲ្យបរិមាណត្រីរបស់ខ្លួនធ្លាក់ចុះតាមរយៈការរាំងផ្លូវធ្វើបម្លាស់ទីរបស់ត្រី។
កាលពីខែតុលា លោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស បានស្នើឲ្យឧបនាយករដ្ឋមន្ត្រីឡាវ ដែលមកបំពេញទស្សនកិច្ចឲ្យសិក្សាបន្ថែមទៀតអំពីទំនប់នេះ មុនពេលចាប់ផ្ដើមសាងសង់ ក្រោយពីសភារបស់ឡាវ បានអនុម័តកិច្ចព្រមព្រៀងសម្បទានដើម្បីត្រួសត្រាយផ្លូវសម្រាប់ចាប់ផ្ដើមការសាងសង់។
ក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយកាលពីដើមខែនេះ អង្គការមិនមែនរដ្ឋាភិបាលជាង៤០របស់កម្ពុជាបានសម្ដែង “ការខកចិត្តយ៉ាងខ្លាំង” ចំពោះសេចក្ដីសម្រេចនេះ ដោយលើកឡើងថា ប្រទេសឡាវ មិនទាន់វាយតម្លៃឲ្យបានត្រឹមត្រូវឡើយទេអំពីផលប៉ះពាល់ដែលអាចកើតមានឡើងដោយសារទំនប់នេះមកលើប្រទេសកម្ពុជា ថៃ និងឡាវ។
និយាយពីលោក ជុំ ហួត និងលោក ជុំ ហួរ កាលពីមុនពួកគាត់ធ្លាប់ត្រូវបានចាប់ខ្លួនរួចមកហើយដោយសារសកម្មនិយមរបស់ខ្លួន។ ពួកគាត់ស្ថិតក្នុងចំណោមមនុស្សប្រាំមួយនាក់ដែលត្រូវចាប់ខ្លួនកាលពីខែកក្កដា ចំពោះការតវ៉ានៅខាងក្រៅរដ្ឋសភាដើម្បីប្រឆាំងច្បាប់ស្ដីពីអង្គការមិនមែនរដ្ឋាភិបាលដែលត្រូវបានអនុម័តកាលពីពេលថ្មីៗនេះ ពេលកំពុងស្លៀកពាក់ឯកសណ្ឋានអ្នកទោសពន្ធនាគារ។ ទោះជាយ៉ាងណា មនុស្សទាំងប្រាំនាក់នេះត្រូវបានដោះលែងវិញក្នុងថ្ងៃដដែល៕ សុខុម
© 2016, . All rights reserved.