33 C
Phnom Penh

នគរបាល​ចាប់ខ្លួន​កសិករ​ម្នាក់​ពីបទ​រំលោភ​ហើយ​សម្លាប់​ក្មេងស្រីអាយុ​​១៤​ឆ្នាំ​ម្នាក់​ក្នុង​ខេត្ត​កំពត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ថ្ងៃ​អាទិត្យ​​ នគរ​បាល​ខេត្ត​កំពត​​បាន​ចាប់​ខ្លួន​ជន​សង្ស័យ​ទី៤​ក្នុង​ករណី​រំលោភ​​​​ហើយ​សម្លាប់​​ក្មេងស្រី​អាយុ​១៤​ឆ្នាំ​ម្នាក់​កាល​​​​​ពី​សប្ដាហ៍​មុន​​នៅក្នុង​ស្រុក​ឈូក ដោយ​​​លើក​ឡើង​ថា ពួកគេ​​ជឿ​​ថា ជន​នេះ​​គឺ​ជា​ជន​ដៃ​ដល់​​​តែ​ម្នាក់គត់​។

​​យោង​តាម​លោក ម៉ៅ ចាន់មធុរិទ្ធ ស្នង​ការ​​​នគរ​បាល​ខេត្ត​បាន​ឲ្យ​ដឹង​ថា សាកសព​ក្មេង​ស្រី​រូប​េនះ​ត្រូវ​​ឪពុក​ម្ដាយរបស់នាង​ប្រទះ​​​ឃើញ​​​កាលពី​ថ្ងៃ​ពុធ ហើយ​បើទោះជា​ដំបូង​ឡើយ​នគរ​បាល​​បាន​ចាប់​ខ្លួន​ក្មេង​ប្រុស​អាយុ​១៧​ឆ្នាំ​ម្នាក់ និង​ជន​សង្ស័យ​ពីរ​នាក់​ទៀត​ទាក់​ទង​នឹង​បទ​ល្មើស​នេះក៏ដោយ ក៏ពួកគេ​បាន​ដោះ​លែង​អ្នក​ទាំង​បី​វិញ បន្ទាប់ពី​​កសាង​សំណុំ​​រឿង​ដាក់​បន្ទុក​លើ​​កសិករ​ក្នុង​មូលដ្ឋានម្នាក់​​​។

លោក ​ម៉ៅ ចាន់មធុរិទ្ធ បាន​បង្ហាញ​អត្ត​សញ្ញាណ​កសិករ​រូប​នេះ​ថា ឈ្មោះ សាត នូ អាយុ​២៤​ឆ្នាំ ដែល​បាន​រស់​នៅ​​ចម្ងាយ​មិន​ដល់​​៤០​ម៉ែត្រ​ពី​ផ្ទះ​ក្មេងស្រី​រងគ្រោះ​ស្ថិត​ក្នុង​​ឃុំ​ល្បើក​ថា ”​យើង​បាន​ចាប់​ខ្លួន​ជន​នេះ​​​នៅ​ម៉ោង​​ប្រហែល​១១​ថ្ងៃ​ត្រង់​ម្សិលមិញ​នៅនឹង​​​​​ផ្ទះ​របស់​ជន​នេះ​តែ​ម្ដង​​បន្ទាប់ពី​ការ​ស៊ើបអង្កេត​រយៈ​ពេល​ជាច្រើន​ថ្ងៃ​មក​”។

លោក​បានមាន​ប្រសាសន៍​បន្ថែម​ថា “​បើ​ទោះ​ជា​ជន​នេះ​បដិសេធ​ការ​អះអាង​នេះ​ក៏​ដោយ ក៏​​យើង​មាន​ភ័ស្តុតាង​គ្រប់គ្រាន់​ដែរ​”។

លោក ម៉ៅ ចាន់​មធុរិទ្ធ មាន​ភ័ស្តុតាង​​​ដាក់​​បន្ទុកលើ​ជន​សង្ស័យ​ឈ្មោះ​ សាត នូ នេះ​ ដែលក្នុង​នោះ​​លោក​បាន​លើក​ឡើង​ថា ​​​លោក​​​បាន​អនុញ្ញាត​ឱ្យ​​​​ជន​សង្ស័យ​បី​នាក់​ទៀត​​ដើរ​ហើរ​ដោយ​សេរី​កាលពី​សប្ដាហ៍​មុន។

លោក​ថ្លែង​ថា “​ទី១​ យើង​បាន​ធ្វើ​កោសល្យ​​​​វិច័យ​លើក្រចក​ដៃ​របស់​ជន​នេះ​ ហើយ​បាន​រក​ឃើញ​​ឈាម​របស់​ជន​រងគ្រោះ​​ជាប់​នឹង​ក្រចក​ដៃ​នោះ។ យើង​បាន​រកឃើញ​ខោ​ជន​សង្ស័យ​​ដែល​ប្រឡាក់​ឈាម​នៅ​នឹង​ផ្ទះ​​​របស់​ជន​នេះ​តែ​ម្ដង ហើយ​សាក្សី​ម្នាក់​បាន​និយាយ​ថា ពួកគេ​បាន​ឃើញ​​ជន​សង្ស័យ​ស្លៀក​ខោ​នេះ​​មុន​ពេល​ករណី​មនុស្ស​ឃាត​បាន​កើត​ឡើង​”។

​លោក​បាន​បន្ថែម​ថា “​ទី៣​ សាក្សី​រូប​នេះ​បាន​រាយការណ៍​ថា ជន​សង្ស័យ​មាន​ជម្លោះ​ជាមួយ​​​​ជនរងគ្រោះ​​ ពីព្រោះ​ជន​រងគ្រោះ​បាន​​​ហៅ​​​​ជន​នេះ​ថា ជា​ ‘​មនុស្ស​មុខ​អាក្រក់់​’ ​ដែល​គ្មាន​នរណា​ម្នាក់​ហ៊ាន​ស្រឡាញ់​ឡើយ ​ធ្វើ​​​ឲ្យ​ជន​សង្ស័យ​រូប​នេះ​ខឹងនាង​យ៉ាង​ខ្លាំង​”។

លោក​បាន​ថ្លែង​ថា ​”​ទី៤ ​យើង​បាន​រក​ឃើញ​​​​ដំបង​ប្រឡាក់​ឈាម​​​ដែល​ជន​សង្ស័យ​រូប​នេះ​ប្រើ​​​​ដើម្បី​សម្លាប់ជន​រងគ្រោះ​នៅ​កន្លែង​​កើត​​​ហេតុ​ ជា​ផ្នែក​មួយ​នៃ​​​បង្គោល​របង​​របស់​ខ្លួន​​”។

លោក ម៉ៅ ចាន់​មធុរិទ្ធ បាន​​ពន្យល់​ថា សាត នូ ​បាន​​កាច់​​បង្គោលរបង​របស់​ខ្លួន​មួយ​កំណាត់​មក​វាយ​ស្លាប់​ជន​រងគ្រោះ​ដែល​បាន​បន្សល់​ទុក​នៅ​កន្លែង​កើត​ហេតុ ហើយ​ថា ដំបង​​​​​នេះ​​​យក​មក​ផ្គុំ​ត្រូវ​គ្នា​នឹង​បង្គោល​របង​នោះ​តែម្តង​។ លោក គង់ សុខាន នាយការិ​​​យាល័យ​​​នគរ​បាល​ព្រហ្មទណ្ឌកម្រិត​ធ្ងន់​ខេត្ត​​មាន​ប្រសា​សន៍​​ថា នគរ​បាល​ជឿ​ថា សាត នូ ធ្វើ​​​រឿងនេះតែ​ម្នាក់​ឯង ហើយ​​​លោក​ផ្តល់​​​យោបល់​ឱ្យ​​ចោទ​ប្រកាន់​​ជន​នេះ​ពី​បទ​មនុស្ស​​​​​ឃាត​ដោយ​គិត​ទុក​ជាមុន និង​​​​ការ​រំលោភ​ដោយ​មាន​ស្ថាន​ទម្ងន់​ទោស​៕ សារុន​

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស