29 C
Phnom Penh

លិខិត​​​អង្គការមិនមែន​រដ្ឋាភិបាលជំរុញ​ឲ្យលោក​ ចន ឃើរី​ ដាក់​សម្ពាធ​លើ​​​រដ្ឋាភិបាលជុំវិញ​សិទ្ធិមនុស្ស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មុន​​​គម្រោង​​​មក​​​បំពេញ​​​ទស្សនកិច្ច​​​របស់​​​លោក​​​ ចន ឃើរី (John Kerry)រដ្ឋ​​​មន្ត្រីក្រសួង​​​ការបរទេស​​​សហរដ្ឋអាមេរិក​​​មក​​​កាន់​​​ប្រទេស​​​​​​​កម្ពុជា​​​នៅ​​​ក្នុង​​​សប្តាហ៍​​​នេះ អង្គការ​​​មិន​​​មែន​​​រដ្ឋាភិបាល​​​ទាំង​​​ជាតិ​​និង​​​អន្តរ​​​ជាតិ​​​បាន​​​ជំរុញ​​​ឲ្យ​​​លោក ចន ឃើរី កុំ​​​ចុះកិច្ច​​​ព្រម​​​ព្រៀង​​​ទ្វេ​​​ភាគី​​​ថ្មី​​​​​​ណា​​​មួយ​​​ឲ្យ​​​សោះ លុះ​​​ត្រា​​​តែ​​​កម្ពុជា​​​ប្តេជ្ញា​​​ខិត​ខំ​ប្រឹង​ប្រែង​ធ្វើ​ឲ្យ​​សិទ្ធិ​​​មនុស្ស​​​ និង​​​លទ្ធិប្រជាធិបតេយ្យ​​​បាន​ប្រសើរឡើង​។           

លិខិត​​​បើក​​​ចំហ​​​ដែល​​​ចេញ​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ និង​​​ចុះ​​​ហត្ថលេខា​​​ដោយ​​​ប្រធាន​​​សហ​​​ព័ន្ធ​​​​​​អន្តរ​​​ជាតិ​​​ដើម្បីសិទ្ធិ​​​មនុស្ស​​​(International Federation for Human Rights)ប្រធាន​​​អង្គការ​​​អាដហុក​​​ ប្រធាន​​​អង្គការ​​​លីកាដូ​​​ ប្រធាន​​​អង្គការ​​​ វេទិកា​​​អាស៊ី (Forum-Asia) និង​​​ប្រធាន​​​មជ្ឈ​​​មណ្ឌល​​​សិទ្ធិ​​​មនុស្សកម្ពុជា​​​​​​នោះ ​មាន​​​​​​​​​ខ្លឹមសារ​​​ដូច្នេះ​​​ថា “ការ​​​បង្ក្រាប​​ ការ​​​រំលោភ​​​បំពាន​​​សិទ្ធិ​​​មនុស្ស ​​​និង​​​និទណ្ឌភាព​​​នៅ​​​កម្ពុជា​​​ដាច់​​​ខាត​​​ត្រូវ​​​តែ​​​បញ្ឈប់​​​”។

បន្ទាប់​​​ពី​​​ចាត់​​​ទុក​​​តួនាទី​​​របស់​​​តុលាការ​​​​​​​​​ថា ​​​ជា​​​ឧបករណ៍​​​ដើម្បី​​​​​​សង​​​សឹក​​​សកម្មភាព​​​របស់​​​អ្នក​​​ការ​​​ពារ​​​សិទ្ធិ​​​មនុស្ស​​​ អ្នក​​​នយោបាយ​​​គណ​​​បក្ស​​​ប្រឆាំង​​​ និង​​​សមាជិក​សហជីព​​​ លិខិត​​​នេះ​​​​​​មាន​​​ខ្លឹម​​​សារ​​​បន្ត​​ដូច្នេះថា​ ​​”​នេះ​គឺជាសារ​ដែល​​​​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​​ ត្រូវ​ស្វែង​យល់​ឲ្យបានច្បាស់​”។​

លោក ចន ឃើរី គ្រោង​​​​មក​​​ដល់​​​កម្ពុជា​​​នៅ​​​យប់​​​ថ្ងៃ​​​ច័ន្ទ​​​ ហើយ​​​នឹង​​​ជួប​​​ជាមួយ​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​​​​ ហ៊ុន សែន ​​​លោក ​​​ហោ ​​​ណាំ​​​ហុង ​​​រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​ការ​​​បរទេស ​​​លោក ​​​កឹម សុខា ​​​អនុប្រធាន​​​គណបក្ស​​​ប្រឆាំង​​​និង​​​មេដឹក​​​នាំ​​​សង្គម​​​ស៊ីវិល​​​ផ្សេងៗ​​​ទៀត​​​នៅ​​​​​​​​​ថ្ងៃអង្គារ​​​តាម​​​​​ការ​​​គ្រោង​​​ទុកនៅក្នុងគម្រោង​បំពេញ​​​ទស្សន​​​កិច្ច​នេះ​​​​។

លិខិត​​​នេះ​​​បាន​​​ដក​​​ស្រង់​​​សេចក្តីថ្លែង​​​ការណ៍​​​​​​កាល​​​ពី​​​ខែ​​​វិច្ឆិកា​​​ ដែល​​​ចេញ​​​ដោយ​​​លោក​​​ស្រី រ៉ូណា ស្មីត​​​(Rhona Smith) ​​​ប្រេសិត​​​​​​សិទ្ធិ​​​មនុស្ស​​​អង្គការ​​​សហប្រជាជាតិ​​​ប្រចា​​ំ​​​ប្រទេស​​​កម្ពុជា​​​ដែល​​​បាន​​​ព្រមាន​​​ថា “រាល់​​​សកម្មភាព​ដែល​ធ្វើ​​​ឲ្យ​​​ព្រឹត្តិការណ៍​​​​ក្នុង​​​ពេល​​​បច្ចុប្បន្ន​​​កាន់​​​តែ​​​ឡើង​​​កម្ដៅ​​​កាន់ខ្លាំង ​អាច​​​នាំ​​​ប្រទេស​​​កម្ពុជា​​​ធ្លាក់​​​ចូល​​​ទៅ​​​ក្នុង​​​ដំណាក់​​​កាល​​​ចុង​​​ក្រោយ​​​ដ៏​​​គ្រោះ​​​ថ្នាក់​​​” ដោយ​​​គូស​​​បញ្ជាក់​​​ជា​​​ពិសេស​​​អំពី​​​ហេតុការណ៍​​​ប្រើ​​​អំពើ​​​ហិង្សា និង​​​ការ​​​បំភិត​​​បំភ័យ​​​នៅ​​​ក្នុង​​​ឆាក​​​នយោបាយ​​​។

ដោយ​​​ចាត់​​​ទុក​​​យោធា​​​​​​កម្ពុជា​​​ថា ជា​​​ឧបករណ៍​​​​​​មួយ​​​ក្នុង​​​ចំណោម​​​ឧបករណ៍​​​ផ្សេង​​​ៗ​​​របស់​​​រដ្ឋាភិបាល​​​ដើម្បី បង្ក្រាប​​​និង​​​បំបិទ​​​​​​មាត់​​​សង្គម​​​សីុវិល​​​​​​​​​ លិខិត​​​នេះ​​​ក៏​​​ស្នើ​​​ឲ្យ​​​លោក ចន ឃើ​​​រី ​​​បញ្ឈប់​ការ​​​ផ្តល់​​​វគ្គ​​​បណ្តុះ​​​បណ្តាល​​​ និង​​​ការ​​​ផ្តល់​​​ជំនួយ​​​របស់​​​សហរដ្ឋ​​​អាមេរិក​​​ដល់​​​ “កង​​​កម្លាំង​​​ប្រដាប​​​់អាវុធ​​​ដ៏​​​រំលោភ​​​បំពាន​​​របស់​​​កម្ពុជា​​​” ផងដែរ​។

លោក ជេ រ៉ាម៉ាន (Jay Raman) អ្នក​​​នាំ​​​ពាក្យ​​​ស្ថាន​​​ទូត​​​សហរដ្ឋ​​​អាមេរិក​​​បាន​​​បដិសេធ​​​មិន​​​និយាយ​​​ថា តើ​​​លោក ចន ឃើរី នឹង​​​ពិភាក្សា​​​​​​អំពី​​​បញ្ហា​​​ដូចដែល​​​​មាន​​​រៀបរាប់​​​នៅ​​​ក្នុង​​​លិខិត ​​​អំឡុង​​​លោក​​​ជួប​​​ជជែក​ពិភាក្សា​​​ជា​​​មួយ​​​មន្ត្រី​​​រដ្ឋាភិបាល​​​ ឬ​​​យ៉ាង​​​ណា​​​នោះ​​​ឡើយ​​​។

ដោយ​​​សំដៅ​​​ដល់​​​សន្និសីទ​​​មួយ​​​ដែល​​​គ្រោង​​​នឹង​​​ធ្វើ​​​ឡើង​​​នៅ​​​ខែ​​​កុម្ភៈ​​​រវាង​​​លោក​​​​​​បារ៉ាក់ អូបាម៉ា ប្រធានាធិបតី​​​អាមេរិក និង​​​មេដឹក​​​នាំ​​​ក្នុង​​​តំបន់ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា​​​”រដ្ឋ​​​មន្ត្រី​​​​​​ក្រសួង​​​ការបរទេស​​​ ចន ឃើរី ត្រូវ​​​បាន​​​គេ​​​រំពឹង​​​ថា នឹង​​​ពិភាក្សា​​​អំពី​បញ្ហា​​​ជា​​​ច្រើន​​​អំឡុង​​​ការ​​​មក​​​បំពេញ​​​ទស្សនកិច្ច​​​របស់​​​លោក​​​រួម​​​ទាំង​​​ទំនាក់​​​ទំនងសេដ្ឋ​​​កិច្ច និង​​​កិច្ច​​​ប្រជុំ​​​សហ​​​រដ្ឋ​​​អាមេរិក-អាស៊ាន​​​ ដែល​​​គ្រោង​​​ធ្វើ​​​ឡើង​​​នា​​​ពេល​​​ខាង​​​មុខ​​​នៅ​​​ Sunnylands”។

នៅ​​​ពេល​​​សួរ​​​អំពី​​​សំណើ​​​សុំ​​​ឲ្យ​​​សហរដ្ឋ​​​អាេមរិក​​​បញ្ឈប់​​​កិច្ច​​​សហប្រតិបត្តិការ​​​ជាមួយ​​​កម្ពុជា លោក ជេ រ៉ាម៉ាន បាន​​​លើក​​​ឡើង​​​ថា “ខ្ញុំ​​​មិន​​​អាច​​​សន្និដ្ឋាន​​​បាន​​​ទេ​​​លើ​​​អ្វី​​​ដែល​​​សហរដ្ឋ​​​អាមេរិក​​​អាចនឹង​​ធ្វើ​​​ ឬមិន​​​ធ្វើ​​​នៅ​​​ថ្ងៃ​​​អនាគត”​​​៕​​​ ស៊ុយឈាង (រាយការណ៍​​​បន្ថែម​​​ដោយ Colin Meyn)​​​​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស