30 C
Phnom Penh

ឧស្សាហកម្ម​ស្រូវ​អង្ករ​ជាតិ​ជួបជុំ​គ្នា​ដើម្បី​រើស​គ្រាប់​ពូជ​លេខ​មួយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ថ្ងៃ​អាទិត្យ កសិករ​ម្នាក់​មក​ពី​ខេត្ត​បាត់ដំបង​បាន​ទទួល​កិត្តិយស​នៅ​ឆ្នាំ​នេះ​ខាង​ដាំ​ស្រូវ​ល្អ​បំផុត​នៅ​ប្រទេស​កម្ពុជា ខណៈ​ដែល​មនុស្ស​មាន​ឥទ្ធិពល​ផ្នែក​ឧស្សាហកម្ម​បាន​មក​ជួបជុំ​គ្នា​នៅ​ក្រុង​ភ្នំពេញ​ជា​លើក​ដំបូង​ក្នុង​វេទិកា​ស្តីពី​ស្រូវ​អង្ករ​កម្ពុជា​ដែល​មាន​រយៈ​ពេល​បី​ថ្ងៃ។

នៅ​ពេល​សួរ​អំពី​ការ​ទទួល​បាន​រង្វាន់​នេះ​តាម​ទូរស័ព្ទ​ពី​ផ្ទះ​របស់​លោក​នៅ​ឃុំ​ខ្នាច​រមាស​ស្រុក​បវេល លោក ហ៊ុល ឃ្លីម ប្រធាន​សហគមន៍​សង្គហៈ​ផល​កសិកម្ម បាន​និយាយ​ថា “គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ណាស់។ ខ្ញុំ​រំពឹង​ថា ម៉ូយ​របស់​ខ្ញុំ​នឹង​មាន​ការ​ជឿ​ទុក​ចិត្ត​ថែម​ទៀត​លើ​ផលិតផល​របស់​សហគមន៍​របស់​ខ្ញុំ”។

គណៈកម្មការ​ជំនាញ​មួយ​ក្រុម​បាន​ហិត​ក្លិន ចូក​ថ្លឹង​និង​វាស់​អង្ករ​ផ្កា​រំដួល​៣៧ ដើម្បី​ស្វែងរក​អង្ករ​ល្អ​ដាច់គេ មុន​ពេល​ពិធី​ប្រកាស​អ្នក​ឈ្នះ​ចំពោះ​មុខ​តន្ត្រី​អេឡិចត្រូនិក​ដែល​បង្កើន​សំឡេង​កាន់តែ​ខ្លាំង។

ទោះជា​គ្មាន​ការ​ប្រគល់​រង្វាន់​ជា​ប្រាក់​ទៅ​តាម​ប្រភេទ​ក៏ដោយ ដែល​ក្នុង​នោះ​មាន​អង្ករ​បាយ​ឆ្ងាញ់ និង​អង្ករ​ក្រអូប​លេខ១​ក៏ដោយ ក៏​លោក សុខ ពុទ្ធីវុធ ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា កិត្យានុភាព​នេះ​រួម​និង​រង្វាន់​បាន​នាំ​មក​នូវ​សារៈសំខាន់​ខាង​ហិរញ្ញវត្ថុ។

លោក​បាន​មាន​ប្រសាសន៍​ថា “ជាទូទៅ ប្រសិនបើ​នរណា​ឈ្នះ​រង្វាន់​ព្រោះ​ការ​សម្រេច​បាន​របស់​ខ្លួន អ្នក​ទិញ​ពិត​ជា​ទៅ​រក​ផលិតផល​របស់​គេ ដូច្នេះ​រង្វាន់​នេះ ក៏​នឹង​ជួយ​ជំរុញ​ពួកគាត់​ឲ្យ​ខិតខំ​កាន់តែ​ខ្លាំង​ឡើង​ថែម​ទៀត”។

ព្រឹត្តិការណ៍​នេះ មាន​សុន្ទរកថា​សំខាន់​ពី​រដ្ឋាភិបាល ហើយ​ប្រធាន​ឧស្សាហកម្ម​បាន​បញ្ចូល​របាំ ដែល​ជំរុញ​ចិត្ត​ឲ្យ​ធ្វើ​ស្រែ ដែល​សម្តែង​ដោយ​ក្រុម​បុរស​ទ្រូង​ទទេ​មាន​កាន់​លំពែង និង​ស្ត្រី​ស្លៀកពាក់​ខ្មៅ ក្បាល​ជួត​ក្រមា។

ក្រុម​អ្នក​ជំនាញ​បាន​ផ្តល់​ការ​ពន្យល់​ជាច្រើន ចំពោះ​គុណភាព​ខុស​ៗ​គ្នា​នៃ​ដំណាំ​នៅ​ទូទាំង​ប្រទេស។

លោក សាក់ ជឿន នាយក​ប្រតិបត្តិ​នៃ​​ក្រុមហ៊ុន​ចែកចាយ​ពូជ​ស្រូវ​អេគីប (AQIP) នៅ​ខេត្ត​កណ្តាល បាន​បញ្ជាក់​អំពី​សារៈសំខាន់​នៃ​ផលិតផល​សំខាន់​របស់​ក្រុមហ៊ុន​របស់​លោក។

ក៏​ប៉ុន្តែ លោក សំអាត វាសនា អ្នក​វាយ​តម្លៃ​​ម្នាក់​ក្នុង​គណៈកម្មការ ដែល​គាត់​ជា​អនុប្រធាន​សហព័ន្ធ​អង្គការ​កសិករ​ខ្មែរ​ដើម្បី​អភិវឌ្ឍ​ដែរ​នោះ បាន​និយាយ​ថា គ្រាប់​ពូជ​ល្អ​គ្មាន​ប្រយោជន៍​ទេ ប្រសិនបើ​មិន​មាន​ការ​បញ្ចេញបញ្ចូល​ទឹក​ក្នុង​ស្រែ​ឲ្យ​បាន​ត្រឹម​ត្រូវ​ទេ​នោះ។

លោក​បាន​និយាយ​ថា “កសិករ​ភាគច្រើន​បំផុត​នៅ​ប្រទេស​កម្ពុជា​មិន​មាន​គ្រាប់​ពូជ បច្ចេកទេស ហិរញ្ញវត្ថុ និង​ទឹក​ស្រោច​ស្រព​ស្រែ​គ្រប់គ្រាន់​ទេ។ ឧទាហរណ៍ បើ​ទោះ​ជា​អ្នក​មាន​គ្រាប់​ពូជ​ល្អ​សម្រាប់​ធ្វើ​ស្រែ​ក៏ដោយ ក៏​ស្រែ​នោះ​នឹង​មិន​ល្អ​ទេ ប្រសិន​បើ​អ្នក​មិន​មាន​ទឹក​គ្រប់​គ្រាន់​នោះ។

អ្នក​ផ្សេង​ទៀត​បាន​មាន​យោបល់​ថា បច្ចេកទេស​ល្អ​ប្រសើរ​អាច​ជួយ​ធ្វើ​ឲ្យ​គុណភាព​ដំណាំ​ទូទៅ​ល្អ​ប្រសើរ។

យោង​តាម​ឯកសារ​ផ្សព្វ​ផ្សាយ​ផល​ដំណាំ​ បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន Exhibitor SMWaypoint មាន​បច្ចេកវិទ្យា​ដែល​មាន​រូបភាព​ផ្អែក​លើ​ដ្រូន​របស់​ខ្លួន​នៅ ដែល​សន្យា​ថា មាន​រូបភាព​គុណភាព​ខ្ពស់​បំផុត ដើម្បី​ស្វែងរក​ការ​រីក​រាលដាល​សត្វ​ល្អិត​ទៅ​លើ ដំណាំ និង​ការ​ខូចខាត។

លោក វីរៈ ឈឹម នាយក​ផ្នែក​លក់​និង​ទីផ្សារ SMWaypoint បាន​និយាយ​ថា “ប្រសិន​បើ​អ្នក​រក​ឃើញ​បញ្ហា​មុន​ពេល​វា​ឆ្លង​រាលដាល ឬ​បំផ្លាញ​ស្រែ​ចម្ការ​របស់​អ្នក​នោះ ទើប​វា​ជា​ការ​ល្អ​ប្រសើរ”៕ និត

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស